រដ្ឋាភិបាលលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានសម្រេចបង្កើតឧទ្យានជាតិថ្មីមួយនៅក្នុងខេត្តព្រះសីហនុ មានឈ្មោះថា«ឧទ្យានជាតិសមុទ្រកោះរ៉ុង» ដែលមានផ្ទៃដី៥៣១១ហិកតា និងផ្ទៃសមុទ្រទំហំ៤៧១៣៧ហិកតា ដើម្បីការពារប្រព័ន្ធបរិស្ថាន និងធនធានធម្មជាតិក្នុងតំបន់។ នេះបើយោងតាមអនុក្រឹត្យរបស់រដ្ឋាភិបាលដែល VOA ទទួលបានកាលពីពេលថ្មីៗនេះ។
ឧទ្យានជាតិសមុទ្រកោះរ៉ុងមានផ្ទៃសរុប ៥២ ៤៤៨ហិកតា និងស្ថិតក្នុងភូមិសាស្ត្រខេត្តព្រះសីហនុ និងខេត្តកោះកុង។ ឧទ្យានជាតិនេះ នឹងគ្របដណ្តប់លើកោះជាច្រើន រួមមាន កោះរ៉ុង កោះរ៉ុងសន្លឹម កោះតូច កោះតាទៀម កោះម្នាស់ក្រៅ កោះម្នាស់ក្នុង និងសមុទ្រជុំវិញ។ ឧទ្យានសមុទ្រដដែលនេះត្រូវបានបង្កើតឡើង ទៅតាមសំណើរបស់រដ្ឋមន្ត្រីក្រសួងបរិស្ថាន លោក សាយ សំអាល់។
អ្នកការពារសិទ្ធិមនុស្សប្រចាំខេត្តព្រះសីហនុ សាទរចំពោះការបង្កើតឧទ្យានសមុទ្រនេះ តែក៏បានស្នើឲ្យអាជ្ញាធរពាក់ព័ន្ធកំណត់ខណ្ឌសីមាឲ្យបានច្បាស់លាស់ ថែរក្សាឧទ្យាននេះឲ្យស្ថិតនៅជាសម្បតិ្តរបស់រដ្ឋសម្រាប់ការកម្សាន្តរបស់ភ្ញៀវមកពីគ្រប់មជ្ឈដ្ឋាន និងការពារពីការចូលទន្ទ្រានយកដី ឬបញ្ចៀសវិវាទដីធ្លី ដែលអាចនឹងកើតឡើងនៅថ្ងៃខាងមុខ។
អនុក្រឹត្យស្តីពីការបង្កើតឧទ្យានជាតិសមុទ្រកោះរ៉ុងនេះ ដែលចុះហត្ថលេខាដោយលោកនាយករដ្ឋមន្ត្រីហ៊ុន សែន កាលពីថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០១៨ បានបញ្ជាក់ថា អនុក្រឹត្យនៃការបង្កើតឧទ្យាននេះមានគោលបំណង៖ «ធានាការថែរក្សា និងការពារសោភ័ណភាពធម្មជាតិ វប្បធម៌ ប្រព័ន្ធអេកូឡូស៊ី និងជីវៈចម្រុះលើកោះ និងបរិវេណសមុទ្រជុំវិញ ផ្តល់ផលិតផល និងសេវាកម្មធម្មជាតិ សម្រាប់ការប្រើប្រាស់ប្រកបដោយនិរន្តភាព រក្សាលំនឹងបរិស្ថាន ការពារ និងអភិរក្សធនធានធម្មជាតិ និងរួមចំណែកកាត់បន្ថយការប្រែប្រួលអាកាសធាតុ និងហានិភ័យគ្រោះមហន្តរាយធម្មជាតិ លើកកម្ពស់ការចូលរួមរបស់សហគមន៍មូលដ្ឋាន ក៏ដូចជាសាធារណជនក្នុងការរួមចំណែកដល់ការគ្រប់គ្រង ការការពារ និងការអភិរក្សជីវៈចម្រុះ និងធនធានធម្មជាតិក្នុងតំបន់»។
អនុក្រឹត្យដដែលរបស់លោក ហ៊ុន សែន បានបញ្ជាក់បន្ថែមថា ផ្ទៃដីតំបន់ឧទ្យានជាតិសមុទ្រកោះរ៉ុងនេះ «មិនបញ្ចូលដីកម្មសិទ្ធិឯកជន និងដីប្រើប្រាស់ជាប្រយោជន៍សាធារណៈទេ»។
លោក ហ៊ុន សែន ក៏បានដាក់បញ្ជាឲ្យក្រសួងបរិស្ថាន «ត្រូវកំណត់ និងបែងចែកដើម្បីការកាត់ឆ្វៀលផ្ទៃដីវិនិយោគ ដីលំនៅដ្ឋាន ដីស្រែ-ចម្ការ និងដីអាស្រ័យផលជាក់ស្តែងរបស់ប្រជាពលរដ្ឋ នៅលើកោះនានានៃឧទ្យានជាតិសមុទ្រកោះរ៉ុង ដោយអនុលោមតាមច្បាប់ស្តីពីតំបន់ការពារធម្មជាតិ»។
អ្នកស្រី ជាប សុធារី មន្ត្រីសិទ្ធិមនុស្សរបស់សមាគមការពារសិទ្ធិមនុស្សអាដហុក ប្រចាំខេត្តព្រះសីហនុ សម្តែងក្តីរីករាយចំពោះការចេញអនុក្រឹត្យនេះ។ យ៉ាងណាមិញ អ្នកស្រីបានស្នើដល់អាជ្ញាធរពាក់ព័ន្ធរៀបចំផែនការអភិរក្ស លើកស្លាកសញ្ញាបញ្ជាក់ពីទីតាំងឧទ្យាន និងបោះបង្គោលកំណត់ព្រំប្រទល់នៃផ្ទៃដីដែលមានក្នុងឧទ្យាន និងប្រឆាំងសកម្មភាពទន្ទ្រានយកដីកាន់កាប់ ឬធ្វើអាជីវកម្ម។
«ដូចខ្ញុំនិយាយអីចឹង បើយើងមើលខ្លឹមសារនៃអនុក្រឹត្យ គឺល្អ បើសិនជាយើងធ្វើបាន។ អីចឹងខ្លឹមសារនៅលើអនុក្រឹត្យនេះ វាគ្រាន់តែជាលាយលក្ខណ៍អក្សរ ប៉ុន្តែសំខាន់គឺយកខ្លឹមសារទៅអនុវត្តជាក់ស្តែង។ យើងបង្កើតស្អីខ្លះ យុទ្ធសាស្ត្ររបស់យើង ធ្វើយ៉ាងម៉េច ដើម្បីអាចការពារផ្ទៃដី ជាង៥០០០ហិកតាហ្នឹងឲ្យបានគង់វង្ស កុំឲ្យមានជនឆ្លៀតឱកាស ហើយរដ្ឋាភិបាលខ្លួនឯងហ្នឹង កាលណាលោកបង្កើតអីចឹងហើយ លោកក៏មិនត្រូវ កាត់ឆ្វៀល ឬក៏ផ្តល់ទៅឲ្យក្រុមហ៊ុនអ្នកវិនិយោគណាដែល ដែលចូលទៅធ្វើស្អីមួយនៅក្នុងតំបន់ដែលយើងអភិរក្ស»។
មន្ត្រីសិទ្ធិមនុស្សរូបនេះ ទទូចសុំឲ្យរដ្ឋាភិបាលមានភាពហ្មត់ចត់ក្នុងការកំណត់តំបន់អភិរក្ស ដើម្បីបញ្ចៀសការប្រព្រឹត្តកំហុសដដែលៗច្រើនដង ដូចអ្វីដែលធ្លាប់បានកើតឡើង នៅតំបន់ការពារក្បាលឆាយ និងតំបន់បឹងព្រែកទំនប់ក្នុងក្រុងព្រះសីហនុជាដើម។
«នៅខេត្តព្រះសីហនុមានតំបន់ក្បាលឆាយ តំបន់ហ្នឹងត្រូវបានគេអភិរក្សការពារដែរ ប៉ុន្តែក្រោយមកអាហ្នឹងមានតំបន់អភិរក្សការពារថា តំបន់ទឹកស្អាតក្បាលឆាយតាមអនុក្រិត្យលេខ៧៦ ប៉ុន្តែរហូតដល់បច្ចុប្បន្ន តំបន់ក្បាលឆាយហ្នឹងអាលាយអាលួសអស់ហើយ។ ហើយអីទៀត? តំបន់ដីបឹងព្រែកទប់។ តំបន់ដីបឹងព្រែកទប់នេះត្រូវបានគេចង់និយាយថា រដ្ឋាភិបាលកាលមុនមកអត់ទាន់ទេ ប៉ុន្តែគ្រាន់តែថា អាជ្ញាធរខេត្តហ្នឹងបានដឹងថា ដីតំបន់បឹងព្រែកទប់នេះ គឺទុកសម្រាប់ថែរក្សាទឹកស្អាតផ្គត់ផ្គង់នៅខេត្តព្រះសីហនុ ពីមុនមានជាង៨០ហិកតា ហើយមុនហ្នឹងទៀត ជាង១០០ហិកតា ប៉ុន្តែវាអស់ អស់មកនៅត្រឹមជាង៨០ហិកតា។ រហូតមកដល់បច្ចុប្បន្ននេះ នៅសល់១៦ហិកតា គឺអស់ដោយសារការរុករាន ការទន្ទ្រានហ្នឹងឯង ចង់និយាយអីចឹង»។
លោក យន្ត មីន អភិបាលខេត្តព្រះសីហនុ សុំមិនធ្វើការអធិប្បាយ។ VOA ក៏មិនទាន់សុំការអធិប្បាយពីលោក សៅ សុភាព អ្នកនាំពាក្យក្រសួងបរិស្ថាន ហើយក៏មិនទាន់អាចសុំការអធិប្បាយពីមន្ត្រីបរិស្ថានខេត្តព្រះសីហនុបានដែរ កាលពីថ្ងៃសៅរ៍។
អ្នកស្រីជាប សុធារី មន្ត្រីសិទ្ធិមនុស្សរបស់សមាគមការពារសិទ្ធិមនុស្សអាដហុក បានបញ្ជាក់បន្ថែមថា ផ្នែកខ្លះនៃដីតំបន់ឧទ្យានសមុទ្រកោះរ៉ុង ធ្លាប់មានវិវាទ នៅពេលមានការផ្តល់ដីសម្បទានលក្ខណៈទេសចរណ៍ទៅឲ្យលោក គិត ម៉េង ម្ចាស់ក្រុមហ៊ុនរ៉ូយ៉ាល់គ្រុប។ តែក្រោយមក ជម្លោះនេះ ត្រូវបានដោះស្រាយរួចរាល់ ដោយមានការចេញបណ្ណកម្មសិទ្ធិដីធ្លី។
អ្នកស្រីបន្តថា នៅមុនពេលមិនមានការបង្កើតឧទ្យានជាតិសមុទ្រកោះរ៉ុងនេះ មានប្រជាពលរដ្ឋជាច្រើនបានចូលទៅរស់នៅ និងកាន់កាប់ដីក្នុងតំបន់កោះរ៉ុង។ អ្នករស់នៅលើកោះរ៉ុង កាន់កាប់ដីនៅទីនោះ មានលក្ខណៈចម្រុះ រាប់ពីប្រជាពលរដ្ឋរស់នៅយូរមកហើយក្នុងតំបន់នោះ អ្នកចំណាកស្រុក មន្ត្រីរាជការ និងកម្លាំងប្រដាប់អាវុធ។
យ៉ាងណាក្តី ទំនាស់ដីធ្លីទំនងជានឹងមិនកើតមានឡើងនោះទេ សម្រាប់តំបន់កោះរ៉ុងសន្លឹម ដែលជាសង្កាត់មួយបំបែកចេញពីសង្កាត់កោះរ៉ុងកាលពីឆ្នាំ២០១៦។ នេះបើយោងតាមការបញ្ជាក់របស់អាជ្ញាធរគ្រប់គ្រងរដ្ឋបាលនៅកោះរ៉ុងសន្លឹម។
លោក ឈឺន ចន្ថា ចៅសង្កាត់កោះរ៉ុងសន្លឹម ក្រុងព្រះសីហនុ បានប្រាប់ VOA ថា រដ្ឋាភិបាលកម្ពុជាបានធ្វើការសិក្សាស្រាវជ្រាវពីផលប៉ះពាល់នៅក្នុងតំបន់ ពាក់ព័ន្ធនឹងកម្មសិទ្ធិដីធ្លី ហើយក៏បានរៀបផែនការកំណត់ខណ្ឌសីមានៃតំបន់ឧទ្យានជាតិនេះផងដែរ។
«រដ្ឋាភិបាលគាត់បានសិក្សាអស់ហើយ អស់ហើយការកំណត់ទីតាំង ព្រំប្រទល់ ព្រំដែនខណ្ឌសីមានៃការអភិរក្ស។ ឧទ្យានជាតិនេះ ទុកនេះគឺគាត់បានសិក្សាហើយ ហើយពាក់ព័ន្ធនឹងការបោះបង្គោល បោះអីហ្នឹង គឺគាត់បានគិតទុកមុនហើយ។ គាត់បានផ្សព្វផ្សាយហើយ ហើយក្នុងនាមជាអាជ្ញាធរ ដល់ពេលឃើញថ្នាក់ដឹកនាំគាត់បានគិតគូរអីចឹង ខ្ញុំក៏ត្រេកអរ ហើយខ្ញុំក៏ចូលរួមសហការ និងផ្សព្វផ្សាយ ហើយក៏ណែនាំ ពាក់ព័ន្ធប្រជាពលរដ្ឋខ្ញុំនៅសង្កាត់កោះរ៉ុងសន្លឹមហ្នឹង ឲ្យគាត់ចូលរួម ហើយនិងឲ្យគាត់ជ្រួតជ្រាបយល់ដឹង ពីផលប៉ះពាល់នៃការអភិរក្សហ្នឹងដើម្បីឲ្យគាត់យល់ពីច្បាប់»។
លោកអះអាងថា ការបង្កើត«ឧទ្យានជាតិសមុទ្រកោះរ៉ុង» ជាផ្នែកមួយនៃចក្ខុវិស័យរបស់រដ្ឋាភិបាលកម្ពុជា ក្នុងកិច្ចអភិរក្សធនធាននៅក្រោមសមុទ្រ ដែលធ្លាប់រងការទន្ទ្រានពីការនេសាទខុសច្បាប់។ លោកជឿថា កិច្ចអភិរក្សធនធានធម្មជាតិនៅក្នុងសមុទ្រ ដូចជាជីវៈចម្រុះ និងផ្កាថ្មនឹងធ្វើឲ្យឧទ្យានជាតិថ្មីនេះ ក្លាយជាទីតាំងកាន់តែទាក់ទាញសម្រាប់ភ្ញៀវទេសចរមកពីគ្រប់ទិសទី និងបង្កើនប្រាក់ចំណូលដល់ប្រជាពលរដ្ឋខ្មែររស់នៅក្នុងតំបន់នេះ។
ខេត្តព្រះសហីនុ គឺជាទីកន្លែងទាក់ទាញភ្ញៀវទេសចរដ៏សំខាន់មួយរបស់ប្រទេសកម្ពុជា។ ភ្ញៀវទេសចរចិន និងអ្នកជំនួញ ក៏បានមកទស្សនា និងបើកការរកស៊ីនៅក្នុងខេត្តនេះក្នុងចំនួនដ៏ច្រើន ដែលមិនធ្លាប់មានពីមុនមក ដោយបានបង្កឲ្យមានក្តីបារម្ភដល់ខ្មែរម្ចាស់ស្រុក ដែលកំពុងរស់នៅ និងបើកអាជីវកម្មនៅខេត្ត ដែលស្ថិតនៅភាគខាងលិចនៃប្រទេសកម្ពុជាមួយនេះ៕