ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ការ​ស្ទង់មតិ​ថ្មី​បង្ហាញ​ថា​អ្នកស្រី Harris និង​លោក Trump ប្រដំប្រសង​គ្នា​ក្នុង​រដ្ឋ​ប្រជែង​ខ្លាំង


អ្នកបោះឆ្នោតបំពេញសន្លឹកឆ្នោតរបស់ពួកគេសម្រាប់ការបោះឆ្នោតបឋមក្នុងរដ្ឋ Michigan នៅទីក្រុង Grosse Pointe Farms រដ្ឋ Michigan, ថ្ងៃអង្គារ ទី២៧ ខែកុម្ភៈ ឆ្នាំ 2024។ រដ្ឋ Michigan គឺជារដ្ឋប្រកួតប្រជែងសំខាន់នៅក្នុងការបោះឆ្នោតជាតិក្នុងខែវិច្ឆិកា។
អ្នកបោះឆ្នោតបំពេញសន្លឹកឆ្នោតរបស់ពួកគេសម្រាប់ការបោះឆ្នោតបឋមក្នុងរដ្ឋ Michigan នៅទីក្រុង Grosse Pointe Farms រដ្ឋ Michigan, ថ្ងៃអង្គារ ទី២៧ ខែកុម្ភៈ ឆ្នាំ 2024។ រដ្ឋ Michigan គឺជារដ្ឋប្រកួតប្រជែងសំខាន់នៅក្នុងការបោះឆ្នោតជាតិក្នុងខែវិច្ឆិកា។

បេក្ខជន​ប្រធានាធិបតី​អាមេរិក​ខាង​បក្ស​ប្រជាធិបតេយ្យ​អ្នកស្រី Kamala Harris និង​បេក្ខជន​ប្រធានាធិបតី​អាមេរិក​ខាង​បក្ស​សាធារណរដ្ឋ​លោក Donald Trump នៅតែ​មាន​សម្ទុះ​គាំទ្រ​ប្រហាក់​ប្រហែល​គ្នា​នៅ​ទូទាំង​រដ្ឋ​ដែល​មាន​ការ​ប្រជែង​ខ្លាំង​ចំនួន ៧។ នេះ​បើ​យោង​តាម​សេចក្តី​រាយការណ៍​របស់​ទីភ្នាក់ងារ​សារព័ត៌មាន Reuters ដោយ​ផ្អែក​លើ​លទ្ធផល​នៃ​ការ​ស្ទង់មតិ​រួមគ្នា​របស់​កាសែត Washington Post និង​មហាវិទ្យាល័យ​គោលនយោបាយ Schar នៃ​សាកលវិទ្យាល័យ George Mason កាលពី​ថ្ងៃ​ចន្ទ។

សម្ទុះ​នៃ​ការ​គាំទ្រ​ប្រហាក់ប្រហែល​គ្នា​នេះ​នៅ​បន្ត​មាន​ក្នុង​ពេល​តែ​ពីរ​សប្តាហ៍​ទៀត​ប៉ុណ្ណោះ​មុន​ការ​បោះឆ្នោត​ប្រធានាធិបតី​អាមេរិក​ចូល​មក​ដល់​នៅ​ថ្ងៃ​ទី ៥ ខែ​វិច្ឆិកា​ខាង​មុខ។

អ្នកស្រី Harris នាំមុខ​ក្នុង​រដ្ឋ Georgia ដោយ​មាន​ការ​គាំទ្រ ៥១% ទល់​នឹង ៤៧% រី​ឯ​លោក Trump វិញ​នាំមុខ​បន្តិច​នៅ​រដ្ឋ Arizona ដោយ​ទទួល​បាន​ការ​គាំទ្រ ៤៩% ទល់​នឹង ៤៦%។ កម្រិត​លម្អៀង​នៃ​ការ​រកឃើញ​ក្នុង​ការ​ស្ទង់មតិ​នៅ​រដ្ឋ​ទាំង​ពីរ​នេះ​គឺ​ក្នុង​រង្វង់​បូក​ឬ​ដក ៤,៥ ពិន្ទុ​ភាគរយ។

លោក Trump នាំ​មុខ​នៅ​រដ្ឋ North Carolina តែ​ស្មើគ្នា​ជាមួយ​អ្នកស្រី Harris នៅ​រដ្ឋ Nevada ដោយ​មាន​ការ​គាំទ្រ ៤៨% ទល់​នឹង ៤៨%។ នេះ​បើ​យោង​តាម​លទ្ធផល​ស្ទង់មតិ​លើ​អ្នក​ដែល​ទំនង​ជា​បោះឆ្នោត​ចំនួន ៥.០១៦ នាក់​ពី​ថ្ងៃ​ទី ៣០ ខែ​កញ្ញា​ដល់​ថ្ងៃ​ទី ១៥ ខែ​តុលា។

លទ្ធផល​នៃ​ការ​ស្ទង់មតិ​នេះ​គឺ​ដូច​នឹង​លទ្ធផល​នៃ​ការ​ស្ទង់មតិ​ក្នុង​ពេល​ថ្មីៗ​នេះ​ដែរ​ដែល​បង្ហាញ​អំពី​ការ​ប្រជែង​ប្រដំប្រសង​គ្នា​រវាង​អ្នកស្រី Harris និង​លោក Trump នៅ​រដ្ឋ​ដែល​មាន​ការ​ប្រជែងខ្លាំង​ទាំង​៧។ តែ​យោង​តាម​លទ្ធផល​ស្ទង់​មតិ​ខ្លះ អ្នកស្រី Harris នាំមុខ​បន្តិច​នៅ​ទូទាំង​ប្រទេស។

ជារួម ៤៩% នៃ​អ្នក​ដែល​ទំនងជា​បោះឆ្នោត​ថា​ពួកគេ​គាំទ្រ​អ្នកស្រី Harris ហើយ ៤៨% ថា​ពួកគេ​គាំទ្រ​លោក Trump។ នេះ​បើ​យោង​តាម​លទ្ធផល​នៃ​ការ​ស្ទង់មតិ​នេះ។ ការ​ស្ទង់មតិ​រួមគ្នា​របស់​ទីភ្នាក់ងារ​សារព័ត៌មាន Reutersនិង​ក្រុមហ៊ុន Ipsos កាលពី​សប្តាហ៍​មុន​បង្ហាញ​ថា​អ្នកស្រី Harris នាំមុខ​លោក Trump ដោយ​ទទួល​បាន​ការ​គាំទ្រ ៤៥% ទល់​នឹង ៤២%។

ទោះជាយ៉ាង​នេះ​ក្តី លទ្ធផល​នៃ​ការ​បោះឆ្នោត​ដោយ​អង្គ​បោះឆ្នោត​តាម​រដ្ឋ​នីមួយៗ​នឹង​កំណត់​អ្នក​ឈ្នះ​ក្នុង​ការ​ប្រកួត​នៅ​ខែ​វិច្ឆិកា​ខាងមុខ។ រដ្ឋ​ដែល​មាន​ការ​ប្រជែង​ខ្លាំង​ទាំង ៧ ទំនង​ជា​អ្នក​សម្រេច ដោយ​លទ្ធផល​នៃ​ការ​ប្រកួត​នេះ​អាច​បង្ហាញ​ឡើង​តាមរយៈ​ការ​ស្ទង់មតិ​លើ​អ្នក​ដែល​ទំនងជា​បោះឆ្នោត​ក្នុង​រដ្ឋ​ទាំង​នោះ៕

វេទិកា​បញ្ចេញ​មតិ

XS
SM
MD
LG