តុលាការម៉ាឡេស៊ីនៅថ្ងៃព្រហស្បតិ៍នេះបានបញ្ជាឲ្យអ្នកស្រី Rosmah Mansor ភរិយារបស់អតីតនាយករដ្ឋមន្ត្រីលោក Najib Razak ចូលខ្លួនការពារក្ដីក្នុងការជំនុំជម្រះលើសុំណំរឿងពុករលួយ ដែលពាក់ព័ន្ធនឹងការអនុម័តគម្រោងមួយ ដែលមានទឹកប្រាក់រាប់លានដុល្លារ នៅពេលដែលលោកអតីតនាយករដ្ឋមន្ត្រីរូបនេះនៅកាន់អំណាច។
បណ្ដឹងពីបទពុករលួយរាប់សិបករណីត្រូវបានប្ដឹងប្រឆាំងស្វាមីភរិយាមួយគូនេះ បន្ទាប់លោក Najib បានចាញ់ការបោះឆ្នោតកាលពីឆ្នាំ ២០១៨ ចំពេលសាធារណជនមានការខឹងសម្បារយ៉ាងខ្លាំងអំពីការចោទអំពីរឿងពុករលួយ និងជីវិតរស់នៅដ៏ស្តុកស្ដម្ភរបស់ពួកគេ បន្ទាប់ពីការឆែកឆេររបស់ប៉ូលិសបានបង្ហាញថា អ្នកស្រី Rosmah មានគ្រឿងអលង្ការ និងកាបូបតម្លៃរាប់លានដុល្លារ។
តុលាការកំពូលប្រចាំរាជធានីគូឡាឡាំពួរបានសម្រេចថា មានភស្ដុតាងគ្រប់គ្រាន់សម្រាប់បន្តនីតិវិធីរឿងក្តី។
ចៅក្រម Mohamed Zaini Mazlan បានប្រកាសសាលក្រមថា៖ «ការរកឃើញរបស់ខ្ញុំគឺថា អយ្យការបានបង្ហាញភស្តុតាងដែលឆ្លុះបញ្ចាំងពីការប្រព្រឹត្តបទល្មើសពិតប្រាកដ...ឥឡូវខ្ញុំសូមកោះហៅជនជាប់ចោទឲ្យចូលការពារក្តី»។
អ្នកស្រី Rosmah អាយុ ៦៩ឆ្នាំ ប្រឈមមុខនឹងការចោទប្រកាន់ចំនួនបីករណី ទាក់ទងនឹងការស្នើសុំ និងទទួលសុំណូក ដែលពាក់ព័ន្ធនឹងទឹកប្រាក់ចំនួនជាង ៤៨ លានដុល្លារ ដើម្បីជួយក្រុមហ៊ុន Jepak Holdings Sdn Bhd ឲ្យទទួលបានគម្រោងផ្ទាំងសូឡារស្រូបពន្លឺព្រះអាទិត្យ។
ប្រសិនជារកឃើញថាមានទោស អ្នកស្រីអាចនឹងត្រូវជាប់ពន្ធនាគាររហូតដល់ ២០ឆ្នាំ និងពិន័យជាទឹកប្រាក់យ៉ាងហោចណាស់ប្រាំដងនៃទឹកប្រាក់ ដែលត្រូវបានបញ្ជាក់ក្នុងការចោទប្រកាន់ទាំងអស់៕