នាវាមួយគ្រឿងរបស់ម៉ាឡេស៊ីដែលដឹកជំនួយមនុស្សធម៌ចំនួន២៥៣៥តោន សម្រាប់ជនជាតិភាគតិចរ៉ូហ៊ីងយ៉ាបានមកដល់កំពុងផែនៅទីក្រុងរ៉ង់ហ្គូន កាលពីថ្ងៃព្រហស្បតិ៍ ខណៈដែលមន្ត្រីរដ្ឋាភិបាលស្វាគមន៍ចំពោះការមកដល់របស់នាវានេះ ចំណែកឯព្រះសង្ឃពុទ្ធសាសនារាប់សិបនាក់បានធ្វើបាតុកម្មតវ៉ាបដិសេធថា ក្រុមជនជាតិភាគតិចរ៉ូហ៊ីងយ៉ាមិនមាននៅក្នុងប្រទេសមីយ៉ាន់ម៉ានោះទេ។
នាវាដែលបានដឹកជញ្ជូនស្បៀងអាហារ និងជំនួយសង្គ្រោះបន្ទាន់នានា ដែលមានតម្លៃប្រមាណ១លាន១សែនដុល្លារ បានមកដល់ក្រោយពីមានយុទ្ធនាការហិង្សាប្រឆាំងនឹងជនជាតិភាគតិចរ៉ូហ៊ីងយ៉ានៅក្នុងរដ្ឋ Rakhine ដែលសមាជិកជនជាតិភាគតិចនេះភាគច្រើនរស់នៅក្នុងប្រទេសដែលមានអ្នកកាន់សាសនាឥស្លាមភាគច្រើនមួយនេះ។
ជំនួយនេះបានមកដល់ក្នុងរយៈពេលប៉ុន្មានថ្ងៃ បន្ទាប់ពីការិយាល័យឧត្តមស្នងការជាន់ខ្ពស់ទទួលបន្ទុកសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិហៅកាត់ថា (OHCHR) បានបញ្ចេញរបាយការណ៍មួយ ដែលចោទប្រកាន់កងកម្លាំងរដ្ឋាភិបាលមីយ៉ាន់ម៉ាចំពោះការធ្វើយុទ្ធនាការរំលោភសេពសន្ថវៈ ធ្វើទារុណកម្ម និងធ្វើការសម្លាប់រង្គាលទៅលើជនជាតិភាគតិចរ៉ូហ៊ីងយ៉ា។
កាលពីថ្ងៃព្រហស្បតិ៍ ព្រះសង្ឃពុទ្ធសាសនាបាននាំគ្នាធ្វើបាតុកម្មតវ៉ានៅក្រៅកំពង់ផែនោះ។ ព្រះសង្ឃព្រះនាម Thuseitta នៃសហភាពព្រះសង្ឃមីយ៉ាន់ម៉ាបានមានសង្ឃដីកាថា «យើងចង់ឲ្យពួកគេដឹងថា គ្មានជនជាតិរ៉ូហ៊ីងយ៉ានៅទីនេះនោះទេ»៕