ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ការ​កាន់​តំណែង​នាយក​រដ្ឋមន្រ្តី​ម៉ាឡេស៊ី​មាន​ភាព​មិន​ច្បាស់លាស់​បន្ទាប់ពី​មាន​រឿង​អាស្រូវ​ផ្នែក​ហិរញ្ញវត្ថុ


ក្រុង​សកម្មជន​មក​ពីសម្ព័ន្ធ​ដើម្បី​ការ​បោះឆ្នោត​ស្អាត​ស្អំ​និង​ត្រឹមត្រូវ​ BERSIH បាន​ប្រមូល​ផ្តុំគ្នា​នៅលើមហា​វិថី​មួយ​ក្នុង​ទីក្រុង​កូឡាឡាំពួ​ ប្រទេស​ម៉ាឡេស៊ី កាលពីថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៥។ ពួក​គេ​ទាមទារ​ឲ្យ​នាយក​រដ្ឋមន្ត្រី​ម៉ាឡេស៊ី​ចុះ​ចេញ​ពីតំណែង​ ដោយសារ​រឿង​អាស្រូវ​ពុករលួយ។
ក្រុង​សកម្មជន​មក​ពីសម្ព័ន្ធ​ដើម្បី​ការ​បោះឆ្នោត​ស្អាត​ស្អំ​និង​ត្រឹមត្រូវ​ BERSIH បាន​ប្រមូល​ផ្តុំគ្នា​នៅលើមហា​វិថី​មួយ​ក្នុង​ទីក្រុង​កូឡាឡាំពួ​ ប្រទេស​ម៉ាឡេស៊ី កាលពីថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៥។ ពួក​គេ​ទាមទារ​ឲ្យ​នាយក​រដ្ឋមន្ត្រី​ម៉ាឡេស៊ី​ចុះ​ចេញ​ពីតំណែង​ ដោយសារ​រឿង​អាស្រូវ​ពុករលួយ។

បញ្ហា​របស់​លោក​នាយករដ្ឋមន្ត្រី Najib Razak បាន​ចាប់ផ្ដើម​តាំង​ពី​ខែ​កក្កដា​ ដែល​សារព័ត៌មាន​បាន​ចោទ​ប្រកាន់​ថា​ មូលនិធិ​អភិវឌ្ឍន៍​របស់​រដ្ឋ​ដែល​លោក​បង្កើត​ឡើង​បាន​បញ្ជូន​មូលនិធិសាធារណៈ​ជាង​៧០០លាន​ដុល្លារ​ទៅ​គណនី​ឯកជន​របស់​លោក។

​លោក​នាយក​រដ្ឋមន្ត្រី​បាន​បដិសេធ​ដាច់ខាត​លើ​សេចក្ដី​រាយការណ៍​នោះ​ ហើយ​បាន​ដក​ក្រុម​មន្ត្រី​មួយ​ចំនួន​ដែល​បាន​រិះគន់​ការ​ដោះស្រាយ​របស់​លោក​ ចំពោះ​រឿង​អាស្រូវ​នេះ។

ប៉ុន្តែ​វា​មិន​បាន​បញ្ចប់​ភាព​ចលាចល​ជា​សាធារណៈ​ទេ។ នៅចុង​សប្តាហ៍​កន្លង​ទៅ​នេះ​ មាន​ក្រុម​អ្នក​តវ៉ា​រហូត​ដល់​២​សែន​នាក់​ នៅ​ទីក្រុង​កូឡាឡំពួរ​បាន​អំពាវនាវ​ឱ្យ​លោក​លាលែង​ពី​តំណែង។ ប៉ុន្តែ​ប៉ូលិសនិយាយ​ថា​ ចំនួន​អ្នក​តវ៉ា​មាន​ប្រហែល​២៥.០០០នាក់។

លោក​ Najib បាន​ឆ្លើយ​តប​នៅ​ក្នុង​ទិវា​ជាតិ​ដោយ​ថ្លែង​ប្ដេជ្ញា​ថា​ លោក​នឹង​មិន​លា​ឈប់​ពី​តំណែង​នាយក​រដ្ឋមន្រ្តី​នោះ​ទេ។ លោក​នាយក​រដ្ឋមន្រ្តី​បាន​ឱ្យ​ដឹង​ថា​ មូលនិធិ​នេះ​ត្រូវ​បាន​គេ​បរិច្ចាគ​មក​ពី​មជ្ឈិមបូព៌ា។

លោក​បាន​វាយ​ប្រហារ​ក្រុម​អ្នក​តវ៉ា​ដោយ​និយាយ​ថា ​ពួក​គេ​បាន​បង្ហាញ​ពី​«គំនិត​រាក់​និង​ស្មារតី​ស្នេហា​ជាតិ​តិចតួច»។

អ្នក​វិទ្យាសាស្រ្ត​នយោបាយ​ Bridget Welsh ពី​សាកល​វិទ្យាល័យ​ជាតិ​តៃវ៉ាន់​បាន​និយាយ​ថា​ ការ​តវ៉ា​នេះ​ ទទួល​បាន​ការ​គាំទ្រ​ច្រើន​បំផុត​ពី​សហគមន៍​ចិន​របស់​ប្រទេស​ម៉ាឡេស៊ី ​ហើយ​វា​គឺ​ជា​ការ​ប្រឹង​ប្រែង​របស់​ជន​វណ្ណៈ​កណ្តាល​នៅ​ក្នុង​ទីក្រុងទាំង​នោះ​ដើម្បី​រក​យុត្តិធម៌​សម្រាប់ប្រទេស​នេះ។

«វា​មិន​មែន​ជា​ការ​រួបរួម​គ្រប់​ជាតិ​សាសន៍ ​ដូចអ្វី​ដែល​ក្រុម​អ្នក​រៀប​ចំ​សង្ឃឹម​ថា​នឹងទទួល​បាន ទស្សនៈ​មួយ​ដែល​អាច​ឈាន​ដល់​ចំណុច​កណ្ដាល​នោះ​ទេ​ ព្រោះ​ភាគ​ច្រើន​នៃ​ក្រុម​អ្នក​តវ៉ា​គឺ​មក​ពី​ក្រុម​ប្រឆាំង។ ភាព​បែក​ចែក​គ្នា​បាន​កើន​ឡើង​កាន់​តែ​ខ្លាំង​និង​ជ្រាលជ្រៅ​ជាង​អ្វី​ដែល​មិន​ធ្លាប់​មាន​ពី​មុន​មក​ក្នុង​ប្រទេស​ម៉ាឡេស៊ី​រវាង​អ្វី​ដែល​មនុស្សមើល​ឃើញ​ក្នុង​ឆាក​នយោបាយ​និង​អ្វី​ដែល​មនុស្សមើល​ឃើញ​នៅ​ពេល​អនាគត»។

បើ​ទោះ​បី​ជា​មាន​សន្តិសុខ​យ៉ាង​តឹងរ៉ឹង​ក៏​ដោយ​ ក៏​ការ​ជួប​ជុំ​នេះមាន​សន្តិភាព​គឺ​ផ្ទុយ​ទៅ​នឹង​ការ​តវ៉ា​លើក​មុន​ នៅ​ឆ្នាំ២០១១ និង​ឆ្នាំ២០១២ នៅ​ពេល​ដែល​ប៉ូលិស​បាន​បំបែក​ហ្វូង​មនុស្ស​ដោយ​ប្រើប្រាស់​កាំភ្លើង​បាញ់​ទឹក​ និង​ឧស្ម័ន​បង្ហូរ​ទឹក​ភ្នែក។

អវត្តមាន​ក្នុង​ការ​ជួប​ជុំ​នេះ ភាគ​ច្រើន​ជា​អ្នកគាំទ្រ​មកពី​គណបក្ស ​PAS ​ដែល​គាំទ្រ​ពួក​អ៊ីស្លាម​ ហើយ​ការ​ជួប​ជុំ​នោះ​ក៏​គ្មាន​វត្តមាន​របស់​មេដឹកនាំ​គណបក្ស​ប្រឆាំងដែល​មាន​ប្រជាប្រិយភាព​លោក Anwar Ibrahim ដែល​ឥឡូវ​ជាប់​ឃុំឃាំង​រយៈពេល​ប្រាំ​ឆ្នាំ​បន្ទាប់​ពី​ទទួល​ការ​ផ្ដន្ទាទោស​ពី​បទ​សេពសន្ថវៈ​ជា​មួយ​មនុស្ស​ភេទ​ដូចគ្នា។

អ្នកស្រី​ Welsh ​បាន​រំពឹង​ទុក​ថា ​នៅ​ពេល​ឥឡូវ​នេះ​លោក​ Najib​ នឹង​ទប់ទល់​នឹង​សម្ពាធ​បច្ចុប្បន្ន​នេះ​ដែល​បាន​អំពាវនាវ​ឲ្យ​លោកចុះ​ចេញ​ពី​តំណែង។

«សម្រាប់​រយៈ​ពេល​ខ្លី​ លោក​ Najib ហាក់​ដូច​ជា​នៅ​ទីនោះ​នៅ​ឡើយ ​ប៉ុន្តែ​សម្រាប់​រយៈ​ពេល​វែង ​អ្វី​ដែល​យើង​កំពុង​មើល​ឃើញ​នៅ​ពេល​នេះ​ គឺ​ជា​ស្ថានភាព​ទន់ខ្សោយយ៉ាង​ខ្លាំង​សម្រាប់​លោក​នាយក​រដ្ឋមន្ដ្រី។ លោក​បាន​បាត់បង់ការ​ជឿ​ទុក​ចិត្ត​ថ្នាក់ជាតិ​និង​អន្តរជាតិ​យ៉ាង​ច្រើន ហើយ​ជា​រៀងរាល់​ថ្ងៃលោក​មាន​រឿង​អាស្រូវ​និង​វិបត្តិ​ជា​បន្តបន្ទាប់»។

ក្រុម​អ្នក​វិភាគ​ផ្សេង​ទៀត​រួម​ទាំង​លោក ​William Case ​មក​ពី​សាកលវិទ្យាល័យ City ​ក្នុង​ទីក្រុង​ហុងកុង​បាន​និយាយ​ថា​ ជំហរ​របស់​លោក ​Najib ​បាន​កំពុង​តែ​ពង្រឹង​ឡើងដោយសារ​តែ​ការ​បែកបាក់​ក្នុង​គណបក្ស​ប្រឆាំង។

«ខ្ញុំ​អាច​និយាយ​បាន​ថា Najib Razak ​ ទើប​តែ​បាន​ជួប​នឹង​ការ​តវ៉ា​ដ៏​ល្អ​ខ្លាំង​ណាស់​មួយ​ ហើយ​ខ្ញុំ​គិត​ថា ​សមាសភាព​នៃ​ការ​តវ៉ា​នេះរាប់​ចាប់​ពី​របៀប​របស់​ការ​តវ៉ា​មក​ដល់ពេល​នេះ ហើយ​ការអត់ធ្មត់​របស់​នគរបាល​ ទាំង​អស់​នេះ​មាន​ន័យ​ថា​ ការ​ពិតវា​ជា​ការ​ពង្រឹង​អំណាច​របស់​លោក​នាយករដ្ឋមន្រ្តី ​ដែល​នឹង​អាច​ធ្វើ​ឱ្យ​លោក​ងាយ​នឹង​ដោះស្រាយ​រឿង​អាស្រូវ​មូលនិធិ​របស់​រដ្ឋ​នេះ»។

លោក ​Case ​បាន​និយាយ​ថា​ គណបក្ស​ប្រឆាំង​ត្រូវ​បាន​បំបែក ​នៅ​ពេល​គណបក្ស ​PAS​ ដែល​គាំទ្រ​ពួក​អ៊ីស្លាម​ឥឡូវ​នេះ​ លែង​សហការ​ជាមួយ​ផ្នែក​ផ្សេង​ទៀត​នៃ​គណបក្ស​ប្រឆាំង​នោះ។

លោក​បាន​ថ្លែង​ថា​ វត្ត​មាន​នៅ​ឯ​ការ​ជួបជុំ​របស់​អតីត​នាយក​រដ្ឋមន្រ្តី ​Mahathir Mohamad ដែល​ធ្លាប់​ជាអ្នក​ដឹកនាំ​គណបក្ស​រួបរួម​ជាតិ​ម៉ាឡេស៊ី ​(UMNO​) បាន​គូស​បញ្ជាក់​ពី​គោល​ជំហរ​កាន់​តែ​រឹង​មាំ​របស់​លោក ​Najib ​ដោយសារ​តែ​លោក​ Mahathir ​ធ្លាប់​បាន​ស្វែង​រក​ការ​គាំទ្រ​នៅ​ក្នុង​គណបក្សUMNO ​ក្នុង​ការ​អំពាវនាវ​ឱ្យ​មាន​ការ​លាលែង​ពី​តំណែង​របស់​លោក​នាយករដ្ឋមន្ត្រីតែ​មិន​បាន​សម្រេច។

អ្នក​វិភាគ​និយាយ​ថា​ ពួក​គេ​រំពឹង​ថា​ លោក Najib ​នឹង​រក​វិធី​ដើម្បី​កេងចំណេញនយោបាយ​ដែល​កំពុង​បែក​បាក់​នៅ​ក្នុង​ប្រទេស​ម៉ាឡេស៊ី​ នៅ​ពេល​ប៉ុន្មាន​ខែ​ខាង​មុខ​នេះ​។

ប៉ុន្តែ​អតីត​សមាជិក​រដ្ឋាភិបាល​នឹង​មាន​ការ​ជួបជុំ​គ្នា​នៅ​ថ្ងៃ​ទី​៩ កញ្ញា​នេះ​ ដើម្បី​ប្រឹង​ប្រែង​រក​វិធីសាស្ត្រមួយ​ដែល​គេ​ហៅថា «វិធីសាស្ត្រ​នៃ​ការ​ចាកចេញ​ដោយ​កិត្តិយស» សម្រាប់​លោក​នាយក​រដ្ឋមន្រ្តី។ ប្រទេស​ម៉ាឡេស៊ី​គឺ​មិន​មានការប្រឈមមុខ​នឹង​ការ​បោះ​ឆ្នោត​ថ្មី​រហូត​ដល់​ឆ្នាំ២០១៨៕

ប្រែសម្រួល​ដោយ​ មាន ​ឥស្សរាយស

XS
SM
MD
LG