នៅជាន់ទី១៥នៃអគារផ្ទះស្នាក់នៅមួយដែលមានថ្លៃជួលទាបនៅក្នុងផ្នែកខាងជើងនៃក្រុងគូឡាឡាំពួ លោក Justin Cheah ចេញពីជណ្តើរយន្តជាមួយស្បោងគ្រឿងធ្វើម្ហូបមួយ ហើយលោកបានទៅកាន់អគារមួយមានទីសក្ការៈបូជារូបបដិមា Ganesh ដែលជាទេវតាមានខ្លួនជាមនុស្សនិងក្បាលដំរីតាមព្រហ្មញ្ញសាសនាដែលជា«អ្នកកម្ចាត់ឧបសគ្គ»។
លោក Cheah បានជួយអវតានេះនៃព្រហ្មញ្ញសាសនា។ គ្រឿងធ្វើម្ហូបនិងអង្ករ១០គីឡូក្រាមជាជំនួយសម្រាប់គ្រួសារមួយក្នុងបណ្តាគ្រួសារថ្មីៗដែលជាអ្នកទទួលជំនួយពីអង្គការសប្បុរសធម៌មួយដែលលោកជាអ្នកចាត់ចែងកិច្ចការ។ អង្គការ Kechara បានជួយចិញ្ចិមមនុស្សច្រើននាក់ចាប់តាំងពីការរាតត្បាតជាសាកលនៃវីរុសកូរ៉ូណាបានជំរុញប្រទេសម៉ាឡេស៊ីឱ្យមានការបិទប្រទេសកាលពីពាក់កណ្តាលខែមីនាដែលមិនទាន់បានរើបឡើងពេញលេញនៅឡើយទេ។
អង្គការ Kechara និងធនាគារម្ហូបអាហារឯទៀតៗនៅក្នុងរដ្ឋធានីនៃប្រទេសម៉ាឡេស៊ីនិងនៅទូទាំងប្រទេសដែលមានពលរដ្ឋ៣២លាននាក់និយាយថា ពួកគេបានដោះស្រាយកំណើនសេចក្តីត្រូវការចាប់តាំងពីការចាប់ផ្តើមបិទប្រទេសឬ «បញ្ជាអំពីការគ្រប់គ្រងការដើរហើរ» ហៅកាត់ថា MCO។ ជាងពេលណាៗទាំងអស់ពួកគេបានផ្តល់ជំនួយម្ហូបអាហារឱ្យដល់គ្រួសាររាប់លានទោះណាជានៅពេលមានកាត់បន្ថាយការផ្តល់ប្រាក់ជំនួយនិងការពង្រីកខ្លាំងនៃសំណាញ់សន្តិសុខសង្គមក៏ដោយ។
អ្នកស្រី Vany Ramasamy ដែលបានទទួលលោក Cheah ដោយពាក់អាវក្រហមនិងខោជើងវែងពណ៌ខៀវនៃពួកអ្នកបោសសម្អាតផ្លូវពីពេលថ្ងៃរះដល់ពេលថ្ងៃលិចបាននិយាយថា៖ «បើយើងមិនបានទទួលម្ហូបអាហារនេះទេ ខ្ញុំមិនអាចមានអ្វីគ្រប់គ្រាន់ដើម្បីរស់ទេ ហើយខ្ញុំក៏គ្មានប្រាក់កាសគ្រប់គ្រាន់ដើម្បីបង់សោហ៊ុយសម្រាប់ការសិក្សាអប់រំរបស់កូនខ្ញុំទេ»។
បើតាមតួលេខថ្មីៗបំផុតរបស់រដ្ឋាភិបាលថា ការបិទប្រទេសបានជំរុញពលរដ្ឋម៉ាឡេស៊ីជាងបីសែននាក់ឱ្យគ្មានការងារធ្វើនៅខែឧសភា ហើយបានធ្វើឱ្យប្រទេសនេះមានអត្រាមនុស្សឥតការងារធ្វើមានរហូតដល់៥,៣ភាគរយដែលជាអត្រាខ្ពស់មិនធ្លាប់មានចាប់តាំងពីចុងទសវត្សរ៍ឆ្នាំ១៩៨០មក។ ធនាគារពិភពលោកនិយាយថា តួលេខទាំងនោះនឹងកើនច្រើនថែមទៀតនៅមុនការរាតត្បាតជំងឺកូវីដ១៩ចប់។
អ្នកស្រី Vany Ramasamy ឋិតក្នុងចំណោមពួកជនថ្មីៗមានការធ្វើមិនគ្រប់ម៉ោងគឺពួកជននៅមានការងារធ្វើក៏ប៉ុន្តែមិនអាចធ្វើការបានច្រើន ដូចកាលពីពេលមុនទេ។ អ្នកស្រីនិងប្តីដែលជាអ្នកបោសសម្អាតផ្លួវក្នុងក្រុងដូចគ្នាដែរមានការបន្ថយម៉ោងធ្វើការពាក់កណ្តាលដោយកាត់បន្ថយប្រាក់ចំណូលរួមគ្នាប្រចាំខែមកនៅត្រឹមតែ២៥០ដុល្លារសម្រាប់គ្រួសារមានសមាជិក៩នាក់ដោយមានរួមបញ្ចូលកុមារ៦នាក់និងជីដូនផងដែរ។
អ្នកស្រី Ramasamy បានថ្លែងដោយមានការស្ទាក់ស្ទើរថា៖ «ខ្ញុំព្រួយបារម្ភណាស់ពីព្រោះអស់សោហ៊ុយច្រើនដើម្បីចិញ្ចឹមមនុស្សគ្រប់គ្នាក្នុងគ្រួសារ។ ប្រាក់មួយសេនក៏មានតម្លៃដែរ»។
គ្រួសារនីមួយៗដែលអង្គការ Kechara ជួយបានទទួលស្បោងមួយមានគ្រឿងធ្វើអាហារស្ងួត៣៥គីឡូក្រាមសម្រាប់ពេលមួយខែ។ រៀងរាល់ពេលរសៀលអង្គការនេះដាក់វត្ថុមួយមានរាងដូចស្នែងសម្រាប់ដាក់បន្លែ ផ្លែឈើ និងគ្រឿងធ្វើម្ហូបមានលើសនៅខាងក្រៅអគារផ្ទះស្នាក់នៅមួយចំនួនក្នុងតំបន់នោះតាមរបៀបដាក់វេន។ អ្នកនៅក្នុងអគារនោះដែលមានឈ្មោះជាអ្នកទទួលអំណោយឈរបន្តគ្នា ហើយយកអំណោយមានត្រប់ ការ៉ុត ផ្លែប៉ោម ផ្លែឈើស្រស់ៗឯទៀតៗ និងបន្លែដាក់ក្នុងស្បោងពួកគេ។ នៅពេលមានការបិទប្រទេសមានឈ្មោះអ្នកទទួលអំណោយច្រើនជាងមុននៅក្នុងបញ្ជីនៃអង្គការសប្បុរសធម៌នេះ។
នៅចន្លោះការប្រគល់ជំនួយគ្រឿងធ្វើអាហារនិងកន្លែងផលិត អង្គការ Kechara នៅពេលនេះបានបម្រើការដល់គ្រួសារប្រមាណ១ពាន់៥រយជាទៀងទាត់គឺបីដងច្រើនជាងនៅមុនការបិទប្រទេស។
លោក Cheah បាននិយាយថា៖ «នេះជាការកើនឡើងច្រើននៅក្នុងរយៈពេលយ៉ាងខ្លី ដូច្នេះយើងកំពុងមានការខ្វេះខាតច្រើនណាស់។ កាលពីពេលមុនយើងបង្កើនជំនួយបន្តិចម្តងៗតែប៉ុណ្ណោះ»។
ការធ្វើវិភាគទានក៏មានកំណើនបន្តិចៗដែរ ក៏ប៉ុន្តែមិនមានលឿនដូចសេចក្តីត្រូវការទេ។
នៅមុនការបិទប្រទេស អង្គការ Lost Food Project ដែលជាធនាគារម្ហូបអាហារបម្រើការក្នុងមហាតំបន់ក្រុងគូឡាឡាំពួ និងក្រុង Johor Bahru នៅខាងត្បូងក៏បានទទួលការហៅទូរសព្ទពីអង្គការសប្បុរសធ៌មដូចគ្នាដែលសុំជំនួយថែមទៀត។
លោក Muhammad Syazwan Moktar អ្នកចាត់ចែងកិច្ចទូទៅនៃអង្គការនេះបាននិយាយថា៖ «ការណ៍នេះបានផ្លាស់ប្តូរនៅពេលមានការគ្រប់គ្រងការដើរហើរហៅកាត់ថា MCO»។ លោកបានថ្លែងបន្ថែមថា នៅពេលបន្ទាន់នោះ «យើងបានទទួលការហៅទូរសព្ទពីគ្រប់កន្លែង»។
មូលនិធិធនាគារម្ហូបអាហារនៃប្រទេសម៉ាឡេស៊ីដែលជួយគាំទ្រអង្គការ Lost Food Project អង្គការ Kechara និងអង្គការឯទៀតៗបានបម្រើការដល់គ្រួសារជាង៥សែននៅមុនការបិទប្រទេសដោយមានរួមបញ្ចូលខេត្ត Sabah និង Sarawak នៅលើកោះ Borneo ផងដែរ។ ចាប់តាំងពីខែមីនាមក លោកនាយកកិច្ចការប្រតិបត្តិ Abdul Wahab Long បាននិយាយថា ចំនួនគ្រួសារមានការខ្វះខាតបាន «កើនឡើងជាងពីរដង»។
កំណើននេះបានកើតមាននៅក្នុងក្រុងធំៗដែលមានពលករចំណាកផ្ទះសម្បែងជាប់គាំងដោយ MCO ដោយមានការងារធ្វើតិចតូចឬគ្មានការងារតែម្តង។ នៅពេលមានការបន្ធូរបទបញ្ញត្តិនៃការបិទប្រទេសនាំឱ្យមានពលករចំណាកផ្ទះសម្បែងច្រើននាក់វិលទៅផ្ទះវិញឬចាប់ផ្តើមធ្វើការងារក៏ដោយក៏ចំនួនគ្រួសារវិលទៅរកធនាគារម្ហូបអាហារនៅតែកើនច្រើនជាងមុននៅឡើយ។
រដ្ឋាភិបាលបានចាត់វិធានការច្រើនដើម្បីជួយ។ ធនាគារពិភពលោកនិយាយថាកញ្ចប់ជំនួយផ្សេងៗត្រូវផ្តល់ឱ្យនៅពេលមានការរាតត្បាតជាសាកលនៃជំងឺកូវីដ១៩ មានចំនួនជិតស្មើនឹង ២០ភាគរយនៃផលិតផលសរុបរបស់ប្រទេសគឺច្រើនជាងប្រទេសកំពុងអភិវឌ្ឍន៍ភាគច្រើន។
ក៏ប៉ុន្តែចំណាយសាធារណៈច្រើនទៅលើកម្មវិធីកម្មវិធីសង្គមកិច្ចនៅមុនការរាតត្បាតជាសាកលនៃជំងឺនេះបាននាំឱ្យប្រទេសម៉ាឡេស៊ីមិនបានប្រុងប្រៀបឱ្យបានត្រឹមត្រូវសម្រាប់ការប៉ះពាល់ដោយសារវីរ៉ុសកូរ៉ូណានេះទេ។ លោក Richard Record ជាអ្នកសេដ្ឋសាស្ត្រម្នាក់នៃធនាគារនេះ។ លោកបាននិយាយថាជាធម្មតារដ្ឋាភិបាលម៉ាឡេស៊ីចំណាយប្រមាណ១%នៃផលិតផលសរុបក្នុងស្រុកសម្រាប់កម្មវីធីបែបនេះ«ដែលមានចំនួនទាបសម្រាប់ប្រទេសមានប្រាក់ចំណូលមធ្យម»។
លោក Richard Record បានថ្លែងថា កម្មវិធីជួយអ្នកទីទាល់ក្របានជួយដល់ប្រជាពលរដ្ឋច្រើននាក់«ក៏ប៉ុន្តែកម្មវិធីនេះស្តួចស្តើងណាស់»។
កម្មវិធីជួយអ្នកទីទាល់ក្រយ៉ាងស្តួចស្តើងនេះបានបង្ខំលោក Danny Khaw អ្នកទទួលជំនួយថ្មីពីអង្គការ Kechara ឱ្យធ្វើការ គ្រាដែលលោកមានអាយុ៧៨ឆ្នាំហើយ។ លោកបាននិយាយថា លោកឈឺចុកចាប់ពេញខ្លួន។ ពីផ្ទះទ្រុឌទ្រោមរបស់លោក លោកផ្តល់សេវាដឹកឥវ៉ាន់ឲ្យគេ។ លោកធ្វើការនេះតែម្នាក់ឯង។ ក៏ប៉ុន្តែនៅពេលសេដ្ឋកិច្ចធ្លាក់ចុះខ្លាំង លោកត្រូវបើកឡានកាំមីញ៉ុងច្រេះចាប់របស់លោកច្រើនជាងមុនដើម្បីដឹកឥវ៉ាន់ប្រគល់ឱ្យអតិថិជន នៅពេលមានការបិទប្រទេស។ លោកបាននិយាយថាស្បោងគ្រឿងធ្វើម្ហូបឥតគិតថ្លៃ«ជួយលោកបានច្រើន»ក៏ប៉ុន្តែមិនបានយូរទេ។ លោកបានពោលទៀតថា«នៅពេលខ្លះខ្ញុំបរិភោគតែពងមាន់។ ជួនកាលខ្ញុំគ្មានអាហារបរិភោគទេ»។
ប្រែសម្រួលដោយ លោក ឈឹម សុមេធ