ប៉ូលិសនៅក្នុងប្រទេសម៉ាឡាវីដែលស្ថិតនៅភាគខាងកើតនៃទ្វីបអាហ្រ្វិកបានប្រកាសនៅពាក់កណ្តាលខែធ្នូថា ករណីរំលោភសេពសន្ថវៈដែលត្រូវបានកត់ត្រានៅក្នុងប្រទេសនេះកើនឡើងលើសទ្វេដងចាប់តាំងពីឆ្នាំ២០១៨មក ដោយក្មេងស្រីៗគឺជាជនរងគ្រោះខ្លំាងជាងគេ។
ប៉ូលិសបានបន្ទោសដល់អបិយជំនឿចំពោះការកើនឡើងនៃការរំលោភសេពសន្ថវៈ និងការរំលោភបំពានផ្លូវភេទនេះ។ នៅក្នុងប្រទេសនេះ គេមានជំនឿថា ការបំផ្លាញភាពបរិសុទ្ធរបស់អនីតិជននាំមកនូវសំណាង ឬទ្រព្យសម្បត្តិ។ ប៉ុន្តែអ្នកចិត្តសាស្ត្រគ្លីនិកបាននិយាយថា គេគួរតែបន្ទោសដល់សុខភាពផ្លូវចិត្តជាង។
អ្នកនាំពាក្យសម្រាប់ស្នងការប៉ូលិសម៉ាឡាវីលោក James Kadadzera មានក្តីកង្វល់ដោយសារតែ ការកើនឡើងនៃករណីរំលោភសេពសន្ថវៈទៅលើអនីតិជនកាន់តែច្រើន បើប្រៀបធៀបទៅនឹងករណីរំលោភសេពសន្ថវៈលើមនុស្សពេញវ័យ។
លោក James Kadadzera បាននិយាយថា៖ «ពាក់ព័ន្ធនឹងករណីរំលោភនៅក្នុងឆ្នាំ២០២០ យើងមានករណីដែលត្រូវបានកត់ត្រាចំនួន ៤២៣ ករណីរួចទៅហើយ ដោយយើងមិនទាន់គិតពីរយៈពេលដែលនៅសេសសល់ក្នុងខែធ្នូនោះទេ។ ទោះជាយ៉ាងនេះក្តី តួលេខពាក់ព័ន្ធនឹងការបំផ្លាញភាពបរិសុទ្ធរបស់អនីតិជនជាការព្រួយបារម្ភយ៉ាងខ្លាំង។ នៅក្នុងឆ្នាំ២០២០ ទោះបីជាខែធ្នូមិនទាន់បញ្ចប់ក្តី យើងមានករណីដែលត្រូវបានកត់ត្រាចំនួន ១.៧៣៨ ករណីរួចទៅហើយ»។
ប្រព័ន្ធផ្សព្វផ្សាយក្នុងប្រទេសម៉ាឡាវីនាពេលថ្មីៗនេះមានសុទ្ធតែព័ត៌មានអំពីការរំលោភ ការរួមភេទរវាងសាច់ញាតិ និងការបំផ្លាញភាពបរិសុទ្ធរបស់អនីតិជន។
តួលេខពីការិយាល័យស្ថិតិជាតិបង្ហាញថា សម្រាប់៣ខែចុងក្រោយនៃឆ្នាំនេះតែប៉ុណ្ណោះ អត្រានៃការរំលោភបំពានផ្លូវភេទមានចំនួន ៣៥% ខ្ពស់ជាងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។
ស្ថានភាពនេះបង្ខំឱ្យប្រធានាធិបតីម៉ាឡាវី លោក Lazarus Chakwera ប្រកាសកាលពីសប្តាហ៍មុនពីវិធានការដ៏តឹងរ៉ឹងប្រឆាំងនឹងអ្នកប្រព្រឹត្តអំពើនេះ។
នៅក្នុងហេតុការណ៍នាពេលថ្មីៗនេះ ប៉ូលិសបានចាប់ខ្លួនបុរសអាយុ៣១ឆ្នាំម្នាក់នៅក្នុងស្រុក Zomba ពីបទរំលោភទារកអាយុ៥ខែ កាលពីថ្ងៃទី២៥ ខែវិច្ឆិកា។
ហេតុការណ៍នេះកើតឡើងប៉ុន្មានសប្តាហ៍បន្ទាប់ពីប៉ូលិសនៅក្នុងក្រុង Blantyre ចាប់ខ្លួនបុរសម្នាក់ដែលជាប់ចោទពីបទរំលោភក្មេងស្រីអាយុ២ឆ្នាំម្នាក់ និងបានសម្លាប់ និងកប់សាកសពរបស់នាងនៅក្នុងថង់ប្លាស្ទិកពណ៌ខ្មៅ។
លោកKadadzera និយាយថា ការស៊ើបអង្កេតរបស់ប៉ូលិសបានបង្ហាញថា បុរសជាច្រើនបានដេកជាមួយនឹងអនីតិជនភាគច្រើនដោយសារតែអបិយជំនឿថា ប្រសិនបើអ្នកណាម្នាក់បានដេកជាមួយអនីតិជន គេនឹងជាសះស្បើយពីជំងឺរ៉ាំរ៉ៃ មានទ្រព្យ ឬឡើងតំណែងនៅកន្លែងធ្វើការ។
លោកវេជ្ជបណ្ឌិត Chiwoza Bandawe សាស្ត្រាចារ្យផ្នែកចិត្តសាស្ត្រគ្លីនិកនៅមហាវិទ្យាល័យវេជ្ជសាស្ត្រក្នុងប្រទេសម៉ាឡាវីមានទស្សនៈផ្សេងពីនេះ។
លោកបាននិយាយថា ការកើនឡើងនៃករណីរំលោភបំពានផ្លូវភេទអាចជាកត្តារួមផ្សំនៃបញ្ហាសុខភាពផ្លូវចិត្ត និងទំនោររបស់បុរសៗនៅក្នុងប្រទេសនេះដែលគិតថា ខ្លួនមានអំណាចលើស្ត្រី។
លោកវេជ្ជបណ្ឌិត Chiwoza Bandawe បាននិយាយថា៖«យើងក៏រកឃើញនូវអ្វីដែលយើងហៅថា បញ្ហាសតិអារម្មណ៍ដែលមនុស្សម្នាក់ពេញចិត្តនឹងអារម្មណ៍ផ្លូវភេទជាមួយនឹងកុមារ។ ដូច្នេះនេះក៏អាចជាមូលហេតុដែលថា មនុស្សមួយចំនួនយល់ថា កុមារមានភាពទាក់ទាញ ប៉ុន្តែបើនិយាយពីតួលេខ ថាតើវាមានកម្រិតណានោះ យើងមិនដឹងនោះទេ ដោយសារតែមិនមានប្រវត្តិចិត្តសាស្ត្រលម្អិតរបស់អ្នកប្រព្រឹត្តនោះទេ»។
ទោះជាយ៉ាងនេះក្តី អ្នកធ្វើយុទ្ធនាការលើសិទ្ធិស្ត្រីបានស្នើសុំឱ្យមានការដាក់ទោសព្រហ្មទណ្ឌចំពោះការអនុវត្តបែបប្រពៃណីណាដែលនាំឱ្យមានការរំលោភបំពានផ្លូវភេទលើស្ត្រី និងក្មេងស្រី។
អ្នកស្រី Rachel Warren ជាគ្រូបង្រៀនផ្នែកនរវិទ្យាម្នាក់នៅសាកលវិទ្យាល័យ Catholic។ អ្នកស្រីនិយាយថា វាមិនមែនជារឿងងាយស្រួលទេសម្រាប់ប្រទេសម៉ាឡាវី និងសម្រាប់ប្រទេសអាហ្វ្រិកជាច្រើនផ្សេងទៀត ក្នុងការដើរចេញពីបទល្មើសដែលកើតឡើងពីអបិយជំនឿនេះ។
អ្នកស្រី Rachel Warren បាននិយាយថា «វានឹងមិនបញ្ចប់ទេ។ វាជាផ្នែកមួយនៃប្រព័ន្ធជំនឿ ដែលមាននៅក្នុងចំណោមយើងទាំងអស់គ្នា។ វាចាក់ដោតជ្រៅនៅក្នុងខ្លួនយើង។ ដូច្នេះ បញ្ហាគឺថា យើងត្រូវដឹងពីរបៀបគ្រប់គ្រងវា ដោយសារតែអ្វីដែលយើងមានគឺវាជាទម្លាប់នៅក្នុងប្រព័ន្ធមួយដែលជំនឿប្រពៃណីត្រូវបានបញ្ចូលក្នុងជីវិតរបស់យើង»។
អ្នកនាំពាក្យប៉ូលិស លោក Kadadzera និយាយថា ក្រៅពីការចាប់ខ្លួនអ្នកប្រព្រឹត្ត ប៉ូលិសបានសហការជាមួយនឹងមេដឹកនាំតាមលក្ខណៈប្រពៃណីនៅក្នុងយុទ្ធនាការលើកកម្ពស់ការយល់ដឹងថ្នាក់ជាតិប្រឆាំងនឹងការរំលោភបំពានផ្លូវភេទលើស្ត្រី និងក្មេងស្រី៕