ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ចិន​និយាយ​ថា ការ​ហោះហើរ​យន្តហោះ​យោធា​ជិត​​ម៉ាឡេស៊ី​គឺ​ជា​ការ​ហ្វឹកហាត់​ធម្មតា


ក្នុង​រូបថត​ថត​កាល​ពី​ថ្ងៃ​ទី​៣១ ខែ​ឧសភា ឆ្នាំ​២០២១ និង​​ផ្តល់​ឱ្យ​ដោយ​កងទ័ព​អាកាស​ភូមិ្ទ​ម៉ាឡេស៊ី​​នេះ គេ​ឃើញ​យន្តហោះ​របស់​កងទ័ព​រំដោះ​ប្រជាជន​ចិន (PLAAF) Xian Y-20 ដែល​អាជ្ញាធរ​ម៉ាឡេស៊ី​អះអាង​ថាកំពុង​ហោះ​ក្នុង​ដែន​អាកាស​ខ្លួន។
ក្នុង​រូបថត​ថត​កាល​ពី​ថ្ងៃ​ទី​៣១ ខែ​ឧសភា ឆ្នាំ​២០២១ និង​​ផ្តល់​ឱ្យ​ដោយ​កងទ័ព​អាកាស​ភូមិ្ទ​ម៉ាឡេស៊ី​​នេះ គេ​ឃើញ​យន្តហោះ​របស់​កងទ័ព​រំដោះ​ប្រជាជន​ចិន (PLAAF) Xian Y-20 ដែល​អាជ្ញាធរ​ម៉ាឡេស៊ី​អះអាង​ថាកំពុង​ហោះ​ក្នុង​ដែន​អាកាស​ខ្លួន។

ប្រទេស​ចិន​បាន​និយាយ​នៅ​ថ្ងៃ​ពុធ​ថា​ការ​ហោះហើរ​ដោយ​យន្តហោះ​យោធា​ចំនួន​១៦​គ្រឿង​លើ​ដែនទឹក​ដែល​មាន​ជម្លោះ​យ៉ាង​ក្តៅ​គគុក​ជិត​ដែន​ទឹកម៉ាឡេស៊ី​គឺ​ជា​ការ​ហ្វឹកហាត់​ជា​ប្រចាំ​បន្ទាប់​ពី​ប្រទេស​ម៉ាឡេស៊ីបាន​ចោទប្រកាន់​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​ថា​បាន​រំលោភ​អធិបតេយ្យភាព​របស់​ខ្លួន។ នេះ​តាម​សេចក្តី​រាយការណ៍​របស់​ទីភ្នាក់ងារ​ព័ត៌មាន AFP។

ម៉ាឡេស៊ី​បាន​បញ្ចេញ​យន្តហោះ​ចម្បាំង​កាល​ពី​ថ្ងៃ​ច័ន្ទ​ដើម្បី​ស្ទាក់​ចាប់​យន្តហោះ​ដឹក​ជញ្ជូន​កងទ័ព​អាកាស​ចិន​ដែល​បាន​បង្ហាញ​ខ្លួន​នៅ​ជិត​កោះ Borneoនៅ​លើ​សមុទ្រ​ចិន​ខាងត្បូង​ជា​កន្លែង​ដែល​ប្រទេស​នេះ​បាន​ទាមទារ​ដែនដី​ត្រួតស៊ី​គ្នា​ជាមួយ​ប្រទេស​ចិន។​

រដ្ឋមន្ត្រី​ការបរទេស​ម៉ាឡេស៊ី​បាន​រិះគន់​ការ​ហោះ​ហើរ​របស់​ចិនដោយ​និយាយ​ថា ជា​ការ​ឈ្លានពាន​ហើយ​បាន​និយាយ​ថា រដ្ឋាភិបាល​ម៉ាឡេសី​នឹង​ធ្វើ​ការ​តវ៉ា​ជាមួយ​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​និង​កោះហៅ​ឯក​អគ្គរដ្ឋទូត​ចិន។

ប៉ុន្តែ​អ្នក​នាំពាក្យ​ស្ថានទូត​ចិន​ប្រចាំ​នៅ​ទីក្រុង​កូឡាឡាំពួរ​បាន​និយាយ​ថា៖ «សកម្មភាព​នោះ​គឺ​ជា​ការ​ហ្វឹកហាត់​ការ​ហោះហើរ​ធម្មតា​របស់​កងទ័ព​អាកាស​ចិន​ហើយ​មិន​កំណត់​គោលដៅ​លើ​ប្រទេស​ណាមួយ​ឡើយ»។ លោក​បាន​និយាយ​ទៀត​ថា៖ «យោង​តាម​ច្បាប់​អន្តរជាតិ យន្ដហោះ​យោធា​ចិន​មាន​សិទ្ធិ​ហោះហើរ​លើដែន​អាកាស​នោះ»។

អ្នកនាំ​ពាក្យ​នោះ​បាន​បន្ថែម​នៅក្នុង​សេចក្តី​ថ្លែង​ការណ៍​មួយ​ថា យន្តហោះ​នោះ​មិនបាន​ចូល​ដែន​អាកាស​ប្រទេស​ណា​មួយ​ទេ។

កងទ័ព​អាកាស​របស់​ម៉ាឡេស៊ី​បាន​ឱ្យ​ដឹង​ថា យន្ដហោះ​នេះហោះហើរ​ក្នុង​ចម្ងាយ​១១០​គីឡូ ម៉ែត្រ ​ពី​ផ្នែក​របស់​ម៉ាឡេស៊ី​នៃ​កោះBorneo ហើយ​មិន​បាន​ឆ្លើយតប​ទៅ​នឹង​ការ​ប៉ុនប៉ង​ទាក់ទង​ពួកគេ​ទេ​ដែល​ជំរុញ​ឱ្យ​ប្រទេស​ម៉ាឡេស៊ី​បញ្ចេញ​យន្តហោះ​ចម្បាំង​របស់​ខ្លួន។

យន្តហោះ​យោធា​ចិន​ទាំង​នោះ​បាន​ត្រឡប់​ក្រោយ​វិញ​មុន​ពេលជិត​ចូលដល់​ដែន​អាកាស​ម៉ាឡេស៊ី​នៅ​ពី​លើ​សមុទ្រ​ដែនដី​ (territorial waters)​របស់​ខ្លួននោះ។

ក៏ប៉ុន្តែ​លោក Hishammuddin Hussein រដ្ឋមន្រ្តី​ក្រសួង​ការ​បរទេស​ម៉ាឡេស៊ី​បាន​និយាយ​ថា យន្តហោះ​ទាំងនោះ​បាន​ចូល​ទៅ​ក្នុង​តំបន់​សមុទ្រ​របស់​ប្រទេស​លោកហើយ​លោក​បាន​ពណ៌នា​ឧប្បត្តិហេតុ​នេះ​ថាជា​ការ​រំលោភ​លើ​ដែន​អាកាស​និង​អធិបតេយ្យភាព​របស់​ម៉ាឡេស៊ី។

ប្រទេស​ចិន​បាន​ទាមទារ​ស្ទើរតែ​ទាំងអស់​នៃ​សមុទ្រ​ចិន​ខាងត្បូង​និង​បាន​សាងសង់​ប៉ុស្តិ៍​យោធា​ជាច្រើន​នៅ​លើ​កោះតូចៗ​ដែលនេះ​ធ្វើ​ឲ្យប្រទេស​ដទៃ​ទៀត​ដែល​ទាមទារ​ដែន​ទឹក​នោះ​ដែរ​មាន​កំហឹង។

ទំនាក់ទំនង​ម៉ាឡេស៊ី-ចិន​ជា​ធម្មតា​មាន​ភាព​កក់ក្តៅ​ប៉ុន្តែ​ឧប្បត្តិហេតុ​នៅ​ថ្ងៃច័ន្ទ​កើតឡើង​បន្ទាប់​ពី​មាន​ភាព​តានតឹង​លើ​ដែន​សមុទ្រ​ដែល​ជា​ផ្លូវដឹក​ជញ្ជូន​សំខាន់ៗ​ហើយ​ត្រូវ​បានគេ​ជឿថា​ជា​កន្លែង​សម្បូរ​ប្រេង​និង​ឧស្ម័ន​ធម្មជាតិ៕

XS
SM
MD
LG