សមាជិកសភានៃគណបក្សទាំង២សរសើរប្រធានាធិបតីត្រាំចំពោះការផ្តួចផ្តើមនៃវិធីដោះស្រាយដ៏តឹងតែងចំពោះចិន។ ភាពជាក់លាក់នៃគោលនយោបាយចំពោះចិនរបស់លោក បានធ្វើឲ្យមានការមន្ទិលសង្ស័យហើយនឹងមានការរឹះគន់នៅវិមានរដ្ឋសភាCapitol Hill។
ចិនបានស្ថិតនៅក្នុងគំនិតរបស់ប្រធានាធិបតីអាមេរិកលោកដូណាល់ ត្រាំ ចាប់តាំងពីការថ្លែងសន្ទរកថាលើកដំបូងរបស់លោកទៅកាន់សភា។ប្រធានាធិបតីត្រាំ បានថ្លែងថា៖ «យើង បានបាត់បង់រោងចក្រចំនួន៦ម៉ឺនចាប់តាំងប្រទេសចិន បានចូលរួមក្នុងអង្គ ការពាណិជ្ជកម្មពិភពលោក»។
រហូតដល់ការជួបប្រជុំខាងនយោបាយកាលពីពេលថ្មីៗបំផុតនេះរបស់លោក។ប្រធានាធិបតីត្រាំនិយាយថា៖ «ខ្ញុំទើបតែបានប្រកាសថា យើង នឹងបង្កើនពន្ធគយលើទំនិញរបស់ចិន។ហើយ យើង នឹងមិនសុខចិត្តចាញ់ទេរហូតទាល់តែចិន បញ្ឈប់ការបោកប្រាស់កម្មកររបស់យើងហើយនឹងឈប់លួចការងាររបស់យើង»។
រដ្ឋបាលសហរដ្ឋអាមេរិកមុនៗ មិនពេញចិត្តចំពោះការធ្វើពាណិជ្ជកម្មរបស់ចិន ចាប់តាំងពីការជ្រៀតជ្រែកក្នុងតម្លៃរូបីយវត្ថុរហូតដល់ការលក់ដែកថែបដ៏ច្រើនហូរហៀនៅទីផ្សារដោយមានតម្លៃថោកៗ។ប្រធានាធិបតីត្រាំ ជាមេដឹកនាំសហរដ្ឋអាមេរិកលើកដំបូងដែលធ្វើការសងសឹកយ៉ាងខ្លាំងចំពោះបញ្ហានេះ ទទួលបានការសាទរមកពីគណ បក្សទាំង២នៅក្នុងសភា។
សូមទស្សនា៖ ការប្រយុទ្ធផ្នែកពាណិជ្ជកម្មរបស់ត្រាំ ជាមួយនឹងចិនដែលទទួលបានការគាំទ្រមានកម្រិត
លោក James Risch សមាជិកព្រឹទ្ធសភាខាងគណបក្សសាធារណរដ្ឋនិយាយថា៖ «យើង នឹងមិនអនុញ្ញាតិឲ្យគេលួចគំនិតនិងបច្ចេកវិទ្យារបស់យើងនោះទេ ហើយយើង នឹងមិនឈរមើលប្រជាពលរដ្ឋរបស់យើងបាត់បង់ការងាររបស់ពួកគេដោយសារការប្រកួតប្រជែងមិនស្មើភាពគ្នានោះទេ»។
លោក Chuck Schumer មេដឹកនាំសំឡេងភាគតិចខាងគណបក្សប្រជាធិបតេយ្យនៅព្រឹទ្ធសភានិយាយថា៖ «យើងចាំបាច់ចាត់វិធានការណ៍អំពីប្រទេសចិន បើពុំដូច្នេះទេ ប្រទេសអាមេរិក នឹងមិនមែនជាមហាអំណាចសេដ្ឋកិច្ចដ៏ខ្លាំងមួយនៅ រយៈពេល១០ឬ១៥ឆ្នាំទៀតចាប់តាំងពីពេលឥឡូវនេះទៅ»។
សមាជិកព្រឹទ្ធសភាខាងគណបក្សប្រជាធិបតេយ្យលោក Robert Menendezបាននិយាយថា៖ «ខ្ញុំយល់ស្របជាមួយប្រធានាធិបតីត្រាំអំពីការប្រឈមមុខដ៏ធំធេងដែលចិនមានជាមួយសហរដ្ឋអាមេរិក»។
លោកប្រធានាធិបតីត្រាំ ជាអ្នកជាតិនិយមខាងសេដ្ឋកិច្ចចាប់តាំងពីដំបូងមក។ប្រធានាធិបតីត្រាំ បានថ្លែងថា៖ «លោក អ្នក បាត់បង់ការងារ យើងបាត់បង់ប្រាក់ចំណូល។ហើយគ្មាននរណាសុំទោសទេ លើកលែងតែខ្ញុំ»។
វោហាសាស្រ្តប្រជានិយមរបស់លោកត្រាំ ជួនកាលមានលក្ខណៈប្រហាក់ប្រហែលទៅនឹងពួកអ្នករិះគន់ខាងគណបក្សប្រជាធិបតេយ្យរបស់លោក។
លោកស្រី Elizabeth Warren សមាជិកព្រឹទ្ធសភានិងបេក្ខជនប្រធានាធិបតីគណបក្សប្រជាធិបេតយ្យបាននិយាយថា៖
«បើក្រុមហ៊ុនសាជីវកម្ម អាចចំណេចបន្តិចបន្តួចដោយការបញ្ជូនកាងាររបស់លោក អ្នកទៅកាន់ទីកន្លែងផ្សេងទៀត ក្រុមហ៊ុនទាំងនោះ នឹងធ្វើ។ខ្ញុំ សូមប្រាប់អស់លោក អ្នកថា ក្រុមហ៊ុនធំៗទាំងនោះ ប្រហែលមិនគិតគូអំពីកម្មករអាមេរិកាំងទេ ក៏ប៉ុន្តែ ខ្ញុំគិតគូហើយខ្ញុំមានឆន្ទៈធ្វើការប្រយុទ្ធដើម្បីពួកគេ»។
ពួកគណបក្សសាធារណរដ្ឋ សរសើរប្រធានាធិបតីត្រាំចំពោះការបង្ខំឲ្យគណបក្សរកមធ្យោបាយដោះស្រាយបញ្ហាជាមួយចិន។លោក Tom Cottonសមាជិកព្រឹទ្ធសភាខាងគណបក្សសាធារណរដ្ឋនិយាយថា៖ «និយាយតាមត្រង់ សមាជិកជាច្រើនរបស់គណ បក្សខ្ញុំផ្ទាល់ជាមនុស្សដែលស្វែងរកតែសន្តិភាពជាមួយចិនយូរពេកដែលបានផ្តោតជាបថមលើទំនាក់ទំនងពាណិជ្ជកម្មដែលយើងមានជាមួយចិន។ខ្ញុំគិតថា ការណ៍នេះបានផ្លាស់ប្តូរយ៉ាងច្រើននៅក្នុងរយៈពេល៣ឆ្នាំចុងក្រោយនេះ»។
ទោះជាយ៉ាងនោះក៏ដោយ ការយកពន្ធគយនិងការធ្វើឲ្យមានសង្គ្រាមពាណិជ្ជកម្ម បានធ្វើឲ្យពួកគណបក្សសាធារណរដ្ឋជាច្រើនភ្ញាក់ផ្អើល។លោកស្រី Joni Ernstសមាជិកព្រឹទ្ធសភាខាងគណបក្សសាធារណរដ្ឋនិយាយថា៖ «ការងារមួយក្នុងចំណោមការងារ៥នៅក្នុងរដ្ឋ Iowa គឺពឹងពាក់ដោយផ្ទាល់លើពាណិជ្ជកម្ម»។លោក Chuck Grassley សមាជិកព្រឹទ្ធសភាខាងគណបក្សសាធារណរដ្ឋ បានថ្លែងថា៖ «ការបង្កើតឧបសគ្គថ្មីសម្រាប់ទីផ្សារដោយការយកពន្ធគយនិងការកំណត់ចំនួនមិនអាចជាដំណោះស្រាយរយៈពេលយូរទេ»។
ស្របពេលជាមួយគ្នានេះ ពួកគណបក្សប្រជាធិបតេយ្យ និយាយថា ប្រធានាធិបតីត្រាំ បានបំផ្លាញការមានប្រៀបរបស់សហរដ្ឋអាមេរិកលើប្រទេសចិនដោយជ្រើសរើសជម្លោះខាងពាណិជ្ជកម្មជាមួយសម្ព័ន្ធមិត្តរបស់សហរដ្ឋអាមេរិក។លោកChuck Schumerមេដឹកនាំសំឡេងភាគតិចខាងគណបក្សប្រជាធិបតេយ្យនៅក្នុងព្រឹទ្ធសភានិយាយថា៖ «ជម្លោះពាណិជ្ជកម្មទាំងអស់ជាមួយប្រទេសកាណាដា ម៉ិចសិច អឺរ៉ុបនិងជប៉ុនមិនមែនជាការត្រឹមត្រូវទេ។យើង គួរតែរួបរួមគ្នាជាអន្តរជាតិហើយតម្រង់ទៅលើប្រទេសចិន ហើយខ្ញុំគិតថា ការធ្វើបែបនេះ នឹងនាំឲ្យមានដំណោះស្រាយដ៏ល្អឆាប់រហ័សមួយ»។
ពួកគណបក្សសាធារណរដ្ឋទាំងអស់ ចង់ឲ្យមានកិច្ចព្រមព្រៀងពាណិជ្ជកម្មរវាងសហ រដ្ឋអាមេរិកនិងចិនឲ្យបានឆាប់រហ័សទៅតាមលទ្ធភាពដែលអាចធ្វើបាន។លោក Mitch McConnell មេដឹកនាំសំឡេងភាគច្រើនខាងគណបក្សសាធារណរដ្ឋនៅក្នុងព្រឹទ្ធសភាបាននិយាយថា៖ «នៅទីបំផុត គ្មាននរណាឈ្នះសង្គ្រាមពាណិជ្ជកម្មនេះទេ ប្រសិនបើ មិនមានកិច្ចព្រមព្រៀងពាណិជ្ជកម្មនៅទីបញ្ចប់ទេនោះ ដែលពន្ធគយលែងមានតទៅទៀត។សង្ឃឹមថា យុទ្ធវិធីទាំងនោះរបស់រដ្ឋបាលប្រធានាធិបតីត្រាំ នឹងនាំឲ្យយើងមានកិច្ចព្រមព្រៀងនោះ»។
ពួកគណបក្សប្រជាធិបតេយ្យភ័យខ្លាចថា កិច្ចព្រមព្រៀងនោះ មិនកើតមានឡើងបានទេ។លោក Ron Wyden សមាជិកព្រឹទ្ធសភាខាងគណបក្សប្រជាធិបតេយ្យ និយាយថា៖ «លោកប្រធានាធិបតីត្រាំ ធ្វើឲ្យល្អមើលនៅខាងមុខម៉ាស៊ីនថតទូរទស្សន៍ សរសើរកិច្ចព្រមព្រៀងពាណិជ្ជកម្មថ្មី ធ្វើឲ្យចំណងជើងខ្ទខ្ទា។ក៏ប៉ុន្តែ ការប្រកាសទាំងអស់នោះ មិនមានសារៈសំខាន់ទេហើយលទ្ធផលទទួលបានការខកចិត្ត»។
លោកប្រធានាធិបតីត្រាំ នៅតែតាំងចិត្តដល់យុទ្ធសាស្រ្តពាណិជ្ជកម្មដែលពឹងផ្អែកលើពន្ធគយ ដោយកាលពីពេលថ្មីៗនេះ បានហៅយុទ្ធសាស្រ្តនោះថា ជាឧបករណ៍ចរចាដ៏អស្ចារ្សហើយនឹងទទួលបានផលចំណេញ៕
ប្រែសម្រួលដោយជឹង ប៉ូជីន