ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

តុលាការ​ឧទ្ធរណ៍​ម៉ាឡេស៊ី​តម្កល់ទុក​សាលក្រម​ផ្ដន្ទាទោស​លោក​អតីត​នាយករដ្ឋមន្ត្រី Najib Razak


រូបឯកសារ៖ អតីតនាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក Najib Razak មកដល់តុលាការឧទ្ធរណ៍នៅទីក្រុង Putrajaya នៅថ្ងៃទី៥ ខែមេសា ឆ្នាំ២០២១។
រូបឯកសារ៖ អតីតនាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក Najib Razak មកដល់តុលាការឧទ្ធរណ៍នៅទីក្រុង Putrajaya នៅថ្ងៃទី៥ ខែមេសា ឆ្នាំ២០២១។

នៅ​ថ្ងៃ​ពុធ​នេះ តុលាការ​ឧទ្ធរណ៍​ម៉ាឡេស៊ី​បាន​សម្រេច​តម្កល់ទុក​សាលក្រម​កាត់ទោស​អតីត​នាយករដ្ឋមន្ត្រី​ម៉ាឡេស៊ី​លោក Najib Razak ក្រោម​បទ​ចោទ​ប្រកាន់​ថា​បាន​ប្រព្រឹត្តិ​អំពើ​ពុករលួយ​ទាក់ទិន​នឹង​រឿង​អាស្រូវ​ថវិកា​រាប់​ពាន់​លាន​ដុល្លារ​របស់​ក្រុមហ៊ុន 1MDB របស់​រដ្ឋ។ នេះ​បើ​យោង​តាម​សេចក្ដី​រាយការណ៍​របស់​ទីភ្នាក់ងារ​ព័ត៌មាន Reuters។

លោក Najib បាន​ប្តឹង​ឧទ្ធរណ៍​ប្រឆាំង​នឹង​សាលក្រម​តុលាការ​ក្នុង​ទីក្រុង​គូឡាឡាំពួ ដែល​បាន​កាត់ទោស​លោក​ឲ្យ​ជាប់​ពន្ធនាគារ ១២ ឆ្នាំ និង​ពិន័យ​ជា​ប្រាក់ ៥០ លាន​ដុល្លារ​អាមេរិក កាលពី​ឆ្នាំ​មុន ក្រោម​បទ​ចោទ​ប្រកាន់​ថា​លោក​បាន​រំលោភ​លើ​សេចក្តី​ទុកចិត្ត រំលោភ​អំណាច និង​លាង​លុយ​កខ្វក់។ នេះ​គឺជា​សវនាការ​មួយ​ក្នុង​ចំណោម​សវនាការ​ចំនួន ៥ ដែល​លោកNajib ត្រូវ​ប្រឈម ពាក់ព័ន្ធ​នឹង​បទ​ចោទ​ប្រកាន់​អំពើ​ពុករលួយ។

តុលាការ​បាន​រកឃើញ​ថា លោក Najib បាន​ទទួល​ថវិកា​ខុស​ច្បាប់​ប្រមាណ ១០ លាន​ដុល្លារ​អាមេរិក​ពី​ក្រុមហ៊ុន SRC International ដែល​ពី​មុន​ជា​ផ្នែក​មួយ​របស់​ក្រុមហ៊ុន 1MDB។ លោក Najib បាន​បដិសេធ​ថា​លោក​មិន​បាន​ប្រព្រឹត្តិ​ដូច​ការ​ចោទ​ប្រកាន់​នោះ​ទេ។

លោក​ចៅក្រម Abdul Karim Abdul Jalil នៃ​តុលាការ​ឧទ្ធរណ៍​ម៉ាឡេស៊ី បាន​និយាយ​ថា លោក​ឯកភាព​តាម​សាលក្រម​របស់​តុលាការ​ក្រុង​គូឡាឡាំពួ​ទាក់ទិន​នឹង​ការ​កាត់ទោស​និង​ផ្ដន្ទាទោស​នេះ។

លោក Shafee Abdullah ដែល​ជា​មេធាវី​របស់​លោក Najib បាន​បញ្ជាក់​ប្រាប់​តុលាការ​ថា លោក Najib អាច​នឹង​ប្ដឹង​បន្ត​ទៀត​ឡើង​ទៅ​តុលាការ​សហព័ន្ធ ដែល​ជា​តុលាការ​កំពូល​របស់​ប្រទេស​ម៉ាឡេស៊ី៕

XS
SM
MD
LG