លោក Mahathir Mohamad ដែលជាមេដឹកនាំគណបក្សប្រឆាំងនិងជាអ្នកនយោបាយជើងចាស់របស់ប្រទេសម៉ាឡេស៊ីបានទស្សន៍ទាយនៅថ្ងៃអង្គារនេះថា អតីតនាយករដ្ឋមន្ត្រីម៉ាឡេស៊ីដែលមានរឿងអាស្រូវពុករលួយលោក Najib Razak នឹងត្រូវបានដោះលែងពីពន្ធនាគារ ប្រសិនបើគណបក្សកាន់អំណាចរបស់លោក Najib ឈ្នះការបោះឆ្នោតនាពេលខាងមុខនេះ។ នេះបើយោងតាមសេចក្តីរាយការណ៍របស់ទីភ្នាក់ងារព័ត៌មាន Reuters។
លោក Najib កំពុងជាប់ពន្ធនាគាររយៈពេល ១២ ឆ្នាំ តាំងពីខែសីហាមកនៅក្នុងសំណុំរឿងជាច្រើន ពាក់ព័ន្ធនឹងការលួចប្រាក់រាប់ពាន់លានដុល្លារអាមេរិកពីក្រុមហ៊ុន 1Malaysia Development Berhad (1MDB) របស់រដ្ឋាភិបាលម៉ាឡេស៊ី។
ប្រទេសម៉ាឡេស៊ីគ្រោងនឹងរៀបចំការបោះឆ្នោតនៅក្នុងពេលប៉ុន្មានសប្តាហ៍ខាងមុខនេះ បន្ទាប់ពីនាយករដ្ឋមន្ត្រីម៉ាឡេស៊ីលោក Ismail Sabri Yaakob បានរំលាយសភាកាលពីថ្ងៃចន្ទម្សិលមិញ ដោយទទួលរងសម្ពាធពីក្រុមនានាក្នុងជួរគណបក្សកាន់អំណាច United Malays National Organisation (UMNO) ដែលគណបក្សនេះនៅតែមានភាពស្មោះស្ម័គ្រនឹងលោក Najib នឹងអ្នកដទៃផ្សេងទៀតដែលរងការចោទប្រកាន់រឿងអំពើពុករលួយ។
លោក Mahathir បានព្រមាននៅថ្ងៃអង្គារនេះថា គណបក្ស UMNO នឹងប្រញាប់ប្រញាល់ដើម្បីដោះលែងលោក Najib ចេញពីពន្ធនាគារតាមរយៈការព្រះរាជទានលើកលែងទោសពីព្រះមហាក្សត្រ ក៏ដូចជានឹងទម្លាក់ចោលការចោទប្រកាន់ពីបទពុករលួយរាប់សិបករណីផ្សេងទៀតផងដែរ ប្រសិនបើគណបក្សនេះឈ្នះការបោះឆ្នោតនាពេលខាងមុខនេះ។
លោក Mahathir បានបញ្ជាក់នៅក្នុងសន្និសីទសារព័ត៌មានមួយថា៖ «ប្រសិនបើពួកគេ [គណបក្ស UMNO] មានលទ្ធភាពឈ្នះការបោះឆ្នោតនិងបង្កើតរដ្ឋាភិបាលថ្មី នោះ [ការដោះលែងលោក Najib ពីពន្ធនាគារ] គឺជាគោលបំណងទីមួយរបស់ពួកគេ មិនមែនរឿងសុខមាលភាពរបស់ប្រជាពលរដ្ឋនោះឡើយ»។
លោក Mahathir បានលើកឡើងបន្ថែមថា ការកាត់ទោសព្រហ្មទណ្ឌលើប្រធានគណបក្ស UMNO លោក Ahmad Zahid Hamidi ដែលកំពុងប្រឈមនឹងបទចោទប្រកាន់ពីអំពើពុករលួយចំនួន ៤៧ ករណីនៅក្នុងសំណុំរឿងដែលមិនពាក់ព័ន្ធនឹងសំណុំរឿង 1MDB ក៏នឹងត្រូវទម្លាក់ចោលផងដែរ ប្រសិនបើគណបក្ស UMNO ឈ្នះការបោះឆ្នោត។
លោក Najib និងលោក Zahid រួមជាមួយនឹងថ្នាក់ដឹកនាំផ្សេងទៀតនៃគណបក្ស UMNO ត្រូវបានតុលាការកាត់ទោស បន្ទាប់ពីគណបក្ស UMNO បានចាញ់នៅក្នុងការបោះឆ្នោតឆ្នាំ ២០១៨៕