កាលពីថ្ងៃសុក្រប្រទេសម៉ាសេដ្ឋាន (Macedonia) បានប្រកាសថា ខ្លួននឹងអនុញ្ញាតឱ្យ «ជនទេសន្តរប្រវេសន៍ខុសច្បាប់មួយចំនួនដោយមានកម្រិត ដែលពួកគេមកពីប្រភេទនៃក្រុមជនងាយរងគ្រោះ» ចូលក្នុងប្រទេសនេះ បន្ទាប់ពីប៉ូលិសដែលទប់ទល់នឹងកុប្បកម្មបានប្រឈមមុខនឹងជនទេសន្តរប្រវេសន៍ដែលខឹងសំបារដែលជាប់គាំងនៅក្នុងកន្លែងគ្មានមនុស្សរស់នៅ នៅតាមព្រំដែនជាមួយប្រទេសក្រិក។
ក្រសួងមហាផ្ទៃបាននិយាយថា ជនទេសន្តរប្រវេសន៍ «ដែលងាយនឹងរងគ្រោះ» នឹងត្រូវជួយទៅតាមលទ្ធភាពរបស់រដ្ឋ។ ប្រទេសម៉ាសេដ្ឋានមិនបាននិយាយថាតើជនដែលងាយរងគ្រោះជាជនប្រភេទណាទេ។
ទីភ្នាក់ងារព័ត៌មាន Reuters បានរាយការណ៍កាលពីថ្ងៃសុក្រថា ជនទេសន្តរប្រវេសន៍រាប់រយនាក់បានឆ្លងកាត់ព្រំដែនពីប្រទេសក្រិកចូលទៅក្នុងប្រទេសម៉ាសេដ្ឋាន។
កាលពីព្រឹកថ្ងៃសុក្រ ប៉ូលិសបានប្រើគ្រាប់បែកផ្សែង គ្រាប់បែកដៃ និងរបាំងបន្លាលួសដើម្បីរុញច្រានហ្វូងជនទេសន្តរប្រវេសន៍ដែលមានច្រើននៅពេលយប់ដែលបានទាមទារឆ្លងកាត់ប្រទេសម៉ាសេដ្ឋានទៅកាន់ប្រទេសនៃសហភាពអឺរ៉ុប។
កាលពីថ្ងៃព្រហស្បតិ៍ ប្រទេសម៉ាសេដ្ឋានបានប្រកាសភាពមានអាសន្នហើយបានប្រកាសថា ខ្លួននឹងបញ្ជូនពួកទាហានទៅកាន់ព្រំដែនខ្លួនជាមួយប្រទេសក្រិកដើម្បីបញ្ឈប់ជនទេសន្តរប្រវេសន៍ខុសច្បាប់កុំឱ្យចូលទៅក្នុងប្រទេស៕