- ដោយ ហ៊ុល រស្មី
កម្ពុជាប្រារព្ធបុណ្យឯករាជ្យជាតិ ចំពេលមានការតានតឹងខាងនយោបាយធ្ងន់ធ្ងរ
ព្រះមហាក្សត្រខ្មែរព្រះបាទ នរោត្តម សីហមុនីនៅថ្ងៃសៅរ៍នេះ បានធ្វើជាអធិបតី ប្រារព្ធទិវាបុណ្យឯករាជ្យជាតិខួបលើកទី៦៦ឆ្នាំ ខណៈដែលមានភាពរកាំរកូសខាងនយោបាយ ដោយសារក្រុមមេដឹកនាំគណបក្សប្រឆាំងត្រូវបានអាជ្ញាធរកម្ពុជារារាំងមិនឲ្យវិលចូលប្រទេស។
នៅពេលដែលក្រុមមេដឹកនាំគណបក្សកាន់អំណាច និងរដ្ឋាភិបាលប្រារព្ធទិវាបុណ្យឯករាជ្យជាតិជាមួយក្រុមមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ សិស្សសាលា និងគ្រូបង្រៀន ក្រោមការពារសន្តិសុខយ៉ាងតឹងរ៉ឹងនោះ មានសេចក្តីរាយការណ៍ជាបន្តបន្ទាប់ពីដំណើររបស់ក្រុមមេដឹកនាំគណបក្សសង្គ្រោះជាតិវិលមកកម្ពុជា។ រដ្ឋាភិបាលកម្ពុជាក៏បានរឹងបន្តឹងសន្តិសុខកាន់តែខ្លាំងនៅច្រកព្រំដែនអន្តរជាតិប៉ោយប៉ែតក្នុងខេត្តបន្ទាយមានជ័យ និងនៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ។
នាយឧត្ដមសេនីយ៍លោកទៀ បាញ់ រដ្ឋមន្ត្រីការពារជាតិ មានប្រសាសន៍ បន្ទាប់ពីការប្រារព្ធទិវាបុណ្យឯករាជ្យជាតិដែលមានលម្អទៅដោយកម្រងផ្កានិងការបង្ហោះប៉េងប៉ោងចម្រុះពណ៌ថា ការបង្កើនកម្លាំងយាមកាមនេះ មានបំណងរក្សាសន្តិសុខពេញលេញដល់ប្រជាពលរដ្ឋដែលចូលរួមពិធីបុណ្យជាតិនានា។
- ដោយ ម៉ែន គឹមសេង
លោកស ខេង បដិសេធថាមិនមានការបិទព្រំដែននិងរារាំងលោកសម រង្ស៊ីនិងបក្សពួកទេ
ក្រសួងមហាផ្ទៃបានអះអាងថា អាជ្ញាធរកម្ពុជាមិនបានបិទច្រកព្រំដែនទេ ហើយបញ្ជាក់ថា ការពង្រាយកងកម្លាំងប្រដាប់ដោយអាវុធស្វ័យប្រវត្តិតាមបណ្តោយព្រំដែនគឺជាការត្រៀមអនុវត្តដីកាតុលាការដើម្បីចាប់ខ្លួនមេដឹកនាំបក្សប្រឆាំង ដែលគ្រោងចូលមកកម្ពុជានៅថ្ងៃសៅ៍នេះតែប៉ុណ្ណោះ។
លោកស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានបញ្ជាក់ នៅក្នុងសារតាមទំព័រហ្វេសប៊ុកផ្ទាល់ខ្លួនថា៖
«រហូតមកទល់ពេលនេះ មិនមានការបិទច្រកព្រំដែនណាមួយឡើយ ហើយសកម្មភាពចរាចរណ៍ និងការធ្វើដំណើររបស់ប្រជាពលរដ្ឋនិងភ្ញៀវទេសចរណ៍ឆ្លងកាត់ព្រំដែននានា មានដំណើរការជាធម្មតា»។
- ដោយ ស៊ុន ណារិន
នៅវេលាម៉ោងប្រមាណ៤រសៀលថ្ងៃសៅរ៍ សមត្ថកិច្ចបានបើកឲ្យពលរដ្ឋឆ្លងព្រំដែនចូលប្រទេសថៃវិញ ក្រោយពីបានបិទជាបន្តបន្ទាប់តាំងពីវេលាម៉ោងប្រមាណ៦ព្រឹក។
នៅប្រមាណម៉ោង៣រសៀលថ្ងៃសៅរ៍ ទីភ្នាក់ងារព័ត៌មាន Reuters បានរាយការណ៍ថា លោក សម រង្ស៊ី បានមកដល់ទីក្រុងគូឡាឡាំពួ ប្រទេសម៉ាឡេស៊ី។
ពេលត្រូវ Reuters សាកសួរលោកពេលកំពុងជិះលើយន្តហោះថាតើលោកគិតថាប្រទេសម៉ាឡេស៊ីនឹងស្វាគមន៍លោកយ៉ាងណានោះ មេដឹកនាំមួយរូបនៃគណបក្សប្រឆាំងកម្ពុជារូបនេះបានបញ្ជាក់ថា៖ «មិនដឹងទេ! ប្រហែលជារវាងព្រំក្រហមនិងខ្នោះដៃ»។