នៅពេលដែលការបោះឆ្នោតប្រធានាធិបតីសហរដ្ឋអាមេរិកឈានចូលដល់ដំណាក់កាលចុងក្រោយ អ្នកបោះឆ្នោតកាន់តែច្រើនឡើងកំពុងបង្ហាញការគាំទ្រសម្រាប់បេក្ខជនដែលពួកគេពេញចិត្តតាមរយៈការស្លៀកពាក់គ្រឿងទំនិញអំពីការបោះឆ្នោត។
អ្វីដែលពួកគេអាចនឹងមិនដឹងនោះគឺថា មួក«Make America Great Again» របស់ លោក Trump ឬ អាវយឺត «Childless Cat Lady for Harris» ដែលពួកគេពាក់ ប្រហែលជាត្រូវបានផលិតនៅប្រទេសចិន។
ដោយមានជំនួយពីបណ្តាញក្រុមហ៊ុនពាណិជ្ជកម្មអេឡិចត្រូនិកពាណិជ្ជករចិនកំពុងធ្វើឲ្យជោរជន់ទីផ្សារទំនិញបោះឆ្នោតនៅសហរដ្ឋអាមេរិក ជាមួយនឹងទំនិញដែលមានតំលៃថោក ហើយមានភ័ស្តុតាងបង្ហាញថា អ្នកផលិតទំនិញប្រភេទទាំងនេះនៅអាមេរិកកំពុងពិបាកប្រកួតប្រជែង។
លោក Ben Waxman ស្ថាបនិកនិងជាសហម្ចាស់ក្រុមហ៊ុនសំលៀកបំពាក់ American Roots ដែលជាក្រុមហ៊ុនសម្លៀកបំពាក់អាមេរិកនិយាយថា៖ «ខ្ញុំគិតថាបរិមាណនៃទំនិញនៅលើ Amazon និង Etsy ដែលមកពីប្រទេសចិន និងបណ្តាប្រទេសផ្សេងទៀតតាមកប៉ាល់ដឹកទំនិញ និងមកដល់ច្រាំងប្រទេសអាមេរិក កំពុងជះឥទ្ធិពលយ៉ាងខ្លាំងដល់ក្រុមហ៊ុនផលិតរបស់សហរដ្ឋអាមេរិក ដូចជាខ្លួនខ្ញុំ។ វាជះឥទ្ធិពលលើសមត្ថភាពក្នុងការប្រកួតប្រជែង និងពង្រីកអាជីវកម្មផ្ទាល់ខ្លួនរបស់យើង។ ខ្ញុំគិតថា វាខ្លាំងក្លាណាស់»។
លោក Waxmanមិនព្រមចែករំលែកតួលេខផលិតកម្ម ឬប្រាក់ចំណេញជាមួយ VOA ភាសាចិនកុកងឺនោះទេ ដោយសារតែការព្រួយបារម្ភអំពីឯកជនភាព ប៉ុន្តែលោកបាននិយាយថា អាវយឺតយុទ្ធនាការដែលផលិតដោយសហរដ្ឋអាមេរិក ជាឧទាហរណ៍ លក់ក្នុងតម្លៃប្រហែល ១៥ដុល្លារក្នុងមួយអាវ ខណៈដែលអាវយឺតលក់រាយតាមបណ្តាញលក់ផលិតផលតាមអ៊ីនធឺណិតរបស់ចិន Temu អាចលក់អាវមួយបានក្នុងតម្លៃមិនដល់ ៣ ដុល្លារផង។
ក្នុងចំណោមទំនិញទាំងនោះ មួក«Make America Great Again»មួយ មានតម្លៃតិចជាង ៤ដុល្លារ ខណៈពេលដែលគេហទំព័រផ្លូវការរបស់យុទ្ធនាការលោក Trump ដែលមាន «ផលិតផលទាំងអស់ផលិតនៅសហរដ្ឋអាមេរិក» លក់ថ្លៃជាង ១០ដង ក្នុងតម្លៃ ៤០ ដុល្លារក្នុងមួយមួក។
ដូចគ្នានេះដែរ មួក «Kamala Harris 2024» នៅលើបណ្តាញ Temu អាចលក់បានជិត ៣ដុល្លាក្នុងមួយមូក ខណៈដែលគេហទំព័រផ្លូវការអ្នកស្រី Kamala Harris លក់មួក «Kamala» ក្នុងតម្លៃ ៤៧ដុល្លារ៕