ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

មាន​ការ​ចែក​ចាយ​​ប្រដាប់​ឲ្យ​ភេរវសញ្ញា​ផ្ទាល់​ខ្លួន​ដល់​ពួក​មនុស្ស​ភឿក​នៅ​ម៉ាឡាវី


រូប​ឯកសារ៖ ឪពុក​និង​កូន​ជា​មនុស្ស​ភឿក​​នៅ​អាហ្វ្រិក ដែល​រង​នឹង​ការ​ធ្វើ​ទុក្ខ​បុកម្នេញ។
រូប​ឯកសារ៖ ឪពុក​និង​កូន​ជា​មនុស្ស​ភឿក​​នៅ​អាហ្វ្រិក ដែល​រង​នឹង​ការ​ធ្វើ​ទុក្ខ​បុកម្នេញ។

អាជ្ញាធរ​នៃ​ប្រទេស​ម៉ាឡាវី​បាន​ចែក​ចាយ​ប្រដាប់​ឱ្យ​ភេរវសញ្ញាខាង​សន្តិសុខ​ផ្ទាល់​ខ្លួន​ដល់​ពួក​មនុស្ស​ភឿក​ដែល​មាន​ជំងឺ​ស្បែក​ស​បណ្តាល​មក​ពី​ការ​ខ្វះ​ជាតិ​ពណ៌​នៅ​លើ​ស្បែក។​ អាជ្ញាធរ​នៃ​ប្រទេស​ម៉ាឡាវី​សង្ឃឹម​ថា ​ប្រដាប់​បញ្ចេញភេរវសញ្ញា​ទាំង​នេះ​នឹង​រារាំង​មិន​ឱ្យ​មានការ​វាយ​ប្រហារ​លើ​ពួក​មនុស្ស​ភឿក​ដោយ​មនុស្ស​ដែល​មាន​ជំនឿ​ថា​ ផ្នែក​រាង​កាយ​មនុស្ស​ភឿក​ជា​វត្ថុស័ក្តិសិទ្ធ​ខាង​មន្តអាគម។ ក៏​ប៉ុន្តែ​ប្រដាប់​ទាំងនេះ​អាច​ឱ្យ​ភេរវសញ្ញា​ក្នុង​ចម្ងាយ​ខ្លី​ដែល​នាំ​ឱ្យ​មាន​ការ​សង្ស័យ​អំពី​ប្រសិទ្ធភាព​របស់​វា។

លោក Chipiliro Laston ដែល​ជា​អ្នក​លក់​ដូរ​ទំនិញ​ហៀប​បាន​ត្រូវ​ចាប់​ពង្រត់​ដោយ​បុរស​បី​នាក់​ដែល​ក្លែង​បន្លំ​ថា​ ជា​ប៉ូលិស​ម៉ាឡាវី។

ពួក​បុរស​ទាំង​នេះ​បាន​អះអាង​ថា ​ពួក​គេ​ឆែកឆេរ​ផ្ទះ​ពួក​អ្នក​ស្រុក​ដែល​ជាប់​សង្ស័យ​ថា​ លាក់​ទុកផ្នែក​រាង​កាយ​មនុស្ស​ភឿក​ដែល​បាន​ត្រូវ​ប្រើ​នៅ​ទូទាំង​ផ្នែក​ខាងកើត​នៃ​ទ្វីប​អាហ្វ្រិក​ជា​វត្ថុ​ស័ក្តិសិទ្ធ​ខាង​មន្ត​អាគម។

លោក Laston ត្រូវ​បាន​ជួយ​សង្គ្រោះ​នៅ​ពេល​ដែល​ពួក​បុរស​ទាំង​នេះ​ខកខាន​មិន​អាច​បង្ហាញ​អត្តសញ្ញាណប័ណ្ណ ហើយ​ពួក​អ្នកស្រុក​បាន​ប្រគល់​ខ្លួន​ជន​ទាំង​នេះ​ទៅ​ឱ្យ​ពួក​ប៉ូលិស​ពិតប្រាកដ។ លោក Chipiliro Laston ដែល​ជា​ជន​រងគ្រោះ​ដោយសារ​ការប៉ុនប៉ង​ចាប់​ពង្រត់​និយាយ​ថា៖ ​«ខ្ញុំ​បាន​ដឹង​ថា ​ខ្ញុំ​អាច​ត្រូវ​សម្លាប់​នៅ​ថ្ងៃណាមួយ​ដោយសារ​វិធី​ដែល​ជន​ទាំង​នេះ​មក​រក​ខ្ញុំ។ ខ្ញុំ​ភ័យ​ខ្លាំង​ណាស់ហើយ​ខ្ញុំ​បាន​ដឹង​ថា ​ពួកគេ​បាន​តាម​មើល​ខ្ញុំ។​ ដូច្នេះ​ចាប់តាំង​ពី​ពេល​នោះ​មក ខ្ញុំ​នៅ​តែ​រស់​ក្នុង​ការ​ភ័យ​ខ្លាច»។

ពួក​មនុស្ស​ភឿក​បាន​ត្រូវ​យក​ធ្វើជា​ទី​ដៅ​នៃ​ការ​សម្លាប់​តាម​ក្បួន​រីត ​ដោយ​ពួក​មនុស្ស​ដែល​ជឿ​ថា ​ផ្នែក​រាង​កាយ​នៃ​មនុស្ស​ភឿក​អាច​នាំ​ឱ្យ​មាន​សំណាង​ល្អ អំណាច និង​ធនធាន។

ពួក​ប៉ូលិស​និយាយ​ថា ​មាន​មនុស្ស​ភឿក​យ៉ាងតិច​ណាស់​ចំនួន​២៥នាក់បាន​ត្រូវ​សម្លាប់​នៅ​ក្នុង​ប្រទេស​ម៉ាឡាវី ចាប់តាំង​ពី​ឆ្នាំ២០១៤​មក ហើយ​ផ្នូរ​សព​មនុស្ស​ភឿក​បាន​ត្រូវ​គាស់​កកាយ​មិនមែន​ដើម្បី​យក​គ្រឿង​អលង្ការ​ទេ​ តែ​ដើម្បី​យក​រាង​កាយ​សព​ជន​ទាំង​នេះ។

នៅ​ឆ្នាំ​នេះ​អាជ្ញាធរ​នៃ​ប្រទេស​ម៉ាឡាវី​មាន​ប្រតិកម្ម​នឹង​ការ​គាប​សង្កត់​សាធារណៈ​ដោយ​បាន​ចែក​ចាយ​ប្រដាប់​ឱ្យ​ភេរវសញ្ញា​ចល័ត​ខាង​សន្តិសុខ​ផ្ទាល់​ខ្លួន​ដល់​ពួក​មនុស្ស​ភឿក​ក្នុង​ប្រទេស​ប្រមាណ​មួយ​ម៉ឺន​នាក់​ដើម្បី​ជួយ​បញ្ឈប់​ការ​វាយប្រហារ​លើ​ពួកគេ។ លោកស្រី​ Mary Navicha ដែល​ជា​រដ្ឋមន្ត្រី​ខាង​យេនឌ័រ​និង​កាយវិកល​នៃ​ប្រទេស​ម៉ាឡាវី​និយាយ​ថា៖ «ក្នុង​ឋានៈ​ជា​រដ្ឋាភិបាល​ យើង​ខិត​ខំប្រឹង​ប្រែង​បង្កើត​បរិយាកាស​ល្អ​មួយ​សម្រាប់​ពួក​មនុស្ស​ភឿក​ ព្រោះហេតុនេះ​ហើយ​បាន​ជា​យើង​ចែក​ចាយ​ប្រដាប់​ការពារ​សន្តិសុខ​ឲ្យ​ពួកគេ​ដើម្បី​ទទួល​បាន​ការ​ការពារ​និង​មាន​សុវត្ថិភាព​នៅ​ក្នុង​សហគមន៍​ពួកគេ»។

កាលពី​ដំបូង​ ពួក​មនុស្ស​ភឿក​ក្នុង​ប្រទេស​ម៉ាឡាវី​បាន​ប្រកែក​មិន​ទទួល​ប្រដាប់​ឱ្យ​ភេរវសញ្ញា​នេះ​ទេ​ ដែល​បាន​ត្រូវ​ចែកចាយ​កាល​ពី​ខែ​ឧសភា ដោយសារ​អាជ្ញាធរ​បាន​បិទ​ស្លាក​ថា ​ជា​កាដូ​មួយ​ពី​ប្រធានាធិបតី Peter Mutharika។

មាន​ស្នូរ​ភេរវសញ្ញា​នៅ​ពេល​អ្នក​ពាក់​ប្រដាប់​នេះ​ទាញ​ម្ជុល​សុវត្ថិភាព ក៏​ប៉ុន្តែ​គេ​អាច​ឮ​ស្នូរ​នេះ​តែ​ចម្ងាយ​ប្រមាណ​១០០​ម៉ែត្រតែ​ប៉ុណ្ណោះ។ លោក Sheriff Kaisi ជា​អ្នក​វិទ្យាសាស្ត្រ​នយោបាយ​នៅ​ឯ​សាកលវិទ្យាល័យ​អន្តរជាតិ Blantyre។លោក​ថ្លែង​ថា៖ «លោក​អ្នក​អាច​យល់ស្រប​ជាមួយ​ខ្ញុំ​ថា​ទោះ​ណា​ជា​ប្រដាប់​នេះ​បញ្ចេញ​ស្នូរ​ដែល​សឹងតែ​មិន​មែន​ជា​ភេរវសញ្ញា​ ​ដែល​មនុស្ស​អាច​និយាយ​ថា​មាន​អ្វី​កើត​ឡើង​ក៏​ដោយ​ក៏​នៅ​ក្នុង​ប្រពៃណី​របស់​យើង​ក្នុង​ឋានៈ​ជា​ប្រជារាស្ត្រ​ម៉ាឡាវី គ្មាន​ទម្លាប់​ថា ​ក្នុង​ករណី​ជា​ច្រើន​នៅ​ពេល​យើង​ឮ​ស្នូរ​ភេរវសញ្ញា​មាន​មនុស្ស​ចាប់​ផ្តើម​ប្រញាប់ប្រញាល់​ទៅ​មើល​អ្វី​ដែល​កើតមាន​នៅ​ទីនោះ​ទេ»។

ពួក​ប៉ូលិស​ម៉ាឡាវី​និង​ពួក​មេដឹកនាំ​ក្នុង​មូលដ្ឋាន​កំពុង​អប់រំប្រជារាស្ត្រ​ឱ្យ​មាន​ប្រតិកម្ម​នឹង​ភេរវសញ្ញា។ លោក Laston និយាយ​ថា ​លោក​មាន​អារម្មណ៍​ថា​លោក​មាន​សុវត្ថិភាព​ជាង​មុន​បន្តិច​ជាមួយ​ប្រដាប់​បញ្ចេញ​ភេរវសញ្ញា​នេះ ក៏​ប៉ុន្តែ​ចម្ងាយ​មាន​កម្រិត​នៃ​ការ​បញ្ចេញ​ភេរវសញ្ញា​នេះ​បាន​រារាំង​លោក​មិន​ឱ្យ​ធ្វើ​ដំណើរ​ទៅ​រក​ទទួល​ទាន​បាន​ទេ​ ដូច្នេះ​លោក​ត្រូវ​តស៊ូ​ដើម្បី​ឱ្យ​មាន​អាហារ​បរិភោគ៕

ប្រែសម្រួល​ដោយ​លោក ឈឹម សុមេធ

XS
SM
MD
LG