ចាប់តាំងពីការចាប់ផ្តើមរដូវភ្លៀងកាលពីខែវិច្ឆិកាមក ដង្កូវប្រភេទនេះបានបំផ្លាញដំណាំរបស់កសិករ៥សែនគ្រួសារ។ ពួកកសិករនិយាយថា ថ្នាំសម្លាប់សត្វល្អិតចង្រៃដែលរដ្ឋាភិបាលបានផ្តល់ឱ្យនោះ មានមិនគ្រប់គ្រាន់ គ្មានប្រសិទ្ធិភាពទេ ហើយការណ៍នេះបានបង្ខំឱ្យកសិករខ្លះវិលទៅរកវិធីតាមប្រពៃណីដើម្បីប្រយុទ្ធប្រឆាំងនឹងសត្វល្អិតចង្រៃនេះ។
អ្នកស្រី Tereza Manuel ដែលជាកសិករម៉ាឡាវី អាយុ២៦ឆ្នាំ ឋិតនៅក្នុងចំណោមពួកកសិកររងផលប៉ះពាល់អាក្រក់បំផុតដោយការរាតត្បាតនៃដង្កូវហ្វូងនេះ។
ជាធម្មតា ស្ត្រីមានកូនបីនាក់រូបនេះទទួលផលពោតជាង៤០ការ៉ុងពីចម្ការអ្នកស្រីទំហំ២អា ក៏ប៉ុន្តែនៅរដូវនេះ អ្នកស្រីរំពឹងថា សឹងតែគ្មានបានអ្វីទាំងអស់។
អ្នកស្រី Tereza Manuel ដែលជាកសិករ ម៉ាឡាវី និយាយថា៖ «ដង្កូវហ្វូងបានរាតត្បាតចម្ការពោតខ្ញុំទាំងស្រុង ហើយនៅពេលនេះ ខ្ញុំគ្មានអ្វីទេ»។
ដង្កូវហ្វូងជាសត្វចង្រៃរាតត្បាតមកពីទ្វីបអាមេរិកដែលបានបំផ្លាញដំណាំក្នុងទ្វីប អាហ្វ្រិក ចាប់តាំងពីឆ្នាំ២០១៦មក។
ដង្កូវទាំងនេះស៊ីដំណាំគ្រាប់ធញ្ញជាតិដូចជាពោតជាដើមដែលជាអាហារប្រចាំថ្ងៃក្នុងប្រទេស ម៉ាឡាវី។
អាជ្ញាធរ ម៉ាឡាវី ស្ទង់ប្រមាណថា ចាប់តាំងពីខែវិច្ឆិកាមក ដង្កូវនេះបានបំផ្ឡាញដំណាំរបស់កសិករ៥សែនគ្រួសារ។ លោក Aidah Deleza ដែលជាប្រធានជាន់ខ្ពស់នៃតំបន់ Chikumbu និយាយថា៖ «ការណ៍នេះមានន័យថា នៅពេលនេះមានការស្រេកឃ្លានមួយលើកទៀត។យើងនឹងប្រឈមនឹងការស្រេកឃ្លានក្នុងតំបន់នេះ។ មានភូមិជាច្រើនដែលរងផលប៉ះពាល់ ហើយដូចដែលខ្ញុំបាននិយាយហើយថា ការណ៍នេះមានន័យថាជាការស្រេកឃ្លាននៅពេលនេះ។ ដូច្នេះយើងត្រូវការអន្តរាគមន៍របស់រដ្ឋាភិបាល»។
ក្រសួងកសិកម្ម ម៉ាឡាវី និយាយថា ការរាតត្បាតដោយដង្កូវហ្វូងនោះបណ្តាលមកពីអាកាសធាតុ។
ក្រសួងនេះបានចែកថ្នាំសម្លាប់សត្វល្អិតចង្រៃដោយឥតគិតថ្លៃដល់ពួកកសិកររងដែលផលប៉ះពាល់ ក៏ប៉ុន្តែបានទទួលការត្អូញត្អែរថា ថ្នាំទាំងនេះគ្មានបានការទេ។ អ្នកស្រី Hillary Ching'anda នៃក្រសួងកសិកម្ម និយាយថា៖ «បញ្ហាគឺថា កសិករភាគច្រើនប្រើថ្នាំសម្លាប់សត្វល្អិត នៅពេលដង្កូវធំទៅហើយ។ ជាលទ្ធផល ដង្កូវទាំងនេះមិនងាប់ទេ ពីព្រោះវាចាស់គ្រប់គ្រាន់ក្នុងការទប់ទល់នឹងថ្នាំសម្លាប់សត្វល្អិតទាំងនេះ»។
ពួកកសិករដូចជាអ្នកស្រី Manuel ជាដើមពឹងពាក់លើថ្នាំផលិតក្នុងស្រុកដើម្បីកម្ចាត់សត្វដង្កូវចង្រៃទាំងនេះ។
អ្នកស្រី Tereza Manuel ដែលជាកសិករ ម៉ាឡាវី និយាយថា៖ «ក្នុងឋានៈជាកសិករ យើងប្រើវិធីតាមប្រពៃណីរបស់យើងផ្ទាល់ ដូចជាចាក់ទឹកស៊ុបត្រីតូចៗ ដាក់ស្លឹក neem និងម្សៅសាប៊ូទៅក្នុងដីចម្ការ»។
ក៏ប៉ុន្តែពួកកសិករ ម៉ាឡាវី និយាយថា ពួកគេត្រូវការជំនួយថែមទៀតដើម្បីរើបពីការខូចខាតដោយសារសត្វដង្កូវចង្រៃទាំងនេះ។ កសិករ Adiya John និយាយថា៖ «ដោយសាររដ្ឋាភិបាលទទួលស្គាល់ថា ការរាតត្បាតដោយដង្កូវទាំងនេះមានភាពធំធេង អ្វីដែលយើងចង់បានគឺសូមឱ្យរដ្ឋាភិបាលផ្តល់ពូជធញ្ញជាតិឱ្យយើងឬមួយរដ្ឋាភិបាលគួរផ្តល់ស្បៀងអាហារឱ្យយើងរហូតដល់រដូវដាំដុះលើកក្រោយ»។
អាជ្ញាធរ ម៉ាឡាវី និយាយថា ក្នុងពេលឆាប់ៗនេះ ពួកគេនឹងចែកគ្រាប់ពូជធញ្ញជាតិឱ្យពួកកសិករដែលរងផលប៉ះពាល់ដោយសារការរាតត្បាតដោយសត្វដង្កូវចង្រៃទាំងនេះ។
ការរាតត្បាតដោយដង្កូវហ្វូងកាលពីឆ្នាំ២០១៧បានបង្ខំឲ្យរដ្ឋាភិបាលនៃប្រទេស ម៉ាឡាវីប្រកាសថា ស្រុកចំនួន២០ក្នុងបណ្តាស្រុក២៨នៃប្រទេសនេះជាតំបន់មានមហន្តរាយ៕
ប្រែសម្រួលដោយលោក ឈឹម សុមេធ