ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សុន្ទរកថា​មន្ត្រី​ជាន់​ខ្ពស់​អាមេរិក​បំផុស​ទឹកចិត្ត​យុវជន​កម្ពុជា​ពី​លទ្ធិ​ប្រជាធិបតេយ្យ


លោក​ឧបការី​រដ្ឋ​មន្ត្រី​ក្រសួង​ការបរទេស​សហរដ្ឋ​អាមេរិក​ ​ថម​ ម៉ាលីណូស្គី​ ​(Tom​ ​Malinowski)​ ​ទទួល​បន្ទុក​សិទ្ធិ​មនុស្ស​ ​ប្រជាធិបតេយ្យ​ ​និង​ការងារ ថ្លែង​ទៅ​កាន់​ក្រុម​និស្សិត​ប្រមាណ​១០០​នាក់​មក​ពី​សាកលវិទ្យាល័យ​នានា​ ​ក្នុង​រាជធានី​ភ្នំពេញ ​កាល​ពី​ព្រឹក​ថ្ងៃ​អង្គារ ទី១២ ខែកក្កដា ឆ្នាំ២០១៦។ (រូបភាព​ដកស្រង់​ចេញ​ពី​ទំព័រ​ហ្វេកប៊ុក​របស់​ស្ថានទូត​អាមេរិក​ប្រចាំ​នៅ​កម្ពុជា)
លោក​ឧបការី​រដ្ឋ​មន្ត្រី​ក្រសួង​ការបរទេស​សហរដ្ឋ​អាមេរិក​ ​ថម​ ម៉ាលីណូស្គី​ ​(Tom​ ​Malinowski)​ ​ទទួល​បន្ទុក​សិទ្ធិ​មនុស្ស​ ​ប្រជាធិបតេយ្យ​ ​និង​ការងារ ថ្លែង​ទៅ​កាន់​ក្រុម​និស្សិត​ប្រមាណ​១០០​នាក់​មក​ពី​សាកលវិទ្យាល័យ​នានា​ ​ក្នុង​រាជធានី​ភ្នំពេញ ​កាល​ពី​ព្រឹក​ថ្ងៃ​អង្គារ ទី១២ ខែកក្កដា ឆ្នាំ២០១៦។ (រូបភាព​ដកស្រង់​ចេញ​ពី​ទំព័រ​ហ្វេកប៊ុក​របស់​ស្ថានទូត​អាមេរិក​ប្រចាំ​នៅ​កម្ពុជា)

ប្រជាធិបតេយ្យ​សហរដ្ឋ​អាមេរិក​កើត​មាន​ចំណាស់​ជាង២០០​ឆ្នាំ​ក្តី​ ​តែ​សហរដ្ឋ​អាមេរិក​នៅ​តែ​បន្ត​ពង្រឹង​ជានិច្ច។

ថ្លែង​ទៅ​កាន់​ក្រុម​និស្សិត​ប្រមាណ​១០០​នាក់​ មក​ពី​សាកលវិទ្យាល័យ​នានា​ ​ក្នុង​រាជធានី​ភ្នំពេញ​កាល​ពី​ព្រឹក​ថ្ងៃ​អង្គារ ទី១២ ខែកក្កដា​កន្លង​ទៅ​នេះ ​លោក​ឧបការី​រដ្ឋ​មន្ត្រី​ក្រសួង​ការបរទេស​សហរដ្ឋ​អាមេរិក​ ​ថម​ ម៉ាលីណូស្គី​ ​(​Tom​ ​Malinowski​)​ ​ទទួល​បន្ទុក​សិទ្ធិ​មនុស្ស​ ​ប្រជាធិបតេយ្យ​ ​និង​ការងារ​ ​បាន​បង្ហាញ​ឲ្យ​ដឹង​ ​អំពី​សារៈ​ សំខាន់​នៃ​ប្រជាធិបតេយ្យ​នៅ​សហរដ្ឋ​អាមេរិក​ដោយ​លោក​បាន​អះ​អាង​ថា​ ទោះ​ជា​ប្រជាធិបតេយ្យ​សហរដ្ឋ​អាមេរិក​កើត​មាន​ចំណាស់​ជាង២០០​ឆ្នាំ​ក្តី​ ​តែ​សហរដ្ឋ​អាមេរិក​នៅ​តែ​បន្ត​ពង្រឹង​ជានិច្ច។​

«ពួក​យើង​សុទ្ធ​តែ​ដឹង​ថា ​ដើម្បី​ក្លាយ​ជា​ប្រទេស​ប្រជាធិបតេយ្យ​ ​វា​មិន​គ្រប់គ្រាន់​ទេ​ ​ដែល​យើង​គ្រាន់​តែ​មាន​ការ​បោះ​ឆ្នោត​នោះ ​វា​មាន​លក្ខណៈ​ស្មុគស្មាញ​ជាង​នេះ​ឆ្ងាយ​ណាស់។ ​យើង​ត្រូវ​មាន​នូវ​សេរីភាព​ក្នុង​ការ​បញ្ចេញ​មតិ​ ​ស្ថាប័ន​ ​តុលាការ​ឯករាជ្យ​ ​ស្ថាប័ន​រដ្ឋ​ឯករាជ្យ​ ​ប្រព័ន្ធ​ត្រួត​ពិនិត្យ​ ​និង​ផ្ទៀងផ្ទាត់​ ​ហើយ​កត្តា​ទាំង​នេះ​មាន​លក្ខណៈ​ផុយ​ស្រួយ​ណាស់​ ហើយ​អាច​ប្រេះស្រាំ​គ្រប់​ពេល​វេលា»។​

លោក​ ថម​ ម៉ាលីណូស្គី​ ​គិត​ថា ​ទោះ​បី​ជា​ប្រទេស​អាមេរិក​បាន​អនុវត្ត​លទ្ធិ​ប្រជាធិបតេយ្យ​អស់​រយៈពេល​ជាង២៤០ឆ្នាំ​ក្តី​ ​តែ​រឿង​នេះ​ត្រូវ​ធ្វើ​ការ​អភិវឌ្ឍ​ឡើង​វិញ​រហូត​ដោយ​សារ​សង្គម​មិន​ឋិតឋេរ​ដដែល សង្គម​ត្រូវ​ដើរ​លើ​គោលការណ៍​ធំៗ​មួយ​ចំនួន ​ដូចជា​ការ​បោះ​ឆ្នោត​ទៀងទាត់​ ​សង្គម​ត្រូវ​ការ​សេរីភាព​ក្នុង​ការ​បញ្ចេញមតិ​ ​ត្រូវ​ការ​ស្ថាប័ន​រដ្ឋ​ឯករាជ្យ​ ​ត្រូវ​មាន​នីតិរដ្ឋ​ ​និង​អ្នក​ដឹក​នាំ​ដែល​ត្រូវ​មាន​អណត្តិ​កំណត់។​

«យើង​គិត​ថា​ ​វា​គឺ​ជា​ការ​ប្រតិបត្តិ​ដែល​មាន​លក្ខណៈ​ប្រជាធិបតេយ្យ​ល្អ​ ក្នុង​ការ​ដាក់​ឱ្យមាន​អណត្តិ​ចំពោះ​អ្នក​ធ្វើ​ការ​នៅ​ក្នុង​តំណែង​ធំ​មួយ ​ទោះ​ពួក​គេ​មាន​ភាព​ល្បីល្បាញ​ក្តី​ ទោះ​ពួក​គេ​ធ្វើ​ការ​បាន​ល្អ​ក្តី‍»។​

លោក​ឧបការី​រដ្ឋ​មន្ត្រី​ក្រសួង​ការបរទេស​សហរដ្ឋ​អាមេរិក​ ​ថម​ ម៉ាលីណូស្គី​ ​(Tom​ ​Malinowski)​ ​ទទួល​បន្ទុក​សិទ្ធិ​មនុស្ស​ ​ប្រជាធិបតេយ្យ​ ​និង​ការងារ ថតរូប​រួមគ្នា​ជាមួយ​នឹង​និស្សិត​មក​ពី​សកលវិទ្យាល័​នានា ក្រោយ​ពី​លោក​បាន​ធ្វើ​វេទិកា​សាធារណៈ​មួយ ​នៅ​ទីក្រុង​ភ្នំពេញ កាល​ពី​ព្រឹក​ថ្ងៃ​អង្គារ ទី១២ ខែកក្កដា ឆ្នាំ២០១៦។ (រូបភាព​ដកស្រង់​ចេញ​ពី​ទំព័រ​ហ្វេកប៊ុក​របស់​ស្ថានទូត​អាមេរិក​ប្រចាំ​នៅ​កម្ពុជា)
លោក​ឧបការី​រដ្ឋ​មន្ត្រី​ក្រសួង​ការបរទេស​សហរដ្ឋ​អាមេរិក​ ​ថម​ ម៉ាលីណូស្គី​ ​(Tom​ ​Malinowski)​ ​ទទួល​បន្ទុក​សិទ្ធិ​មនុស្ស​ ​ប្រជាធិបតេយ្យ​ ​និង​ការងារ ថតរូប​រួមគ្នា​ជាមួយ​នឹង​និស្សិត​មក​ពី​សកលវិទ្យាល័​នានា ក្រោយ​ពី​លោក​បាន​ធ្វើ​វេទិកា​សាធារណៈ​មួយ ​នៅ​ទីក្រុង​ភ្នំពេញ កាល​ពី​ព្រឹក​ថ្ងៃ​អង្គារ ទី១២ ខែកក្កដា ឆ្នាំ២០១៦។ (រូបភាព​ដកស្រង់​ចេញ​ពី​ទំព័រ​ហ្វេកប៊ុក​របស់​ស្ថានទូត​អាមេរិក​ប្រចាំ​នៅ​កម្ពុជា)

នាង​ ​ជា​ ​វិជាន​ ​និស្សិត​ផ្នែក​ភាសា​អង់គ្លេស​នៃ​សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ​ ​ដែល​បាន​ចូលរួម​ក្នុង​កម្មវិធី​ព្រឹក​នេះ ​បាន​ថ្លែង​ថា​ ​វា​ជា​ឱកាស​ល្អ​សម្រាប់​ឱ្យ​យុវជន​កម្ពុជា​យល់​ដឹង​ឱ្យ​កាន់​តែ​ច្បាស់​ពី​ដំណើរការ​បោះឆ្នោត​ប្រជាធិបតេយ្យ​ ​គំនិត​ល្អៗ​ ​និង​វិធីសាស្ត្រ​ក្នុង​ការ​ជំរុញ​លទ្ធិប្រជាធិបតេយ្យ​ ​ក៏​ដូច​ជា​ការ​ដោះ​ស្រាយ​ឧបសគ្គ​ផ្សេងៗ​ផង​ដែរ។​

«គាត់​និយាយ​ត្រូវ​ត្រង់​ពេល​ដែល​យុវជន​មាន​ភាព​សកម្ម​ក្នុង​ការ​ដឹង​យល់​ និង​ប្រឡូក​នៅ​ក្នុង​នយោបាយ ប្រទេស​ជាតិ​យើង​នឹង​មាន​អនាគត​ភ្លឺ​ស្វាង​ជាង​មុន។​ ​ហើយ​កម្មវិធី​នេះ​ជួយ​ឱ្យ​ខ្ញុំ​មាន​ភាព​ក្លាហាន​ជាង​មុន​ក្នុង​ការ​សួរ​សំណួរ​នយោបាយ​ទៅ​ថ្នាក់​ដឹកនាំ​ធំៗ​ជាង​មុន​ទៀត​ផង‍»។​

​ថ្លែង​ប្រាប់​ ​VOA​ ​លោក​ ​ណៃ​ ​ម៉ា​ណេត​ ​និស្សិត​ផ្នែក​សិក្សា​អន្តរជាតិ​នៃ​វិទ្យាស្ថាន​ ​ភាសា​បរទេស​ ​ក៏​មាន​ទស្សនៈ​ប្រហាក់​ប្រហែល​នេះ​ដែរ​ ​ហើយ​យល់​ស្រប​ថា​ ប្រទេស​អាមេរិក​ដែល​ជា​ប្រទេស​ប្រជាធិបតេយ្យ​ដ៏​ធំ​មួយ​ ក៏​អាច​មាន​ចំណុច​ខ្វះ​ខាត​ ​ដើម្បី​កែ​តម្រូវ​ ​ហើយ​អ្នក​ដឹកនាំ​ត្រូវ​ហ៊ាន​ទទួល​ស្គាល់​នូវ​ភាព​ខ្វះខាត​ទាំង​នេះ។​

«ប្រទេស​កម្ពុជា​ក៏​ត្រូវ​មាន​ការ​ផ្លាស់ប្តូរ​ក្នុង​រូបភាព​ណា​មួយ​ដែរ‍»។

​លោក​យល់​ឃើញ​ថា​ សម្រាប់​បរិបទ​ប្រទេស​កម្ពុជា​ ​គឺ​យុវជន​ជា​កាតាលីករ​ ​និង​ជា​អ្នក​ផ្លាស់​ប្តូរ​របស់​ប្រទេសជាតិ​ ​ដោយ​សារ​ពួក​គេ​គឺ​ជា​បុគ្គល​ដែល​មាន​ភាព​សកម្ម​ជាង​គេ​នៅ​ក្នុង​សង្គម។​

សហរដ្ឋ​អាមេរិក​ត្រូវ​គេ​ដឹង​ថា​ ពលរដ្ឋ​មាន​សិទ្ធិ​សេរីភាព​បញ្ចេញ​មតិ ​សិទ្ធិ​ប្រមូល​ផ្តុំ​ ប្រធានាធិបតី​ ​អាច​កាន់កាប់​អំណាច​បាន​តែ​ពីរ​អាណត្តិ​ ដែល​ក្នុង​មួយ​អណត្តិ​មាន​រយៈពេល​តែ​បួន​ឆ្នាំ។​ សហរដ្ឋ​អាមេរិក​មាន​ប្រព័ន្ធ​យុត្តិធម៌​ឯករាជ្យ មាន​អំណាច​នីតិប្បញ្ញត្តិ​ខ្លាំង​ ​អាច​ស្តី​បន្ទោស​រដ្ឋាភិបាល​ ​និង​កោះ​ហៅ​មន្ត្រី​រដ្ឋាភិបាល​មក​ស្តី​បន្ទោស​ ឬ​សួរ​នាំ​បញ្ហា​នា​នា​ដែល​ប៉ះ​ពាល់​ដល់​សង្គម។​ ​រឿង​ទាំង​អស់​នេះ​ហើយ​ត្រូវ​គេ​ដឹង​ថា ​ស្ថិត​ក្នុង​ចំណោម​កត្តា​នានា​ ​ដែល​ធ្វើ​ ​ឲ្យ​តម្លៃ​នៃ​ប្រជាធិបតេយ្យ​នៅ​សហរដ្ឋ​អាមេរិក​មាន​សារៈសំខាន់។​

លោក​ ថម​ ម៉ាលីណូស្គី​ បាន​បញ្ចប់​ទស្សនកិច្ច​រយៈពេល​២​ថ្ងៃ​របស់​លោក​នៅ​ថ្ងៃ​អង្គារ ទី១២ ខែ​កក្កដា​កន្លង​ទៅ​នេះ ​ក្រោយ​ពី​បាន​ជួប​ជាមួយ​មន្ត្រី​រដ្ឋាភិបាល​ ​មន្ត្រី​គណបក្ស​ជំទាស់​ ​មន្ត្រី​សង្គម​ស៊ីវិល ​ចូលរួម​បុណ្យ​សព​ ​លោក​ កែម​ ​ឡី​ ​អ្នក​វិភាគ​សង្គម​ដ៏​ល្បីល្បាញ​ ដែល​ត្រូវ​ខ្មាន់​កាំភ្លើង​បាញ់​សម្លាប់​កាល​ពី​ថ្ងៃ​ទី១០​ ​ខែ​កក្កដា។​ ​លោក​បាន​ទទូច​ឲ្យ​មាន​ការ​ស៊ើប​អង្កេត​ដោយ​ឯករាជ្យ ដោះលែង​ ​និង​ទម្លាក់​បទ​ចោទ​ប្រឆាំង​នឹង​ក្រុម​អ្នក​រិះ​គន់​ ​រដ្ឋាភិបាល​ដើម្បី​បង្ក​ឲ្យ​មាន​បរិយាកាស​ល្អ​សម្រាប់​ការ​បោះ​ឆ្នោត​ ​ដែល​អាច​នាំ​ទៅ​ដល់​ការ​ទទួល​ស្គាល់​ជា​អន្តរជាតិ​អំពី​ភាព​ស្រប​ច្បាប់​ ​ហើយ​គណបក្ស​នយោបាយ​ធំៗ​ទាំង​ពីរ​គួរ​វិល​ទៅ​រក​តុ​ចរចា​គ្នា​វិញ។​

លោក​ឧបការី​រដ្ឋ​មន្ត្រី​ការ​បរទេស​សហរដ្ឋ​អាមេរិក​ ថម​ ម៉ាលីណូស្គី​ ​បាន​ចូល​កាន់​តំណែង​នេះ​ ​តាំង​ពី​ខែ​មេសា​ ​ឆ្នាំ២០១៤​មក​ម្ល៉េះ​ ​ហើយ​មុន​នោះ​លោក​ធ្លាប់​មាន​តំណែង​ជា​នាយក​អង្គការ​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​ប្រចាំ​ទីក្រុង​វ៉ាស៊ីនតោន​ ដែល​ជា​អង្គការ​អន្តរជាតិ​ដ៏​ធំ​មួយ​ក្នុង​ការ​គាំ​ពារ​សិទ្ធិ​មនុស្ស៕

XS
SM
MD
LG