ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

មន្ត្រី​អាមេរិក​សូម​​ឲ្យ​​ផ្តល់​សេរីភាព​ប្រមូល​ផ្តុំ​ និង​បញ្ចេញ​មតិ​ដល់​សហជីព ​កម្មករ


លោក​ ​Tom Malinowski​ ​ឧបការី​រដ្ឋមន្រ្តី​ការ​បទេស​ ​អាមេរិក​ទទួល​បន្ទុក​សិទ្ធិ​មនុស្ស​ ​ប្រជា​ធិប​តេយ្យ​និង​សិទ្ធិការងារ​​ថ្លែង​ប្រាប់​ក្រុម​អ្នក​សារ​ព័ត៌មាន នា ស្ថានទូត​សហរដ្ឋ​អាមេរិក​ប្រចាំ​ក្រុងភ្នំពេញ​ នាថ្ងៃ​ទី១៩ ខែ​កក្កដា ​ឆ្នាំ២០១៦។ (នៅ វណ្ណារិន/VOA)
លោក​ ​Tom Malinowski​ ​ឧបការី​រដ្ឋមន្រ្តី​ការ​បទេស​ ​អាមេរិក​ទទួល​បន្ទុក​សិទ្ធិ​មនុស្ស​ ​ប្រជា​ធិប​តេយ្យ​និង​សិទ្ធិការងារ​​ថ្លែង​ប្រាប់​ក្រុម​អ្នក​សារ​ព័ត៌មាន នា ស្ថានទូត​សហរដ្ឋ​អាមេរិក​ប្រចាំ​ក្រុងភ្នំពេញ​ នាថ្ងៃ​ទី១៩ ខែ​កក្កដា ​ឆ្នាំ២០១៦។ (នៅ វណ្ណារិន/VOA)

លោក​ Tom Malinowski ឲ្យ​ដឹង​ថា​ ការ​អនុវត្ត​ច្បាប់​សហជីព​ ដែល​មាន​ស្តង់ដារ​​ខ្ពស់ ​អាច​ជួយ​ទាក់ទាញ​វិនិយោគិន​កាន់​តែ​ច្រើន​មក​កម្ពុជា​ ដោយសារ​តែ​ក្រុមហ៊ុន​នានា​ចង់​វិនិយោគ​ក្នុង​ប្រទេស​​ដែល​សិទ្ធិ​សហជីព​ត្រូវ​បាន​ការពារ​ដោយ​ច្បាប់។

លោក ថម ម៉ាលីណូស្គី​ Tom Malinowski​ ​ឧបការី​រដ្ឋមន្រ្តី​ការ​បរទេស​សហរដ្ឋ​អាមេរិក​ទទួល​បន្ទុក​សិទ្ធិ​មនុស្ស​ ​និង​ប្រជា​ធិបតេយ្យ​ កាល​ពី​ល្ងាច​ថ្ងៃ​អង្គារ ទី១៩​នេះ​ បាន​អំពាវនាវ​ឲ្យ​មាន​ការ​ផ្តល់​សេរីភាព​ពេញលេញ​ដល់​ក្រុម​សហជីព​ និង​សមាគម​នៅ​កម្ពុជា ដែល​គ្រប​ដណ្តប់​ដោយច្បាប់​សហជីព។​

លោក​ឲ្យ​ដឹង​ថា​ ការ​អនុវត្ត​ច្បាប់​សហជីព​ ដែល​មាន​ស្តង់ដារខ្ពស់ ​អាច​ជួយ​ទាក់ទាញ​វិនិយោគិន​កាន់​តែ​ច្រើន​មក​កម្ពុជា​ ដោយសារ​តែ​ក្រុមហ៊ុន​នានា​ចង់​វិនិយោគ​ក្នុង​ប្រទេសដែល​សិទ្ធិ​សហជីព​ត្រូវ​បាន​ការពារ​ដោយ​ច្បាប់។ ​ហើយ​ការ​អនុវត្ត​ច្បាប់​សហជីព ​ដែល​មាន​ស្តង់ដារស្រប​តាម​ច្បាប់ពលកម្ម​អន្តរជាតិក៏​នឹង​ជួយ​ឲ្យ​ប្រទេស​មួយក្លាយ​ជាសមាជិក​នៃ​កិច្ច​ព្រមព្រៀង​ឆ្លង​មហា​សមុទ្រ​ប៉ាស៊ីហ្វិក ​(TPP)​ ផង​ដែរ។​

ថ្លែង​នៅ​ក្នុង​សន្និសីទ​ព័ត៌មាន​បូក​សរុប​ដំណើរ​ទស្សនកិច្ច​រយៈពេល​២​ថ្ងៃ​នៅ​កម្ពុជា​ លោកឧបការី​រដ្ឋមន្រ្តី​ការ​បរទេសរូប​នេះ​ក៏​បាន​បង្ហាញ​ក្តី​បារម្ភ​អំពី​ស្តង់ដារ​នៃ​ច្បាប់​សហជីព​នៅ​កម្ពុជា​ ដែល​បាន​ដាក់​ឲ្យ​ប្រើប្រាស់​កាល​ពី​ខែ​ឧសភា​កន្លង​ទៅ​ផង​ដែរ។​

លោក​ថា៖ «ពាក់​ព័ន្ធ​នឹង​ច្បាប់​សហជីព​ យើង​អាច​និយាយ​ថា ​ច្បាប់​សហជីព​គួរ​តែ​មាន​លក្ខណៈ​ស្រប​នឹង​ស្តង់ដារ​របស់​អង្គការ​ពលកម្ម​អន្តរជាតិ​ (ILO)។​ យើង​ធ្លាប់​មាន​ការ​ព្រួយ​បារម្ភ​ថា​ តើ​ច្បាប់​សហជីព​នៅ​កម្ពុជា​បាន​បំពេញ​ ជា​ពិសេស​ទៅ​តាម​លក្ខខណ្ឌ​តម្រូវការ​សេរីភាព​នៃ​ការ​ប្រមូល​ផ្តុំ​ឬ​នៅ?​ យើង​គិត​ថា ​វា​ជា​ប្រយោជន៍​មួយ​សម្រាប់​កម្ពុជា​នៅ​ក្នុង​ការ​បង្ហាញ​ថា ​ខ្លួន​បាន​បំពេញ​ទៅ​តាម​ស្តង់ដារ​នោះ»។​

ច្បាប់​ស្តីពី​សហជីព​ ដែល​មាន​១៧ជំពូក​ និង​១០០​មាត្រា​នេះ​ ត្រូវ​បាន​រដ្ឋ​សភា​ជាតិ​កម្ពុជា​អនុម័ត​ ​ដោយ​គ្មាន​ការ​កែប្រែ​តាំង​ពី​ខែ​មេសា​កន្លង​ទៅ​ បើ​ទោះ​ជាក្នុង​ពេល​ពិភាក្សា​ច្បាប់​នេះ​មាន​ការ​តវ៉ា​ពី​សំណាក់​កម្មករ​ ​និង​សហជីព​ធំៗ​មួយ​ចំនួន​ក៏​ដោយ។

លោក ​អាត់ ធន់​ ប្រធាន​សហភាព​ការងារ​កម្ពុជា​ បញ្ជាក់​ប្រាប់ ​VOA ​ថា​ កន្លង​មក​មាន​ភាគី​ពាក់ព័ន្ធ​ជា​ច្រើន​រួម​ទាំង​អង្គការពលកម្ម​អន្តរជាតិ ​ILO​ ផង​នោះ​ ធ្លាប់​បាន​ផ្តល់​យោបល់ ​និង​ស្នើ​សុំ​ជា​បន្ត​បន្ទាប់​ ​ឲ្យ​មាន​ការ​កែប្រែ​ចំណុច​ខ្លះ​ដែល​គេ​យល់​ថា​ រឹតត្បិត​សិទ្ធិ​សេរី​ភាព​របស់​សហជីព​ និង​ភាគី​កម្មករ​និយោជិត។​ ក៏​ប៉ុន្តែ​ពុំ​មាន​ចំណុច​ណា​មួយ​ត្រូវ​បាន​កែប្រែ​នោះ​ទេ។​ ​

«ទី១​ស្នើ​ឲ្យ​រដ្ឋាភិបាល​ត្រូវ​ធានា​ថា​ ការ​អនុវត្ត​ច្បាប់​មិន​មាន​លម្អៀង និង​ទី​២​ ចំណុច​មួយ​ចំនួន​ដែល​អង្គការ​ពាក់ព័ន្ធ​បាន​ផ្តល់​យោបល់​ហ្នឹង ​សហជីព​ក៏​សង្ឃឹម​ថា ​រដ្ឋាភិបាល ​និង​សភា​ នឹង​ធ្វើ​វិសោធនកម្ម​ចំណុច​ដែល​ជា​ឧបសគ្គ​ដល់​សហជីព។ ​ចំណុច​ខ្លះរឹត​បណ្តឹង​សេរីភាព​សហជីព​រហូត​ដល់​ភាគី​ពាក់ព័ន្ធ​ក៏​អាច​សុំ​រំលាយ​អង្គភាព​សហជីព​ចោល​បាន​ដែរ»។​

ថ្លែង​នៅ​ក្នុង​សន្និសីទ​ថ្នាក់​ជាតិមួយ​ កាល​ពី​សប្តាហ៍​កន្លង​ទៅ​ លោក​ អ៊ិត សំហេង ​រដ្ឋ​មន្ត្រី​ក្រសួង​ការងារ ​និង​បណ្តុះ​បណ្តាល​វិជ្ជា​ជីវៈ បាន​អំពាវនាវ​ឲ្យ​ភាគី​ពាក់ព័ន្ធ​ចូល​រួម​អនុវត្ត​ច្បាប់​សហជីព​ថ្មីនេះ​ ហើយ​លោក​រំពឹង​ថា ​វត្តមាន​នៃ​ច្បាប់​សហជីព​អាច​ធ្វើ​ឲ្យ​ចំនួន​សហជីព​មូលដ្ឋាន​មាន​ការ​កើន​ឡើង​ ព្រម​ទាំង​មាន​ការ​ថយ​ចុះ​នូវ​ចំនួន​បាតុកម្ម ​និង​កូដកម្ម​ខុស​ច្បាប់។​

លោក​ ថម ម៉ាលីណូស្គី​ ឧបការី​រដ្ឋមន្ត្រី​ក្រសួង​ការ​បរទេស​សហរដ្ឋ​អាមេរិក​(ស.រ.អា.) បាន​ចាប់​ផ្តើម​ធ្វើ​ទស្សនកិច្ច​ផ្លូវ​ការ​រយៈពេល​២ថ្ងៃ​ជា​លើក​ដំបូង​នៅ​កម្ពុជា​ ដើម្បី​បញ្ជាក់​ពី​សារៈសំខាន់​នៃ​សិទ្ធិ​មនុស្ស​ សម្រាប់​ទំនាក់​ទំនង​រវាង​សហ​រដ្ឋ​អាមេរិក​ និង​កម្ពុជា​ ព្រមទាំង​ស្វែង​យល់​អំពី​ការ​បោះឆ្នោត​នៅ​កម្ពុជា។​ ​ លោក​ឧបការី​រដ្ឋ​មន្ត្រី​ ថម ម៉ាលីណូស្គី ​គឺ​ជា​អតីត​ប្រធាន​របស់​អង្គការ​សិទ្ធិ​មនុស្ស​ Human Rights Watch ​នៅ​ទីក្រុង​វ៉ាស៊ីនតោន​ ដែល​ជា​អង្គការ​មួយ​ក្នុង​ចំណោម​អង្គការ​អន្តរជាតិ​ឯករាជ្យ​នាំ​មុខ​គេ​ ដែល​ធ្វើ​ការ​ដើម្បី​ការពារ​សិទ្ធិ​មនុស្ស៕

XS
SM
MD
LG