អ្នកវិទ្យាសាស្រ្តបានរកឃើញ«សួនក្រោមទឹក»ចម្រុះពណ៌មួយ ដែលមានជម្រៅរហូតដល់ពីរគីឡូម៉ែត្រនៅភាគខាងត្បូងរដ្ឋ Tasmania ប្រទេសអូស្រ្តាលី។ ពួកគេបានប្រើកាំមេរ៉ាពិសេសៗដើម្បីរុករកភ្នំក្រោមសមុទ្រចំនួន៤៥ ហើយបានរកឃើញពូជផ្កាថ្មថ្មី បង្កង និងប្រភេទសិប្បិជាតិជាច្រើន ដែលមិនទាន់មានឈ្មោះនៅឡើយ។ ដំណើររុករកនេះក៏បានរកឃើញមឹកពន្លឺ ត្រីឆ្លាមទឹកជ្រៅ និងអន្ទង់សមុទ្រផងដែរ។
អ្នកជំនាញជាច្រើនបានចំណាយពេលមួយខែនៅលើនាវាស្រាវជ្រាវ Investigator ដែលត្រូវបានប្រតិបត្តិដោយអង្គការស្រាវជ្រាវវិទ្យាសាស្ត្រនិងឧស្សាហកម្មរបស់ Commonwealth ដែលហៅកាត់ថា CSIRO។ វាគឺជាភ្នាក់ងារឯករាជ្យរបស់រដ្ឋាភិបាលអូស្រ្តាលី ដែលទទួលខុសត្រូវផ្នែកវិទ្យាសាស្រ្ត។
អ្នកវិទ្យាសាស្រ្តបាននិងកំពុងរុករកជួរភ្នំក្នុងសមុទ្រនៅគន្លង Tasman Fracture និងសួនសមុទ្រ Huon Marine ក្នុងប្រទេសអូស្រ្តាលី។
ផ្កាថ្មដែលពួកគេបានរកឃើញគឺទន់ ដែលមានន័យថា វាខុសគ្នាពីផ្កាថ្មប៉ប្រះទឹកនៅតំបន់ត្រូពិក។
អ្នកវិទ្យាសាស្រ្តចម្បងដែលដឹកនាំដំណើររុករកនេះគឺលោកAlan Williams នៃអង្គការ CSIRO។
លោកបាននិយាយថា៖
«វាពិតជាអស្ចារ្យណាស់ដែលនៅក្នុងសមុទ្រជម្រៅនេះហើយ នៅមានផ្កាថ្មប៉ប្រះទឹកដែលស្រដៀងនឹងផ្កាថ្មដែលអ្នកឃើញនៅតំបន់ត្រូពិកទឹករាក់។ ដូច្នេះអ្វីដែលបានឃើញពីកញ្ចក់កាមេរ៉ារបស់យើងគឺជារូបភាពដ៏អសា្ចរ្យ នៃប្រព័ន្ធផ្កាថ្មដ៏សម្បូរបែប ចម្រុះពណ៌ ប្រណិត និងមានទំហំធំ»។
ក្រុមអ្នកស្រាវជ្រាវក៏បានឃើញរូបភាពពីការបំផ្លិចបំផ្លាញ ដែលបង្កដោយក្រុមនេសាទនៅតាមសមុទ្រផងដែរ។ ការនេសាទដោយប្រើសំណាញ់អូសត្រូវបានគេហាមឃាត់តាំងពីទសវត្សរ៍១៩៩០មកម៉្លេះ ប៉ុន្តែផ្កាថ្មក្នុងតំបន់នេះភាគច្រើននៅតែត្រូវការពេលវេលាដើម្បីរស់រានឡើងវិញពេញលេញ។
អ្នកជំនាញនិយាយថា អ្នកវិទ្យាសាស្រ្តយល់ដឹងពីផ្ទៃភពព្រះចន្ទច្រើនជាងសមុទ្រដែលមានជម្រៅជ្រៅ។ ទោះបីជាមានការស្រាវជ្រាវនៅភាគខាងត្បូងរដ្ឋ Tasmania ក៏ដោយ ក៏ពួកគេនៅតែមិនយល់ថាហេតុអ្វីបានជាផ្កាថ្មភ្លឺអាចលូតលាស់បាននៅក្នុងពិភពដ៏ងងឹតក្រោមផ្ទៃមហាសមុទ្រដ៏ជ្រៅនោះទេ៕
ប្រែសម្រួលដោយកញ្ញា ទុំ ម្លិះ