មេដឹកនាំសហភាពអឺរ៉ុបបានព្រមព្រៀងគ្នាលើផែនការស្ម័គ្រចិត្តមួយនៅឯសន្និសីទកំពូលក្នុងទីក្រុងព្រុចសែល (Brussels) ដើម្បីទទួលយកអ្នកសុំសិទ្ធិជ្រកកោនចំនួន៦ម៉ឺននាក់នៅក្នុងការឆ្លើយតបទៅនឹងវិបត្តិជនចំណាកស្រុករបស់ទ្វីបនោះ។
មេដឹកនាំទាំងនោះបាននិយាយថា ជនចំណាកស្រុក៤ម៉ឺននាក់ដែលបានធ្វើដំណើរទៅកាន់ប្រទេសអ៊ីតាលី និងប្រទេសក្រិកនឹងត្រូវតាំងទីលំនៅថ្មីនៅប្រទេសនានានៅអឺរ៉ុបក្នុងរយៈពេល២ឆ្នាំក្រោយ។ ក្រុមមន្រ្តីបាននិយាយថា ជនចំណាកស្រុក២ម៉ឺននាក់ទៀត នៅពេលបច្ចុប្បន្ននេះ ដែលកំពុងរស់នៅខាងក្រៅសហភាពអឺរ៉ុបនឹងត្រូវតាំងទីលំនៅថ្មី។
រដ្ឋមន្រ្តីក្រសួងមហាផ្ទៃនៃបណ្តាប្រទេសសមាជិកសហភាពអឺរ៉ុបត្រូវគេរំពឹងថា នឹងធ្វើកិច្ចព្រមព្រៀងចុងក្រោយនៅចុងខែកក្កដា។
ប្រទេសអ៊ីតាលី និងក្រិកដែលជាសមាជិកសហភាពអឺរ៉ុបកំពុងទទួលខុសត្រូវយ៉ាងខ្លាំងនៅពេលបច្ចុប្បន្ននេះ នៅពេលដែលជនចំណាកស្រុករាប់ពាន់នាក់កំពុងរត់គេចចេញពីភាពក្រីក្រ និងសង្គ្រាមពីតំបន់អាហ្វ្រិកខាងជើង និងតំបន់មជ្ឈឹមបូព៌ាត្រូវបានជួយសង្គ្រោះពីកប៉ាល់ដ៏ទ្រុឌទ្រោមនៅក្នុងសមុទ្រមេឌីទែរ៉ាណេនៅជិតឆ្នេរសមុទ្ររបស់ប្រទេសទាំង២។ រដ្ឋាភិបាលក្រិក និងអ៊ីតាលីបានសន្យាជួយជនចំណាកស្រុកទាំងនោះ។
លោកស្រីអធិការបតី Angela Merkel នៃប្រទេសអាល្លឺម៉ង់បានមានប្រសាសន៍ថា «ខ្ញុំជឿជាក់ថា បញ្ហានៃជនចំណាកស្រុកជាបញ្ហាដ៏ធំបំផុតដែលខ្ញុំបានឃើញនៅក្នុងកិច្ចការអឺរ៉ុបចាប់តាំងពីខ្ញុំចូលកាន់តំណែងមក»៕