ក្នុងអំឡុងពេលជាច្រើនខែ ក្នុងយុទ្ធនាការរកសំឡេងឆ្នោតប្រធានាធិបតីសរអា បេក្ខជនប្រធានាធិបតីនៃគណបក្សសេរីនិយម លោក Gary Johnson បានទទួលការគាំទ្រច្រើនគួរសម ប៉ុន្តែបន្ទាប់ពីការនិយាយខុសមួយចំនួនក្នុងរឿងគោលនយោបាយការបរទេស លោកទទួលស្គាល់ថាលោកគ្មានសង្ឃឹមថានឹងឈ្នះឆ្នោតចូលកាន់តំណែងក្នុងសេតវិមានទេ។
កាលពីពាក់កណ្តាលខែសីហា លោក Johnson ដែលជាអតីតអភិបាលរដ្ឋ New Mexico ចំនួន២អណត្តិ បានទទួលសំឡេងគាំទ្ររវាង ១០ ទៅ ១២ ភាគរយ ក្នុងការស្ទង់មតិថ្នាក់ជាតិ ក្នុងការប្រកួតជាមួយបេក្ខជននៃគណបក្សធំៗទាំង២ គឺលោក Donald Trump នៃគណបក្សសាធារណរដ្ឋ និងលោកស្រី Hillary Clinton នៃគណបក្សប្រជាធិបតេយ្យ។
ប៉ុន្តែឥឡូវនេះ ការស្ទង់មតិបង្ហាញថា ការគាំទ្រលោក Johnson បានធ្លាក់ចុះ ខណៈដែលអ្នកបោះឆ្នោតចាប់ផ្តើមផ្តោតទៅលើការបោះឆ្នោតនៅថ្ងៃទី៨វិច្ឆិកា ដើម្បីជ្រើសតាំងអ្នកឡើងកាន់តំណែងជំនួសលោកប្រធានាធិបតី បារ៉ាក់ អូបាម៉ា នៅពេលដែលលោកចេញពីតំណែង នៅខែមករាខាងមុខ។ រដ្ឋខ្លះកំពុងអនុញ្ញាតឲ្យមានការបោះឆ្នោតទុកមុន។ ការស្ទង់មតិទួទាំងប្រទេសថ្មីៗរបស់អង្គការ Real Clear Politics បង្ហាញថាលោក Johnson មានការគាំទ្រចំនួន ៧កណ្តក់សញ្ញា១ភាគរយ ។ លោកស្រី Clinton មានការគាំទ្រ ៤៣ កណ្តក់សញ្ញា៩ភាគរយ។ ចំណែកលោក Trump មានការគាំទ្រ ៤០ កណ្តក់សញ្ញា៧ភាគរយ៕