ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

តំណាង​រាស្រ្ត​ម៉ាឡេស៊ី​គ្រោង​ស្នើ​ឱ្យ​មាន​សវនាការ​ដេញ​ដោល​លើ​ការ​ចាប់​បញ្ជូន​អ្នក​រិះគន់​មក​កម្ពុជា


កញ្ញា ​នួន តឿន ជា​ពលការិនី​ខ្មែរ​ធ្វើ​ការ​តាម​ផ្ទះ​នៅ​ប្រទេស​ម៉ាឡេស៊ី ដែលត្រូវ​បាន​គេ​ឃើញ​ថា​ជា​អ្នក​រិះគន់​រដ្ឋាភិបាល​កម្ពុជា ​និង​លោក​ ហ៊ុន សែន ​អតីត​នាយក​រដ្ឋមន្ត្រី​កម្ពុជា ​តាម​បណ្តាញ​សង្គម​ហ្វេសប៊ុក​ និង​ TikTok។ (Facebook / Tik Tok / Nuon Teoun)
កញ្ញា ​នួន តឿន ជា​ពលការិនី​ខ្មែរ​ធ្វើ​ការ​តាម​ផ្ទះ​នៅ​ប្រទេស​ម៉ាឡេស៊ី ដែលត្រូវ​បាន​គេ​ឃើញ​ថា​ជា​អ្នក​រិះគន់​រដ្ឋាភិបាល​កម្ពុជា ​និង​លោក​ ហ៊ុន សែន ​អតីត​នាយក​រដ្ឋមន្ត្រី​កម្ពុជា ​តាម​បណ្តាញ​សង្គម​ហ្វេសប៊ុក​ និង​ TikTok។ (Facebook / Tik Tok / Nuon Teoun)

តំណាង​រាស្រ្ត​ម៉ាឡេស៊ី​ម្នាក់ ​អះអាង​ថា ​ខ្លួន​គ្រោង​ស្នើ​ឱ្យ​មាន​ការ​សួរ​ដេញ​ដោល​មួយ​អំពី​ការ​ចាប់​ខ្លួន​ពលករ​ខ្មែរ​ម្នាក់​ដែល​រិះគន់​លោក ​ហ៊ុន សែន ​ហើយ​ត្រូវ​បាន​បញ្ជូន​មក​កម្ពុជា ​តាម​សំណើ​របស់​រដ្ឋាភិបាល​កម្ពុជា។ ​នេះ​បើ​យោង​តាម​សារ​ព័ត៌មាន​ម៉ាឡេស៊ី​មួយ​ឈ្មោះ​ថា ​FMT​(Free Malaysia Today)​ ដែល​បាន​ដក​ស្រង់​សម្តី​របស់​តំណាង​រាស្រ្ត​ម្នាក់ ​នៅ​ថ្ងៃ​ទី​១០ ​ខែ​តុលា ​ឆ្នាំ​២០២៤។​

ការ​ចាប់​បញ្ជូន​ខ្លួន​កញ្ញា ​នួន តឿន ​ដែល​ជា​ពលការិនី​ខ្មែរ​ធ្វើ​ការ​តាម​ផ្ទះ​នៅ​ប្រទេស​ម៉ាឡេស៊ី ​ត្រូវ​បាន​អ្នក​តាម​ដាន​មើល​ឃើញ​ថា​ ម៉ាឡេស៊ី​លែង​ជា​កន្លែង​ដែល​មាន​សុវត្ថិ​ភាព​សម្រាប់​អ្នក​រិះគន់​ និង​ជា​ការ​រំលោភ​សិទ្ធិ​មនុស្ស​ពី​សំណាក់​រដ្ឋាភិបាល​ម៉ាឡេស៊ី។​

កញ្ញា ​នួន តឿន​ ត្រូវ​បាន​គេ​ឃើញ​ថា​ជា​អ្នក​រិះគន់​រដ្ឋាភិបាល​កម្ពុជា ​និង​លោក​ ហ៊ុន សែន ​អតីត​នាយក​រដ្ឋមន្ត្រី​កម្ពុជា ​តាម​បណ្តាញ​សង្គម​ហ្វេសប៊ុក​ និង​TikTok។​

លោក ​Wong Chen ​សមាជិក​សភា​មក​ពី​គណ​បក្ស​ PKR ​ថ្លែង​ថា​ ការ​បញ្ជូន​ពលករ​ខ្មែរ​ជា​ប្រញាប់​ជា​រឿង​គួរ​ឱ្យ​ព្រួយ​បារម្ភ។ ​លោក​បន្ថែម​ថា​ រាល់​មន្រ្តី​ដែល​ពាក់ព័ន្ធ​នឹង​ការ​បញ្ជូន​កញ្ញា ​នួន តឿន ​គួរ​ត្រូវ​បាន​កោះ​ហៅ ​ដើម្បី​ពន្យល់​ពី​មូលហេតុ​នៃ​ការ​បញ្ជូន​ពលករ​មក​កម្ពុជា។​ នេះ​បើ​តាម​សារ​ព័ត៌មាន​ FMT។​

សមាជិក​សភា​រូប​នោះ​បន្ថែម​ថា​ លោក​នឹង​ទាក់ទង​សមាជិក​សភា​ផ្សេង​ទៀត​ ក្នុង​នោះ​ក៏​មាន​ប្រធាន​នៃ​គណៈ​កម្មាធិការ​ទទួល​បន្ទុក​ផ្នែក​សិទ្ធិ​មនុស្ស ​ការ​បោះ​ឆ្នោត​ និង​កំណែ​ទម្រង់​ស្ថាប័ន​ផង​ដែរ​ ដើម្បី​ស្នើ​ឱ្យ​មាន​ការ​សួរ​ដេញ​ដោល​នៅ​ក្នុង​ខែ​វិច្ឆិកា ​ឬ​ខែ​ធ្នូ​ខាង​មុខ​នេះ។​

បើ​តាម​សារ​ព័ត៌មាន​ លោក​ Wong Chen​ ដែល​ជា​ប្រធាន​នៃ​គណៈ​កម្មាធិការ​សភា​ទទួល​បន្ទុក​ផ្នែក​ទំនាក់​ទំនង​អន្តរ​ជាតិ ​និង​ពាណិជ្ជ​កម្ម ​និយាយ​ថា ​លោក​បារម្ភ​អំពី​ការ​បណ្តេញ​ចេញ​យ៉ាង​ប្រញាប់​ ក្រោយ​ពលករ​រូប​នោះ​ត្រូវ​បាន​ឃុំ​ខ្លួន​ក្នុង​ប្រទេស​ម៉ាឡេស៊ី​រយៈ​ពេល​២​ថ្ងៃ។​

លោក​ត្រូវ​បាន​ដក​ស្រង់​សម្តី​តាម​សារ​ព័ត៌មាន​ FMT​ថា៖​ «អ្នកស្រី​ត្រូវ​បាន​ឃុំ​ខ្លួន​នៅ​ថ្ងៃ​សៅរ៍​ហើយ​ត្រូវ​បាន​បណ្តេញ​ចេញ​នៅ​ថ្ងៃ​ចន្ទ។​ វា​ច្បាស់​ណាស់​ថា​ អ្នកស្រី​មិន​ទទួល​បាន​មេធាវី​ការពារ​ណាមួយ​ឡើយ។ ​វា​មាន​កង្វះ​ខាត​ដំណើរ​ការ​យុត្តិធម៌​ក្នុង​ករណី​នេះ»។​

លោក​បញ្ជាក់​ថា​ ការ​បញ្ជូន​លឿន​នេះ​ប៉ះពាល់​ការ​ប្តេជ្ញា​របស់​ម៉ាឡេស៊ី​ទៅ​លើ​បញ្ហា​សិទ្ធិ​មនុស្ស។​

ការ​បញ្ជូន​ខ្លួន​ពលករ​ខ្មែរ​មក​កម្ពុជា​ក៏​មាន​ការ​រិះគន់​ពី​ក្រុម​សិទ្ធិ​មនុស្ស​ទៅ​លើ​រដ្ឋាភិបាល​របស់​ម៉ាឡេស៊ី​ផង​ដែរ​ ដែល​បង្ហាញ​ថា ​ម៉ាឡេស៊ី​ចូល​ដៃ​នៅ​ក្នុង​ការ​គាប​សង្កត់​ឆ្លង​ដែន។​

លោក ​Wong​ និយាយ​បន្ថែម​ថា​ លោក​នឹង​ពិចារណា​ស្នើ​ឱ្យ​ពិនិត្យ​មើល​ការ​កែ​ប្រែ​នីតិវិធី​នៃ​ដំណើរ​ការ ​ពាក់ព័ន្ធ​នឹង​សំណើ​សុំ​បញ្ជូន​ខ្លួន​បែប​នេះ។​ លោក​បន្ថែម​ថា​ អ្នក​ជាប់​ឃុំ​គួរ​ទទួល​បាន​ពេល​វេលា​ក្នុង​ការ​ប្រឹក្សា​ផ្នែក​ច្បាប់ ​ការពារ​ខ្លួន​ មុន​ពេល​ពួក​គេ​ត្រូវ​បាន​បញ្ជូន​មក​ប្រទេស​របស់​ពួកគេ​វិញ​ ដែល​ពួក​គេ​អាច​ប្រឈម​នឹង​ការ​ធ្វើ​ទារុណ​កម្ម ​ការ​ធ្វើ​ទុក្ខ​បុក​ម្នេញ​ និង​បាត់​បង់​ជីវិត​ក៏​មាន។​ នេះ​បើ​តាម​សារ​ព័ត៌មាន​FMT។​

លោក​ អំ សំអាត ​នាយក​ចាត់​ការ​ទូទៅ​នៃ​អង្គការ​លីកាដូ ​ថ្លែង​ថា​ នេះ​ជា​ករណី​ទីមួយ​ហើយ​ដែល​រដ្ឋាភិបាល​ម៉ាឡេស៊ី​បញ្ជូន​ពលករ​ស្រប​ច្បាប់​ដែល​រិះគន់​រដ្ឋាភិបាល​កម្ពុជា​មក​ផ្តន្ទា​ទោស​ក្នុង​ប្រទេស។​ លោក​បន្ថែម​ថា ​ការ​សម្រេច​របស់​រដ្ឋាភិបាល​ម៉ាឡេស៊ី​ធ្វើ​ឱ្យ​អង្គការ​និង​សហគមន៍​អន្តរ​ជាតិ​រិះគន់​ថា ​ម៉ាឡេស៊ី​រំលោភ​សិទ្ធិ​មនុស្ស​ធ្ងន់ធ្ងរ​ និង​លែង​ជា​ទី​សុវត្ថិភាព​សម្រាប់​ជន​ភៀស​ខ្លួន​ដែល​ព្យាយាម​ស្វែង​រក​សិទ្ធិ​ជ្រក​កោន។​

លោក​ប្រាប់​វីអូអេ​ថា៖ ​«ការ​ដែល​ចាប់​បញ្ជូន​ពលករ​ត្រឡប់​មក​វិញ​នេះ ​ម៉ាឡេស៊ី​ត្រូវ​បាន​ទទួល​ការ​រិះគន់​ច្រើន​ពី​អង្គការ​អន្តរជាតិ​ផ្នែក​សិទ្ធិ​មនុស្ស ​ហើយ​នឹង​សហគមន៍​អន្តរ​ជាតិ​ថា​ ជា​រឿង​រំលោភ​លើ​បញ្ហា​សិទ្ធិ​មនុស្ស ​ដោយ​សារ​ពលករ​ដែល​ធ្វើ​ការ​នៅ​ម៉ាឡេស៊ី ​គឺ​ជា​ការ​ធ្វើការ​ដោយ​ស្រប​ច្បាប់ ​មិន​មែន​ទៅ​ប្រទេស​ម៉ាឡេស៊ី​ដោយ​ខុស​ច្បាប់​ទេ។ ​អ៊ីចឹង​គឺ​ថា​ មិន​មាន​ហេតុ​ផល​អ្វី ​ដែល​ម៉ាឡេស៊ី​ត្រូវ​ចាប់​បញ្ជូន​ពលរដ្ឋ​ហ្នឹង​ត្រឡប់​មក​ខ្មែរ​វិញ​ទេ។​ នេះ​ជា​ការ​រំលោភ​បំពាន​ទៅ​លើ​សិទ្ធិ​មនុស្ស​យ៉ាង​ធ្ងន់ធ្ងរ»។​

លោក​បន្ថែម​ថា៖​ «ហើយ​ម្យ៉ាង​វិញ​ទៀត ​យើង​ឃើញ​ថា​ ករណី​នេះ​ក៏​បង្ហាញ​ថា​ ប្រទេស​ម៉ាឡេស៊ី​ក៏​មិន​មែន​ជា​កន្លែង​សុវត្ថិ​ភាព​សម្រាប់​សកម្ម​ជន​ដែល​ស្វែង​រក​សិទ្ធិ​ជ្រក​កោន​ ឬ​ក៏​អ្នក​ដែល​ជា​ជន​ភៀស​ខ្លួន​ទៅ​រក​សិទ្ធិ​ជ្រក​កោន​ទៀត​ដែរ ​ពីព្រោះ​នៅ​តែ​មាន​ការ​កិច្ច​សហការ​ក្នុង​ការ​ចាប់​បញ្ជូន​មក​កម្ពុជា​វិញ​ដូច​កញ្ញា ​នួន តឿន ​ដែល​មាន​ជា​គំរូ​ស្រាប់»។​

លោក​ ប៉ែន បូណា ​អ្នក​នាំ​ពាក្យ​រដ្ឋាភិបាល​កម្ពុជា​ប្រាប់​វីអូអេ​នៅ​ថ្ងៃ​ព្រហស្បតិ៍​ថា​ ការ​សួរ​ដេញ​ដោល​លើ​ការ​ចាប់​បញ្ជូន​ខ្លួន​ពលករ​ខ្មែរ​មក​កម្ពុជា​វិញ​ជា​កិច្ច​ការ​ផ្ទៃ​ក្នុង​របស់​ម៉ាឡេស៊ី។​

លោក​បញ្ជាក់​ថា៖​ «ការ​សួរ​ដេញ​ដោល ​អីយ៉ាង​ណា​ពី​សំណាក់​តំណាង​រាស្ត្រ​ម៉ាឡេស៊ី ​ទៅ​កាន់​រដ្ឋាភិបាល​របស់​គាត់ ​គឺ​ជា​រឿង​ផ្ទៃ​ក្នុង​របស់​ម៉ាឡេស៊ី ​មិន​ទាក់​ទង​កម្ពុជាទេ។ ​អ្វី​ដែល​យើង​ចង់​និយាយ​នៅ​ទី​នេះ ​គឺ​ថា​ ប្រសិន​បើ​យើង​ប្រព្រឹត្ត​ខុស​ច្បាប់ ​គឺ​យើង​ទៅ​ទីណា​ក៏​យើង​អត់​សុវត្ថិ​ភាព​ដែរ ​ហើយ​យើង​នៅ​តែ​មាន​អារម្មណ៍​ភ័យ​ខ្លាច។ ​ប៉ុន្តែ​បើ​យើង​ធ្វើ​ឱ្យ​ដូច​គេ ​ដូច​ឯង​ទៅ​ គោរព​ច្បាប់​ទៅ ​ទៅ​ទីណា​ក៏​យើង​អត់​មាន​ការ​ព្រួយ​បារម្ភ​អីទាំង​អស់»។​

លោក ​ប៉ែន បូណា ​មិន​បាន​បញ្ជាក់​មូល​ហេតុ​ថា​ តើ​ហេតុអ្វី​បាន​ជា​កម្ពុជា​ស្នើ​ឱ្យ​បញ្ជូន​ពលកា​រិនី នួន​ តឿន ​មក​កម្ពុជា​ឡើយ។​

វីអូអេ​មិន​ទាន់​អាច​សុំ​ការ​អត្ថាធិប្បាយ​ពី​ស្ថានទូត​ម៉ាឡេស៊ី​ប្រចាំ​នៅ​រាជធានី​ភ្នំពេញ​តាម​សារ​អ៊ីម៉ែល​បាន​នៅ​ឡើយ​ទេ។​

អ្នកស្រី ​ឆេង ថុល​ អាយុ​៤៤​ឆ្នាំ ​ត្រូវ​ជា​ម្តាយ​មីង​និង​ជា​ម្តាយ​ចិញ្ចឹម​របស់​កញ្ញា ​នួន តឿន​ បាន​ទទូច​សុំ​ឱ្យ​អាជ្ញាធរ​កម្ពុជា​ដោះ​លែង​ កញ្ញា ​នួន តឿន។​

អ្នកស្រី​ប្រាប់​វីអូអេ​នៅ​ថ្ងៃ​ព្រហស្បតិ៍​ថា៖ ​«ខ្ញុំ​សូម​ស្នើ​ឱ្យ​សម្តេច​ដោះ​លែង​ទៅ ​ព្រោះអី​គាត់​អត់​សូវ​ដឹង​អី​ទេ។ ​គ្នា​អត់​ចេះ​អក្សរ​ទេ ​ដូច​ថា​ និយាយ​អី​គ្នា​តែង​តែ​មាន​លើស​លួស​ ខ្វះ​ខាត​ កន្លែង​ណា​មួយ​ហើយ ​ព្រោះ​អី​គ្នា​អត់​ចេះ»។​

បើ​តាម​អ្នកស្រី ​ឆេង ថុល ​កញ្ញា ​នួន តឿន​ អាយុ​៣២​ឆ្នាំ ​បាន​ធ្វើ​ការ​ដោយ​ស្រប​ច្បាប់​ក្នុង​ប្រទេស​ម៉ាឡេស៊ី​ជាង​១០​ឆ្នាំ​មក​ហើយ​ តាម​រយៈ​ក្រុមហ៊ុន​នាំ​ពលករ​ទៅ​ធ្វើ​ការ​នៅ​ក្រៅ​ប្រទេស។ ​អ្នកស្រី​មិន​បាន​ដឹង​អំពី​មូល​ហេតុ​នៃ​ការ​ចាប់​ខ្លួន​នេះ​ឡើយ​ ដោយ​សារ​មន្ត្រី​ពន្ធនាគារ​(ម២)​មិន​ទាន់​អនុញ្ញាត​ឱ្យ​អ្នក​ស្រី​ជួប​ជា​មួយ​កូន​ចិញ្ចឹម​របស់​អ្នកស្រី​នៅ​ឡើយ។​

អ្នក​នាំពាក្យ​អគ្គ​នាយកដ្ឋាន​ពន្ធនាគារ​ លោក ​នុត សវនា ​បញ្ជាក់​ថា​ កញ្ញា ​នួន តឿន ​ត្រូវ​បាន​ឃុំ​ខ្លួន​បណ្តោះ​អាសន្ន​ក្នុង​ពន្ធនាគារ​ព្រៃ​ស​(ម២)​ក្នុង​រាជធានី​ភ្នំពេញ ​កាល​ពី​ថ្ងៃ​ទី១​ ខែ​តុលា ​ក្រោយ​ពី​ត្រូវ​បាន​បញ្ជូន​ពី​ប្រទេស​ម៉ាឡេស៊ី។​

បើ​តាម​លោក ​នុត សវនា ​កញ្ញា ​នួន តឿន ​ត្រូវ​បាន​ចោទ​ប្រកាន់​ពី​បទ​«ញុះញង់​បង្ក​ឱ្យ​មាន​វឹកវរ​ធ្ងន់ធ្ងរ​ដល់​សន្តិសុខ​សង្គម» ​និង​«ញុះញង់​ឱ្យ​មាន​ការ​រើស​អើង»។​

លោក​ថ្លែង​ថា៖ ​«បាទ!​ ឥឡូវ​គាត់​កំពុង​ត្រូវ​បាន​ឃុំ​ខ្លួន​បណ្តោះ​អាសន្ន​នៅ​មណ្ឌល​អប់រំ​កែ​ប្រែ​ទី២»។​

នៅ​លើ​បណ្តាញ​សង្គម ​ដូច​ជា​ TikTok ​កញ្ញា ​នួន តឿន ​បាន​បង្ហោះ​វីដេអូ​រិះគន់​អតីត​នាយក​រដ្ឋ​មន្ត្រី​លោក ​ហ៊ុន សែន ​និង​រដ្ឋាភិបាល​របស់​លោក ​ហ៊ុន ម៉ាណែត ​ជា​បន្ត​បន្ទាប់។​

គួរ​បញ្ជាក់​ថា​ កាល​ពី​ឆ្នាំ​២០២១ ​អាជ្ញាធរ​ថៃ​ធ្លាប់​បាន​ចាប់​បញ្ជូន​សកម្ម​ជន​នយោបាយ​ខ្មែរ​៣​រូប​មក​កម្ពុជា ​ដែល​ការណ៍​នេះ​នាំ​ឱ្យ​មាន​ការ​រិះ​គន់​ពី​សំណាក់​ទី​ភ្នាក់​ងារ​ជន​ភៀស​ខ្លួន​អង្គការ​សហ​ប្រជាជាតិ ​និង​ក្រុម​អង្គការ​សិទ្ធិ​មនុស្ស​មួយ​ចំនួន៕

វេទិកា​បញ្ចេញ​មតិ

XS
SM
MD
LG