រឿងក្តីអ្នកស្រី ឡុង សុគន្ធី តំណាងពលរដ្ឋរងគ្រោះដោយសារដីធ្លីក្នុងខេត្តបន្ទាយមានជ័យ បានទៅដល់សាលាឧទ្ធរណ៍កាលពីពេលថ្មីៗនេះ ខណៈដែលក្រុមអ្នកគាំទ្រជាង៣០០នាក់បានផ្អាកការធ្វើបាតុកម្មអហិង្សានៅមុខសាលាដំបូងខេត្តបន្ទាយមានជ័យ។ នេះបើយោងតាមការបញ្ជាក់ពីមេធាវី និងកូនស្រីអ្នកស្រីឡុង សុគន្ធី។
លោក សំ ទិតសីហា មេធាវីរបស់អ្នកស្រី ឡុង សុគន្ធី បានបញ្ជាក់ប្រាប់ VOA ឲ្យដឹងនៅថ្ងៃព្រហស្បតិ៍នេះថា លោកបានដាក់ពាក្យបណ្តឹងទៅសាលាឧទ្ធរណ៍ កាលពីថ្ងៃទី៣ ខែមេសា ឆ្នាំ ២០១៨។ លោករំពឹងថា យុត្តិធម៌នឹងអាចត្រូវបានផ្តល់ជូនចំពោះកូនក្តីលោក ដែលមានវិវាទត្រឹមក្នុងករណីរដ្ឋប្បវេណី តែបែរជាត្រូវបានប្រែក្លាយជារឿងព្រហ្មទណ្ឌទៅវិញ។
លោកមានប្រសាសន៍ថា៖
«ខ្ញុំសង្ឃឹមថាបើសិនតុលាការ គាត់យល់ឃើញថា ទាក់ទងករណីនេះ ជាករណីជម្លោះដីធ្លី ហើយទីពីរនៅក្នុង នៅសាលាឧទ្ធរណ៍នេះ គឺយើងមានប្រជាពលរដ្ឋរហូតដល់ ៨៨នាក់ ក្នុងការធានាគាត់ អះអាងថាគាត់ត្រូវតែគាត់ចេញនៅក្រៅឃុំ គឺ គាត់អត់មានទៅធ្វើបង្កការលំបាក ឬក៏ គេចវេសឬក៏ ទៅប្រើហិង្សាទៅលើ ឬបំផ្លាញវត្ថុតាងទេ»។
អ្នកស្រី ឡុង សុគន្ធី ត្រូវបានអាជ្ញាធរមានសមត្ថកិច្ចស្ទាក់ចាប់ខ្លួន ក្នុងពេលអ្នកស្រីកំពុងធ្វើដំណើរមកកាន់ទីរួមខេត្តបន្ទាយមានជ័យ កាលពីថ្ងៃទី ២៦ ខែមីនា ឆ្នាំ ២០១៨។ ភ្លាមៗក្រោយការចាប់ខ្លួននោះ អ្នកស្រីត្រូវបានកម្លាំងមានសមត្ថកិច្ចនាំខ្លួនទៅឃុំក្នុងពន្ធនាគារ ខេត្តបន្ទាយជ័យ។
លោកសំ ទិតសីហាមានប្រសាសន៍បន្តទៀតថា៖
«យើងមានហេតុផលគ្រប់គ្រាន់ ទាក់ទងទៅហ្នឹងចំណុចមួយចំនួនដែលយើងត្រូវធ្វើដើម្បីធានាគាត់ហ្នឹង យើងសង្ឃឹមថា សាលាឧទ្ធរណ៍គាត់នឹងពិចារណាដោះលែងគាត់ ដោយសារ ករណីនេះ វាកើតចេញ មិនមែនជាករណីព្រហ្មទណ្ឌអីធ្ងន់ធ្ងរ ឬក៏ថាបណ្តាលឲ្យវាមានព្យសនកម្មធំទៅដល់ សង្គមទេ ប៉ុន្តែវាពាក់ព័ន្ធតែរឿងដីសុទ្ធសាធ»។
អ្នកស្រីឡុង សុគន្ធី វ័យ ៤២ ឆ្នាំ តំណាងឲ្យប្រជាពលរដ្ឋចំនួន ៣១០ គ្រួសារ ដែលមានទំនាស់ដីធ្លីជាមួយឧកញ៉ាម្នាក់ ឈ្មោះសំ សុផាន់ណារិទ្ធិ ក្នុងការទាមទារដីទំហំ ២.០៧៦ ហិកតា នៅ ភូមិថ្នល់បត់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្ត បន្ទាយមានជ័យ ត្រូវបានចាប់ឃុំខ្លួន តាមអំណាចដីកាបង្គាប់ឲ្យចាប់ខ្លួន របស់លោកចៅក្រម ផេង កុសល ដែលបានផ្តន្ទាទោសអ្នកស្រី ឡុង សុគន្ធី មានកូន៤នាក់ ដាក់ពន្ធនាគារកំណត់ ១ឆ្នាំ គិតពីថ្ងៃចាប់ខ្លួនបាន។
VOA នៅតែមិនទាន់អាចទាក់ទងលោក សំ សុផាន់ណារិទ្ធិ បានទេ នៅថ្ងៃព្រហស្បតិ៍នេះ។
កញ្ញា នី សារ៉ានីត វ័យ ១៩ ឆ្នាំ ជាកូនស្រីបង្កើត របស់អ្នកស្រី ឡុង សុគន្ធី ថ្លែងថា ការចាប់ឃុំខ្លួនម្តាយកញ្ញា ជារឿងអយុត្តិធម៌សម្រាប់នាងផ្ទាល់ផងនិងក្រុមប្រជាពលរដ្ឋជាង៣០០នាក់ ដែលបានពឹងលើគាត់ ក្នុងការស្វែងរកដំណោះស្រាយចំពោះទំនាស់ដីធ្លី ដែលបានអូសបន្លាយពេលមកជាង ១០ឆ្នាំ។ កញ្ញាថ្លែងបន្តថា កញ្ញា ចង់ឃើញម្តាយបានស្ថិតនៅក្រៅឃុំ ដោយហេតុថាអ្នកស្រីមានបញ្ហាសុខភាព ដែលពិបាកទ្រាំទ្របាននឹងបរិយាកាសក្នុងពន្ធនាគារ ហើយថាប្រជាពលរដ្ឋក៏ចង់ឃើញគាត់មានសេរីភាពឡើងវិញ។
«ខ្ញុំចង់ឲ្យលែងចេញក្រៅឃុំ ព្រោះម្តាយរបស់ខ្ញុំ ណាមួយពិបាកសុខភាពផង ហើយប្រជាពលរដ្ឋ ត្រូវពឹងលើម្តាយខ្ញុំ ព្រោះប្រជាពលរដ្ឋ គាត់អត់ចេះដឹងអីចឹង ព្រោះគាត់អត់បានរៀនខ្ពង់ខ្ពស់ហើយណាមួយគាត់ គាត់ថាតែអត់តំណាង គាត់ថាគ្មានសង្ឃឹមទេ ព្រោះគ្រាន់ថ្ងៃដំបូង គ្រាន់តែគេចាប់ភ្លាម ថ្ងៃហ្នឹង គេមកវាស់វែងយកដីហ្នឹងភ្លាម»។
អ្នកស្រី ឡុង សុគន្ធី ត្រូវបានចោទ និងកាត់ទោស ពីបទ ប៉ះពាល់កម្មសិទ្ធិឯកជន តាមមាត្រា ២៤៤ និងមាត្រា ២៥៣ នៃច្បាប់ភូមិបាល និង ពីបទធ្វើឲ្យខូចខាត ដោយចេតនា តាមមាត្រា៤១០នៃក្រមព្រហ្មទណ្ឌ ប្រព្រឹត្តនៅភូមិបឹងស្នោ ឃុំស្លក្រាម ស្រុក ស្វាយចេក ខេត្តបន្ទាយមានជ័យ។
លោក អ៊ិន គង់ជិត មន្ត្រីសិទ្ធិមនុស្សរបស់អង្គការការពារសិទ្ធិមនុស្សលីកាដូ ប្រចាំខេត្តបន្ទាយមានជ័យ ថ្លែងថា ក្រុមអ្នកតវ៉ាប្រឆាំងការចាប់ខ្លួនអ្នកស្រីឡុង សុគន្ធីបានផ្អាកសកម្មភាពរបស់ពួកគេ កាលពីថ្ងៃពុធ ដោយមន្ត្រីតុលាការខេត្តមួយរូប បានព្រមានថា នឹងចាប់ខ្លួនអ្នកដែលចូលរួមការតវ៉ា ដែលមន្ត្រីតុលាការរូបនោះចោទថា ជាការតវ៉ាខុសច្បាប់។
មន្ត្រីសិទ្ធិមនុស្សរូបនេះ អះអាងថា តុលាការខេត្តបន្ទាយមានជ័យ ហាក់បីជា មានចេតនា បើកយុទ្ធនាការបង្រ្កាបតំណាងពលរដ្ឋមានវិវាទដីធ្លី ចាប់តំាងពីខែកុម្ភៈមក ដោយការចាប់ឃុំខ្លួនតំណាងពលរដ្ឋ ដែលការណ៍នេះ ផ្ទុយពីអនុសាសន៍របស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលបានប្រកាសកាលពីពេលកន្លងមកថាតំណាងពលរដ្ឋមានវិវាទដីធ្លី មិនគួរត្រូវបានចាប់ឃុំក្នុងពន្ធនាគារនោះឡើយ៕