បាតុករម៉ាឡេស៊ីបានធ្វើការតវ៉ាតាមផ្លូវនៅថ្ងៃអាទិត្យនេះដែលជាថ្ងៃទី២នៃការប្រមូលផ្តុំគ្នាតវ៉ារយៈពេល២ថ្ងៃនៅរដ្ឋធានីកូឡាំឡាំពួរ ប្រទេសម៉ាឡេស៊ី ដើម្បីទាមទារឲ្យលោកនាយករដ្ឋមន្ត្រីចុះចេញពីតំណែង ព្រោះលោកប្រឈមនឹងបទចោទប្រកាន់ធ្ងន់ធ្ងរពីបទលួចបន្លំថវិការដ្ឋ។
អង្គការ Bersihដែលជាអង្គការសង្គមស៊ីវិលនាំមុខគេនៅប្រទេសម៉ាឡេស៊ី ចង់ឲ្យលោក នាយករដ្ឋមន្ត្រី Najib Razak លាលែងពីតំណែង បន្ទាប់ពីមានការបញ្ចេញព័ត៌មានថា លោកនាយករដ្ឋមន្ត្រីបានទទួលលុយ៧០០លានដុល្លារចូលក្នុងគណនេយ្យធនាគារផ្ទាល់ខ្លួនរបស់លោក ហើយលុយនោះបានពីមូលនិធិ1MDB ដែលជាមូលនិធិរបស់រដ្ឋសម្រាប់ការអភិវឌ្ឍ។ អ្នករៀបចំបាតុកម្មនិយាយថា មានអ្នកតវ៉ាពីរសែននាក់កាលពីថ្ងៃសៅរ៍ តែប៉ូលិសនិយាយថា បាតុកម្មនេះមានអ្នកចូលរួមមិនដល់៣ម៉ឺននាក់ទេ។
លោក Mahathir Mohamad អាយុ៩០ឆ្នាំ អតីតនាយករដ្ឋមន្ត្រីម៉ាឡេស៊ី ហើយដែលបានធ្វើការអំពាវនាវនាំមុខគេទាមទារឲ្យលោក Najib ចេញពីតំណែង នោះ ក៏បានចូលរួមក្នុងបាតុកម្មនេះមួយរយៈខ្លីដែរកាលពីថ្ងៃសៅរ៍។
រដ្ឋាភិបាលបានពង្រឹងសន្តិសុខមុនមានការប្រមូលផ្តុំគ្នានេះ។ លោក Najib បានបដិសេធការចោទប្រកាន់នេះ ដោយលើកឡើងថា លុយនោះជាអំណោយពីតំបន់មជ្ឈឹមបូព៌ា។ លោកថ្លែងថា ការចោទប្រកាន់លោកអំពីរឿងពុករលួយនេះគឺជាផ្នែកមួយនៃវិទ្ធង្សនានយោបាយ ប្រឆាំងនឹងការដឹកនាំចម្រុះដ៏យូរនៅប្រទេសម៉ាឡេស៊ី៕