ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

តុលាការ​ប្រទេស​ម៉ាឡាវី​ផ្ដន្ទាទោស​ប្រហារ​ជីវិត​ដើម្បី​ព្រមាន​ការ​វាយ​ប្រហារ​លើ​មនុស្ស​ភឿក


រូបឯកសារ៖ កុមារា​ដែល​មាន​សភាព​ភឿក​ចូល​រួម​ការ​ដង្ហែ​តាម​ដង​​ផ្លូវ​នៅ​ទីក្រុង​ហារ៉ារ៉េ ប្រទេស​ស៊ីមបាវ៉េ ក្នុង​យុទ្ធនាការ​លើក​កម្ពស់​ការ​យល់​ដឹង​អំពី​មនុស្ស​ភឿក កាល​ពី​ឆ្នាំ​២០១៦។
រូបឯកសារ៖ កុមារា​ដែល​មាន​សភាព​ភឿក​ចូល​រួម​ការ​ដង្ហែ​តាម​ដង​​ផ្លូវ​នៅ​ទីក្រុង​ហារ៉ារ៉េ ប្រទេស​ស៊ីមបាវ៉េ ក្នុង​យុទ្ធនាការ​លើក​កម្ពស់​ការ​យល់​ដឹង​អំពី​មនុស្ស​ភឿក កាល​ពី​ឆ្នាំ​២០១៦។

តុលាការ​ប្រទេស​ម៉ាឡាវី​ដែល​ស្ថិត​នៅ​ភាគ​និរតី​នៃ​ទ្វីប​អាហ្វ្រិក​ បាន​ផ្ដន្ទា​ទោស​ប្រហារ​ជីវិត​មនុស្ស​៣​នាក់​ កាល​ពី​ពាក់​កណ្ដាល​ខែ​សីហា​នេះ ដោយ​សារ​តែ​ពួក​គេ​បាន​សម្លាប់​មនុស្ស​ភឿក​ម្នាក់។

ការ​ផ្តន្ទា​ទោស​នេះ​កើត​មាន​បន្ទាប់​ពី​តុលាការ​បាន​រក​ឃើញ​ថា​ ពួក​គេ​បាន​ប្រព្រឹត្ត​ឃាតកម្ម​ដ៏​ឃោរឃៅ​មួយ ដោយ​បាន​កាត់​អវៈយវៈ​របស់​ជន​រងគ្រោះ​ ដើម្បី​យក​ទៅ​ប្រើ​ប្រាស់​ក្នុង​អ្វី​ដែល​គេ​ហៅ​ថា ​ក្បួន​មន្ត​អាគម​អូមអាម។​

នេះ​ជា​លើក​ទី​២​ហើយ​ ដែល​តុលាការ​ម៉ាឡាវី បាន​ចេញ​សេចក្ដី​សម្រេច​ផ្ដន្ទា​ទោស​ប្រហារ​ជីវិត​ សម្រាប់​ការ​សម្លាប់​មនុស្ស​ភឿក ដោយ​រំពឹង​ថា​ ការ​ធ្វើ​ដូច្នេះ​ នឹង​រារាំង​មិន​ឲ្យ​មាន​ការ​វាយ​ប្រហារ​បែប​នេះ​នា​ពេល​អនាគត។ ប៉ុន្តែ​ មិន​មែន​មនុស្ស​គ្រប់​គ្នា​គិត​ថា នេះ​ជា​វិធី​ដែល​មាន​ប្រសិទ្ធភាព​នោះ​ទេ។

តុលាការ​នៅ​ប្រទេស​ម៉ាឡាវី​ត្រូវ​បាន​គេ​ចោទ​ប្រកាន់​ជា​យូរ​មក​ហើយ​ថា​ បាន​ផ្ដន្ទា​ទោស​ដោយការ​អត់​ឱន​ដល់​ អ្នក​ដែល​បាន​វាយ​ប្រហារ​លើ​មនុស្ស​ភឿក ដែល​គេ​ជឿ​ថា​ជា​ការណ៍មួយចូល​រួម​ចំណែក​ដល់​ការ​វាយ​ប្រហារ​ជា​បន្ត​បន្ទាប់​ទៅ​លើ​មនុស្ស​ភឿក។

នៅ​ក្នុង​របាយការណ៍​មួយ​ដែល​ចេញ​ផ្សាយ​កាល​ពី​ខែ​ឧសភា អង្គការ​លើក​លែង​ទោស​អន្តរជាតិ Amnesty International​ បាន​ឲ្យ​ដឹង​ថា មនុស្ស​ភឿក​ចំនួន​២២​នាក់​ត្រូវ​បាន​ធ្វើ​ឃាត (សម្លាប់) នៅ​ក្នុង​ប្រទេស​ម៉ាឡាវី គិត​ចាប់​ពី​ឆ្នាំ​២០១៤​មក។

បាតុករ​ដើរ​កាត់​ភ្លៀង​ដើម្បី​ស្វែង​រក​ដំណោះ​ស្រាយ​ក្នុង​ការ​បញ្ចប់​ការ​វាយ​ប្រហារ​លើ​មនុស្ស​ភឿក​នៅ​ប្រទេស​ម៉ាឡាវី។
បាតុករ​ដើរ​កាត់​ភ្លៀង​ដើម្បី​ស្វែង​រក​ដំណោះ​ស្រាយ​ក្នុង​ការ​បញ្ចប់​ការ​វាយ​ប្រហារ​លើ​មនុស្ស​ភឿក​នៅ​ប្រទេស​ម៉ាឡាវី។

លោក​ចៅក្រម ​Esmey Chombo ដែល​ជា​អ្នក​ចេញ​សាលក្រម​ប្រហារ​ជីវិត​កាល​ពី​ថ្ងៃ​អង្គារ​ បាន​ថ្លែង​ថា ការ​ដាក់​ពិន័យ​បែប​នេះ​នឹង​ដើរតួ​ជា​គ្រឿង​បន្លាច​យ៉ាង​ខ្លាំង​មួយ​ដល់​មនុស្ស​ផ្សេង​ទៀត​ និង​ជួយ​បញ្ឈប់​ការ​វាយ​ប្រហារ​នេះ។

លោក ​Mark Botoman អ្នក​នាំ​ពាក្យ​រដ្ឋាភិបាល​ បានថ្លែង​ប្រាប់​ VOA ថា រដ្ឋាភិបាល​ពេញ​ចិត្ត​នឹង​សាលក្រម​របស់​តុលាការ។

លោក​ Botoman ថ្លែង​ថា៖ «យើង​រីក​រាយ​ដែល​តុលាការ​សម្រេច​ដូច្នេះ​ ហើយ​យើង​សូម​អរគុណ​ដល់​តុលាការ​ ហើយ​យើង​កំពុង​ដើរ​ឆ្ពោះ​ទៅ​កាន់​ទិស​ដៅ​នេះ។ យើង​សង្ឃឹម​ថា ការ​ដាក់​ទណ្ឌកម្ម​ដោយ​តុលាការបែប​នេះ​ នឹង​រារាំង​បន្លាច​អ្នក​ទាំង​ឡាយ​ណា​ដែល​មាន​បំណង​អាក្រក់​ មិន​ឲ្យ​មាន​ការ​វាយ​ប្រហារ​ ចាប់​ពង្រត់ និង​សម្លាប់​មនុស្ស​ភឿក​ ត​ទៅ​ទៀត»។

ទោះយ៉ាងណា​ លោក Edge Kanyongolo មេធាវី​រដ្ឋ​ធម្មនុញ្ញ​នៅ​មហាវិទ្យាល័យ​ Chancellor College of the University of Malawi ជឿ​ជាក់​ថា​ ការ​ផ្ដន្ទាទោស​ប្រហារ​ជីវិត​មិន​អាច​បញ្ឈប់​ការ​វាយ​ប្រហារ​បាន​ទេ ប្រសិន​បើ​រឿងក្តី​ទាំង​នេះ​ត្រូវ​ការ​ពេល​វេលា​ដើម្បី​បញ្ចប់​នោះ។

លោក​បាន​កត់​សម្គាល់​ឃើញ​ថា​ រឿង​ក្តី​ដែល​បាន​បញ្ចប់​កាល​ពី​ថ្ងៃ​ទី​១៣ សីហា បាន​ចំណាយ​ពេល​ប្រហែល​៥​ឆ្នាំ។

លោក​ Kanyongolo និយាយ​ថា៖ «បើ​សិន​ជា​វា​មិន​លឿន បើ​មនុស្ស​ដឹង​ថា​ នៅ​ក្នុង​ប្រព័ន្ធ​ច្បាប់​នេះ​ បើ​យើង​ប្តឹង​ទៅ​តុលាការ​ថ្ងៃ​នេះ​ ហើយ​ត្រូវ​ការ​ពេល​១០ឆ្នាំ​ដើម្បី​ទទួល​បាន​សាល​ក្រម​ពី​តុលាការ​នោះ​ ការ​ផ្ដន្ទាទោស​ប្រហារ​ជីវិត​មិន​មែន​ជា​គ្រឿង​បន្លាច​នោះ​ទេ»។

រូបឯកសារ៖ អ្នក​ដាក់​ញត្តិ​ដង្ហែ​ក្បួន​ទៅ​កាន់​សភា​ម៉ាឡវី ដើម្បី​ប្រឆាំង​នឹង​ការ​វាយ​ប្រហារ​លើ​មនុស្ស​ភឿក​នៅ​ក្នុង​ប្រទេស​នេះ។
រូបឯកសារ៖ អ្នក​ដាក់​ញត្តិ​ដង្ហែ​ក្បួន​ទៅ​កាន់​សភា​ម៉ាឡវី ដើម្បី​ប្រឆាំង​នឹង​ការ​វាយ​ប្រហារ​លើ​មនុស្ស​ភឿក​នៅ​ក្នុង​ប្រទេស​នេះ។

ប្រទេស​ម៉ាឡាវី​មាន​ទោស​ប្រហារ​ជីវិត​នៅ​ក្នុង​ក្រមច្បាប់​របស់​ខ្លួន ប៉ុន្តែ​មិន​ដែល​មាន​ការ​អនុវត្ត​នោះ​ទេ ​ចាប់​តាំង​ពី​ប្រទេស​នេះ​បាន​ប្ដូរ​ទៅ​ជា​រដ្ឋាភិបាល​ប្រជាធិបតេយ្យ​កាល​ពី​ឆ្នាំ១៩៩៤។ ផ្ទុយ​ទៅ​វិញ​ ឃាតក​ដែល​ត្រូវ​បាន​កាត់​ទោស​ស្ថិត​នៅ​ក្នុង​ពន្ធនាគារ​អស់​មួយ​ជីវិត។

អ្នក​ស្រី Rose Msope ​គឺ​ជា​មន្ត្រី​គម្រោង​នៃ​អង្គការ​មិន​មែន​រដ្ឋាភិបាល​ផ្នែក​សិទ្ធិ​មនុស្ស​សម្រាប់​ក្មេង​ស្រី និង​ស្ត្រី​ដែល​មាន​ពិការភាព។

អ្នក​ស្រី​និយាយ​ថា បើ​មិន​មាន​ការ​អនុវត្ត​ទោស​ប្រហារ​ជីវិត​នេះ​ទេ វា​គ្មាន​ប្រយោជន៍​នោះ​ទេ ហើយ​មិន​អាច​រារាំង​បន្លាច​មិន​ឲ្យ​មាន​ការ​វាយ​ប្រហារ​លើ​មនុស្ស​ភឿក​នោះ​ទេ។

អ្នក​ស្រី Msope និយាយ​ថា៖ «មាន​ពេល​ជា​ច្រើន​ដែល​ប្រធានា​ធិបតី​លើក​លែង​ទោស​ដល់​អ្នក​ទោស​ខ្លះ។ ដូច្នេះ​ បើ​មាន​ការ​លើក​លែង​ទោស​សម្រាប់អ្នក​ដែល​សម្លាប់​មនុស្ស​ភឿក នោះ​មាន​ន័យ​ថា សុវត្ថិភាព​របស់​យើង​នឹង​នៅ​តែ​មាន​បញ្ហា»។

មនុស្ស​ភឿក​ដែល​ខ្វះ​ជាតិ​មេឡានីន​នៅ​លើ​ស្បែក​ មាន​ភាព​លេច​ធ្លោ​នៅ​អាហ្វ្រិក​ និង​ជា​គោលដៅ​របស់​អាប​ធ្មប់​ដែល​ប្រើ​ប្រាស់​បំណែក​ខ្លួន​ប្រាណ​មនុស្ស​ភឿក​នៅ​ក្នុង​ពិធី ​និង​ឱសថ​ទឹក​ ដែល​ពួក​គេ​ជឿ​ថានាំ​មក​នូវ​សំណាង​ល្អ។

រដ្ឋាភិបាល​បាន​ព្យាយាម​បង្ហាញ​ថា​ ការ​យល់​ឃើញ​បែប​នេះ​ជា​រឿង​ខុស​ឆ្គង ហើយ​កាល​ពី​ខែ​មិថុនា ចៅក្រម​មួយ​រូប​បាន​ចេញ​បម្រាម​មិន​ឲ្យ​មាន​អ្វី​ដែល​គេ​ហៅ​ថា អាប​ធ្មប់ ការ​ព្យាបាល​តាមក្បួន​បុរាណ គ្រូស្នេហ៍ គ្រូ​ទាយ និង​គ្រូ​មន្តអាគម​អូម​អាម» និង​ហាម​មិន​ឲ្យ​មាន​ការ​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម​សេវា​របស់​ពួក​គេ។

សមាគម​មនុស្ស​ភឿក​នៅ​ក្នុង​ប្រទេស​ម៉ាឡាវី​ បាន​កោត​សរសើ​ដល់​ការ​សម្រេច​របស់​តុលាការ ប៉ុន្តែ​ក្រុម​គ្រូ​ព្យាបាល​តាប​បែប​បុរាណ​និយាយ​ថា ពួក​គេ​នឹង​ប្រឆាំង​នឹង​សេចក្ដី​សម្រេច​នេះ ដោយ​ពួក​គេ​និយាយ​ថា ពួក​គេ​មិន​ពាក់​ព័ន្ធ​នឹង​រឿង​អាគម​អូមអាម ឬ​ឃាតកម្ម​ទេ៕

ប្រែ​សម្រួល​ដោយ នៀម ឆេង

XS
SM
MD
LG