លោក ថម ម៉ាលីណូស្គី (Tom Malinowski) ឧបការីរដ្ឋមន្ត្រីក្រសួងការបរទេសសហរដ្ឋអាមេរិក (ស.រ.អា.)ទទួលបន្ទុកលទ្ធិប្រជាធិបតេយ្យ សិទ្ធិមនុស្ស និងការងារ នៅព្រឹកថ្ងៃច័ន្ទ ទី១៨ ខែកក្កដានេះ បានចាប់ផ្តើមធ្វើទស្សនកិច្ចនៅកម្ពុជា ដើម្បីបញ្ជាក់ពីសារៈសំខាន់នៃសិទ្ធិមនុស្សសម្រាប់ទំនាក់ទំនងរវាងសហរដ្ឋអាមេរិក និងកម្ពុជា និងស្វែងយល់អំពីការបោះឆ្នោតនៅកម្ពុជា។
នៅថ្ងៃដំបូងនៃដំណើរទស្សនកិច្ចរបស់លោកដែលមានរយៈពេល២ថ្ងៃ លោក ថម ម៉ាលីណូស្គី បានជួបពិភាក្សាការងារជាមួយលោក កឹម សុខា ប្រធានស្តីទីគណបក្សសង្គ្រោះជាតិ នៅឯទីស្នាក់ការកណ្តាលនៃគណបក្សសង្គ្រោះជាតិ ដែលសិ្ថតក្នុងខណ្ឌមានជ័យ រាជធានីភ្នំពេញ។
លោក កឹម សុខា បានសរសេរនៅលើទំព័រហ្វេសប៊ុករបស់លោកថា ជំនួបរវាងលោក និងលោក ថម ម៉ាលីណូស្គី បានពិភាក្សាទៅលើស្ថានការណ៍នយោបាយនាពេលបច្ចុប្បន្ន តែលោកមិនបានបញ្ជាក់លម្អិតអំពីបញ្ហានានាដែលបានលើកឡើងនៅក្នុងកិច្ចពិភាក្សាដែលធ្វើឡើងកាលព្រឹកថ្ងៃច័ន្ទនោះទេ។
ជំនួបរវាងលោក ថម ម៉ាលីណូស្គី និងលោក កឹម សុខា នៅថ្ងៃច័ន្ទនេះ បានកើតមានឡើង នៅចំពេលដែលគណបក្សសង្គ្រោះជាតិប្រារព្ធខួបលើកទីបួនឆ្នាំនៃការបង្កើតគណបក្សនេះ។
ដំណើររបស់ឧបការីរដ្ឋមន្ត្រីការបរទេសស.រ.អា.រូបនេះ ក៏បានកើតឡើង បន្ទាប់ពីលោក កែម ឡី អ្នកវិភាគសង្គមដ៏លេចធ្លោមួយរូបត្រូវបានខ្មាន់កាំភ្លើងបាញ់សម្លាប់កាលពីសប្តាហ៍មុននៅកណ្តាលរាជធានីភ្នំពេញ ហើយជនសង្ស័យជាឃាតករត្រូវបានអាជ្ញាធរមានសមត្ថកិច្ចឃាត់ខ្លួនភ្លាមៗ។ ប៉ុន្តែហេតុផលនៅពីក្រោយនៃការបាញ់ប្រហារនេះមិនទាន់ត្រូវបានអាជ្ញាធរមានសមត្ថកិច្ចទម្លាយឲ្យដឹងនោះទេ នៅគ្រាដែលជនសង្ស័យត្រូវបានបញ្ជូនដល់តុលាការកុ្រងភ្នំពេញ ដើម្បីធ្វើការអង្កេតបន្តទៀត។
អ្នកវិភាគរូបនេះត្រូវខ្មាន់កាំភ្លើងបាញ់តែប៉ុន្មានថ្ងៃប៉ុណ្ណោះ ក្រោយពីអ្នកវិភាគរូបនេះបានផ្តល់ការអធិប្បាយធ្ងន់ៗអំពីរបាយការណ៍របស់អង្គការ Global Witness ដែលមានចំណងជើងថា«ការគ្រប់គ្រងដ៏ប្រទូសសារ៉ាយ» ដែលបានចេញផ្សាយជាសាធារណៈកាលពីដើមខែកក្កដានេះ និងបានទម្លាយឲ្យដឹងអំពីការកសាងទ្រព្យសម្បត្តិដ៏ច្រើនសន្ធឹកសន្ធាប់របស់ក្រុមគ្រួសារលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។
លោក ជុំ សុន្ទរី អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជា បានប្រាប់ VOA នៅថ្ងៃច័ន្ទនេះថា ក្រសួងពុំមានរបៀបវារៈលម្អិតនៃការធ្វើទស្សនកិច្ចរបស់លោក ថម ម៉ាលីណូសី្គ នោះទេ ដោយលោកបានបង្វែរសំណួរទៅស្ថានទូតសហរដ្ឋអាមេរិកប្រចាំនៅកម្ពុជា។ ហើយមន្ត្រីស្ថានទូតស.រ.អា.មិនបានផ្តល់អាត្ថាធិប្បាយដែរ ដោយអះអាងថា នៅថ្ងៃអង្គារស្អែកនឹងមានការពិភាក្សាលម្អិត។
លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា បានមានប្រសាសន៍ថា លោកទទួលបានដំណឹងទាក់ទងនឹងការធ្វើទស្សនកិច្ចនេះ តែមិនអាចបញ្ជាក់ថា តើលោកឧបការីរដ្ឋមន្ត្រី ថម ម៉ាលីណូស្គី នឹងគ្រោងជួបពិភាក្សាជាមួយនឹងឥស្សរជនរូបណានៅក្នុងរាជរដ្ឋាភិបាលកម្ពុជានោះទេ។
«ខ្ញុំមិនដឹងថា កម្មវិធីគាត់ហ្នឹង ជួបអ្នកណាទេ ក៏ប៉ុន្តែបើមើលតាមកម្មវិធីដែលប្រកាសដោយក្រសួងការបរទេស គាត់ជួបមន្ត្រីជាន់ខ្ពស់របស់រាជរដ្ឋាភិបាល ជួបគណបក្សប្រឆាំង និងអង្គការសង្គមស៊ីវិលមួយចំនួន»។
តែបើតាមសេចក្តីប្រកាសព័ត៌មានរបស់ស្ថានទូតសហរដ្ឋអាមេរិកប្រចាំនៅកម្ពុជា ចេញផ្សាយកាលពីសប្តាហ៍មុន បានឲ្យដឹងថា ក្នុងដំណើរទស្សនកិច្ចរបស់លោកនៅថ្ងៃដំបូងនេះ លោក ថម ម៉ាលីណូស្គី គ្រោងជួបជាមួយមន្ត្រីរដ្ឋាភិបាល សមាជិកនៃគណបក្សប្រឆាំងក្រុមសង្គមស៊ីវិលក្នុងស្រុក និងតំណាងទីភ្នាក់ងារអន្តរជាតិ ដើម្បីពិភាក្សាពីសារៈសំខាន់នៃការបោះឆ្នោតដែលមានភាពសេរី និងយុតិ្តធម៌នៅកម្ពុជា។
លោកក៏នឹងរំឭកឲ្យកម្ពុជាលើកកម្ពស់បទដ្ឋានសិទ្ធិមនុស្សអន្តរជាតិ ហើយធានាការពារអង្គការសិទ្ធិមនុស្ស។ លោកក៏នឹងទៅទស្សនាសារមន្ទីរប្រល័យពូជសាសន៍ទួលស្លែងផងដែរ។
នៅថ្ងៃទី១៩ ខែកក្កដា លោកឧបការីរដ្ឋមន្ត្រី ថម ម៉ាលីណូស្គី ក៏គ្រោងនឹងជួបពិភាក្សាជាមួយ យុវជនកម្ពុជាលើប្រធានបទការបោះឆ្នោតនៅសហរដ្ឋអាមេរិក។ ពិធីនេះនឹងរៀបចំនៅបណ្ណាល័យនៃស្ថានទូតអាមេរិក នៅក្នុងសាកលវិទ្យាល័យបញ្ញាសាស្ត្រ។
លោកឧបការីរដ្ឋមន្ត្រី ថម ម៉ាលីណូស្គី គឺជាអតីតប្រធានរបស់អង្គការសិទ្ធិមនុស្ស Human Rights Watch នៅទីក្រុងវ៉ាស៊ីនតោន ដែលជាអង្គការមួយក្នុងចំណោមអង្គការអន្តរជាតិឯករាជ្យនាំមុខគេ ដែលធ្វើការដើម្បីការពារសិទ្ធិមនុស្ស។ ពីឆ្នាំ១៩៩៨ដល់ឆ្នាំ២០០១ លោកបានធ្វើជាប្រធានជាន់ខ្ពស់នៅក្នុងក្រុមប្រឹក្សាសន្តិសុខជាតិ ក្នុងសេតវិមាន ដោយក្នុងនោះ លោកបានដឹកនាំការធ្វើពង្រាងនៃសុន្ទរកថារបស់លោកប្រធានាធិបតី Clinton ស្តីពីគោលនយោបាយការបរទេស និងការងារទំនាក់ទំនងជាយុទ្ធសាស្ត្រនៅជុំវិញពិភពលោក៕