ស្ថិតិមកពីស្នងការប៉ូលិសម៉ាឡាវីបង្ហាញថា ករណីរំលោភដែលត្រូវបានកត់ត្រានៅក្នុងប្រទេសនេះមានចំនួនកើនឡើងលើសទ្វេដងចាប់តាំងពីឆ្នាំ២០១៨មក។
តួលេខមកពីការិយាល័យស្ថិតិជាតិបង្ហាញថា សម្រាប់៣ខែចុងក្រោយឆ្នាំមុន (ឆ្នាំ២០២០) តែមួយឆ្នាំប៉ុណ្ណោះ ករណីបំពានផ្លូវភេទមានចំនួន៣៥%ខ្ពស់ជាងរយៈពេលដូចគ្នាកាលពីឆ្នាំមុនមួយទៀត។
អ្នកធ្វើយុទ្ធនាការសិទ្ធិមនុស្សបានបន្ទោសការកើនឡើងនេះទៅលើការកាត់ទោសមិនតឹងរ៉ឹងលើអ្នកប្រព្រឹត្ត។
ឥឡូវនេះ ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកកំពុងកត់សម្គាល់ថា មាននិន្នាការភ្លាមៗមួយចំពោះរយៈពេលជាប់ពន្ធនាគារកាន់តែយូរសម្រាប់អ្នកដែលត្រូវបានកាត់ទោសលើបទល្មើសរំលោភសេពសន្ថវៈ និងការបំពានផ្លូវភេទ។ ពួកគេនិយាយថា ការកាត់ទោសជាមធ្យមបានកើនឡើងពី ១០ឆ្នាំ ទៅ២០ឆ្នាំ ហើយជនល្មើសមួយចំនួនត្រូវជាប់ពន្ធនាគារអស់មួយជីវិត។
ជាឧទាហរណ៍ តុលាការជាន់ខ្ពស់មួយនៅក្នុងរដ្ឋធានីលីឡុងវ៉េកាលពីពេលថ្មីៗនេះបានកាត់ទោសបុរសអាយុ៣០ឆ្នាំម្នាក់ឱ្យជាប់ពន្ធនាគារអស់មួយជីវិតចំពោះការរំលោភក្មេងអាយុ១០ឆ្នាំ និងធ្វើឱ្យនាងឆ្លងជំងឺអេដស៍។
ការកាត់ទោសបែបនេះកើតឡើងមួយសប្តាហ៍បន្ទាប់ពីតុលាការមួយនៅក្នុងក្រុង Blantyre បានកាត់ទោសបុរសអាយុ៤២ឆ្នាំម្នាក់ឱ្យជាប់ពន្ធនាគារ២០ឆ្នាំចំពោះការរំលោភកូនស្រីចុងរបស់ខ្លួន។ នារីម្នាក់នោះក៏ត្រូវបានឆ្លងជំងឺអេដស៍ផងដែរ។
អ្នកស្រី Barbara Banda គឺជានាយកអង្គការបណ្តាញសម្របសម្រួលយេនឌ័រ ដែលជាអង្គការក្រៅរដ្ឋាភិបាលមួយដែលបានធ្វើការតវ៉ាប្រឆាំងនឹងករណីអំពើហិង្សាយេនឌ័រដែលកំពុងតែមានចំនួនកើនឡើង។
អ្នកស្រី Barbara Banda បាននិយាយក្នុងន័យដើមថា៖ «យើងសប្បាយចិត្តណាស់ដែល យើងបានមកដល់ចំណុចនេះ ដោយយើងអាចមើលឃើញការកាត់ទោសធ្ងន់ៗរបស់តុលាការ។ ប៉ុន្តែអ្វីដែលធ្វើឱ្យយើងបារម្ភគឺថា យើងបន្តមើលឃើញករណីទាំងនេះកើនឡើងជារៀងរាល់ថ្ងៃ ដែលមានន័យថា ការកាត់ទោសទាំងនេះមិនមែនជាការបង្អាក់ពេញលេញមួយដើម្បីដោះស្រាយអំពើហិង្សាយេនឌ័រ និងការបំផ្លាញព្រហ្មចារីនោះទេ»។
អ្នកស្រី Banda និយាយថា ការផ្តោតអារម្មណ៍គួរតែជាការផ្លាស់ប្តូរផ្នត់គំនិតដែលអាចធ្វើឱ្យមានការបំពានផ្លូវភេទ។ ប្រជាពលរដ្ឋម៉ាឡាវីមួយចំនួនមានជំនឿខុសថា ការរួមភេទជាមួយអនីតិជនអាចព្យាបាលជំងឺអេដស៍ ឬនាំមកនូវទ្រព្យសម្បត្តិដ៏មហាសាល។
អ្នកស្រី Zione Ntaba ជាចៅក្រមមួយរូបនៅតុលាការជាន់ខ្ពស់ម៉ាឡាវី និងជាអ្នកសម្របសម្រួលកម្មវិធីថ្នាក់ជាតិសម្រាប់សមាគមចៅក្រមម៉ាឡាវីស្ត្រី ហៅកាត់ WOJAM។
សមាគម WOJAM បានសហការជាមួយអង្គការផ្សេងទៀតដើម្បីឧបត្ថម្ភគាំទ្រដល់តុលាការចល័ត ដូច្នេះប្រជាជនអាចមើលឃើញភាពយុត្តិធម៌ត្រូវបានអនុវត្តនៅនឹងភ្នែករបស់ពួកគេផ្ទាល់។
អ្នកស្រីជឿថា ការធ្វើបែបនេះមានសារៈសំខាន់ក្នុងការបង្អាក់បទល្មើសផ្លូវភេទ។
ចៅក្រម Zione Ntaba បាននិយាយក្នុងន័យដើមថា៖ «ក្រៅពីការកាត់ទោសកាន់តែធ្ងន់ធ្ងរ បញ្ហាធំបំផុតសម្រាប់យើងពាក់ព័ន្ធនឹងការកាត់បន្ថយបទល្មើសគឺធានាឱ្យបានថា ត្រូវមានយុត្តិធម៌ នៅពេលបទល្មើសនេះកើតមាន ដោយសារនេះជាអ្វីដែលនឹងផ្លាស់ប្តូរផ្នត់គំនិតរបស់ប្រជាពលរដ្ឋ។ វាជាការមើលឃើញបុគ្គលម្នាក់ដែលបានប្រព្រឹត្តបទល្មើសត្រូវឆ្លងកាត់នីតិវិធីច្បាប់ និងត្រូវបានកាត់ទោស ហើយនោះនឹងធ្វើឱ្យមានការផ្លាស់ប្តូរផ្នត់គំនិត»។
ចៅក្រម Ntaba បាននិយាយថា អ្នកស្រីក៏គិតថា ការកើនឡើងនៃករណីបំពានផ្លូវភេទក៏អាចកាត់បន្ថយផងដែរតាមរយៈការវិនិយោគលើវិធានការបង្ការបទល្មើស។
ក្រសួងយេនឌ័រម៉ាឡាវីនិយាយថា ខ្លួនបានសហការជាមួយនឹងស្ថាប័នជាច្រើនរួមមានស្នងការប៉ូលិសម៉ាឡាវី ក្នុងការរៀបចំយុទ្ធនាការថ្នាក់ជាតិលើកកម្ពស់ការយល់ដឹងប្រឆាំងនឹងការបំពានផ្លូវភេទ និងអំពើហិង្សាយេនឌ័រ៕