បន្ទាប់ពីបរិភោគអាហារថ្ងៃត្រង់រួមភ្លាមៗនៅឯអាហារដ្ឋានមួយកន្លែងក្នុងប្រទេសម៉ាឡេស៊ី នាង Emily Lee ដែលជានិស្សិតសាកលវិទ្យាល័យអាយុ ២១ ឆ្នាំ បានចេញទៅខាងក្រៅនិងដកបារីមកអុជជក់។
នាងបាននិយាយថា៖ «ជាទូទៅ ខ្ញុំជក់បារីមួយកញ្ចប់ក្នុងមួយថ្ងៃ។ ខ្ញុំស្ទើរតែជក់ភ្លាមៗបន្ទាប់ពីញ៉ាំអាហាររួច»។
នាង Lee ថា នាងចាប់ផ្ដើមជក់បារីនៅពេលនាងមានអាយុ ១៧ ឆ្នាំ។ នៅម៉ាឡេស៊ី អាយុស្របច្បាប់ដែលអាចជក់បារីបានគឺចាប់ពី ១៨ ឆ្នាំឡើងទៅ។
នាងនិយាយថា៖ «ខ្ញុំមានមិត្តភក្តិជាច្រើនដែលជក់បារី ដូច្នេះខ្ញុំបានចាប់ផ្ដើមជក់បារីនិងបានញៀននឹងសារធាតុនីកូទីនយ៉ាងឆាប់រហ័ស»។
ស្ថិតិរបស់រដ្ឋាភិបាលម៉ាឡេស៊ីបានបង្ហាញថា ពលរដ្ឋម៉ាឡេស៊ីម្នាក់ក្នុងចំណោម ៥ នាក់អាយុចាប់ពី ១៥ ឆ្នាំឡើងទៅជក់បារី ដែលក្នុងនោះប្រហែល ៤០% គឺជាបុរស។ គេឃើញមានការស្លាប់ទាក់ទិននឹងការជក់បារីជាង ២៧.០០០ ករណីនៅក្នុងប្រទេសម៉ាឡេស៊ីជារៀងរាល់ឆ្នាំ។
លោក Azrul Mohd Khalib នាយកប្រតិបត្តិនៃមជ្ឈមណ្ឌល Galen សម្រាប់សុខភាពនិងគោលនយោបាយសង្គម (Galen Center for Health and Social Policy) ដែលជាអង្គការស្រាវជ្រាវសុខភាពនិងគោលនយោបាយមិនស្វែងរកប្រាក់កម្រៃ បាននិយាយថា៖ «នេះគឺជាបញ្ហាចម្បងមួយដោយសារតែមនុស្សជាច្រើនបានបាត់បង់ជីវិតដោយសារតែជំងឺមហារីកសួតទាក់ទិននឹងការជក់បារី»។
ប៉ុន្តែ រដ្ឋមន្ត្រីក្រសួងសុខាភិបាលម៉ាឡេស៊ីលោក Khairy Jamaluddin បានប្រកាសអំពីផែនការនៅក្នុងការហាមឃាត់ជាអចិន្ត្រៃយ៍នូវការលក់ថ្នាំជក់និងបារីទាំងអស់ដែលក្នុងនោះរួមមានទាំងបារីអេឡិចត្រូនិកផងដែរចំពោះអ្នកណាដែលកើតក្រោយឆ្នាំ ២០០៥ ដែលជាផ្នែកមួយនៃការបញ្ឈប់ការជក់បារីនៃជំនាន់នេះនៅក្នុងប្រទេស។
សំណើនេះបានធ្វើឡើងបន្ទាប់ពីប្រទេសនូវែលសេឡង់បានប្រកាសអំពីផែនការនៅក្នុងការដំឡើងអាយុមួយឆ្នាំជារៀងរាល់ឆ្នាំសម្រាប់អាយុដែលអាចជក់បារីស្របច្បាប់បាន ដើម្បីហាមឃាត់ជាអចិន្ត្រៃយ៍នូវការលក់ថ្នាំជក់ទៅឱ្យនរណាដែលកើតក្រោយឆ្នាំ ២០០៨។
សំណើរបស់រដ្ឋាភិបាលម៉ាឡេស៊ីនេះទទួលបានការសរសើរពីអ្នកតស៊ូមតិនាំមុខនានាផ្នែកសុខាភិបាលនៅក្នុងប្រទេស។
លោក Azrul ដែលហៅសំណើនេះថាជា «គំនិតអស្ចារ្យ» បាននិយាយថា៖ «សំណើនេះមានន័យថានឹងមានមនុស្សតិចជាងមុនច្រើនដែលចាប់ផ្ដើមជក់បារីនៅក្នុងពេលប៉ុន្មានឆ្នាំខាងមុខ»។
ប៉ុន្តែគេឃើញមានមន្ទិលសង្ស័យជាច្រើនចំពោះប្រសិទ្ធភាពនៃសំណើនេះ។
នាង Lee និយាយថា៖ «សំណើនេះមានគោលបំណងល្អ ប៉ុន្តែខ្ញុំមិនដឹងថាតើវាពិតជានឹងអាចបញ្ឈប់មនុស្សមិនឱ្យជក់បារីបានឬក៏អត់។ ហាងលក់បារីជាទូទៅមិនដែលឆែកអត្តសញ្ញាណបណ្ណនោះទេ។ មនុស្សពេញវ័យនឹងទិញបារីឱ្យអនីតិជន។ ហើយអ្នកជក់បារីជាច្រើនអាចទិញបារីដោយលួចលាក់ ដោយសារវាមានតម្លៃថោកខ្លាំងជាង [តម្លៃលក់តាមហាង]»។
នៅទូទាំងប្រទេសម៉ាឡេស៊ី គេដឹងជាទូទៅថាមានទីផ្សារងងឹតដ៏រស់រវើកដែលលក់ផលិតផលថ្នាំជក់។ ការសិក្សាស្រាវជ្រាវមួយដែលបានធ្វើឡើងកាលពីឆ្នាំ ២០២០ ដោយសហព័ន្ធរោងចក្រថ្នាំជក់ម៉ាឡេស៊ី (Confederation of Malaysian Tobacco Manufacturers) បានសន្និដ្ឋានថា បារីជាង ៦០% ដែលប្រើប្រាស់នៅក្នុងប្រទេសម៉ាឡេស៊ីគឺបានមកពីទីផ្សារងងឹត។
នៅតាមហាងលក់ទំនិញនានា ប្រសិនបើអតិថិជនចង់បាន បុគ្គលិកហាងមានបារីដែលនាំចូលខុសច្បាប់សម្រាប់លក់។ ជារឿយៗ ពួកគេលក់បារីទាំងនោះក្នុងតម្លៃថោកជាងពាក់កណ្ដាលនៃតម្លៃបារីដែលនាំចូលត្រឹមត្រូវតាមច្បាប់។
លោក Carmelo Ferlito នាយកប្រតិបត្តិនៃមជ្ឈមណ្ឌលសម្រាប់ការអប់រំទីផ្សារ (Center for Market Education) ដែលជាអង្គការស្រាវជ្រាវគោលនយោបាយមួយនៅម៉ាឡេស៊ី បាននិយាយថា៖ «សំណើនេះនឹងមិនកាត់បន្ថយការជក់បារីនោះទេ វាមានតែបង្កើនការជក់បារីខុសច្បាប់តែប៉ុណ្ណោះ ដែលករណីនេះមានយ៉ាងច្រើនរួចទៅហើយនៅក្នុងប្រទេសម៉ាឡេស៊ី»។
លោក Ferlito គិតថា ប្រសិនបើរដ្ឋសភាអនុម័តសំណើច្បាប់នេះ វានឹងឈានទៅដល់ស្ថានការណ៍មួយដែលស្រដៀងទៅនឹងអ្វីដែលបានកើតឡើងនៅក្នុងអំឡុងពេលហាមឃាត់នៅសហរដ្ឋអាមេរិកក្នុងអំឡុងទសវត្សរ៍ ១៩២០ ដែលនៅពេលនោះ ការហាមឃាត់គ្រឿងស្រវឹងបានបណ្ដាលឱ្យកើតមាននូវទីផ្សារងងឹតដ៏ធំដែលគ្រប់គ្រងដោយឧក្រិដ្ឋកម្មរៀបចំទុកជាមុន។
លោក Ferlito បានប្រាប់ VOA ថា៖ «ដូច្នេះ ប្រទេសម៉ាឡេស៊ីនឹងមានមេឧក្រិដ្ឋជនដូចទៅនឹងមេឧក្រិដ្ឋជនឈ្មោះ Al Capone នៅអាមេរិកដែរ សម្រាប់ការរត់ពន្ធថ្នាំជក់»។
លោក Azrul ទទួលស្គាល់ថា ទីផ្សារងងឹតនៅម៉ាឡេស៊ីគឺជាការប្រឈមចំពោះឱកាសនៃសំណើនេះនៅក្នុងការរារាំងពលរដ្ឋម៉ាឡេស៊ីមិនឱ្យចាប់ផ្ដើមជក់បារី។
លោក Azrul និយាយដូច្នេះថា៖ «គោលនយោបាយនេះនឹងទទួលបានជោគជ័យ ប្រសិនបើយើងអាចបង្ក្រាបអំពើពុករលួយ បញ្ហាកង្វះការអនុវត្តច្បាប់ និងបញ្ហាកង្វះឆន្ទៈនយោបាយ។ ប៉ុន្តែគោលនយោបាយនេះនឹងទទួលបរាជ័យ ប្រសិនបើសង្គមបរាជ័យនៅក្នុងការគាំទ្រគោលនយោបាយនេះ»។
អាយុហាមឃាត់សម្រាប់ការជក់បារីដែលស្នើឡើងនៅក្នុងសំណើនេះក៏បង្កឱ្យមានក្ដីបារម្ភផ្នែកហិរញ្ញវត្ថុផងដែរសម្រាប់កន្លែងអាជីវកម្មជាច្រើន ស្របពេលដែលប្រទេសម៉ាឡេស៊ីព្យាយាមស្ដារឡើងវិញនូវផលប៉ះពាល់ផ្នែកសេដ្ឋកិច្ចដោយសារវិបត្តិជំងឺកូវីដ១៩។
សមាគមទូទៅនៃម្ចាស់ហាងកាហ្វេម៉ាឡេស៊ីសិង្ហបុរី (Malaysia Singapore Coffee Shop Proprietors General Association) ដែលសមាជិកនៃសមាគមនេះរួមមានទាំងម្ចាស់អាហារដ្ឋានជាច្រើននៅទូទាំងប្រទេសម៉ាឡេស៊ីផងដែរនោះ បានចេញសេចក្ដីថ្លែងការណ៍មួយដោយហៅសំណើនេះថាជា «ជំហាននៅក្នុងទិសដៅត្រឹមត្រូវ ប៉ុន្តែម៉ាឡេស៊ីនៅមិនទាន់ត្រៀមខ្លួនរួចរាល់នៅឡើយទេសម្រាប់ជំហាននេះ»។
សមាគមនេះបានបញ្ជាក់ថា សំណើនេះនឹងធ្វើឱ្យអ្នកជក់បារីកាន់តែច្រើនងាកទៅរកទីផ្សារងងឹត ហើយវានឹង «បង្កគ្រោះថ្នាក់ធ្ងន់ធ្ងរដល់ជីវភាពរស់នៅរបស់ឈ្មួញម៉ាឡេស៊ីទាំង ២០.០០០ នាក់»។ សមាគមនេះបានបន្ថែមថា ចំណូលចំនួនប្រហែល ៣០% របស់សមាជិកសមាគមនេះបានមកពីការលក់បារី។
លោក Ferlito បាននិយាយថា មនុស្សជក់បារីសម្រាប់ការកម្សាន្ត ហើយរដ្ឋាភិបាលម៉ាឡេស៊ីនឹងមិនអាចបញ្ឈប់ករណីនេះបានទេ។ លោកលើកឡើងដូច្នេះថា៖ «យុទ្ធសាស្ត្រដ៏ជោគជ័យជាងនេះគឺការណែនាំមនុស្សឱ្យងាកទៅជក់អ្វីដែលមិនសូវប៉ះពាល់សុខភាពខ្លាំងដូចជាបារីអេឡិចត្រូនិកជាដើម»។
ប៉ុន្តែលោក Azrul នៃមជ្ឈមណ្ឌល Galen សម្រាប់សុខភាពនិងគោលនយោបាយសង្គម (Galen Center for Health and Social Policy) មិនឯកភាពចំពោះចំណុចនេះ។
លោកបាននិយាយថា៖ «យើងបានឃើញអ្នកជក់ខ្លះងាកទៅជក់បារីអេឡិចត្រូនិកវិញដោយគិតថាពួកគេអាចឈប់ជក់បារីបាន ប៉ុន្តែពួកគេបែរជាញៀនទៅនឹងការជក់បារីអេឡិចត្រូនិកនោះទៅវិញ ដែលការញៀននេះតម្រូវឱ្យពួកគេត្រូវការការព្យាបាល។ សព្វថ្ងៃនេះយើងកំពុងព្យាបាលទាំងអ្នកជក់បារីធម្មតានិងទាំងអ្នកជក់បារីអេឡិចត្រូនិកនៅតាមគ្លីនិកផ្ដាច់ការជក់បារីរបស់យើង»។
អាយុហាមឃាត់ដែលបានស្នើឡើងសម្រាប់ការជក់បារីនេះទទួលបានប្រតិកម្មផ្សេងៗគ្នាពីសាធារណជន។
នាង Ni' Aliah Amira ដែលជានិស្សិតអាយុ ២១ ឆ្នាំ ដែលជារឿយៗជក់បារីអេឡិចត្រូនិក បាននិយាយថា៖ «សំណើនេះនឹងមិនទទួលបានជោគជ័យនោះទេ។ មនុស្សនឹងស្វែងរកចន្លោះប្រហោងទាំងអស់នៃសំណើនេះ»។
លោក Jordan Lee អាយុ ២៥ ឆ្នាំ ដែលមិនមែនជាអ្នកជក់បារី គាំទ្រសំណើដែលកំណត់អាយុហាមឃាត់សម្រាប់ការជក់បារីនេះ។ លោកបាននិយាយថា៖ «ប្រសិនបើសង្គមទូទៅគាំទ្រសំណើនេះ នោះវានឹងទទួលជោគជ័យ។ យើងគួរតែសាកល្បងសំណើនេះមើលសិន»៕
ប្រែសម្រួលដោយលោក ឈឹម សុមេធ