ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ក្រុមហ៊ុន​ផលិត​ស្រោមដៃ​​របស់​ម៉ាឡេស៊ី​ព្រមាន​អំពី​កង្វះ​ខាត​ការ​ផ្គត់ផ្គង់​នៅ​ទូទាំង​ពិភពលោក


រូបឯកសារ៖ ក​ម្មករ​ប្រមូល​ស្រោម​ដៃ​នៅ​ឯ​រោង​ចក្រ​មួយ នៅ​ទីក្រុង​គូឡាឡាំពួ ប្រទេស​ម៉ាឡេស៊ី។
រូបឯកសារ៖ ក​ម្មករ​ប្រមូល​ស្រោម​ដៃ​នៅ​ឯ​រោង​ចក្រ​មួយ នៅ​ទីក្រុង​គូឡាឡាំពួ ប្រទេស​ម៉ាឡេស៊ី។

ក្រុមហ៊ុនផលិត​ស្រោមដៃ​ជ័រ​នៅ​ប្រទេស​ម៉ាឡេស៊ី​ដែល​ជា​ប្រទេស​​ផ្គត់ផ្គង់​​ស្រោមដៃ​ពេទ្យ​​ច្រើន​ជាង​គេ​នៅ​លើ​ពិភពលោក កំពុង​ព្រមាន​អំពី​កង្វះខាត​ស្រោម​ដៃ​​​ជា​សាកល​ដោយ​សារ​រដ្ឋាភិបាល​ម៉ាឡេស៊ី​បាន​សម្រេច​បិទ​សកម្មភាព​ក្នុង​ប្រទេស​ដោយ​ផ្នែក។

ប្រទេស​ម៉ាឡេស៊ី​មាន​លទ្ធភាព​អាច​ផ្គត់ផ្គង់​តម្រូវការជាង​ពាក់​កណ្តាល​នៃ​ស្រោមដៃ​ជ័រ​សម្រាប់​ពេទ្យ​នៅ​ទូទាំង​ពិភពលោក។

ក៏​ប៉ុន្តែនៅ​ពេល​នេះ ប្រទេស​ម៉ាឡេស៊ី​បាន​ក្លាយ​ទៅ​ជា​ប្រទេស​ដែល​មាន​ចំនួន​ករណី​ឆ្លង​ជំងឺ​កូវីដ១៩ ច្រើន​ជាង​គេ​នៅ​អាស៊ីអាគ្នេយ៍ ដែល​មក​ដល់​ថ្ងៃ​ទី​២៧ ខែ​មីនា​ ចំនួន​នេះ​បាន​កើន​ដល់​ជាង​២.០០០​ករណី។ កាល​ពី​ថ្ងៃ​ទី​១៨ ខែ​មីនា ប្រទេស​ម៉ាឡេស៊ី​បាន​ចេញ​«បទ​បញ្ជា​រឹតត្បិត​ការ​ធ្វើ​ដំណើរ» ដែល​នៅ​ពេល​នេះ​រដ្ឋាភិបាល​បាន​សម្រេច​បន្ត​សុពលភាព​នៃ​បទបញ្ជា​នេះ​ដល់​ថ្ងៃ​ទី​១៤ ខែ​មេសា ក្នុង​ក្តី​សង្ឃឹម​ថា​នឹង​អាចពន្យឺត​អត្រា​នៃ​ការ​បន្ត​ឆ្លង​រាលដាល​របស់​មេរោគ​នេះ។ ការ​ធ្វើ​ដំណើរ​នៅ​ក្នុង​និង​ទៅ​ប្រទេស​ម៉ាឡេស៊ី​ត្រូវ​បាន​រឹតត្បឹត ហើយ​អាជីវកម្ម​ដែល​មិន​ចាំបាច់​នានា​ត្រូវ​បាន​បញ្ជា​ឲ្យ​បិទ​ជា​បណ្តោះអាសន្ន។​

សមាគម​រោងចក្រ​ផលិត​ស្រោមដៃ​ធ្វើ​ពី​កៅស៊ូ​របស់​ម៉ាឡេស៊ីថ្លែង​កាល​ពី​ថ្ងៃ​ទី​២៥​ ខែ​មីនា​ថា ដោយ​សារ​មាន​បទ​បញ្ជាថ្មី​នេះ រោងចក្រ​នានា​កំពុង​ដំណើរការ​ដោយមានកម្លាំង​ពលកម្មត្រឹម​ពាក់​កណ្តាល​ប៉ុណ្ណោះ ហើយ​ថា​បើ​ទោះ​បី​កម្មករ​ធ្វើ​ការ​ថែម​ម៉ោង​ទៀត ក៏​«អាចនៅ​មាន​កង្វះ​ខាតស្រោមដៃ​ពេទ្យ​ជា​ប្រចាំ​ ក្នុង​ការ​ប្រយុទ្ធដើម្បី​ទប់ស្កាត់​និង​បំបាត់​ជំងឺ​កូវីដ១៩​នៅជុំវិញ​ពិភពលោក»។

ប្រធាន​សមាគម លោក Denis Low ថ្លែង​ថា ម្ចាស់​រោងចក្រ​កំពុងស្នើ​ជំរុញ​ឲ្យ​ក្រសួង​ពាណិជ្ជកម្ម​អន្តរជាតិ​និង​ឧស្សាហកម្ម​ម៉ាឡេស៊ី​អនុញ្ញាត​ឲ្យ​ពួក​គេ​អាច​ធ្វើប្រតិបត្តការ​ផលិកម្ម​ស្រោមដៃ​ដោយ​កម្លាំង​ពលកម្ម​១០០​ភាគ​រយ​ដោយ​លោក​ថ្លែង​ប្រាប់ VOA ​យ៉ាង​ដូច្នេះ​ថា៖ «យើង​ខ្ញុំ​ត្រូវ​ធ្វើ​ប្រតិបត្តិការ​ផលិត​ឲ្យ​បានគ្រប់​កម្លាំង​ពលកម្ម​១០០​ភាគរយ ដោយ​សារ​យើង​ត្រូវ​ទី​មួយ​ជួយ​សង្គ្រោះ​ប្រទេស​ម៉ាឡេស៊ី​ ហើយ​ទី​ពីរ​ជួយ​ពិភពលោក​ទាំង​មូល។ យើង​ខ្ញុំ​ជា​អ្នក​ផលិត​ស្រោមដៃ​ធំ​ជាង​គេ ហើយ​យើង​យល់​ថា​ វា​ជា​កាតព្វកិច្ច​របស់​យើង​ដើម្បី​ជួយ​សង្គ្រោះ​មនុស្សជាតិ​ហើយ​យើង​នឹង​ធ្វើ​ការ​នេះ»។

លោក Low ថ្លែង​ថា រោងចក្រ​ប្រមាណ​២០០​ដែល​ជា​សមាជិក​នៃ​សមាគម​នេះ បាន​ផលិត​ស្រោមដៃ​ជ័រចំនួន​១៨៧​ពាន់លាន​កាល​ពី​ឆ្នាំ​មុន ហើយ​លោក​រំពឹង​ថា​ការ​ផ្ទុះ​រាលដាល​នៃកូរ៉ូណាវីរុស​នឹង​ជំរុញ​ឲ្យ​តម្រូវការ​ស្រោមដៃ​កើន​ឡើង​២០%​ឬ​ច្រើន​ជាង​នេះ។ លោក​ថា ខណៈ​ដែល​រោងចក្រ​ខ្លះ​បាន​ពន្លឿន​ផលិកម្ម​ ដើម្បី​ប៉ះប៉ូវ​កង្វះខាត​ពី​ការ​កាត់បន្ថយ​បុគ្គលិក លោក​ប៉ាន់​ស្មាន​ថា ការ​ផលិត​ក្នុង​មួយ​ថ្ងៃៗ​នៅ​មាន​ការ​ថយ​ចុះ​ពី​២០ទៅ​៣០​ភាគរយ។

លោក Low បដិសេធ​ការ​អះអាង​ដែល​ថា ​រោងចក្រ​ខ្លះ​បាន​រំលោភ​បទបញ្ជារបស់​រដ្ឋាភិបាលឲ្យ​កាត់​បន្ថយ​បុគ្គលិកឲ្យ​នៅ​ត្រឹម​៥០%។

លោក Andy Hall ដែល​ជា​សកម្មជន​សិទ្ធិ​ការងារ​មួយ​រូប​ដែល​មាន​បទ​ពិសោធន៍​ច្រើន​នៅ​ប្រទេស​ម៉ាឡេស៊ី បាន​ថ្លែង​ប្រាប់ VOA ថាលោក​បាន​និយាយ​ជាមួយ​ពលករ​នៅ​តាម​រោងចក្រ​ស្រោមដៃ​មួយ​ចំនួន​របស់​ប្រទេស​ម៉ាឡេស៊ី​កាល​ពី​ថ្ងៃ​ទី​២៥ ខែ​មីនា ហើយ​ពួក​គេ​និយាយ​ថា សហការី​របស់​ពួក​គេ​ភាគ​ច្រើន​បាន​ត្រឡប់​ទៅ​ធ្វើ​ការ​វិញ​ហើយ។

រូបឯកសារ៖ កម្មករ​ម្នាក់​កំពុង​ពិនិត្យ​ស្រោម​ដៃ​នៅ​ឯ​រោង​ច្រក​ Top Glove នៅ​ក្បែរ​ទីក្រុង​គួឡាឡាំពួ ប្រទេស​ម៉ាឡេស៊ី។
រូបឯកសារ៖ កម្មករ​ម្នាក់​កំពុង​ពិនិត្យ​ស្រោម​ដៃ​នៅ​ឯ​រោង​ច្រក​ Top Glove នៅ​ក្បែរ​ទីក្រុង​គួឡាឡាំពួ ប្រទេស​ម៉ាឡេស៊ី។

លោក Low ឆ្លើយ​តប​ទៅ​នឹង​ការ​អះអាងរបស់​កម្មករ​យ៉ាង​ដូច្នេះ​ថា៖ «ខ្ញុំ​នឹង​មិន​អាច​ដឹង​អំពី​រឿង​នេះ​ទេ។ យើង​ត្រូវ​តែ​គោរព​តាម​ការ​ណែនាំ​របស់​រដ្ឋាភិបាល។ បើ​រដ្ឋាភិបាល​ថា ត្រូវ​បន្ថយ​បុគ្គលិក​៥០%​តិច​ជាង​មុន ពេល​នោះ​យើង​ត្រូវ​តែ​បន្ថយ​ឲ្យ​មាន​បុគ្គលិក​ធ្វើ​ការ​តែ​៥០%។ ជា​ការ​ពិត ខ្ញុំ​ជឿជាក់​ថា រោងចក្រ​ជា​ច្រើនដែល​ជា​សមាជិក​របស់​សមាគម ពេល​បច្ចុប្បន្ន​នេះ​កំពុង​អនុវត្ត​តាម​ការ​ណែនាំ​នេះ»។

លោក Matthew Griffith អ្នកស្រាវជ្រាវខាង​ជំងឺ​រាតត្បាត​ប្រចាំ​នៅ​ការិយាល័យ​តំបន់​របស់​អង្គការ​សុខភាព​ពិភពលោក WHO នៅ​ទី​ក្រុង​ម៉ានិល​ប្រទេស​ហ្វីលីពីន ថ្លែង​ថា កង្វះ​ខាត​នៃ​ស្រោមដៃ​ជ័រនឹង​បន្ថែម​នូវ​ការ​លំបាក​មួយ​ទៀត​ដល់​បុគ្គលិក​សុខាភិបាល​ដែល​កំពុង​ជួប​ប្រទះ​កង្វះ​ខាត​សម្ភារៈ​បរិក្ខា​ពេទ្យ​ស្រាប់​ដើម្បី​ប្រយុទ្ធ​នឹង​ជំងឺ​កូវីដ១៩។

អ្នក​ជំនាញ​រូប​នេះ​បញ្ជាក់​ក្នុង​សម្តី​ដើម​ថា៖ «វា​គ្រាន់​តែ​ជា​ការ​លំបាក​បន្ថែម​មួយ​ទៀត​សម្រាប់​យើង​ទាំង​អស់​គ្នា។ យើង​បាន​ប្រឈម​មុខរួច​ហើយនឹង​ការ​លំបាក​ខ្វះ​ខាត​ម៉ាស់​មុខ យើងលំបាក​រក​សារធាតុ​និង​ឧបករណ៍​សម្រាប់​ធ្វើ​តេស្ត​ក្នុងមន្ទីរ​ពិសោធន៍ ដូច្នេះ​ពេល​នេះ​យើង​នឹង​មាន​ការ​លំបាក​មួយ​ទៀត​ក្នុង​ការ​ស្វែង​រក​ស្រោមដៃ​ពេទ្យ»។​

អ្នក​ស្រាវជ្រាវ​ប្រចាំ​នៅ​ការិយាល័យ​តំបន់​របស់​អង្គការ​សុខភាព​ពិភពលោក WHO នៅ​ទី​ក្រុង​ម៉ានិលរូប​នេះ​បន្ត​ទៀត​ថា៖ «យើង​ត្រូវ​ការ​សម្ភារៈ​ទាំង​នេះ។ យើង​ត្រូវ​ការពារ​បុគ្គលិក​សុខាភិបាល​របស់​យើង។ អ្នក​អាចស្រមៃ​មើល​ហើយ​ ថា​នៅ​ពេល​បុគ្គលិក​សុខាភិបាល​របស់​យើង​អស់​ស្រោមដៃ អស់​ម៉ាស់មុខ និង​អស់​វ៉ែនតា​ការពារ ពួក​គេ​នឹងឆ្លង​ជំងឺ​យ៉ាង​ឆាប់។ ហើយ​ប្រសិន​បើ​ពួក​គេ​ធ្លាក់​ខ្លួន​ឈឺ ហើយ​លែង​អាច​ទៅ​ធ្វើ​ការ​នៅ​មន្ទីរពេទ្យឬ​កន្លែង​ព្យាបាល​សុខភាព​ផ្សេង​ទៀត ពេល​នោះ​យើង​នឹង​មាន​ស្ថានភាព​កាន់​តែ​ធ្ងន់ធ្ងរ​ខ្លាំង​ចំពោះ​មុខ​យើង»។

ពេល​នេះ យ៉ាង​ហោច​ណាស់ សហរដ្ឋ​អាមេរិក បាន​ព្យាយាម​បង្កើន​សម្ភារៈ​ផ្គង់ផ្គង់​ស្រោម​ដៃ​របស់​ខ្លួន​ដោយ​បាន​ដក​បម្រាម​ការ​នាំ​ចូលស្រោម​ដៃ​ពី​ក្រុមហ៊ុន​ផលិត​ធំ​បំផុត​មួយ​របស់​ម៉ាឡេស៊ីឈ្មោះ WRP Asia Pacific ។

រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក​បាន​ហាម​ការ​នាំ​ចូល​របស់​ក្រុមហ៊ុន​នេះ​កាល​ពី​ខែ​តុលា ឆ្នាំ​មុន ដោយ​សារ​មាន​ការ​បារម្ភ​ថា​រោចក្រ​របស់​ក្រុមហ៊ុន​បាន​ប្រើប្រាស់ពលកម្មបង្ខិតបង្ខំ។ អាមេរិក​ថ្លែង​កាល​ពី​ថ្ងៃ​ទី​២៤ ខែ​មីនា​ថា ខ្លួន​បាន​ដក​បម្រាម​នាំ​ចូល​នេះ ដោយ​ផ្អែក​លើ​ព័ត៌មាន​ចុងក្រោយ​ដែល​បង្ហាញ​ថា ក្រុមហ៊ុន​នេះ​លែង​ប្រផលិត​ស្រោមដៃ​ជ័រ​កៅស៊ូ​ដោយ​ប្រើ​ពលកម្ម​ដោយបង្ខំ​ទៀត។

នៅ​ក្នុង​ឆ្នាំ​២០១៨ ក្រុមហ៊ុន WRP បាន​នាំ​ចេញ​ស្រោមដៃ​ជ័រ​តម្លៃ​៨០​លាន​ដុល្លារ​ទៅ​កាន់​សហរដ្ឋ​អាមេរិក ហើយ​ក្រុមហ៊ុន​បាន​ក្លាយ​ជា​ក្រុមហ៊ុននៅ​អាស៊ី​អាគ្នេយ៍​ដំបូង​ដែល​ត្រូវ​ទី​ភ្នាក់ងារ​គយ​និង​ការពារព្រំដែន​របស់​សហរដ្ឋ​អាមេរិក​ដាក់​បម្រាមមិន​ឲ្យ​នាំ​ចូល។​

របាយការណ៍​នា​នា​អំពីការ​ជួញ​ដូរ​មនុស្ស​និង​ការ​រំលោភ​សិទ្ធិ​ការងារ​របស់​ពលករ​ចំណាកស្រុក​ជា​ច្រើន​របស់ប្រទេស​ម៉ាឡេស៊ី ដែលពួកគេ​ភាគ​ច្រើនជាពលករដែល​ធ្វើ​ការ​នៅ​តាម​រោងចក្រ​នានា​នៃ​ឧស្សាហកម្ម​ផលិត​ស្រោមដៃ​ជ័រ​របស់​ម៉ាឡេស៊ី បាន​បង្ហាញ​បញ្ហា​សិទ្ធិ​ការងារ​ជា​ច្រើន​ឆ្នាំ​មក​ហើយ។​

សកម្មជន​សិទ្ធិ​ការងារ​លោក Andy Hall និយាយថា លក្ខខណ្ឌ​ការងារ​បាន​ប្រសើរ​ជាង​មុន​ជា​បន្តបន្ទាប់ ប៉ុន្តែ​លោក​បន្ថែម​ថា ការ​យក​ពលកម្ម​ទៅ​សងបំណុល​ដែល​ជាប់​ទាក់ទង​នឹង​សោហ៊ុយ​ដ៏​ខ្ពស់​ហួសហេតុដល់​រាប់​ពាន់​ដុល្លារ​ដើម្បី​ដាក់​ចូល​ធ្វើ​ការងារ នៅ​តែ​មាន​កើត​ឡើង​ជា​ញឹកញាប់​នៅ​រោងចក្រ​របស់ WRP និង​រោងចក្រ​ដទៃ​ទៀត។​

យ៉ាង​ណា​ក៏​ដោយ​សកម្មជន​នេះ​ថា លោក​គាំទ្រ​ការ​សម្រេច​របស់​សហរដ្ឋ​អាមេរិក​ក្នុង​ការ​ដក​បម្រាម​នាំចូល ដោយ​សារ​ក្រុមហ៊ុន WRP បាន​សន្យា​ថា​ខ្លួន​នឹង​ប្រើប្រាស់​ចំណូល​ពី​ការ​លក់​ផលិតផល​ សម្រាប់​សង​ពលករ​ខ្លួន​វិញ​ចំពោះ​សោហ៊ុយ​ចូល​បម្រើ​ការងារ​នេះ។ ប៉ុន្តែ​លោក​និយាយ​ថា វា​ប្រាកដ​ណាស់​ថា ពេលវេលា​នៃ​ការ​សម្រេច​ចិត្ត​នេះ​របស់​សហរដ្ឋ​អាមេរិក​ជា​«ការ​សម្រេច​ចិត្ត​ខាង​នយោបាយ​និង​ស្ថានភាព​ជាក់ស្តែង» ដើម្បី​ជួយ​បង្កើន​សម្ភារៈ​បរិក្ខា​ផ្គត់ផ្គង់​ស្រោមដៃ​របស់​សហរដ្ឋ​អាមេរិក​ ខណៈដែលមាន​ការ​រាតត្បាត​នៃ​ជំងឺ​កូវីដ១៩។ លោក​បាន​សម្តែង​ការ​បារម្ភ​ថា ប្រទេស​លោក​ខាង​លិចជា​ច្រើន​និង​ប្រទេស​ដទៃ​ទៀត ​ដែល​ជា​អ្នក​ទិញ​ស្រោមដៃ​ពី​ម៉ាឡេស៊ី ​នឹង​អាច​ចាប់​ផ្តើម​បន្ថូរបន្ថយ​ការ​ត្រួត​ពិនិត្យ​សិទ្ធិ​ការងារ​ក្នុង​សង្វាក់​ផលិតកម្ម​ផ្គត់ផ្គង់ ដើម្បី​អាច​បំពេញ​តម្រូវការ​ពេល​នេះ​បាន។

លោក​បញ្ជាក់​ថា៖​ «នៅ​ក្នុង​វិបត្តិ​ណា​មួយ គេ​លែង​ខ្វល់ពី​ពលករ​ចំណាកស្រុក​ទៀត​ហើយ ហើយ​មនុស្ស​គ្រប់​គ្នា​តែង​និយាយ​ថា រឿង​គ្រា​អាសន្ន​ត្រូវតែ​ជា​អាទិភាព​ទី​១ ហើយ​ការ​ការពារ​និង​ការ​គោរព​តាម​បែបបទជា​រឿន​បន្ទាប់​បន្សំ»។

VOA មិន​អាច​ទាក់ទង​ទង​ ​ក្រសួង​ពាណិជ្ជកម្ម​អន្តរជាតិ​និង​ឧស្សាហកម្ម​ម៉ាឡេស៊ី និង​ទី​ភ្នាក់ងារ​គយ​និង​ការពារ​ព្រំដែន​សហរដ្ឋ​អាមេរិក​ ដើម្បី​ស្នើ​សុំ​អត្ថាធិប្បាយ​បាន​ទេ​មក​ត្រឹម​ពេល​នេះ៕

ប្រែ​សម្រួល​ដោយ សឹង សុផាត

អត្ថបទ​ទាក់ទង

XS
SM
MD
LG