ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ក្រសួង​ការបរទេស​អាមេរិក​ព្រួយ​បារម្ភ​នឹង​ការចាប់​ខ្លួន​អ្នកសារព័ត៌មាន​ម៉ិច ដារ៉ា


រូបឯកសារ៖ លោក ម៉ិច ដារ៉ា អ្នកយកព័ត៌មានឯករាជ្យ នៅខេត្តសៀមរាប កាលពីថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២១។
រូបឯកសារ៖ លោក ម៉ិច ដារ៉ា អ្នកយកព័ត៌មានឯករាជ្យ នៅខេត្តសៀមរាប កាលពីថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២១។

ក្រសួង​ការបរទេស​សហរដ្ឋ​អាមេរិក​បន្ត​សម្តែង​ការព្រួយ​បារម្ភ​ចំពោះ​ការចាប់​ខ្លួន​អ្នកសារព័ត៌មាន​កម្ពុជា​លោក​ម៉ិច ដារ៉ា ​និង​ស្នើ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា​ទទួល​យក​មតិ​ចម្រុះ​និង​ជំរុញ​សារព័ត៌មាន​សេរី។

ករណី​ចាប់​ខ្លួន​អ្នកសារព័ត៌មាន​ដ៏​ឆ្នើម​របស់​កម្ពុជា​រូប​នេះ​ត្រូវ​បាន​អ្នកសារព័ត៌មាន​នៅ​សហរដ្ឋ​អាមេរិក​ចោទ​សួរ​ជា​ថ្មីកាលពី​ថ្ងៃ​អង្គារ​អំពី​អន្តរាគមន៍​របស់​អាមេរិក​ខណៈ​ពេល​ដែល​រដ្ឋមន្ត្រី​ការបរទេស​សហរដ្ឋ​អាមេរិក​លោក Antony Blinken ​មាន​កំណត់​នឹង​ទៅ​ចូលរួមប្រជុំ​ជាមួយ​នឹង​មេដឹកនាំ​អាស៊ាន​នៅ​ទីក្រុង​វៀងចន្ទ​ ប្រទេស​ឡាវ​នា​ចុង​សប្តាហ៍​នេះ។​

អ្នកនាំពាក្យ​ក្រសួង​ការបរទេស​សហរដ្ឋ​អាមេរិក​លោក​ Matthew Miller ​បាន​ថ្លែង​ថា​លោក​រដ្ឋ​មន្ត្រី​នៅ​មិន​មាន​ផែនការ​ជួប​ជាមួយ​នឹង​ថ្នាក់​ដឹកនាំឬ​មន្ត្រី​កម្ពុជា​ក្នុង​អំឡុង​ពេល​ចូល​រួម​ប្រជុំនេះ​ទេ។

លោក​បាន​បញ្ជាក់​ថា៖​«ខ្ញុំ​មិន​មាន​អ្វី​បញ្ជាក់​អំពី​ការជួប​ប្រជុំ​គ្នា​ណា​មួយ​មក​បញ្ជាក់​បាន​ឡើយនៅ​ថ្ងៃនេះ»។​

​អ្នកនាំពាក្យ​ក្រសួង​ការបរទេស​សហរដ្ឋ​អាមេរិក​ លោក​ Matthew Miller ថ្លែងនៅក្នុងសន្និសីទសារព័ត៌មានមួយនៅក្រសួងការបរទេសសហរដ្ឋអាមេរិក ក្នុងរដ្ឋធានីវ៉ាស៊ីនតោន កាលពីថ្ងៃទី ២៥ ខែឧសភា ឆ្នាំ ២០២៣។ (Video grab/REUTERS)
​អ្នកនាំពាក្យ​ក្រសួង​ការបរទេស​សហរដ្ឋ​អាមេរិក​ លោក​ Matthew Miller ថ្លែងនៅក្នុងសន្និសីទសារព័ត៌មានមួយនៅក្រសួងការបរទេសសហរដ្ឋអាមេរិក ក្នុងរដ្ឋធានីវ៉ាស៊ីនតោន កាលពីថ្ងៃទី ២៥ ខែឧសភា ឆ្នាំ ២០២៣។ (Video grab/REUTERS)

ប៉ុន្តែ​លោក Miller ​បាន​បញ្ជាក់​អំពី​សារៈ​សំខាន់​ក្នុង​ការ​អនុញ្ញាត​ឲ្យ​អ្នកសារព័ត៌មាន​បំពេញ​ការងារ​របស់​ខ្លួន។

​លោក​បាន​បញ្ជាក់​ថា៖ «ប៉ុន្តែ​យើង​មាន​ការ​ព្រួយ​បារម្ភ​យ៉ាង​ខ្លាំង​ចំពោះ​ការ​ចាប់​ខ្លួន​អ្នក​កាសែត​លោក​ម៉ិច ដារ៉ា​ ដែល​អន្តរជាតិ​គោរព។ យើង​បាន​លើក​ឡើង​រឿង​នេះ​ដោយ​ផ្ទាល់​ជាមួយ​រដ្ឋាភិបាល​កម្ពុជា​រួច​ហើយ​ ហើយ​បាន​លើក​ទឹកចិត្ត​ពួកគេ​ឱ្យ​ទទួល​យកការបញ្ចេញ​មតិ​ ​និង​មតិ​ចម្រុះ​ និង​ជំរុញ​ឱ្យ​មាន​សារព័ត៌មាន​សេរី ​និង​ឯករាជ្យ។ ហើយ​យើង​បាន​បញ្ជាក់​យ៉ាង​ច្បាស់​ពី​កង្វល់​របស់​យើង​ជុំវិញ​ការ​ចាប់​ខ្លួន​នេះ»។

លោក​ ម៉ិច​ ដារ៉ា​ ត្រូវ​គេ​ស្គាល់​ថា​ ​ជា​អ្នក​កាសែត​មាន​ភាព​សកម្ម​ក្នុង​ការ​រាយ​ការណ៍​ព័ត៌មាន​ពាក់ព័ន្ធ​នឹង​ការ​ជួញ​ដូរ​មនុស្ស​ និង​ការ​ឆបោក​តាម​ប្រព័ន្ធ​អនឡាញ​ ​និង​បាន​ឈ្នះ​ពាន​រង្វាន់​ពី​ក្រសួង​ការ​បរទេស​សហ​រដ្ឋ​អាមេរិក​ក្នុង​ឆ្នាំ​២០២៣ចំពោះ​ភាព​ក្លាហាន​នៃ​ការ​រាយ​ការណ៍​ព័ត៌មាន​អំពី​ប្រធាន​បទ​ដ៏​រសើប​ទាំង​នោះ។

លោក​ត្រូវ​បាន​កងកម្លាំងរាជអាវុធ​ហត្ថ​ចាប់​ខ្លួន​កាលពី​ថ្ងៃ​ទី​ ៣០​ ខែ កញ្ញា​ ឆ្នាំ​ ២០២៤​ ​ហើយការ​ចាប់​ខ្លួន​លោក ​ម៉ិច​ ដារ៉ា​ កើត​ឡើង​បន្ទាប់​ពី​មន្ត្រី​រដ្ឋបាល​ស្រុក​បាភ្នំ​ ខេត្ត​ព្រៃវែង​បដិសេធ​ការ​បង្ហោះ​រូបភាព​លើ​បណ្តាញ​សង្គម​ហ្វេសប៊ុក​របស់​លោក​ ​អំពី​ការ​បំផ្លិច​បំផ្លាញ​នៅ​ភ្នំ​ឈើ​កាច់ ​ក្នុង​ស្រុក​បាភ្នំ។​ មន្ត្រី​រដ្ឋបាល​ស្រុក​បាភ្នំ​ចោទ​ថា​ សារ​បង្ហោះរបស់លោក​ ម៉ិច ដារ៉ា​ ​ជា​ «ព័ត៌មាន​បំផ្លើស​ការណ៍​ពិត​ និង​ញុះញង់»។

សាលា​ដំបូង​រាជធានី​ភ្នំពេញ​ បាន​ចោទ​ប្រកាន់​លោក ​ម៉ិច ដារ៉ា​ ពី​បទ​ «ញុះញង់​បង្ក​ឱ្យ​មាន​ភាព​វឹកវរ​ធ្ងន់ធ្ងរ​ដល់​សន្តិសុខ​សង្គម​» ប្រព្រឹត្ត​នៅ​រាជធានី​ភ្នំពេញ​ កាល​ពី​អំឡុង​ខែ​កញ្ញា ​ឆ្នាំ​២០២៤​ និង​ពេល​ជា​បន្ត​បន្ទាប់។ ​

អ្នក​នាំ​ពាក្យ​រដ្ឋាភិបាល​កម្ពុជា​លោក ​ប៉ែន បូណា​ ​បាន​ប្រាប់​វីអូអេ​នៅ​ថ្ងៃ​ពុធ​នេះ​ថា​មិន​ទាន់​មាន​គម្រោង​ជួប​គ្នា​រវាង​លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន ម៉ាណែត ​ជាមួយ​នឹង​មន្ត្រី​អាមេរិក​នៅ​ប្រទេស​ឡាវ​ឡើយ​គិត​ត្រឹម​ថ្ងៃ​ពុធ​នេះ។

ក្នុង​ពេល​កន្លង​មក​លោក​បាន​លើក​ឡើង​ថា ការ​ចាត់​វិធាន​ការ​ផ្លូវ​ច្បាប់​លើ​លោក ​ម៉ិច ដារ៉ា ​គឺ​ជា​រឿង​ត្រឹម​ត្រូវ​ដោយ​លោក​ចាត់​ទុក​ការ​បង្ហោះ​ព័ត៌មាន​ដោយ​លោក​ ម៉ិច ដារ៉ា ​តាម​បណ្តាញ​សង្គមថា​មាន​គោល​បំណង ​«ញុះញង់»​ ធ្វើ​ឱ្យ​ពលរដ្ឋ​មាន​កំហឹង​ជាមួយ​រាជ​រដ្ឋា​ភិបាល​ ហើយ​ថា​ ​ក្រុម​ការងារ​របស់​លោក​បាន​ព្យាយាម​លុប​បំបាត់​ព័ត៌មាន​ក្លែងក្លាយ​ទាំង​នេះ។​

ការចាប់​ខ្លួន​លោក​ម៉ិច ដារ៉ាធ្វើ​ឡើង​តែ​ក្នុង​រយៈពេលជាង​ពីរ​សប្តាហ៍​ក្រោយ​ពី​ក្រសួង​ហិរញ្ញ​វត្ថុ​របស់​សហ​រដ្ឋ​អាមេរិក​បាន​សម្រេច​ដាក់​ទណ្ឌកម្ម​លើ​លោក​អ្នក​ឧកញ៉ា​ លី យ៉ុង​ផាត់​ ដោយ​ការ​បង្កក​ទ្រព្យ​សម្បត្តិ​របស់​សេដ្ឋី​រូប​នេះ​ ក្រោយ​លោក​ត្រូវ​បាន​រក​ឃើញ​ថា​ ​មាន​ជាប់​ពាក់​ព័ន្ធ​នឹង​ការ​រំលោភ​សិទ្ធិ​មនុស្ស​ធ្ងន់ធ្ងរ​ ដែល​ផ្តើម​ចេញ​ពី​មុខ​ជំនួញ​របស់​លោក​ដូច​ជា​ការ​ជួញ​ដូរ​មនុស្ស​នៅ​ក្នុង​ប្រតិបត្តិ​ការ​ឆបោក​តាម​ប្រព័ន្ធ​អនឡាញ​ និង​សកម្ម​ភាព​ឧក្រិដ្ឋ​ផ្សេង​ទៀត ​ដូច​ជា​ការ​វិនិយោគ​បោកប្រាស់​តាម​រូបិយបណ្ណ​ឌីជីថលគ្រីបតូ​ (cryptocurrency)​។

លោក​ លី យ៉ុងផាត់​ ជា​សមាជិក​ព្រឹទ្ធ​សភា​របស់​គណបក្ស​ប្រជាជន​កម្ពុជា​មួយ​រូបនិង​ ជា​មនុស្ស​ដែល​ស្និទ្ធ​នឹង​អតីត​នាយក​រដ្ឋ​មន្ត្រី​របស់​កម្ពុជា​គឺ​លោក​ ហ៊ុន សែន​ ដែល​បច្ចុប្បន្ន​ជា​ប្រធាន​ព្រឹទ្ធ​សភា។

ការណ៍​នេះ​នាំ​ឲ្យ​មាន​ការចោទ​សួរថា​តើ​ហេតុការណ៍​ចាប់​ខ្លួន​នេះ​មាន​ជាប់​ទាក់​ទង​គ្នា​ឬ​យ៉ាងណា​ប៉ុន្តែ​លោក ​Miller ​មិន​បាន​ធ្វើ​អត្ថាធិប្បាយទេ​ដោយ​ចាត់​ទុក​ថា​ការសន្ទនា​រវាង​សហរដ្ឋ​អាមេរិក​និង​មន្ត្រី​កម្ពុជា​គឺ​ជា​ការសន្ទនា​ការទូត​មិន​សាធារណៈ​ទេ។

លោក​ Miller បាន​បញ្ជាក់​បន្ថែម​ថា​អ្នកសារព័ត៌មាន​គួរ​តែ​អាច​ប្រកប​វិជ្ជាជីវៈ​របស់​ពួកគេដោយ​គ្មាន​ការភ័យខ្លាច​និង​ការសងសឹក​អ្វី​ឡើយ៕​

វេទិកា​បញ្ចេញ​មតិ

XS
SM
MD
LG