កាលពីឆ្នាំ២០០៩ គណៈកម្មាធិការជាតិស្តីពីច្បាប់ Fatwa របស់ម៉ាឡេស៊ី ដែលជាក្រុមប្រឹក្សាអ៊ីស្លាមថ្នាក់ជាតិ បានតម្រូវឲ្យស្ត្រីមូស្លីមទាំងអស់នៅក្នុងប្រទេសម៉ាឡេស៊ីច្រិបយោនីរបស់ខ្លួន។ ការសិក្សាស្រាវជ្រាវថ្មីមួយ បានបង្ហាញថា ស្ត្រីម៉ូស្លីមស្ទើតែទាំងអស់បានឆ្លងកាត់ការប្រតិបត្តិច្រិបយោនីនេះ។ ក៏ប៉ុន្តែ អង្គការសហប្រជាជាតិកំពុងតែធ្វើការជាមួយនឹងគណៈកម្មាធិការនេះ ដើម្បីលុបបំបាត់ច្បាប់តម្រូវឲ្យមានការប្រតិបត្តិបែបនេះ។
មន្ត្រីសុខាភិបាលរបស់ម៉ាឡេស៊ីដែលកំពុងតែចរចាជាមួយនឹងគណៈកម្មាធិការជាតិស្តីអំពីច្បាប់ Fatwa របស់ម៉ាឡេស៊ី ឲ្យដឹងថា ច្បាប់របស់ក្រុមប្រឹក្សាសាសនាជាតិនេះ ដែលតម្រូវឲ្យស្ត្រីមូស្លីមគ្រប់រូបច្រិបយោនីរបស់ខ្លួននោះនឹងអាចត្រូវលុបបំបាត់។
អង្គការសុខភាពពិភពលោក (WHO) ចាត់ទុករាល់ប្រភេទនៃការប្រតិបត្តិដ៏ធ្ងន់ធ្ងរលើប្រដាប់ភេទរបស់ស្ត្រីជាការកាត់បំផ្លាញ ហើយបែងចែកការអនុវត្តនេះជាផ្នែកនៃដំណើរការបួនប្រភេទដែលបណ្តាលឲ្យមានការរងគ្រោះថ្នាក់ធ្ងន់ធ្ងរ។ អង្គការ WHO បានហាមឃាត់ការប្រតិបត្តិទាំងអស់នេះ។
យោងតាមមន្ត្រីសុខាភិបាលឲ្យដឹងថា ការច្រិបយោនីរបស់ស្ត្រីក្នុងចំនួនតូចដែលអនុវត្តនៅម៉ាឡេស៊ី ឋិតនៅក្នុងប្រភេទទី៤នៃការបែកចែករបស់អង្គការ WHO។ ជួនកាល ការប្រតិបត្តិនេះរួមមានការចាក់ម្ជុលចូលក្នុងសន្ទះយោនី ដែលជាទូទៅត្រូវបានអនុវត្តលើទារកដែលទើបតែកើត ហើយមិនសូវជាប៉ះពាល់ដល់សុខភាពស្ត្រីពេលគេធំដឹងក្តីទេ។
ច្បាប់ Fatwa ដែលត្រូវបានប្រកាសកាលពីឆ្នាំ២០០៩ ថ្លែងថា ការច្រិបយោនីស្ត្រីគឺតម្រូវឲ្យធ្វើឡើងគ្រប់ករណីទាំងអស់ «លើកលែងតែករណីដែលបណ្តាលឲ្យមានគ្រោះថ្នាក់»។ ប៉ុន្តែ អ្នកជំនាញសុខាភិបាលពិភពលោក ឲ្យដឹងថា ការប្រតិបត្តិនេះតែងតែបណ្តាលឲ្យមានគ្រោះថ្នាក់ សូម្បីតែក្នុងការច្រិបយោនីក្នុងទម្រង់តូច ដូចនៅម៉ាឡេស៊ីក្តី។
លោកស្រី Saira Shaheem នៃមូលនិធិប្រជាសាស្ត្ររបស់អង្គការសហប្រជាជាតិប្រចាំរដ្ឋធានី កូឡាឡាំពួរ ឲ្យដឹងថា មន្ត្រីសុខាភិបាលកំពុងតែព្យាយាមធ្វើការជាមួយនឹងគណៈកម្មាធិការច្បាប់ Fatwa ដើម្បីកែប្រែច្បាប់របស់ក្រុមប្រឹក្សាសាសនាដ៏មានឥទ្ធិពលនេះឲ្យស្របទៅតាមគោលការណ៍ណែនាំរបស់អង្គការសុខភាពពិភពលោក។
«យើងនឹងបន្តធ្វើការជាមួយនឹងក្រុមប្រឹក្សានេះអំពីបញ្ហានេះ។ ក៏ប៉ុន្តែ ច្បាប់ Fatwa មិនបានកំណត់ថា តើការប្រតិបត្តិនេះគួរតែធ្វើឡើងយ៉ាងដូចម្តេចទេ។ ចំណុចនេះបានអនុញ្ញាតឲ្យយើងមានឱកាសកំណត់ដំណើរការប្រតិបត្តិនេះតាមរបៀបដែលមិនបណ្តាលឲ្យមានគ្រោះថ្នាក់ធ្ងន់ធ្ងរ ហើយយើងអាចកែប្រែការអនុវត្តនោះបានតាមនោះដែរ»។
តាមទំនៀមទម្លាប់ប្រពៃណី ស្ត្រីជាឆ្មបតែងតែប្រតិបត្តិការច្រិបយោនីរបស់ទារកនៅតាមផ្ទះ ក៏ប៉ុន្តែ ខណៈដែលគ្រូពេទ្យត្រូវបានស្នើឲ្យប្រតិបត្តិដំណើរការនេះនៅកន្លែងដែលគ្មានមេរោគ ស្ត្រីជាឆ្មបទាំងនេះកំពុងតែស្ទាក់ស្ទើរក្នុងការប្រតិបត្តិការច្រិបយោនី ដោយសារតែពួកគេមិនចង់បំពានលើការណែនាំរបស់សមាគមវេជ្ជសាស្ត្រម៉ាឡេស៊ី។
លោកស្រី Shaheem និយាយថា មន្ត្រីរបស់មន្ទីរសុខាភិបាលកំពុងព្យាយាមជំនួសការច្រិបយោនីនេះជាមួយនឹងការលាងយោនីដោយជាតិអាកុលវិញ ដែលអនុវត្តដោយពេទ្យឆ្មបនៅពេលទារកទើបនឹងកើត ខណៈដែលក្រុមប្រឹក្សាសាសនាព្យាយាមលុបបំបាត់ច្បាប់ Fatwa នេះ។
ច្បាប់ Fatwa មិនបានចែងអំពីការកាត់ស្បែកចុងលិង្គរបស់បុរសទេ ដែលជាការប្រតិបត្តិមួយដែលក្រុមប្រឹក្សាសាសនាតម្រូវឲ្យបុរសនៅម៉ាឡេស៊ី ប្រតិបត្តិតាមនៅពេលធំដឹងក្តី ហើយប្រារព្ធធ្វើឡើងក្នុងពិធីសាធារណៈ។
ការសិក្សាស្រាវជ្រាវមួយរបស់មន្ត្រីសុខាភិបាលម៉ាឡេស៊ីនៅឆ្នាំ២០១២ បានបង្ហាញថា ស្ត្រីមូស្លីមចំនួន៩៣ភាគរយបានឆ្លងកាត់ការច្រិបយោនីនេះ។ តួលេខនេះបានធ្វើឲ្យប្រទេសម៉ាឡេស៊ីក្លាយជាប្រទេសមួយក្នុងចំណោមប្រទេស ដែលមានភាគរយនៃការប្រតិបត្តិការច្រិបយោនីខ្ពស់ជាងគេបង្អស់នៅក្នុងពិភពលោក រួមមានប្រទេសក្នុងតំបន់អាហ្វ្រិកខាងកើត ដូចជា សូម៉ាលី និង ស៊ូដង់ ជាដើម។
ទោះបីជាការស្រាវជ្រាវនេះបានផ្តល់ទិន្នន័យមិនស៊ីសង្វាក់គ្នានឹងទំហំនៃការច្រិបយោនីពិតប្រាកដក្តី អ្នកស្រាវជ្រាវ ឲ្យដឹងថា ស្ត្រីជាឆ្មបនៅម៉ាឡេស៊ីតែងតែច្រិបសាច់មួយដុំតូចមិនធំជាង«គ្រាប់អង្ករមួយកំណាត់»ពីស្រទាបយោនីរបស់ទារក។
លោកស្រី Julia Lalla-Maharajh គឺជានាយិកានៃគម្រោង Orchid ដែលជាក្រុមគាំពារមួយនៅទីក្រុង London ដើម្បីលុបបំបាត់ការច្រិបយោនីស្ត្រី។ លោកស្រីព្រួយបារម្ភថា ច្បាប់ Fatwa នេះអាចនឹងបណ្តាលឲ្យមានការយល់ឃើញថា ការច្រិបយោនីក្នុងទ្រង់ទ្រាយធំត្រូវតែប្រតិបត្តិឡើង ដើម្បីគោរពទៅតាមជំនឿប្រពៃណី។
«ការប្រតិបត្តិគ្រប់ប្រភេទទាំងអស់សុទ្ធតែមានគ្រោះថ្នាក់។ ការប្រតិបត្តិបែបនេះមិនមានផលប្រយោជន៍អ្វីទាល់តែសោះដល់សុខភាព។ យើងក៏សូមចង្អុលបង្ហាញថា តាមពិតទៅ ច្បាប់ Fatwa ខ្លះនៅជុំវិញពិភពលោកបានលើកឡើងថា ការច្រិបយោនីស្ត្រីអាចមានគ្រោះថ្នាក់ ហើយត្រូវបានហាមឃាត់តាមសាសនាអ៊ីស្លាម»។
លោកស្រីបានបន្ថែមទៀតថា គំនាបប្រពៃណីមិនឲ្យនិយាយពីការច្រិបយោនីនេះបណ្តាលឲ្យទិន្នន័យមានមិនគ្រប់គ្រាន់ ហើយថា ជំនឿជាបន្តបន្ទាប់ដែលថា ទំនៀមទម្លាប់នេះគឺសំខាន់ដល់វប្បធម៌ ជាជាងផ្តល់គ្រោះថ្នាក់មកលើសុខភាពនោះ បានជំរុញឲ្យមេដឹកនាំសាសនាម៉ូស្លីមជាច្រើន អះអាងថា ការចាត់ថ្នាក់នៃការច្រិបយោនីនេះគឺជាការយល់ខុស។
សូម្បីតែនៅក្នុងចំណោមសហគមន៍នៅម៉ាឡេស៊ី ក៏មានការតស៊ូមតិគ្នាថា តើដំណើរការប្រតិបត្តិនេះត្រូវបានតម្រូវដោយសាសនាអ៊ីស្លាមមែនឬយ៉ាងណា។ នរៈវិទូ ឲ្យដឹងថា ការប្រតិបត្តិនេះមានតាំងពីមុនសាសនាអ៊ីស្លាម នៅក្នុងតំបន់ខ្លះនៅអាស៊ីអាគ្នេយ៍។
នៅក្នុងការស្រាវជ្រាវឆ្នាំ២០១២ អ្នកចូលរួមក្នុងការស្រាវជ្រាវនេះបានប្រាប់ពីមូលហេតុនៃការអនុវត្តដំណើរការប្រតិបត្តិនេះ រួមមាន កាតព្វកិច្ចសាសនា អនាម័យប្រដាប់ភេទ ការគ្រប់គ្រងចំណង់ផ្លូវភេទរបស់ស្ត្រី និងជំនឿមួយដែលថា ការធ្វើបែបនេះអាចជួយបំពេញចំណង់របស់ដៃគូរួមភេទរបស់ស្ត្រី។ អង្គការ WHO អះអាងថា កត្តាទាំងអស់នេះបង្ហាញឲ្យឃើញថា ការប្រតិបត្តិនេះកើតឡើងដោយសារតែការលំអៀងក្នុងបញ្ហាយេនឌ័រដែលបានចាក់ឬសយ៉ាងជ្រៅមួយ។
លោកស្រី Shaheem នៃមូលនិធិប្រជាសាស្ត្ររបស់អង្គការសហប្រជាជាតិ ឲ្យដឹងថា ប្រព័ន្ធសុខាភិបាលទ្រង់ទ្រាយធំរបស់ម៉ាឡេស៊ី បង្ហាញឲ្យឃើញថា ស្ត្រីដែលឆ្លងកាត់ការច្រិបយោនីនេះមិនទំនងជាប្រឈមនឹងគ្រោះថ្នាក់ដល់ជីវិត ដូចស្ត្រីនៅអាហ្វ្រិកទេ។
ក៏ប៉ុន្តែ លោកស្រីបានបន្ថែមថា ព័ត៌មានតិចតួចណាស់បង្ហាញពីរបៀបនៃដំណើរការប្រតិបត្តិនេះ និងទំហំសាច់ដែលឆ្មប ឬពេទ្យបានកាត់នោះ។
«ដោយសារតែគ្មាននរណាម្នាក់បានកំណត់ ហើយបើទោះបីជាវាមិនមានគ្រោះថ្នាក់ក្តី ក៏គ្មានការណែនាំថា តើពេទ្យឆ្មបត្រូវកាត់សាច់អ្វី ហើយថា តើត្រូវកាត់សាច់ទំហំប៉ុនណា។ ឪពុកម្តាយរបស់ទារកមិនដឹងទេ។ នេះគឺជាកិច្ចការរបស់គ្រូពេទ្យ ហើយឪពុកម្តាយនឹងដឹងព័ត៌មានទាំងនេះនៅពេលក្រោយតែប៉ុណ្ណោះ»។
ទោះបីជាមានការពិភាក្សាជាបន្តបន្ទាប់ដើម្បីលុបបំបាត់ច្បាប់ Fatwa ដែលតម្រូវឲ្យមានការប្រតិបត្តិនេះក្តី ក៏អ្នកចូលរួមក្នុងកិច្ចចរចានេះ ឲ្យដឹងថា សេចក្តីសម្រេចមិនទាន់បានកំណត់នៅពេលណាឲ្យជាក់លាក់នៅឡើយទេ។
អង្គការ WHO សន្និដ្ឋានថា នៅទូទាំងពិភពលោក ស្ត្រី និងក្មេងស្រីចំនួន១០០ទៅ១៤០លាននាក់ត្រូវបានច្រិបយោនី ហើយថា ជារៀងរាល់ឆ្នាំ នៅអាហ្វ្រិក ក្មេងស្រីជាង៣លាននាក់កំពុងប្រឈមនឹងគ្រោះថ្នាក់ដោយសារតែការច្រិបយោនីនេះ៕
ប្រែសម្រួលដោយ ទែន សុខស្រីនិត