ប្រជាពលរដ្ឋជិត១០០នាក់ដែលមានវិវាទដីធ្លីជាមួយអ្នកមានលុយកាក់ម្នាក់បានបន្តការតវ៉ានៅមុខសាលាដំបូងខេត្តបន្ទាយមានជ័យរហូតដល់ថ្ងៃពុធនេះដើម្បីទាមទារឲ្យតុលាការដោះលែងតំណាងរបស់ពួកគេដែលត្រូវបានចាប់យកមកដាក់គុកកាលពីថ្ងៃច័ន្ទ។ នេះបើតាមការបញ្ជាក់ពីមន្ត្រីសិទ្ធិមនុស្សប្រចាំខេត្តបន្ទាយមានជ័យនិងអ្នកតវ៉ា។
អ្នកស្រី ឡុង សុគន្ធី វ័យ ៤២ ឆ្នាំ តំណាងឲ្យប្រជាពលរដ្ឋចំនួន ៣១០ គ្រួសារ ដែលមានទំនាស់ដីធ្លីជាមួយឧកញ៉ាម្នាក់ ឈ្មោះសំ ផាន់វណ្ណារិទ្ធិក្នុងការទាមទារដីទំហំ ២.០៧៦ ហិកតា នៅ ភូមិថ្នល់បត់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្ត បន្ទាយមានជ័យ ត្រូវបានអាជ្ញាធរមានសមត្ថកិច្ចស្ទាក់ចាប់ខ្លួន ក្នុងពេលអ្នកស្រីកំពុងធ្វើដំណើរមកកាន់ទីរួមខេត្តបន្ទាយមានជ័យ កាលពីថ្ងៃទី ២៦ ខែមីនា ឆ្នាំ ២០១៨។
លោក អ៊ិន គង់ជិត មន្ត្រីសិទ្ធិមនុស្សរបស់អង្គការការពារសិទ្ធិមនុស្សលីកាដូ ប្រចាំខេត្តបន្ទាយមានជ័យមានប្រសាសន៍ថា ប្រជាពលរដ្ឋដែលមានទំនាស់ដីធ្លីជាមួយលោកសំ ផាន់វណ្ណារិទ្ធិ បានផ្តើមការត៉វាតាំងពីថ្ងៃអង្គារ ដោយបានអំពាវនាវឲ្យតុលាការដោះលែង អ្នកស្រី ឡុង សុគន្ធី ដែលជាតំណាងរបស់ពួកគេ។ ទំនាស់ដីធ្លីនេះដែលបានអូសបន្លាយតាំងពីឆ្នាំ ២០០៤។
លោកបានប្រាប់ VOA បន្តថា ប្រសិនបើអ្នកស្រី ឡុង សុគន្ធី មិនត្រូវបានតុលាការដោះលែងទេ នោះជម្លោះដីធ្លីរ៉ាំរ៉ៃនឹងបន្តជាប់គាំង ហើយប្រជាពលរដ្ឋនឹងបាត់បង់អ្នកទីពឹង។
«ដូច្នេះ នៅពេលគាត់សុខចិត្ត រួមគ្នា ដើម្បីធ្វើការតវ៉ាឲ្យមានការដោះលែង តំណាងពួកគាត់ឲ្យបាន រួចខ្លួននៅក្រៅឃុំ»។
ការចាប់ខ្លួនអ្នកស្រីយកមកដាក់ក្នុងពន្ធនាគារ បានធ្វើឡើង តាមដីកាបង្គាប់ឲ្យចាប់ខ្លួន របស់លោកចៅក្រម ផេង កុសល ដែលបានផ្តន្ទាទោសអ្នកស្រី ឡុង សុគន្ធី មានកូន៤នាក់ ដាក់ពន្ធនាគារកំណត់ ១ឆ្នាំ គិតពីថ្ងៃចាប់ខ្លួនបាន ពីបទ ប៉ះពាល់កម្មសិទ្ធិឯកជន តាមមាត្រា ២៤៤ និងមាត្រា ២៥៣ នៃច្បាប់ភូមិបាល និង ពីបទធ្វើឲ្យខូចខាត ដោយចេតនា តាមមាត្រា៤១០នៃក្រមព្រហ្មទណ្ឌ ប្រព្រឹត្តនៅភូមិបឹងស្នោ ឃុំស្លក្រាម ស្រុក ស្វាយចេក ខេត្តបន្ទាយមានជ័យ។ នេះបើតាមដីការបង្គាប់ឲ្យចាប់ខ្លួនចុះនៅថ្ងៃទី ១៦ ខែ មីនា ឆ្នាំ ២០១៨ ដែល VOA បានទទួលនៅថ្ងៃពុធ។
លោក លឹម ឈុនទ្រី ដែលជាតំណាងរបស់ប្រជាពលរដ្ឋម្នាក់ទៀត បានបញ្ជាក់ថា លោកបានស្នើឲ្យមានការរំសាយការតវ៉ានៅមុខសាលាដំបូងខេត្តបន្ទាយមានជ័យ បន្ទាប់ពីប្រធានតុលាការ បានសន្យាថា នឹងមានការដោះលែងអ្នកស្រី ឡុង សុគន្ធី ក្នុងពេលឆាប់ៗនេះ។ លោកអះអាងថា អ្នកស្រី ឡុង សុគន្ធី មិនបានប្រព្រឹត្តបទល្មើសដូចដែលតុលាការបានចោទប្រកាន់ប្រឆាំងនឹងអ្នកស្រីនោះទេ។
លោកឈុនទ្រីបានបន្ថែមថា៖
«អ្នកស្រី ឡុង សុគន្ធីនេះ គាត់មិនបានធ្វើរឿងអ្វីឲ្យខុសទេបង គាត់ធ្វើរឿងដំណោះស្រាយប្រជាពលរដ្ឋ។ នេះគឺជារឿងជួយជាតិផង ហើយជួយប្រជាពលរដ្ឋ អ៊ីចឹងគាត់មានទោសអីដែលត្រូវខុស គាត់អត់មានទោសដែលត្រូវខុសទេ គឺគាត់ជួយប្រជាពលរដ្ឋ ដែលមានទុក្ខរងគ្រោះ ដោយសារអ្នកមានទឹកលុយ មានសិទ្ធិអំណាច រំលោភបំពានលើសិទ្ធិដីធ្លីរបស់ពួកខ្ញុំនេះ»។
លោកបានបញ្ជាក់ឲ្យដឹងទៀតថា លោកនឹងដឹកនាំការធ្វើបាតុកម្មទ្រង់ទ្រាយធំនៅពេលខាងមុខ ប្រសិនបើតុលាការខេត្ត បន្ទាយជ័យមិនព្រមដោះលែងអ្នកស្រី ឡុង សុគន្ធី។
យ៉ាងណាក៏ដោយ លោក សំ ទិតសីហា មេធាវីការពារក្តី អ្នកស្រី ឡុង សុគន្ធី បានបញ្ជាក់ថា ការដោះលែងអ្នកស្រី ឡុង សុគន្ធី មិនអាចត្រូវបានធ្វើឡើងឆាប់ៗនោះទេ ព្រោះលោកទើបតែបានដាក់ពាក្យប្តឹងឧទ្ធរណ៍ប្រឆាំងនឹងសាលក្រមស្ថាពររបស់សាលាដំបូងខេត្តបន្ទាយមានជ័យ។
លោកបន្ថែមថា៖
«ទាក់ទងនឹងសាលក្រមមួយដែលចូលស្ថាពរហើយ មិនអាចប្រធានសាលាដំបូងគាត់ទៅមានសិទ្ធិក្នុងការសម្រេចថាទៅដោះលែងឬនេះទេ យើងមានតែទៅបន្តឧទ្ទរណ៍ ដើម្បីឲ្យឧទ្ធរណ៍ គាត់ជាអ្នកមើលទៅនឹងនីតិវិធីហ្នឹង តើគាត់ត្រូវ ព្រោះបញ្ហាត្រូវដោះលែង ឬមិនដោះលែង អាហ្នឹងវាជាសិទ្ធិសម្រេចរបស់សាលាឧទ្ធរណ៍ មិនមែនជារបស់សាលាដំបូងទៀតទេ ព្រោះផុតសមត្ថកិច្ចគាត់»។
លោក ជី សុខ ប្រធានសាលាដំបូងខេត្តបន្ទាយមានជ័យ បដិសេធមិនធ្វើការអធិប្បាយ ដោយលោកអះអាងថា លោកមានតួនាទី ត្រឹមតែចាត់ចែងការងាររដ្ឋបាលរបស់តុលាការប៉ុណ្ណោះ។
«និយាយរួមទាក់ទងនឹងកិច្ចការងារ គឺខ្ញុំប្រធាន ខ្ញុំដឹកនាំតែការងាររដ្ឋបាលទេបង បងមានការអី ទាល់តែបងទាក់ទង ទៅខាងអ្នកនាំពាក្យបង»។
តាមសេចក្តីប្រកាសរបស់អង្គការលីកាដូ បានឲ្យដឹងថាជម្លោះរវាងប្រជាពលរដ្ឋ និងលោកសំ ផាន់វណ្ណារិទ្ធិ បានកើតឡើង នៅចំណុច អូរលុងខុប អូរបុង ភូមិថ្នល់បត់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ។
ប្រជាពលរដ្ឋដែលជាប់គាំងក្នុងវិវាទដីធ្លីនេះ ធ្លាប់បានដាក់ពាក្យបណ្ដឹងទៅអាជ្ញាធរថ្នាក់ខេត្ត និងថ្នាក់ជាតិ ដើម្បីស្នើសុំអន្តរាគមន៍ និងដោះស្រាយលើករណីនេះ ប៉ុន្តែរហូតមកទល់ពេលនេះ ប្រជាពលរដ្ឋទាំងនោះ មិនទាន់ទទួលបានដំណោះស្រាយប្រកបដោយប្រសិទ្ធភាពណាមួយនៅឡើយទេ។
VOA មិនទាន់អាចទាក់ទងសុំការអធិប្បាយពី លោក សំ ផាន់វណ្ណារិទ្ធិ បានទេនៅថ្ងៃពុធនេះ។
លោក អ៊ិន គង់ជិត មន្ត្រីសិទ្ធិមនុស្សរបស់អង្គការលីកាដូ ប្រចាំនៅខេត្តបន្ទាយមានជ័យ បានលើកឡើងបន្ថែមថា តុលាការគួរបើកការអង្កេតរកអ្នកពាក់ព័ន្ធផ្សេងទៀតក្នុងទំនាស់ដីធ្លីនេះដើម្បីបញ្ជាក់ពីភាពត្រឹមត្រូវនៃនីតិវិធី ក្នុងការកាត់ក្តីអ្នកស្រី ឡុង សុគន្ធី ឲ្យជាប់ក្នុងពន្ធនាគារ។
លោកអះអាងថា អ្នកស្រី ធ្លាប់ស្ថិតនៅក្នុងរចនាសម្ព័ន្ធដឹកនាំអង្គការក្រៅរដ្ឋាភិបាលមួយ ដែលបង្កើតឡើងដោយសហគមន៍របស់អ្នកស្រី។ អង្គការនោះមានគោលបំណង ការពារដីធ្លីដែលពលរដ្ឋសហគមន៍បានកាន់កាប់តាំងពីឆ្នាំ ២០០០ តែដោយសារមានបញ្ហាកេងប្រវ័ញ្ចនៅក្នុងអង្គការដដែលនោះ អ្នកស្រីឡុង សុគន្ធី ក៏បានលាឈប់ពីអង្គការនោះតែម្តង។
បើតាមដីកាបង្គាប់ឲ្យចាប់ខ្លួនអ្នកស្រី ឡុង សុគន្ធី ដែលចេញដោយលោក ចៅក្រម ផេង កុសលបានកំណត់អត្តសញ្ញាណ អ្នកស្រី ឡុង សុគន្ធី ថា មានមុខរបរជាអនុប្រធានអង្គការអភិវឌ្ឍន៍សហគមន៍មូលដ្ឋាន៕