ការដឹកជញ្ជូនម្ហូបអាហារដល់ផ្ទះអតិថិជនបានធ្វើឱ្យជីវិតរស់នៅមានភាពងាយស្រួលជាងមុន សម្រាប់មនុស្សជាច្រើន។ ដូចនៅក្នុងប្រទេសជាច្រើនទៀតដែរ ប្រទេសម៉ាឡេស៊ីមានកំណើននៃសេចក្តីត្រូវការរបស់អតិថិជនឲ្យមានការដឹកជញ្ជូនម្ហូបអាហារដល់ផ្ទះ ចាប់តាំងពីមានការរាតត្បាតនៃជំងឺកូវីដ១៩ មក។ ភាគច្រើននៃការដឹកជញ្ជូនម្ហូបអាហារដល់ផ្ទះនៅម៉ាឡេស៊ីធ្វើឡើង តាមរយៈមធ្យោបាយម៉ូតូ។
ក៏ប៉ុន្តែក្នុងអំឡុងពេលជាង ៦ ខែកន្លងមកនេះ គេឃើញមានគ្រោះថ្នាក់ចរាចរណ៍ច្រើនកើតឡើងទាក់ទិននឹងអ្នកបើកម៉ូតូដឹកជញ្ជូនអាហារសម្រាប់អតិថិជន។
កាលពីពេលថ្មីៗនេះ វិទ្យាស្ថានស្រាវជ្រាវសុវត្ថិភាពដងផ្លូវនៃប្រទេសម៉ាឡេស៊ី (Malaysian Institute of Road Safety Research) បានធ្វើការសិក្សាស្រាវជ្រាវរយៈពេល ៤ ថ្ងៃ នៅផ្លូវកែងចំនួន ១១ កន្លែង។
វិទ្យាស្ថាននេះបានសង្កេតមើលអ្នកបើកម៉ូតូដឹកជញ្ជូនអាហារជិត ៣.៥០០ នាក់ និងបានរកឃើញថា ប្រមាណ ពីរភាគបីនៃអ្នកទាំងនេះមិនបានគោរពច្បាប់ចរាចរណ៍ ហើយប្រមាណមួយភាគបី បានរំលោភធ្ងន់ធ្ងរលើសុវត្ថិភាពចរាចរណ៍ ដែលមានដូចជាការកាន់ទូរសព្ទនៅនឹងដៃពេលបើកម៉ូតូ ការជិះហួសភ្លើងក្រហម ការបត់ត្រឡប់ក្រោយដោយខុសច្បាប់ និងការបើកបញ្ច្រាស់ទិសជាដើម។
លោក Khairil Anwar ដែលជាអគ្គនាយកនៃវិទ្យាស្ថានសុវត្ថិភាពដងផ្លូវនេះ បាននិយាយថា ទង្វើបើកបរនាំឱ្យមានគ្រោះថ្នាក់ទាំងនេះកើតមានជាញឹកញយណាស់។
លោក Khairil Anwar និយាយដូច្នេះថា៖ «វាហាក់ដូចជារឿងសាមញ្ញទៅហើយ សម្រាប់អ្នកដឹកជញ្ជូនម្ហូបអាហារឲ្យអតិថិជននៅក្នុងប្រទេសម៉ាឡេស៊ីដែលប្រព្រឹត្តបែបនេះ ដោយសារតែការតម្រូវនៃការងាររបស់ពួកគេ និងការតាំងចិត្តរបស់ពួកគេ ដើម្បីសម្រេចគោលដៅដឹកជញ្ជូនអាហារក្នុងមួយថ្ងៃៗ»។
ជាទូទៅ អ្នកបើកម៉ូតូដឹកជញ្ជូនម្ហូបអាហារទាំងនេះ គឺជាអ្នកធ្វើការដោយខ្លួនឯង ដែលមានម៉ូតូផ្ទាល់ខ្លួន។ ប្រសិនបើពួកគេអាចដឹកជញ្ជូនបានច្រើនជើងដល់អតិថិជន នោះពួកគេក៏អាចរកចំណូលបានច្រើនតាមហ្នឹងដែរ។
លោក Khairil Anwar យល់ស្របថា ប្រព័ន្ធដឹកជញ្ជូនម្ហូបអាហារនេះជាអ្វីដែលជំរុញឲ្យអ្នកបើកម៉ូតូទាំងនោះបង្កើនល្បឿន ឬមិនឈប់ពេលមានភ្លើងក្រហម។
លោក Amiral Rashid បានបើកម៉ូតូដឹកជញ្ជូនអាហារដល់អតិថិជនប្រមាណមួយឆ្នាំមកហើយ។ លោកទទួលស្គាល់ថា អ្នកបើកម៉ូតូជាច្រើនមិនបានប្រុងប្រយ័ត្នឲ្យបានគ្រប់គ្រាន់នោះទេ។ ប៉ុន្តែលោកក៏បានបញ្ជាក់ផងដែរថា ជារឿយៗ អ្នកបើកម៉ូតូទាំងនេះរងសម្ពាធធ្វើយ៉ាងណាដឹកជញ្ជូនម្ហូបអាហារឲ្យបានដល់អតិថិជនឲ្យបានលឿន។
លោក Amiral Rashid បាននិយាយថា ជាធម្មតាសម្ពាធគឺចេញមកពីអតិថិជន ដោយសារតែពួកគេចង់បានម្ហូបអាហារឱ្យបានឆាប់។
ក្រុមហ៊ុន Grab និងក្រុមហ៊ុន Foodpanda ដែលជាក្រុមហ៊ុនដឹកជញ្ជូនម្ហូបអាហារធំជាងគេពីរ បានច្រានចោលសំណើសុំសម្ភាសន៍របស់ VOA។
ក៏ប៉ុន្តែ លោក Khairil Anwar បានបញ្ជាក់ថា ការបណ្ដុះបណ្ដាលខាងសុវត្ថិភាពនៅពេលបច្ចុប្បន្នរបស់ក្រុមហ៊ុនទាំងនោះ មិនទាន់គ្រប់គ្រាន់ទេ ហើយក្រុមហ៊ុនទាំងនោះគួរធ្វើបន្ថែមទៀត ដើម្បីលើកកម្ពស់វប្បធម៌ការងារមួយដែលផ្ដោតលើសុវត្ថិភាព។
លោក Khairil Anwar និយាយថា៖ «យើងត្រូវបញ្ចូលវិធានការសុវត្ថិភាពទាំងនេះទៅក្នុងចិត្តអ្នកបើកម៉ូតូទាំងនោះ។ អ្វីដែលសំខាន់នោះ គឺឥរិយាបថមានសុវត្ថិភាព មិនមែនគ្រាន់តែផ្ដោតលើការដឹកជញ្ជូនម្ហូបអាហារតែមួយមុខប៉ុណ្ណោះទេ»។
វិទ្យាស្ថានសុវត្ថិភាពដងផ្លូវនេះ បានបញ្ជាក់ថា ខ្លួននឹងបង្កើតកម្មវិធីបណ្ដុះបណ្ដាលសុវត្ថិភាពតាមដងផ្លូវ និងគ្រោងនឹងពិភាក្សាជាមួយក្រុមហ៊ុនទាំងពីរខាងលើអំពីកម្មវិធីនេះ។
លោក Amiral Rashid និងអ្នកបើកម៉ូតូដឹកជញ្ជូនម្ហូបអាហារដទៃទៀត បានប្រាប់ VOA ថា ពួកគេគាំទ្រគម្រោងនេះ។
ក៏ប៉ុន្តែ អ្នកបើកម៉ូតូទាំងនេះបានទទួលស្គាល់ថា ទោះបីជាមានការបណ្ដុះបណ្ដាលច្រើនបែបណាក៏ដោយ ក៏អ្វីដែលសំខាន់ គឺអាស្រ័យលើអ្នកបើកម៉ូតូផ្ទាល់ដែលត្រូវផ្ដោតលើសុវត្ថិភាពជាជាងល្បឿន៕
ប្រែសម្រួលដោយ ឈឹម សុមេធ