ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ប៉ូលិស​ម៉ាឡាវី​កំពុង​ស្ថិត​ក្នុង​ការ​ស៊ើបអង្កេត​ពាក់ព័ន្ធ​នឹង​ការ​ចោទប្រកាន់​បៀតបៀន​ផ្លូវ​ភេទ​លើ​បាតុករ​ជា​ស្ត្រី


ប្រទេស​ម៉ាឡាវី​បាន​ប្រឈម​មុខ​នឹង​ចលនា​បាតុកម្ម​ហិង្សា​ ចាប់​តាំង​ពី​ពេល​ដែល​លោក​ប្រធានាធិបតី Peter Mutharika ចូល​កាន់​តំណែង​ក្នុង​អាណត្តិ​ទី២​របស់​លោក​នៅ​ក្នុង​ខែ​ឧសភា។
ប្រទេស​ម៉ាឡាវី​បាន​ប្រឈម​មុខ​នឹង​ចលនា​បាតុកម្ម​ហិង្សា​ ចាប់​តាំង​ពី​ពេល​ដែល​លោក​ប្រធានាធិបតី Peter Mutharika ចូល​កាន់​តំណែង​ក្នុង​អាណត្តិ​ទី២​របស់​លោក​នៅ​ក្នុង​ខែ​ឧសភា។

អង្គការ NGO-Gender Coordinating Network ដែល​ការពារ​សិទ្ធិ​ស្ត្រី​បាន​សរសេរ​នៅ​ក្នុង​សេចក្ដីថ្លែងការណ៍​របស់​ខ្លួន​ថា ខ្លួន​បាន​កត់ត្រា​ភស្តុតាង​ដែល​ទទួល​បាន​ពី​ជនរងគ្រោះ​មួយ​ចំនួន រួម​ទាំង​ក្មេង​ស្រី​បី​នាក់​ដែល​បាន​និយាយ​ថា ប៉ូលិស​បាន​រំលោភ​ពួកគេ​នៅ​ក្នុង​ផ្ទះ​ពួកគេ​ផង​ដែរ។

ស្នងការ​ប៉ូលិស​ម៉ាឡាវី​កំពុង​ធ្វើ​ការ​ស៊ើបអង្កេត​លើ​មន្ត្រី​របស់​ខ្លួន​ទាក់ទង​នឹង​ការ​ចោទប្រកាន់​បៀតបៀន​ផ្លូវ​ភេទ​លើ​បាតុករ​ជា​ស្ត្រី នៅ​ក្នុង​បាតុកម្ម​ក្រោយ​ការ​បោះឆ្នោត​នា​ពេល​ថ្មីៗ​នេះ​នៅ​ក្នុង​រដ្ឋធានី​លីឡុងវ៉េ (Lilongwe)។ ការ​ស៊ើបអង្កេត​នេះ​ធ្វើ​ឡើង​ បន្ទាប់​ពី​អ្នក​ធ្វើ​យុទ្ធនាការ​សិទ្ធិ​មនុស្ស​និយាយ​ថា ពួកគេ​មាន​ភស្តុតាង​នៃ​ការ​ចាប់​រំលោភ បៀតបៀន​ផ្លូវ​ភេទ និង​ការ​ធ្វើ​ទារុណកម្ម​លើ​ស្ត្រី​នៅ​ក្នុង​ពេល​ធ្វើ​កុបកម្ម។

កុបកម្ម​មួយ​បាន​កើត​ឡើង​នៅ​ក្នុង​រដ្ឋធានីលីឡុងវ៉េ ប្រទេស​ម៉ាឡាវី នៅ​ពេល​ដែល​បាតុករ​នៅ​មជ្ឈមណ្ឌល Msundwe Trading Centre រារាំង​មិន​ឲ្យ​អ្នក​គាំទ្រ​គណបក្ស​កាន់​អំណាច​ទៅ​ចូលរួម​ក្នុង​ការ​ប្រមូល​ផ្តុំ ​ដែល​លោក​ប្រធានាធិបតី Peter Mutharika ថ្លែង​សុន្ទរកថា។

បាតុករ​ជា​ស្ត្រី​និយាយ​ថា ប៉ូលិស​បាន​ធ្វើ​ឲ្យ​ពួកគេ​អាម៉ាស់​មុខ​នៅ​ចំពោះ​មុខ​កូនៗ​របស់​ពួកគេ ជនរងគ្រោះ​ម្នាក់​និយាយ​ថា៖ «ប៉ូលិស​បាន​វាយ​យើង​យ៉ាង​ដំណំ រហូត​ដល់​ថ្នាក់​យើង​មិន​អាច​ដើរ​បាន។ ប៉ុន្តែ​នៅ​ពេល​យើង​មាន​កម្លាំង​ និង​ដើរ​ចេញ ពួកគេ​បាន​ដើរ​តាម​ទៅ​ក្នុង​ផ្ទះ​របស់​យើង ហើយ​បាន​ហែក​សំលៀកបំពាក់ និង​ខោអាវ​ក្នុង​របស់​យើង ហើយ​ចាប់​ផ្ដើម​ប៉ះ​រាងកាយ​យើង​គ្រប់​កន្លែង»។​

អង្គការ NGO-Gender Coordinating Network ដែល​ការពារ​សិទ្ធិ​ស្ត្រី​បាន​សរសេរ​នៅ​ក្នុង​សេចក្ដីថ្លែងការណ៍​របស់​ខ្លួន​ថា ខ្លួន​បាន​កត់ត្រា​ភស្តុតាង​ដែល​ទទួល​បាន​ពី​ជនរងគ្រោះ​មួយ​ចំនួន រួម​ទាំង​ក្មេង​ស្រី​បី​នាក់​ដែល​បាន​និយាយ​ថា ប៉ូលិស​បាន​រំលោភ​ពួកគេ​នៅ​ក្នុង​ផ្ទះ​ពួកគេ​ផង​ដែរ។​

អ្នក​ធ្វើ​យុទ្ធនាការ​សិទ្ធិ​ស្ត្រី រួម​មាន​ទាំង​សមាគម​មេធាវី​ស្ត្រី​ម៉ាឡាវី និង​មជ្ឈមណ្ឌល​ធនធាន​ច្បាប់​សម្រាប់​ស្ត្រី បាន​ធ្វើ​ការ​តវ៉ា​នៅ​តាម​ផ្លូវ​នៅ​ក្នុង​រដ្ឋធានី​លីឡុងវ៉េ ដោយ​ទាមទារ​ឲ្យ​មាន​ការ​ស៊ើបអង្កេត​ឲ្យ​បាន​ដិតដល់​ចំពោះ​បញ្ហា​នេះ និង​មាន​ការ​ចាប់​ខ្លួន​មន្ត្រី​ប៉ូលិស​ពាក់ព័ន្ធ​ជា​បន្ទាន់។

ប៉ុន្តែ​ប៉ូលិស​និយាយ​ថា ខ្លួន​មិន​ទាន់​អាច​ចាប់​ខ្លួន​អ្នក​ណា​ម្នាក់​បាន​នោះ​ទេ​នៅ​ពេល​នេះ។

លោក James Kadadzera ជា​អ្នក​នាំ​ពាក្យ​របស់​ស្នងការ​ប៉ូលិស​ម៉ាឡាវី​បាន​និយាយ​ថា៖​ «មាន​ក្រុម​ស៊ើបអង្កេត​ដើម្បី​ពិនិត្យ​មើល​ថា​តើ​ការ​ចោទប្រកាន់​ប្រឆាំង​នឹង​ប៉ូលិស​ជា​ការ​ពិត​ដែរ​ឬ​ទេ។ ប្រសិន​បើ​មាន​របាយការណ៍​ថា​ ការ​ចោទប្រកាន់​នោះ​ជា​ការ​ពិត នឹង​មាន​ការ​កំណត់​អត្តសញ្ញាណ​ជន​សង្ស័យ ហើយ​ឥឡូវ​នេះ​ជនសង្ស័យ​ទាំង​នោះ​នឹង​ស្ថិត​នៅ​ក្រោម​ស៊ើបអង្កេត»។

លោក Kadadzera បាន​បដិសេធ​មិន​បង្ហាញ​ពី​ការ​វិវត្ត​នៃ​ការ​ស៊ើបអង្កេត​នោះ​ទេ។

ក្រុម​បាតុករ​ក្រោយ​ការ​បោះឆ្នោត​ដើរ​នៅ​តាម​ផ្លូវ​ក្នុង​ក្រុង​លីឡុងវ៉េ ដើម្បី​ទាមទារ​ឲ្យ​ប្រធាន​គណៈកម្មការ​បោះឆ្នោត​ម៉ាឡាវី ចុះ​ចេញ​ពី​តំណែង។
ក្រុម​បាតុករ​ក្រោយ​ការ​បោះឆ្នោត​ដើរ​នៅ​តាម​ផ្លូវ​ក្នុង​ក្រុង​លីឡុងវ៉េ ដើម្បី​ទាមទារ​ឲ្យ​ប្រធាន​គណៈកម្មការ​បោះឆ្នោត​ម៉ាឡាវី ចុះ​ចេញ​ពី​តំណែង។

លោក​បាន​និយាយ​ថា៖ «ខ្ញុំ​មិន​អាច​ប្រាប់​ថា​តើ​ការ​ស៊ើបអង្កេត​ដើរ​ដល់​ណា​ហើយ​នោះ​ទេ។ យើង​នឹង​រង់ចាំ​រហូត​ទាល់​តែ​ក្រុម​ស៊ើបអង្កេត​បញ្ចប់​ការងារ​របស់​ខ្លួន និង​ចេញ​របាយការណ៍​ពី​ការ​ស៊ើបអង្កេត​នេះ​សិន។ របាយការណ៍​នឹង​បង្ហាញ​ជូន​សាធារណជន»។

ប្រទេស​ម៉ាឡាវី​បាន​ប្រឈម​មុខ​នឹង​ចលនា​បាតុកម្ម​ហិង្សា​ ចាប់​តាំង​ពី​ពេល​ដែល​លោក​ប្រធានាធិបតី Peter Mutharika ចូល​កាន់​តំណែង​ក្នុង​អាណត្តិ​ទី២​របស់​លោក​នៅ​ក្នុង​ខែ​ឧសភា។ ឥឡូវ​នេះ​មេដឹកនាំ​ក្រុម​ប្រឆាំង​កំពុង​តតាំង​នៅ​ក្នុង​តុលាការ​ដើម្បី​មោឃភាព​ការ​បោះឆ្នោត​ប្រធានាធិបតី​នោះ។

អ្នក​វិភាគ​មាន​មន្ទិលសង្ស័យ​ទៅ​លើ​ឯករាជ្យ​ភាព​នៃ​ការ​ស៊ើបអង្កេត​របស់​ប៉ូលិស។

លោក Vincent Kondowe អ្នក​វិភាគ​នយោបាយ​ម្នាក់​បាន​និយាយ​ថា ការ​អនុញ្ញាត​ឲ្យ​ប៉ូលិស​ធ្វើ​ការ​ស៊ើបអង្កេត​មន្ត្រី​របស់​ខ្លួន​គឺ​ការ​ខុស​ឆ្គង។

លោក​បាន​និយាយ​ថា «ជន​ដែល​ត្រូវ​បាន​គេ​សង្ស័យ​ថា​ ពាក់ព័ន្ធ​នៅ​ក្នុង​បទល្មើស​មួយ​មិន​អាច​ស៊ើបអង្កេត​ខ្លួន​ឯង​នោះ​ទេ។ ដូច្នេះ ​ស្ថាប័ន​រដ្ឋ​មួយ​ទៀត​ដែល​គ្រប់គ្រង​ស្ថាប័ន​នេះ​គួរ​តែ​ត្រូវ​បាន​គេ​អំពាវនាវ​ឲ្យ​ធ្វើ​ការ​ស៊ើបអង្កេត​លើ​ការ​ចោទប្រកាន់​នេះ។ នៅ​ក្នុង​ករណី​នេះ យើង​អាច​និយាយ​បាន​ថា​ជា គណៈកម្មការ​សិទ្ធិ​មនុស្ស​ម៉ាឡាវី ឬ​គណៈកម្មការ​បណ្ដឹង​រដ្ឋបាល។

លោក Kadadzera ព្យាយាមច្រានចោល​ការ​ព្រួយបារម្ភ​ខាង​លើ។

លោក​បាន​និយាយ​ថា «ក្រុម​ស៊ើបអង្កេត​នេះ​នឹង​ធ្វើ​ការងារ​របស់​ខ្លួន​ដោយ​មិន​លម្អៀង។ ប្រសិន​បើ​អ្នក​ណា​ម្នាក់​មាន​ការ​សង្ស័យ ហេតុអ្វី​បាន​ជា​អ្នក​ណា​មិន​ចូល​រួម​ក្នុង​ការ​ស៊ើបអង្កេត? គេ​មិន​អាច​និយាយ​ថា ប៉ូលិស​មិន​បាន​ធ្វើ​ការ​ ដោយ​មិន​បាន​មក​មើល ឬ​ចូលរួម​នោះ​ទេ»។

ទោះ​ជា​យ៉ាង​ណា​ក្តី អ្នក​ធ្វើ​យុទ្ធនាការ​សិទ្ធិ​មនុស្ស​និយាយ​ថា ពួកគេ​នឹង​ធ្វើ​ការ​ស៊ើបអង្កេត​ដោយ​ផ្ទាល់​ ប្រសិន​បើ​ការ​ស៊ើបអង្កេត​របស់​ប៉ូលិស​មិន​មាន​របាយការណ៍​ដែល​មាន​តុល្យភាព​មួយ។

ក្នុង​ពេល​នេះ សមាគម​មេធាវី​ស្ត្រី​នៅ​ក្នុង​ប្រទេស​ម៉ាឡាវី​បាន​ផ្តល់​ជំនួយ​ផ្នែក​ច្បាប់​ដោយ​ឥតគិតថ្លៃ​ដល់​ជន​រងគ្រោះ៕

XS
SM
MD
LG