ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

Blog: ព្រឹត្តិការណ៍ជុំវិញមាតុភូមិនិវត្តន៍របស់លោក សម រង្ស៊ី ឆ្នាំ២០២០

ចាប់តាំងពីខែសីហា បន្ទាប់ពីលោក សម រង្ស៊ី ប្រធានស្តីទីគណបក្សសង្គ្រោះជាតិដែលត្រូវបានតុលាការរំលាយ និងសមាជិបក្សនិរទេសខ្លួនផ្សេងទៀត បានប្រកាសធ្វើមាតុភូមិនិវត្តន៍មកប្រទេសកម្ពុជាវិញនៅថ្ងៃទី៩ ខែវិច្ឆិកា គេឃើញថារដ្ឋាភិបាលកម្ពុជាកំពុងចាត់វិធានការជាច្រើនក្នុងការទប់ស្កាត់ការធ្វើមាតុភូមិនិវត្តន៍នេះ។ 

១៥:២៣ ៩.១១.២០១៩

សមត្ថកិច្ច​បន្ត​រឹត​បន្តឹង​ការ​ឆ្លង​កាត់​ព្រំដែន​ប៉ោយប៉ែត​ដោយ​ឃាត់​ពលរដ្ឋ​មិន​ឲ្យ​ធ្វើ​ដំណើរ

សមត្ថកិច្ច​ចម្រុះ​រាប់រយ​នាក់ ដែល​មាន​នគរបាល ប៉េអឹម និង​ទាហាន ដែល​ប្រដាប់​ដោយ​កាំភ្លើង​វែង​និង​ខ្លី នៅ​រសៀល​ថ្ងៃ​សៅរ៍​នេះ​ បន្ត​រឹត​បន្តឹង​ការ​ឆ្លងកាត់​ចូល​ទៅ​ព្រំដែន​ប៉ោយប៉ែត។

សមត្ថកិច្ច​ម្នាក់​បាន​ប្រកាស​តាម​ឧបករណ៍​ឧគ្ឃោសនស័ព្ទ​ប្រាប់​ទៅ​ពលរដ្ឋ​ដែល​ឈរ​រង់ចាំ និង​តាមដាន​ស្ថានភាព​នៅ​តាម​បណ្តោយ​ផ្លូវ​ជាតិ​លេខ​៥​ថា កម្មករ​ដែល​ធ្វើ​ការ​នៅ​កាស៊ីណូ និង​ជន​បរទេស​ដែល​ឆ្លងកាត់​ទៅ​ប្រទេស​ថៃ ត្រូវ​បាន​អនុញ្ញាត​ឲ្យ​ចូល។ ប៉ុន្តែ​ពលរដ្ឋ​ខ្មែរ​ដែល​ត្រូវឆ្លងកាត់ និង​ចូល​ទៅ​រកស៊ី​នៅ​ផ្សារ​រ៉ុងក្លឿ ប្រទេស​ថៃ មិន​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​ចូល​នោះ​ទេ។

ការ​រឹតបន្តឹង​សន្តិសុខ​នេះ​ធ្វើ​ឡើង​ ក្នុង​ពេល​ដែល​លោក សម រង្ស៊ី មេដឹកនាំ​គណបក្ស​សង្រ្គោះជាតិ​ដែល​ត្រូវ​បាន​តុលាការ​កំពូលរំលាយ​ មាន​គម្រោង​វិល​ត្រឡប់​មក​កម្ពុជា​វិញ​តាម​ច្រក​ព្រំដែន​ប៉ោយប៉ែត​នៅ​ថ្ងៃ​សៅរ៍​នេះ។

អានអត្ថបទទាំងស្រុង

១០:៥១ ៩.១១.២០១៩

អ្នក​នយោបាយ​លោក​ខាង​លិច​ស្នើ​ឲ្យ​មេដឹកនាំ​ខ្លួន​គាំទ្រ​មាតុភូមិនិវត្តន៍​របស់​បក្ស​ប្រឆាំង​នៅ​កម្ពុជា

បន្ទាប់​ពី​លោក សម រង្ស៊ី ប្រធាន​ស្តីទី​គណបក្ស​សង្គ្រោះ​ជាតិ និង​សមាជិក​ រួម​ទាំង​សកម្មជន​គណបក្ស​មួយ​ចំនួន​ត្រូវបាន​រារាំង​មិន​ឲ្យ​ធ្វើ​ដំណើរ​ឆ្លង​កាត់​ប្រទេស​ទីពីរ ដើម្បី​វិល​ចូល​ប្រទេស​កម្ពុជា​វិញ អ្នក​នយោបាយ​នៃ​បណ្តាប្រទេស​មួយ​ចំនួន​ក្នុង​តំបន់​លោក​ខាង​លិច បាន​ជំរុញ​ឲ្យ​រដ្ឋាភិបាល​របស់​ខ្លួន​គាំទ្រ​ការ​ធ្វើ​មាតុភូមិ​និវត្តន៍​របស់មេដឹកនាំ​និង​សមាជិក​បក្ស​ប្រឆាំង​កម្ពុជា។

សមាជិក​សភា​បារាំង​ចំនួន​១៩នាក់ បាន​ចុះ​ហត្ថលេខា​លើ​សេចក្តី​ថ្លែងការណ៍​របស់​ខ្លួន​មួយ ដោយ​ស្នើ​ឲ្យ​រដ្ឋាភិបាល​បារាំង និង​រដ្ឋាភិបាល​នៃ​បណ្តា​ប្រទេស​ជា​សមាជិក​នៃ​សហភាព​អឺរ៉ុប «ធានា​និង​គាំទ្រ​គម្រោង​របស់​មេដឹកនាំ​គណបក្ស​សង្គ្រោះជាតិ‍» ក្នុង​ការ​ធ្វើ​មាតុភូមិនិវត្តន៍​ចូល​ប្រទេស​កម្ពុជា​វិញ បើ​ទោះ​បី​ជាមាន​ការ​គំរាម​កំហែង​និង​ការ​ទប់ស្កាត់ពីសំណាក់​រដ្ឋាភិបាល​កម្ពុជា​ក៏​ដោយ។ នេះ​បើ​យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​លោក André Gattolin សមាជិក​ព្រឹទ្ធសភា​បារាំង​ម្នាក់​ប្រចាំ​តំបន់ Hauts-de-Seine នៃ​ប្រទេស​បារាំង ដែល​ត្រូវ​បាន​ចុះ​ផ្សាយក្នុង​ប្រព័ន្ធ​ផ្សព្វផ្សាយ​ព័ត៌មាន Mediapart កាលពី​ថ្ងៃទី៦ ខែ​វិច្ឆិកា​កន្លង​ទៅ​នេះ។

អានអត្ថបទទាំងស្រុង

០៩:៥៩ ៩.១១.២០១៩

តំណាងរាស្រ្ត​អាមេរិកាំង​៨រូប​សរសេរ​លិខិត​ទៅ​លោក​ហ៊ុន សែន សម្តែង​ការ​ព្រួយ​បារម្ភ

អ្នកតំណាងរាស្ត្រ​សហរដ្ឋ​អាមេរិក​ដ៏​មាន​ឥទ្ធិពល​ចំនួន​៨រូប បានផ្ញើ​លិខិត​មួយ​ច្បាប់​ជូន​លោក​នាយក​រដ្ឋ​មន្ត្រី​ហ៊ុន សែន​ ដោយសម្តែង​ការ​ព្រួយ​បារម្ភ​ពីសុវត្ថិភាព​ថ្នាក់ដឹកនាំ​គណបក្ស​ប្រឆាំង​ដែល​គ្រោង​នឹងវិល​ទៅដល់​ប្រទេស​កម្ពុជា​នៅ​ថ្ងៃសៅរ៍នេះ។​

អ្នក​តំណាងរាស្ត្រ​ទាំង​៨រូប​មកពី​គណបក្ស​ទាំងពីរ​នៅ​ក្នុង​សភាតំណាងរាស្ត្រ​គឺ​គណបក្ស​ប្រជាធិបតេយ្យ​និង​គណបក្ស​សាធារណរដ្ឋ​ រួមមាន​លោក​អាឡាំង ឡូវឹនសល លោក​ស្ទីវ ឆាបុត្រ​ លោក​អ៊ីលៀត អ៊ីងហ្កល លោក​ថេត យូហូ លោក​ប្រែដ សឺមឹន លោកជែម ម៉ាក់ហ្កូវឺន លោក​ស្រី​ឡូរី ត្រាហាន់ និង​លោក​ជេរ៉ល ខូណូលី។

អ្នក​តំណាងរាស្រ្ត​ទាំង​៨រូប​បាន​ប្រាប់​ទៅ​លោក​នាយករដ្ឋ​មន្ត្រី​ហ៊ុន សែន ថា​ពួកគេ​បាន​ដឹង​ពី​ដំណើរ​និវត្តន៍​របស់​ថ្នាក់ដឹកនាំ​គណបក្ស​សង្គ្រោះជាតិ​ទៅកម្ពុជា​និង​ព្រួយបារម្ភ​ខ្លាច​មាន​ហិង្សា​ណាមួយ​កើតមាន​ឡើង។​

លិខិត​របស់​អ្នកតំណាងរាស្ត្រ​ដែល​បាន​ចេញផ្សាយ​នៅថ្ងៃ​សុក្រ​ ហើយវីអូអេ​ទទួលបាន​ច្បាប់​ចម្លង​មួយ​បញ្ជាក់​ថា៖

«យើង​ព្រួយបារម្ភ​យ៉ាងខ្លាំង​នឹង​អត្ថាធិប្បាយ​របស់​រាជរដ្ឋាភិបាល​កម្ពុជា​ដែល​បាន​គំរាម​កំហែង​និង​បណ្តោយ​ឱ្យ​មាន​អំពើហិង្សា​ប្រឆាំង​នឹង​អ្នក​ទាំងនេះ​ នៅ​ពេល​ដែល​ពួកគេ​ត្រឡប់​ទៅ​វិញ‍»។

អានអត្ថបទទាំងស្រុង

០៩:១៧ ៩.១១.២០១៩

លោក សម រង្ស៊ី បាន​អះអាង​តាម​ទំព័រ​ហ្វេសប៊ុក​របស់​លោក​ថា លោក​បាន​ឡើង​យន្តហោះ​ចេញ​ពី​ទី​ក្រុង​ប៉ារីស​ហើយកាល​ពី​ថ្ងៃ​សុក្រ​ទី​៨ ខែ​វិច្ឆិកា នៅ​មួយ​ថ្ងៃ​ក្រោយ​ពី​លោក​ត្រូវ​បាន​រារាំង​មិន​ឲ្យ​ឡើង​យន្តហោះ​អាកាសចរណ៍​ថៃ​មក​កាន់​ទី​ក្រុង​បាងកក។ លោក​មិន​បាន​បញ្ជាក់​ថាគោលដៅ​ថ្មី​ជា​ទី​ណា​នោះ​ទេ។

ព័ត៌មាន​​​​​​ផ្សេង​​​ទៀត

XS
SM
MD
LG