ជនចំណាកស្រុកកាន់តែច្រើនឡើងកំពុងតែធ្វើដំណើរឆ្លងកាត់តំបន់សមុទ្រ Aegean ពីប្រទេសតួកគីឆ្ពោះទៅកាន់កោះជាច្រើននៅមិនឆ្ងាយពីតំបន់ឆ្នេររបស់ប្រទេសក្រិក។ ពួកគេព្យាយាមធ្វើដំណើរចេញពីទីនោះឆ្លងកាត់ប្រទេសក្រិកឆ្ពោះទៅប្រទេសមួយចំនួនក្នុងសហភាពអឺរ៉ុបដែលមានសេដ្ឋកិច្ចស្តុកស្តម្ភ រួមមានប្រទេសអាល្លឺម៉ង់ អេស្ប៉ាញ និងចក្រភពអង់គ្លេសជាដើម។ កិច្ចខិតខំប្រឹងប្រែងរបស់សហភាពអឺរ៉ុបដើម្បីបញ្ឈប់នូវលំហូរនៃជនចំណាកស្រុកទាំងនោះ បានជួបឧបសគ្គ ដោយសារតែវិបត្តិសេដ្ឋកិច្ចនៅប្រទេសក្រិក។
វិបត្តិនេះបានធ្វើឲ្យប្រទេសក្រិកមានថវិកាកាន់តែតិចជាងមុន សម្រាប់ការយាមល្បាតព្រំដែនរបស់ខ្លួន ការសម្រិតសម្រាំងជនចំណាកស្រុកដែលស្វែងរកសិទ្ធិជ្រកកោន ការផ្តល់ជំនួយសុខាភិបាល និងជំនួយមនុស្សធម៌សម្រាប់មជ្ឈមណ្ឌលឃុំឃាំងនានាដែលមានភាពកកកុញ។
សម្រាប់ទីភ្នាក់ងារជនភៀសខ្លួនអង្គការសហប្រជាជាតិ ចំនួននៃជនចំណាកស្រុកដ៏ច្រើននេះបានបង្ហាញឡើងនូវបញ្ហាមួយ។ ជនចំណាកស្រុកចំនួន១៥៥.០០០នាក់បានមកដល់ប្រទេសក្រិកនៅឆ្នាំនេះ ដែលក្នុងនោះស្ទើរតែពាក់កណ្តាលនៃពួកគេបានធ្វើដំណើរតាមសមុទ្រ។
នាង Laura Padoan អ្នកនាំពាក្យឧត្តមស្នងការជាន់ខ្ពស់អង្គការសហប្រជាជាតិទទួលបន្ទុកផ្នែកជនភៀសខ្លួន UNHCR បាននិយាយថា មនុស្សរហូតដល់ទៅ១.០០០នាក់ក្នុងមួយថ្ងៃបានធ្វើដំណើរទៅប្រជុំកោះនៃតំបន់ឆ្នេរប្រទេសក្រិក។ ពួកគេភាគច្រើន មកពីប្រទេសស៊ីរី អ៊ីរ៉ាក់ និងអាហ្វហ្គានីស្ថាន។ ប្រហែល១០ភាគរយក្នុងចំណោមពួកគេ មកពីប្រទេសអេរីត្រេ ស៊ូដង់ ឬបណ្តាប្រទេសផ្សេងៗទៀតនៅតំបន់អាហ្រ្វិកខាងកើត និងមជ្ឈិមបូព៌ា។ ពួកគេធ្វើដំណើរចាកចេញពីតំបន់ឆ្នេរប្រវែង៦០០គីឡូម៉ែត្រដែលពិបាកយាមល្បាតក្នុងទឹកដីនៃប្រទេសតួកគី ដើម្បីឆ្ពោះទៅកាន់កោះនានាដែលអាចស្នាក់អាស្រ័យបាននៅក្នុងដែនសមុទ្រ Aegean។
នាងPadoan ដែលត្រូវបានទាក់ទងបានតាមទូរស័ព្ទបាននិយាយពីលើកោះ Lesbos ថា ក្រុមឈ្មួញរត់ពន្ធមនុស្សបានទារថ្លៃពួកជនចំណាកស្រុករហូតដល់ទៅ១.២០០ដុល្លារក្នុងមួយនាក់ សម្រាប់ការធ្វើដំណើរតាមទូកតូចចង្អៀតមួយទៅកាន់ប្រទេសមួយនៃសហភាពអឺរ៉ុប។
«ខ្ញុំបាននិយាយជាមួយជនភៀសខ្លួនជាច្រើននាក់ ដែលបានធ្វើដំណើរឆ្លងដែនដោយជោគជ័យ។ ជនម្នាក់ក្នុងចំណោមពួកគេបានប្រាប់ខ្ញុំថា បន្ទាប់ពីបានចុះទូកទៅក្នុងសមុទ្របាន២០នាទីនាពេលយប់ ទឹកចាប់ផ្តើមជ្រាបចូលក្នុងទូក។ ពួកគេភ័យខ្លាំងណាស់ ហើយពេលនោះគឺងងឹតស្លុង។ ពួកគេត្រូវលើកក្មេងៗឲ្យផុតពីទឹក ដើម្បីរក្សាសុវត្ថិភាពដល់ពួកគេ។ នៅចុងបញ្ចប់ ឆ្មាំសមុទ្រក្រិកបានរកឃើញនិងបានសង្គ្រោះពួកគេ»។
នាងបានបន្តថា បច្ចុប្បន្ននេះ មានគ្រែសម្រាប់ជនចំណាកស្រុកប្រហែលជា៧០ប៉ុណ្ណោះ នៅមជ្ឈមណ្ឌលឃុំឃាំងលើកោះនោះ។ ក៏ប៉ុន្តែ នៅពេលដែលជនភៀសខ្លួនកាន់តែច្រើនកំពុងមកដល់កោះ Lesbos លទ្ធភាពក្នុងការផ្តល់ទីស្នាក់អាស្រ័យមានកាន់តែចង្អៀតទៅ ហើយប្រព័ន្ធទាំងមូលកំពុងតែទន់ទោរទៅៗ។
«ឥឡូវនេះ មានមនុស្សប្រហែល១.០០០នាក់កំពុងបោះជំរុំនៅខាងក្រៅមជ្ឈមណ្ឌល ហើយរដ្ឋាភិបាលបានកំណត់កន្លែងផ្សេងមួយទៀតសម្រាប់ពួកគេ។ មនុស្សប្រមាណជា៣.០០០នាក់ កំពុងតែបោះជំរុំនៅទីនោះ ជាមួយនឹងសេវាផ្គត់ផ្គង់ផ្សេងៗមានកម្រិត និងស្ថានភាពលំបាកលំបិនដូចជា ទឹកសម្រាប់ប្រើប្រាស់មានកម្រិត បន្ទប់ទឹកខ្វះអនាម័យ ក៏ដូចជាតម្រូវការជំនួយសុខាភិបាលជាបន្ទាន់ផងដែរ»។
សម្រាប់មនុស្សជាច្រើនដែលបានមកដល់កោះ Lesbos ដំណាក់កាលបន្ទាប់គឺការធ្វើដំណើរចម្ងាយ ៧០គីឡូម៉ែត្រ ទៅកាន់កំពង់ផែនៅជិតបំផុតមួយ ដើម្បីចុះឈ្មោះជាមួយនឹងក្រុមអាជ្ញាធរ ហើយស្នើសុំសិទ្ធិជ្រកកោន។ ការធ្វើដំណើរនេះមានភាពលំបាកខ្លាំង ជាពិសេសសម្រាប់ស្រ្តីមានផ្ទៃពោះ និងកុមារ។
មានតែដើមអូលីវពីរបីដើមបុណ្ណោះដែលផ្តល់ជាម្លប់ដើម្បីគេចពីកម្តៅថ្ងៃដ៏ហួតហែង ហើយមិនមានកន្លែងសម្រាប់សម្រាកនៅពេលយប់នោះទេ។ ក៏ប៉ុន្តែអ្វីដែលទទួលបានមកវិញ គឺសាកសមនឹងការលះបង់ទាំងនោះ។ នៅពេលពួកគេទទួលបានក្រដាសស្នាមពីប្រទេសសមាជិកសហភាពអឺរ៉ុបទីមួយ ដែលពួកគេបានទៅដល់ ពួកគេអាចធ្វើដំណើរទៅកាន់តំបន់ដទៃទៀតនៃសហភាពអឺរ៉ុប។
នាង Padoan និយាយថា វិបត្តិហិរញ្ញវត្ថុបានធ្វើឲ្យកម្មវិធីរបស់អង្គការ UNHCR ខ្លះ ប្រឈមនឹងហានិភ័យ។ កាលពីប៉ុន្មានសប្តាហ៍ថ្មីៗនេះ ក្រិកបានគ្រប់គ្រងទៅលើបរិមាណទឹកប្រាក់ដែលអាចដកចេញពីធនាគាររបស់ក្រិក។ នាងបានបន្តទៀតថា អង្គការត្រូវការសាច់ប្រាក់រួចរាល់ជាស្រេចដើម្បីទិញទំនិញក្នុងប្រទេសក្រិក និងបង់ប្រាក់ឲ្យក្រុមហ៊ុនផ្គត់ផ្គង់អាហារក្នុងស្រុកសម្រាប់គ្រឿងឧបភោគបរិភោគ។ ក្រុមអង្គការមនុស្សធម៌នានាបានឲ្យដឹងថា ប្រទេសក្រិកកំពុងតែទទួលរងបញ្ហាយ៉ាងតាន់តាប់ ហើយបានអំពាវនាវឲ្យយកចិត្តទុកដាក់លើតម្រូវការជំនួយរបស់ប្រទេសនេះ។
អង្គការ UNHCR កំពុងអំពាវនាវឲ្យសហភាពអឺរ៉ុបបង្កើនជំនួយដល់ប្រទេសក្រិក និងដោះស្រាយបញ្ហាស្នាក់អាស្រ័យរបស់ជនភៀសខ្លួន។
សហភាពអឺរ៉ុបនិយាយថា ខ្លួនមានការប្តេជ្ញាចិត្តក្នុងការជួយប្រទេសក្រិកលើបញ្ហាលំហូរនៃជនអន្តោប្រវេសន៍ ហើយរដ្ឋមួយចំនួនកំពុងតែពិចារណាលើការបង្កើនចំនួនជនចំណាកស្រុកចូលក្នុងប្រទេសពួកគេ។ ក៏ប៉ុន្តែ សមាជិកសហភាពអឺរ៉ុបភាគច្រើនបានច្រានចោលនូវសំណើកូតា ដែលតម្រូវឲ្យពួកគេទទួលយកជនភៀសខ្លួនក្នុងភាគរយណាមួយ។ នេះជាការពិតមួយ ជាពិសេសចំពោះបណ្តាប្រទេសនៅអឺរ៉ុបភាគខាងកើត ឬបណ្តាប្រទេសដែលមានកំណើនសេដ្ឋកិច្ចយឺតយ៉ាវ និងមានអត្រានិកម្មភាព(ភាពគ្មានការងារធ្វើ)ខ្ពស់៕
ប្រែសម្រួលដោយ ហេង វ៉ាន់ហុង