ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អ្នកវិភាគ​ថា ពលរដ្ឋ​សាទរ​ការផ្តន្ទាទោស​លោក Najib ប៉ុន្តែ​លោក​អាច​ត្រូវ​ព្រះមហាក្សត្រ​លើកលែង​ទោស


រូបឯកសារ៖ អតីត​នាយក​រដ្ឋមន្ត្រី​ម៉ាឡេស៊ី​លោក Najib Razak ចាកចេញ​ពី​បរិវេណ​តុលាការ​ក្រុងគូឡាឡាំពួ​តាម​​រថយន្ត បន្ទាប់ពី​ដំណើរការ​សវនាការ​លើក​ទីពីរ​របស់​លោក​ទាក់ទងនឹង​រឿងអាស្រូវ​ក្រុមហ៊ុន 1Malaysia Development Berhad នៅ​ទីក្រុង​​គូឡាឡាំពួ កាលពី​ថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២២។
រូបឯកសារ៖ អតីត​នាយក​រដ្ឋមន្ត្រី​ម៉ាឡេស៊ី​លោក Najib Razak ចាកចេញ​ពី​បរិវេណ​តុលាការ​ក្រុងគូឡាឡាំពួ​តាម​​រថយន្ត បន្ទាប់ពី​ដំណើរការ​សវនាការ​លើក​ទីពីរ​របស់​លោក​ទាក់ទងនឹង​រឿងអាស្រូវ​ក្រុមហ៊ុន 1Malaysia Development Berhad នៅ​ទីក្រុង​​គូឡាឡាំពួ កាលពី​ថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២២។

នេះ​ជា​ដំណាក់កាល​មួយ​ដែល​ប្រជាពលរដ្ឋ​ម៉ាឡេស៊ី​ភាគ​ច្រើន​មិន​អាច​នឹក​ស្មាន​ដល់​កាលពី​ប៉ុន្មាន​ឆ្នាំ​មុន​នៅ​ក្នុង​ប្រទេស​មួយ​និង​តំបន់​មួយ​ដែល​ឥស្សរជន​នយោបាយ​ត្រូវ​បាន​គេ​មើល​ឃើញ​ថា​អាច​នៅ​ពី​លើ​ច្បាប់​បាន។

កាលពី​ថ្ងៃ​ទី ២៣ ខែ​សីហា​កន្លង​ទៅ​នេះ តុលាការ​កំពូល​នៃ​ប្រទេស​ម៉ាឡេស៊ី​បាន​តម្កល់​ការ​ផ្តន្ទាទោស​កាលពី​ឆ្នាំ ២០២០ ពី​បទ​ពុករលួយ​លើ​អតីត​នាយករដ្ឋមន្ត្រី​ម៉ាឡេស៊ី​លោក Najib Razak ដោយ​បាន​បញ្ជូន​លោក​ទៅ​ដាក់​ពន្ធនាគារ​រយៈពេល ១២ ឆ្នាំ។

នៅ​មុន​ការ​សម្រេច​របស់​តុលាការ​កំពូល​នេះ លោក Najib ត្រូវ​បាន​ដោះលែង​ឱ្យ​នៅ​ក្រៅ​ឃុំ​នៅ​ក្នុង​រយៈពេល ២ ឆ្នាំ​ចុងក្រោយ​នេះ ហើយ​នៅ​ពេល​នោះ​លោក​នៅតែ​កាន់​តំណែង​ជា​សមាជិក​សភា​ដែល​ជ្រើសរើស​តាម​រយៈ​ការ​បោះឆ្នោត​ដដែល បើ​ទោះបីជា​លោក​នៅតែ​កំពុង​តតាំង​នឹង​សាលក្រម​លើក​ដំបូង​ដែល​ផ្តន្ទាទោស​រូប​លោក​បន្ទាប់ពី​បាន​ចាញ់​ក្ដី​នៅ​ក្នុង​បណ្ដឹង​ឧទ្ធរណ៍​របស់​លោក​កាលពី​ខែ​ធ្នូ​ឆ្នាំ​មុន​ក៏ដោយ។

សម្រាប់​ក្រុម​អ្នក​ធ្វើ​យុទ្ធនាការ​ប្រឆាំង​នឹង​អំពើ​ពុករលួយ ការ​សម្រេច​របស់​តុលាការ​កំពូល​នេះ​បាន​បញ្ជាក់​ឱ្យ​ឃើញ​អំពី​ឯករាជ្យ​ភាព​ដែល​ទើប​លេច​ឡើង​កាលពី​ពេល​ថ្មីៗ​នេះ​នៃ​ប្រព័ន្ធ​តុលាការ​មួយ​ដែល​ត្រូវ​បាន​គេ​មើល​ឃើញ​ថា​មាន​ការ​ខ្វះខាត​ជា​យូរ​មក​ហើយ។

រូបឯកសារ៖ អតីត​នាយក​រដ្ឋមន្ត្រី​ម៉ាឡេស៊ី​លោក Najib Razak (កណ្តាល) គ្រវីដៃ​នៅពេល​លោក​មកដល់​សាលាឧទ្ធរណ៍​ក្នុង​ទីក្រុង Putrajaya នៃ​ប្រទេស​ម៉ាឡេស៊ី កាលពី​ថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២២។
រូបឯកសារ៖ អតីត​នាយក​រដ្ឋមន្ត្រី​ម៉ាឡេស៊ី​លោក Najib Razak (កណ្តាល) គ្រវីដៃ​នៅពេល​លោក​មកដល់​សាលាឧទ្ធរណ៍​ក្នុង​ទីក្រុង Putrajaya នៃ​ប្រទេស​ម៉ាឡេស៊ី កាលពី​ថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២២។

គិត​មក​ទល់​នឹង​ឆ្នាំ ២០១៨ ដែល​នៅ​ពេល​នោះ​លោក Najib បាន​បាត់បង់​តំណែង​ជា​នាយករដ្ឋមន្ត្រី​នៅក្នុង​ការ​ចាញ់​ឆ្នោត​ដ៏​ធ្ងន់ធ្ងរ​មួយ គេ​ឃើញ​ថា «សាធារណជន​មាន​ទស្សនៈ​ថា ឯករាជ្យ​ភាព​របស់​តុលាការ​មាន​បញ្ហា ដោយ​ពួកគេ​តែងតែ​គិត​ថា​មាន​ការ​ពាក់ព័ន្ធ​ពី​ខាង​អង្គ​នីតិប្រតិបត្តិ»។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​លោក Muhammad Mohan ប្រធាន​អង្គការ Transparancy International នៅ​ប្រទេស​ម៉ាឡេស៊ី​ដែល​ជា​អង្គការ​ឃ្លាំមើល​និង​ប្រយុទ្ធ​ប្រឆាំង​នឹង​អំពើ​ពុករលួយ។

នៅ​ពេល​ឃើញ​ថា តុលាការ​កំពូល​បាន​រក្សា​ជំហរ​និង​ផ្តន្ទាទោស​លោក Najib ឱ្យ​ជាប់​ពន្ធនាគារ លោក Mohan បាន​បន្ថែម​ថា៖ «ករណី​នេះ​បាន​ផ្ដល់​ជំនឿ​ទុកចិត្ត​ដល់​សាធារណរជន​ថា ប្រព័ន្ធ​តុលាការ​គឺ​មាន​ភាព​ឯករាជ្យ និង​មិន​មាន​ការ​លូក​ដៃ​ពី​រដ្ឋាភិបាល​នោះ​ឡើយ»។

អ្នក​តស៊ូ​មតិ​និង​អ្នក​តាមដាន​ស្ថានការណ៍​នានា​ចាត់ទុក​សេចក្ដី​សម្រេច​របស់​តុលាការ​ម៉ាឡេស៊ី​នេះ​ថា​ជា​រឿង​ដ៏​គួរ​ឱ្យ​ស្ញប់ស្ញែង ដោយសារតែ​គណបក្ស​អង្គការ​ឯកភាព​ជាតិ​ម៉ាឡេ (United Malays National Organization (UMNO)) របស់​លោក Najib ដែល​បាន​បាត់បង់​អំណាច​នៅ​ក្នុង​ការ​បោះឆ្នោត​មួយ​ដែល​លោក Najib បាន​ចាញ់ បាន​ចូល​មក​កាន់​អំណាច​សារ​ជា​ថ្មី។

ការ​ចោទ​ប្រកាន់​ដែល​ឈាន​ទៅ​ដល់​ការ​ផ្តន្ទាទោស​លោក Najib នេះ ដំបូង​បាន​លេច​ឡើង​នៅ​ក្នុង​អំឡុង​ពេល​លោក Najib កំពុង​កាន់​អំណាច ប៉ុន្តែ​បាន​នៅ​ទ្រឹង​រហូត​ដល់​ពេល​បន្ទាប់ពី​គណបក្ស UMNO បាន​បរាជ័យ​នៅ​ក្នុង​ការ​បោះឆ្នោត។

លោក James Chin សាស្ត្រាចារ្យ​ផ្នែក​សិក្សា​កិច្ចការ​អាស៊ី​នៃ​សាកលវិទ្យាល័យ Tasmania នៅ​ប្រទេស​អូស្ត្រាលី បាន​និយាយ​ថា ប្រទេស​ម៉ាឡេស៊ី​នៅ​ទី​បំផុត​បាន​បំបែក​នូវ​អ្វី​ដែល​គេ​ចាត់ទុក​ថា​ជា «អភ័យ​ឯកសិទ្ធិ​មិន​ផ្លូវការ» ដែល​មេដឹកនាំ​នានា​មាន​មិន​ត្រឹមតែ​នៅ​ក្នុង​ប្រទេស​ម៉ាឡេស៊ី​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែម​ទាំង​នៅ​ទូទាំង​តំបន់​ផង​ដែរ។

លោក​បាន​បញ្ជាក់​ដូច្នេះ​ថា៖ «បញ្ហា​មួយ​ដែល​យើង​ប្រឈម​នៅ​ក្នុង​តំបន់​អាស៊ី​អាគ្នេយ៍ ឬ​ក៏​តំបន់​អាស៊ី​ជា​ទូទៅ​គឺ​ថា យើង​ខ្វះ​កត្តា​សាមញ្ញ​បំផុត​មួយ​នៅ​ក្នុង​អភិបាលកិច្ច​ល្អ ដែល​នោះ​គឺ​ថា មេដឹកនាំ​នយោបាយ​អាច​ត្រូវ​បាន​គេ​ធ្វើ​ឱ្យ​មាន​ការ​ទទួល​ខុស​ត្រូវ​ចំពោះ​អ្វី​ដែល​ពួកគេ​បាន​ធ្វើ​នៅ​ពេល​ដែល​ពួកគេ​កាន់​អំណាច។ ករណី​នេះ​ត្រូវ​បាន​ធ្វើ​ឡើង​នៅ​ក្នុង​ប្រទេស​ម៉ាឡេស៊ី»។

លទ្ធភាព​នៃ​ការ​លើកលែង​ទោស

អ្នកស្រី Cynthia Gabriel នាយក​ប្រតិបត្តិ​មជ្ឈមណ្ឌល​ប្រយុទ្ធ​ប្រឆាំង​នឹង​អំពើ​ពុករលួយ​និង​អំពើ​បក្ខពួក​និយម (Center to Combat Corruption and Cronyism) នៃ​ប្រទេស​ម៉ាឡេស៊ី បាន​យល់ស្រប​ចំពោះ​ការ​លើកឡើង​របស់​លោក James Chin។

អ្នកស្រី​និយាយ​ដូច្នេះ​ថា៖ «សារ​ដ៏​សំខាន់​សម្រាប់​សាធារណជន​ម៉ាឡេស៊ី​គឺ​ថា ឥឡូវ​នេះ​ពួកគេ​នឹង​ប្រាប់​ដល់​អ្នក​យោបាយ​គ្រប់​រូប​ថា ប្រសិនបើ​អ្នក​ប្រព្រឹត្តិ​អំពើ​ពុករលួយ នោះ​មាន​ស្ថាប័ន​ដែល​អាច​ធ្វើ​ឱ្យ​អ្នក​ទទួល​ខុស​ត្រូវ​ចំពោះ​ទង្វើ​របស់​អ្នក​បាន»។

សេចក្ដី​សម្រេច​របស់​តុលាការ​កំពូល​ម៉ាឡេស៊ី​នេះ​បាន​បញ្ជាក់​ថា លោក Najib មាន​កំហុស​លើ​បទ​ចោទ​ចំនួន ៧ ករណី​ពាក់ព័ន្ធ​នឹង​ការ​លាង​លុយ​កខ្វក់ ការ​រំលោភ​អំណាច និង​ការ​រំលោភ​បែប​ព្រហ្មទណ្ឌ​លើ​សេចក្ដី​ទុកចិត្ត​សម្រាប់​ការ​ទទួល​យក​នូវ​ថវិកា​ចំនួន ៩ លាន ៤ សែន​ដុល្លារ​អាមេរិក​ពី​ក្រុមហ៊ុន SRC International ដែល​ធ្លាប់​ជា​ផ្នែក​មួយ​នៃ​ក្រុមហ៊ុន 1MDB របស់​រដ្ឋាភិបាល​ម៉ាឡេស៊ី។

ប៉ុន្តែ បញ្ហា​ផ្នែក​ផ្លូវច្បាប់​របស់​លោក Najib មិន​ទាន់​បញ្ចប់​ត្រឹម​នេះ​នោះ​ទេ។

អាជ្ញាធរ​សហរដ្ឋ​អាមេរិក​និង​អាជ្ញាធរ​ម៉ាឡេស៊ី​បាន​និយាយ​ថា ថវិកា​សរុប​ចំនួន ៤.៥០០ លាន​ដុល្លារ​អាមេរិក​ត្រូវ​បាន​លួច​ពី​ធនាគារ 1MDB ក្នុង​ពេល​ជា​ច្រើន​ឆ្នាំ និង​ថា ថវិកា​ប្រហែល ១ ពាន់​លាន​ដុល្លារ​ក្នុង​ចំណោម​នោះ​បាន​ចូល​ក្នុង​គណនី​ធនាគារ​របស់​លោក Najib។ លោក Najib នៅ​ប្រឈម​នឹង​បទ​ចោទ​ប្រកាន់​ចំនួន ៣៥ ករណី​ទៀត​នៅ​ក្នុង​សំណុំ​រឿង​ពាក់ព័ន្ធ​ចំនួន ៤ ផ្សេង​ទៀត។

ប៉ុន្តែ លោក Najib បាន​ធ្វើ​ការ​បដិសេធ​ម្ដង​ហើយ​ម្ដង​ទៀត​ថា​លោក​មិន​បាន​ធ្វើ​អ្វី​ខុស​នោះ​ទេ ហើយ​សូម្បីតែ​អ្នក​រិះគន់​លោក​ក៏​សង្ស័យ​ផង​ដែរ​ថា​លោក​ប្រហែលជា​ចំណាយ​ពេល​តិចតួច​ប៉ុណ្ណោះ​នៅ​ក្នុង​ពន្ធនាគារ។

កាលពី​ថ្ងៃ​ទី ៥ ខែ​កញ្ញា ប្រធាន​រដ្ឋសភា​ម៉ាឡេស៊ី​លោក Azhar Azizan Harun បាន​និយាយ​ថា លោក Najib បាន​ដាក់​ញត្តិ​ស្នើ​សុំ​ការ​លើកលែង​ទោស​ពី​ព្រះមហាក្សត្រ Al-Sultan Abdullah កាលពី​ថ្ងៃ​ទី ២ ខែ​កញ្ញា។ លោក Harun ថា លោក Najib នៅតែ​ជា​តំណាងរាស្ត្រ​ដដែល រហូត​ទាល់តែ​ដល់​ពេល​ដែល​មាន​ការ​សម្រេច​លើ​ញត្តិ​ស្នើ​សុំ​ការ​លើកលែង​ទោស​នេះ។

គេ​ជឿ​ថា លោក Najib មាន​ភាព​ជិតស្និទ្ធ​ជាមួយ​នឹង​ព្រះចៅ​ស៊ុលតង់​ដ៏​មាន​ឥទ្ធិពល​មួយ​ចំនួន​នៅ​ក្នុង​ប្រទេស​ម៉ាឡេស៊ី ហើយ​លោក​បាន​ថត​រូប​កាលពី​ដើម​ឆ្នាំ​នេះ​នៅ​ក្នុង​ពិធី​បុណ្យ Eid ជាមួយ​នឹង​ព្រះ​មហាក្សត្រ Abdullah ផ្ទាល់។

លោក Najib ក៏​នៅតែ​មាន​ប្រជាប្រិយភាព​ផង​ដែរ​ក្នុង​ចំណោម​មូលដ្ឋាន​អ្នក​គាំទ្រ​គណបក្ស UMNO។ នៅ​ថ្ងៃ​បន្ទាប់ ក្រោយពី​តុលាការ​កំពូល​បាន​សម្រេច​ផ្ដន្ទាទោស​លោក អ្នក​គាំទ្រ​លោក​រាប់​រយ​នាក់​បាន​ប្រមូល​ផ្ដុំ​គ្នា​នៅ​ខាង​ក្រៅ​ព្រះ​បរមរាជវាំង​ដោយ​ជំរុញ​ឱ្យ​ព្រះមហាក្សត្រ​លើកលែង​ទោស​ឱ្យ​លោក។

អ្នកស្រី Gabriel បាន​និយាយ​ថា៖ «លោក Najib ស្គាល់​អ្នក​ដែល​មាន​ឥទ្ធិពល។ លោក​ធ្លាប់​កាន់​អំណាច​អស់​រយៈពេល​ជា​យូរ ហើយ​លោក​ស្ថិត​ក្នុង​ចំណោម​ក្រុម​ឥស្សរជន​នយោបាយ ដូច្នេះ​វា​អាច​ក្លាយជា​ការពិត​ដែល​ថា លោក​អាច​ត្រូវ​បាន​ព្រះមហាក្សត្រ​លើកលែង​ទោស​ឱ្យ»។

ការ​លើកលែង​ទោស​ដោយ​ព្រះ​មហាក្សត្រ​នៅ​ក្នុង​ប្រទេស​ម៉ាឡេស៊ី​ជា​ទូទៅ​ត្រូវ​បាន​ធ្វើ​ឡើង​តែ​នៅ​ក្នុង​ករណី​ដែល​មាន​ការ​បំពេញ​ទោស​តាម​ការ​សម្រេច​របស់​តុលាការ​បាន​យ៉ាង​តិច​ពាក់​កណ្ដាល​តែ​ប៉ុណ្ណោះ។ ការ​លើកលែង​ទោស​ឱ្យ​លោក Najib លឿន​ជាង​នេះ ជាពិសេស​នៅ​ពេល​ដែល​ការ​ចោទ​ប្រកាន់​ក្នុង​សំណុំ​រឿង​ពាក់ព័ន្ធ​ចំនួន ៤ ទៀត​មិន​ទាន់​ត្រូវ​បាន​សម្រេច​នៅ​ឡើយ គឺ​នឹង «ធ្វើ​ឱ្យ​មាន​ការ​សើច​ចំអក​ចំពោះ​ដំណើរការ​របស់​តុលាការ»។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​លោក Mohan។

ជ័យជម្នះ​ដ៏​ប្រផិតប្រផើយ

លោក​សាស្ត្រាចារ្យ Chin បាន​និយាយ​ថា ការ​លើកលែង​ទោស​ឱ្យ​លោក Najib គឺ​ទំនងជា​អាច​ទៅ​រួច ប៉ុន្តែ​គឺ​នៅ​ពេល​ដែល​បន្ទាប់ពី​មាន​ការ​បោះឆ្នោត​ថ្នាក់​ជាតិ​នៅ​ពេល​ខាង​មុខ​តែ​ប៉ុណ្ណោះ។ ការ​បោះឆ្នោត​នេះ​គ្រោង​នឹង​ធ្វើ​ឡើង​នៅ​ត្រឹម​ខែ​កញ្ញា​ឆ្នាំ ២០២៣ ខាង​មុខ ប៉ុន្តែ​អាច​ប្រព្រឹត្តិ​ឡើង​លឿន​ជាង​នេះ។

លោក​បាន​លើកឡើង​ថា ការ​ដាក់​លោក Najib ឱ្យ​ជាប់​ពន្ធនាគារ​យ៉ាង​ហោច​ណាស់​រហូត​ដល់​ពេល​បោះឆ្នោត​ខាង​មុខ​អាច​ជួយ​គណបក្ស UMNO ដែល​ប្រឡូកប្រឡាក់​ធ្ងន់ធ្ងរ​ដោយសារ​រឿង​អាស្រូវ​ពាក់ព័ន្ធ​នឹង​ថវិកា​របស់​ក្រុមហ៊ុន 1MDB នេះ ឱ្យ​ទទួល​បាន​សំឡេង​ឆ្នោត​គាំទ្រ​តាម​រយៈ​ការ​ធ្វើ​យុទ្ធនាការ​ឃោសនា​ថា ខ្លួន​ជា​គណបក្ស​ដែល​អាច​ទុក​ចិត្ត​បាន​ដោយសារតែ​ខ្លួន​មិន​បាន​ជ្រៀតជ្រែក​នៅ ក្នុង​ដំណើរការ​របស់​តុលាការ។

លោក Chin ក៏​បាន​ចោទ​ជា​សំណួរ​ផង​ដែរ​ថា​តើ​ការ​ជាប់​ពន្ធនាគារ​របស់​លោក Najib គឺ​ពិតជា​ព្រឹត្តិការណ៍​នៃ​ចំណុច​របត់​មួយ​ដែល​មនុស្ស​មួយ​ចំនួន​ចាត់ទុក​ថា​ដូច្នេះ​ឬ​ក៏​យ៉ាង​ណា​នោះ។ លោក​បាន​បញ្ជាក់​ថា ការ​ប្រព្រឹត្តិ​ឡើង​កាលពី​ពេល​ថ្មីៗ​នេះ​របស់​តុលាការ​គឺ​ភាគ​ច្រើន​ជា​គុណតម្លៃ​របស់​ប្រធាន​ចៅក្រម​អ្នកស្រី Tengku Maimun Tuan Mat ដែល​ត្រូវ​បាន​តែងតាំង​ជា​ប្រធាន​ចៅក្រម​តុលាការ​កំពូល​របស់​ប្រទេស​ម៉ាឡេស៊ី​កាលពី​ឆ្នាំ ២០១៩។

លោក Chin បាន​និយាយ​ថា៖ «នៅ​ក្នុង​ប្រព័ន្ធ [តុលាការ] ភាគ​ច្រើន​នៅ​ទ្វីប​អាស៊ី វា​អាស្រ័យ​លើ​ថា​តើ​អ្នក​ណា​ដែល​ជា​ប្រធាន​ចៅក្រម។ ដរាបណា​អ្នកស្រី​នៅតែ​ធ្វើ​ជា​ប្រធាន​ចៅក្រម [ម៉ាឡេស៊ី] ដរាប​នោះ​តុលាការ​នឹង​កាន់តែ​មាន​ភាព​ឯករាជ្យ ប៉ុន្តែ​មិន​មាន​ការ​ធានា​ថា ប្រធាន​ចៅក្រម​តុលាការ​កំពូល​បន្ទាប់​នឹង​រក្សា​បាន​ដូច​នេះ​នោះ​ទេ»។

លោក Chin យល់​ឃើញ​ថា មាន​សញ្ញា​តិចតួច​តែ​ប៉ុណ្ណោះ​ដែល​បណ្ដា​ប្រទេស​ផ្សេង​ទៀត​នៅ​តំបន់​អាស៊ី​អាគ្នេយ៍​មាន​ការ​វិវឌ្ឍ​ទៅ​មុខ​បាន​លឿន​ដូច​នេះ។

សម្រាប់​អ្នកស្រី Gabriel វិញ យ៉ាង​ហោច​ណាស់​អ្នកស្រី​មាន​ក្ដី​សង្ឃឹម​ថា ប្រព័ន្ធ​ឌីជីថល​ថ្មីៗ​កំពុង​ធ្វើ​ឱ្យ​កាន់តែ​លំបាក​ឡើង​សម្រាប់​ក្រុម​ជន​លួច​ជាតិ​នៅ​ក្នុង​លាក់បាំង​ប្រាក់​ដែល​ពួកគេ​ទទួល​បាន​ពី​អំពើ​មិន​ត្រឹមត្រូវ។

អ្នកស្រី​បាន​លើកឡើង​អំពី​ករណី​បណ្ដុំ​ឯកសារ Panama Papers និង​ករណី​បណ្ដុំ​ឯកសារ Paradise Papers ដែល​ជា​ឯកសារ​អំពី​ហិរញ្ញវត្ថុ​របស់​មហា​សេដ្ឋី​និង​អ្នក​មាន​អំណាច​នានា​នៅ​លើ​ពិភពលោក​ដែល​បាន​លេច​ធ្លាយ​ដល់​ប្រព័ន្ធ​ផ្សព្វផ្សាយ​នានា​នៅ​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ថ្មីៗ​នេះ មក​ធ្វើ​ជា​ឧទាហរណ៍។

លោក Mohan ក៏​មាន​អារម្មណ៍​ជំរុញ​ទឹកចិត្ត​ផង​ដែរ​នៅ​ពេល​ដែល​អតីត​ប្រធានាធិបតី​នៅ​ប្រទេស​ប្រេស៊ីល​និង​អតីត​ប្រធានាធិបតី​នៅ​ប្រទេស​កូរ៉េ​ខាង​ត្បូង​ត្រូវ​បាន​ដាក់​ពន្ធនាគារ​ពី​បទ​ចោទ​ប្រកាន់​ពាក់ព័ន្ធ​នឹង​អំពើ​ពុករលួយ​នៅ​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ។

ជាង​នេះ​ទៀត កាលពី​ឆ្នាំ​មុន​នៅ​ក្នុង​ប្រទេស​អាហ្វ្រិក​ខាង​ត្បូង តុលាការ​ធម្មនុញ្ញ​បាន​សម្រេច​ផ្តន្ទាទោស​លោក​អតីត​ប្រធានាធិបតី Jacob Zumaឱ្យ​ជាប់​ពន្ធនាគារ​ពី​បទ​បំពាន​តុលាការ​នៅ​ក្នុង​ការ​កាត់ក្ដី​ករណី​អំពើ​ពុករលួយ​ដែល​នៅ​កំពុង​បន្ត​ធ្វើ។

លោក Mohan ជឿ​ថា ការ​កើនឡើង​ខ្លាំង​នៃ​ភាព​ក្រីក្រ​និង​វិសមភាព​ដែល​បង្ក​ឡើង​ដោយ​វិបត្តិ​ជំងឺ​កូវីដ១៩ ក៏​កំពុង​ធ្វើ​ឱ្យ​មនុស្ស​នៅ​ជុំវិញ​ពិភពលោក​លែង​មាន​ភាព​អត់ធ្មត់​ចំពោះ​មេដឹកនាំ​ណា​ដែល​លួច​ទ្រព្យសម្បត្តិ​សាធារណៈ​ផង​ដែរ ដោយ​លោក​បាន​និយាយ​ថា «នេះ​គឺ​ជា​ទំនោរ​មួយ»។

លោក​បាន​បន្ថែម​ថា៖ «នៅ​ទូទាំង​ពិភពលោក ខ្ញុំ​អាច​និយាយ​បាន​ថា ដោយសារតែ​ស្ថានភាព​នៅ​ក្រោយ​វិបត្តិ​ជំងឺ​កូវីដ១៩ មនុស្ស​ចាប់ផ្ដើម​មាន​ភាព​មោះមុត​ហ៊ាន​ជាង​មុន ដោយ​ពួកគេ​បាន​ចោទ​ជា​សំណួរ​ផ្សេងៗ ហើយ​ខ្ញុំ​គិត​ថា​ពួកគេ​ទាមទារ​ឱ្យ​មាន​ការ​ដក​ចេញ​នូវ​មេដឹកនាំ​ទាំង​នោះ។ ខ្ញុំ​សង្ឃឹម​ថា​ទិន្នាការ​ដូច​នេះ​នឹង​បន្ត​ទៅ​មុខ»៕

ប្រែ​សម្រួល​ដោយ​លោក ណឹម សុភ័ក្រ្តបញ្ញា

XS
SM
MD
LG