ទាំងលោកស្រី Clinton និងលោកTrumpបានចំណាយពេលជាងមួយឆ្នាំ ដើម្បីផ្ដោតលើយុទ្ធនាការ ទាក់ទាញប្រជាពលរដ្ឋឲ្យបោះឆ្នោតឲ្យគណបក្សរៀងៗគ្នាខ្លួន។ ប៉ុន្តែអ្នកបោះឆ្នោតមួយចំនួន បានដឹងខ្លួនគេថាជាបុគ្គលឯករាជ្យ ជាជាងបោះឆ្នោតឲ្យគណបក្សណាមួយនោះ។ ពួកគេទាំងនោះគឺជាទិសដៅនៃក្រុមអ្នកបោះឆ្នោតដែលមានចំនួនច្រើនមួយ សម្រាប់ការបោះឆ្នោតនៅថ្ងៃទី ៨ ខែវិច្ឆិកា ខាងមុខនេះ។
ការកើនឡើងនៃការចំណាយ
ភារកិច្ចសំខាន់មួយរបស់លោកស្រី Clintonនិងលោក Trumpគឺត្រូវទាក់ទាញឲ្យអ្នក ជួយ ព្រមផ្តល់ថវិកា ដើម្បីចំណាយលើការធ្វើយុទ្ធនាការរបស់ខ្លួន។
នាងPenny Lee អ្នកទទួលបន្ទុកផ្នែកយុទ្ធសាស្ត្រនៃគណបក្សប្រជាធិបតេយ្យ បានបា្រប់VOA ថា៖
«វាសំខាន់ណាស់ក្នុងការឧបត្ថម្ភទៅលើយុទ្ធនាការបោះឆ្នោត។ យើងត្រូវចំណាយថវិកាទៅឲ្យបុគ្គលិកនៅតាមរដ្ឋផ្សេងៗ ដើម្បីអាចឲ្យពួកគេធ្វើយុទ្ធនាការបាន គឺច្រើនជាងចំណាយទៅលើការផ្សាយពាណិជ្ជកម្មរឿងនយោបាយទៅទៀត។ ការផ្សាយដោយឥតគិតថ្លៃនៅពេលធ្វើយុទ្ធនាការបោះឆ្នោតប្រធានាធិបតី គឺមានភាពងាយស្រួលជាងពេលបោះឆ្នោតសភា និងការបោះឆ្នោតផ្សេងទៀត ប៉ុន្តែអ្នកត្រូវការឲ្យមានការសាទរតាំងពីការចាប់ផ្តើមដំបូង»។
គណៈកម្មការ រៀបចំការបោះឆ្នោតសហព័ន្ធបានបង្ហាញទិន្នន័យចុងក្រោយ នៃការធ្វើយុទ្ធនាការរកសម្លេងឆ្នោតរបស់លោកស្រី Clinton ដែលបានចាប់ផ្តើមតាំងពីខែកក្កដាមក។ លោកស្រីទទួលបានថវិកាចំនួន ៤៤លានដុល្លារ ហើយចំណែកលោក Trump បានត្រឹមតែចំនួន ២០លានដុល្លារទេ។ លោកស្រីក៏បានចំណាយច្រើនជាងលោក Trump ដល់ទៅ២៣០លានដុល្លារដែរ ដែលលោក Trump បានចំណាយអស់តែ៧១លានដុល្លារប៉ុណ្ណោះសម្រាប់រយៈពេលការបោះឆ្នោតទាំងមូល។ យោងតាមរបាយការណ៍ពីការបោះឆ្នោតអាណត្តិមុនបានឲ្យដឹងថា បេក្ខជនប្រធានាធិបតីទាំងពីរទើបតែចាប់ផ្តើមខ្ទង់ចំណាយរបស់ខ្លួនតែប៉ុណ្ណោះ។ គណៈកម្មាធិការរៀបចំយុទ្ធនាការបោះឆ្នោតរបស់លោកប្រធានាធិបតី Barack Obama បានចំណាយអស់៧៧៥លានដុល្លារ សម្រាប់ការបោះឆ្នោតឆ្នាំ២០១២។ ដៃគូប្រកួតប្រជែងរបស់លោកនាពេលនោះ គឺលោក Mitt Romney ខាងគណបក្សសាធារណរដ្ឋ ដែលបានចំណាយអស់៤៦០លានដុល្លារ។ ទាំងគណបក្សសាធារណរដ្ឋ គណបក្សប្រជាធិបតេយ្យ និងក្រុមខាងក្រៅគណបក្ស ក៏បានចំណាយថវិការាប់រយលានដុល្លារ សម្រាប់ការប្រកួតប្រជែងនេះ។
កិច្ចពិភាក្សា
ដំណើរការយុទ្ធនាការបោះឆ្នោតពីមួយថ្ងៃ ទៅមួយថ្ងៃ នឹងមានលក្ខណៈដូចយុទ្ធនាការ បោះឆ្នោតបឋម ដែលបេក្ខជននឹងរៀបចំការជួបជុំ និងមានព្រឹត្តិការណ៍ផ្សេងទៀតនៅតាមតំបន់នានាទូទាំងសហរដ្ឋអាមេរិក។ មានការផ្តោតជាពិសេសទៅលើរដ្ឋទាំងឡាយណា ដែលនៅមានការប្រទាញប្រទង់រវាងគណបក្សទាំងពីរ នឹងក្លាយជាការប្រកួតប្រជែងដ៏ស្វិតស្វាញ នៅថ្ងៃបោះឆ្នោត។ រដ្ឋទាំងនោះរួមមាន Florida Ohio និងរដ្ឋ Pennsylvania។
ប៉ុន្តែអ្វីដែលជាភាពខុសគ្នារវាងពិធីជួបជុំនៅក្នុងខែសីហា និងខែកញ្ញា និងពិធីជួបជុំកាលពីខែមិនានោះគឺថា ពួកគេនឹងមិនអាចធ្វើឲ្យអ្នកបោះឆ្នោតអាចបោះឆ្នោតឲ្យគេបានភ្លាម ដូចកាលពេលបោះឆ្នោតបឋមនោះទេ។ ប៉ុន្តែសាររបស់បេក្ខជន នឹងស្ថិតនៅក្នុងចិត្តអ្នកបោះឆ្នោត រហូតដល់ខែវិច្ឆិកា មុនបុគ្គលនោះអាចសម្រេចចិត្តបោះឆ្នោតឲ្យគណបក្សមួយណា។
លោកស្រី Clinton និងលោកTrumpនឹងចូលរួមជជែកតទល់គ្នាជាលើកទី១ នៅថ្ងៃទី២៦ ខែកញ្ញាខាងមុខនេះ។ បេក្ខជនទាំងពីរនឹងជួបជជែកតទល់គ្នាលើកទី២ នៅថ្ងៃទី៩ ខែតុលា និងលើកចុងក្រោយនៅថ្ងៃទី១៩ ខែតុលា។ បេក្ខជនអនុប្រធានាធិបតីរបស់លោកTrump គឺលោក Mike Pence អភិបាលរដ្ឋIndiana ហើយបេក្ខជនអនុប្រធានាធិបតីរបស់លោកស្រី Clinton គឺលោក Tim Kaine សមាជិកព្រឹទ្ធសភាមកពីរដ្ឋ Virginia នឹងមានការជជែកតទល់គ្នាដាច់ដោយឡែក នៅថ្ងៃទី៤ ខែតុលា។
អ្នកទទួលបន្ទុកផ្នែកយុទ្ធសាស្រ្ត នាងPenny Leeនិយាយថា៖
«អ្នកទាំងអស់គ្នានឹងមានឱកាសទស្សនាការជជែកតទល់គ្នារវាងបេក្ខជនទាំងពីរនៅលើវេទិការ ដែលគ្មានទស្សនិកជនចូលរួម ដើម្បីឲ្យពួកគេបង្ហាញកាន់តែលម្អិតពីភាពខុសគ្នានៃយុទ្ធនាការរបស់ពួកគេ»។
កម្មវិធីជជែកតទល់គ្នាដែលមានរយៈពេល៩០នាទីនេះ នឹងចាក់ផ្សាយនៅតាមទូរទស្សន៍ទូទាំងប្រទេស។ បេក្ខជននឹងទទួលបានប្រធានបទសម្រាប់ការជជែកនេះជាមុន ប៉ុន្តែមិនដឹងពីសំណួរពិតប្រាកដនោះទេ។ ដូច្នេះពួកគេហាត់សម ជាមួយអ្នកណាម្នាក់ធ្វើជាគូប្រកួតប្រជែងរបស់ខ្លួន ដើម្បីអាចរិះរកយុទ្ធសាស្រ្តវាយបកទៅដៃគូវិញបាន។
អ្នកទទួលបន្ទុកផ្នែកយុទ្ធសាស្រ្តខាងគណបក្សសាធារណរដ្ឋ នាងLisa Spiesប្រាប់ VOA ថា៖
«ខ្ញុំគិតថា ការជជែកតទល់កាលពីមុនមិនមានអ្វីជាបញ្ហាទេ ពីព្រោះអ្នកដែលជាអ្នកសម្រេចចិត្ត គឺជាអ្នកដែលកំពុងតែទស្សនាការជជែកនេះ។ ខ្ញុំគិតថា ពេលនេះវាពិតជាខុសប្លែកពីពេលមុន ពីព្រោះថាវានឹងជាការជជែកមួយដែលសប្បាយមើល»។
វាក៏ជាឱកាសសម្រាប់បេក្ខជនរបស់គណបក្សទីបីចូលរួម និងផ្តល់ជាគំនិតថ្មី នៅក្នុងដំណើរការនយោបាយរបស់អ្នកដែលដឹកនាំដោយបេក្ខជនប្រធានាធិបតីខាងគណបក្សសាធារណរដ្ឋ និងខាងគណបក្សប្រធិបតេយ្យ។ ប៉ុន្តែដើម្បីឲ្យបេក្ខជននោះអាចចូលរួមវេទិកាជជែកតទល់នេះបាន កម្មវិធីតម្រូវឲ្យបេក្ខជនឈរឈ្មោះបោះឆ្នោតនៅតាមបណ្តារដ្ឋឲ្យបានគ្រប់គ្រាន់ ដើម្បីមានឱកាសអាចឈ្នះការបោះឆ្នោត និងទទួលបានការគាំទ្រយ៉ាងហោចណាស់១៥ភាគរយនៃការស្ទង់មតិជាតិចំនួន៥។
បេក្ខជននាំមុខគេរបស់គណបក្សទីបី គឺគណបក្សសេរីនិយម គឺលោក Gary Johnson បានទទួលសម្លេងគាំទ្រចន្លោះពី៥ទៅ១០ភាគរយ។
ជម្នះភាពអវិជ្ជមាន
បន្ទាប់ពីការជជែកតទល់គ្នាមក យុទ្ធនាការបោះឆ្នោតនឹងធ្វើការសម្រុកជាលើកចុងក្រោយដើម្បីបញ្ចុះបញ្ចូលឲ្យម្ចាស់ឆ្នោតគិតថា បេក្ខជនបក្សរបស់ពួកគេល្អ ហើយដើម្បីធានាឲ្យបានថា ម្ចាស់ឆ្នោតចេញទៅបោះឆ្នោតផងដែរ។ ចំពោះការបោះឆ្នោតក្នុងឆ្នាំ២០១២ អ្នកដែលអាចបោះឆ្នោតប្រមាណ៥៥ភាគរយបានទៅបោះឆ្នោតជ្រើសរើសប្រធានាធិបតី។
នៅសហរដ្ឋអាមេរិក ថ្ងៃបោះឆ្នោត មិនមែនជាថ្ងៃបុណ្យជាតិទេ តែមានសាលារៀននៅតាមតំបន់ជាច្រើនត្រូវបិទទ្វារ ដើម្បីយកកន្លែងទាំងនោះទៅធ្វើជាមជ្ឈមណ្ឌលបោះឆ្នោត។ ការបោះឆ្នោតត្រូវបានធ្វើឡើងនៅថ្ងៃអង្គារ ដែលមានរយៈពេល១២ម៉ោងនៅតាមរដ្ឋនីមួយៗ។ លទ្ធផលនៃការបោះឆ្នោតត្រូវបានប្រកាសតែបន្តិច បន្ទាប់ពីមជ្ឈមណ្ឌលបោះឆ្នោតនីមួយៗបិទ លុះត្រាតែការប្រកួតប្រជែងនៅទីតាំងណាមួយនោះ មានការប្រកៀកប្រកិតគ្នា។
ជាធម្មតា អ្នកឈ្នះត្រូវបានគេដឹងនៅយប់ថ្ងៃដដែលនោះតែម្តង ប៉ុន្តែលទ្ធផលនោះមិនមែនជាលទ្ធផលផ្លូវការទេ រហូតដល់ថ្ងៃទី៦ ខែមករា។
នោះគឺដោយសារតែសហរដ្ឋអាមេរិកប្រើប្រព័ន្ធមួយដែលមានឈ្មោះថា ការបោះឆ្នោតបែបប្រតិភូ ឬជាភាសាអង់គ្លេសថា Electoral College ដែលប្រព័ន្ធនេះកំណត់ចំនួនប្រតិភូដល់រដ្ឋនីមួយៗ ដោយអាស្រ័យទៅលើអត្រាប្រជាជននៃរដ្ឋនោះ។ ក្នុងចំណោមរដ្ឋទាំងអស់ លើកលែងតែរដ្ឋពីរទេ អ្នកដែលទទួលបានចំនួនប្រតិភូភាគច្រើន គឺអាចទទួលយកប្រតិភូពីរដ្ឋនោះទាំងអស់។ បេក្ខជនខាងបក្សណាដែលអាចទទួលបានប្រតិភូយ៉ាងតិច២៧០នៃចំនួនសរុប៥៣៨នោះ នឹងជាប់ជាប្រធានាធិបតីថ្មីនៃសហរដ្ឋអាមេរិក។
ប្រព័ន្ធនេះអាចមានចន្លោះមួយថា អ្នកដែលទទួលបានជ័យជម្នះក្នុងការបោះឆ្នោត មិនប្រាកដថាអាចទទួលបានសម្លេងបោះឆ្នោតពីពលរដ្ឋច្រើនជាងគេនៅទូទាំងប្រទេសនោះទេ។ រឿងនេះបានកើតឡើងម្តង កាលពីការបោះឆ្នោតនៅឆ្នាំ២០០០ នៅពេលដែលលោក Al Gore ពីគណបក្សប្រជាធិបតេយ្យទទួលបានសម្លេងបោះឆ្នោតពីប្រជាពលរដ្ឋច្រើនជាងគេ តែទទួលបានសម្លេងប្រតិភូតិចជាលោក George W. Bush។
អ្នកស្រី Lee បានលើកឡើងថា មិនថាលោក Trump ឬលោកស្រី Clinton ដើម្បីយកឈ្នះបាន ពួកគេម្នាក់ៗចាំបាច់ត្រូវតែរកវិធីទប់ទល់នឹងការយល់ឃើញជាលក្ខណៈអវិជ្ជមានរបស់ម្ចាស់ឆ្នោត។
អ្នកស្រីបានថ្លែងក្នុងសម្តីដើមថា៖
«ខ្ញុំគិតថា ចំពោះលោក Donald លោកត្រូវតែចាប់ផ្តើមរៀបឫករៀបពារដើម្បីឲ្យមើលទៅសម មានចរិតជាប្រធានាធិបតី ហើយឈប់ឈ្លោះជាមួយគេជាមួយឯង តាមរយៈ១៤០តួអក្សរនៅលើ Twitter ហើយជាន់កែងខ្លួនឯង»។
«រីឯលោកស្រី Clinton វិញ ខ្ញុំអាចនិយាយបានថា លោកស្រីគួរតែបន្តបង្ហាញពីអត្តចរិតបុគ្គលរបស់លោកស្រីថា ចេះមានចិត្តគិតគូរដល់អ្នកដទៃ និងអត្តចរិតដែលបង្ហាញថា លោកស្រីជាបុគ្គលដែលគួរជឿទុកចិត្តបាន»។
បេក្ខជនដែលឈ្នះឆ្នោតនឹងធ្វើសច្ចាប្រណិធានចូលកាន់តំណែងនៅថ្ងៃទី២០ ខែមករា៕
ប្រែសម្រួលដោយ ស៊ូ ពេជ្រចិន្តា