តុលាការមួយក្នុងប្រទេសម៉ាឡេស៊ីបានបើកសវនាការជុំវិញបណ្តឹងឧទ្ធរណ៍របស់អតីតនាយករដ្ឋមន្ត្រីម៉ាឡេស៊ីលោក Najib Razak ដែលត្រូវបានកាត់ទោសកាលពីឆ្នាំទៅលើការពាក់ព័ន្ធរបស់លោកក្នុងអំពើពុករលួយដ៏ធំក្នុងក្រុមហ៊ុនរបស់រដ្ឋដែលមានឈ្មោះថា 1Malaysia Development Berhad ឬមូលនិធិវិនិយោគទុន1MDB។
អតីតនាយករដ្ឋមន្ត្រីម៉ាឡេស៊ីលោក Najib ដែលមានអាយុ៦៧ឆ្នាំត្រូវបានកាត់ទោសឲ្យជាប់ពន្ធនាគារចំនួន១២ឆ្នាំពីបទរំលោភអំណាច ការរំលោភសេចក្តីទុកចិត្តនិងការលាងលុយកខ្វក់។ រដ្ឋអាជ្ញាបានចោទប្រកាន់លោក Najib ថាបានទទួលលុយដោយខុសច្បាប់ចំនួនជិត១០លានដុល្លារពីក្រុមហ៊ុន SRC International ដែលជាអតីតសាខាមួយរបស់ក្រុមហ៊ុនរដ្ឋ1MDB នោះ។
លោក Najib អះអាងថាលោកត្រូវបានបំភាន់ដោយអ្នកជំនាញហិរញ្ញវត្ថុលោកJho Low និងមន្ត្រីទុច្ចរិតមួយចំនួនរបស់ក្រុមហ៊ុនរដ្ឋ 1MDB ដើម្បីឲ្យជឿជាក់ថាលុយដែលត្រូវបានផ្ទេរទៅក្នុងគណនីធនាគារផ្ទាល់ខ្លួនរបស់លោកនោះជាថវិកាដែលត្រូវបានផ្តល់ឲ្យដោយគ្រួសាររាជវង្សរបស់ប្រទេសអារ៉ាប៊ីសាអូឌីត។
លោក Najib ប្រឈមការចោទប្រកាន់ចំនួន៤២ករណីក្នុងការបន្លំទឹកប្រាក់ចំនួន៤ពាន់៥រយលានដុល្លារពីក្រុមហ៊ុន1MDB ដែលលោកបានបង្កើតឡើងក្នុងឆ្នាំ២០០៩ដើម្បីជំរុញការអភិវឌ្ឍសេដ្ឋកិច្ចម៉ាឡេស៊ី។ អ្នកស៊ើបអង្កេតអាមេរិកលើកឡើងថាលុយដែលបាត់បង់នោះត្រូវបានប្រើប្រាស់សម្រាប់ទិញសណ្ឋាគារ សម្ភារៈទំនើបៗ ដូចជានាវាទេសចរណ៍ គ្រឿងអលង្ការដែលមានតម្លៃខ្ពស់និងស្នាដៃសិល្បៈដែលមានឈ្មោះល្បីល្បាញជាដើម។ អ្នកស៊ើបអង្កេតអាមេរិកក៏បានបញ្ជាក់ផងដែរថា ទឹកប្រាក់ប្រមាណ១ពាន់លានដុល្លារ ត្រូវបានផ្ទេរបញ្ចូលក្នុងគណនីធនាគារផ្ទាល់ខ្លួនរបស់លោក Najib។
ចំណែកភរិយារបស់លោក Najib វិញ គឺអ្នកស្រី Rosmah Mansour ក៏ប្រឈមនឹងការចោទប្រកាន់ពីបទពុករលួយជាច្រើនករណីផងដែរបន្ទាប់ពីអាជ្ញាធរបានឆ្មក់ចូលទៅក្នុងភូមិគ្រឹះរបស់ពួកគេនិងបានរកឃើញទឹកប្រាក់សុទ្ធចំនួន២៧០លានដុល្លារនៅក្នុងផ្ទះ គ្រឿងអលង្ការ និងកាបូបដៃដែលមានតម្លៃខ្ពស់និងរបស់របរផ្សេងៗមួយចំនួនទៀតដែលមានតម្លៃ៕