ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អ្នក​វិភាគ​ឯករាជ្យ៖ កម្ពុជា​អាច​រៀន​ពី​អ្នក​នយោបាយ​និង​ដំណើរការ​ឃោសនា​បោះឆ្នោត​នៅ​សហរដ្ឋ​អាមេរិក


(ពី​ឆ្វេង​ខាង​លើ) លោក Ted Cruz ជា​សមាជិក​ព្រឹទ្ធសភា​រដ្ឋ​តិចសាស លោកស្រី Hillary Clintonជា​អតីត​រដ្ឋមន្រ្តី​ការបរទេស​សហរដ្ឋ​អាមេរិក លោក Bernie Sanders ជា​សមាជិក​ព្រឹទ្ធសភា​រដ្ឋវឺម៉ុនត៍ (Vermont) និង​លោកDonald Trump ជា​ពាណិជ្ជករ។ អ្នកទាំងអស់ ជា​បេក្ខជន​និង​បេក្ខនារី​ឈរ​ឈ្មោះ​ជា​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក សម្រាប់​ការបោះឆ្នោត​ជ្រើសរើស​ប្រធានធិបតី​នៅ​ឆ្នាំ ២០១៦។
(ពី​ឆ្វេង​ខាង​លើ) លោក Ted Cruz ជា​សមាជិក​ព្រឹទ្ធសភា​រដ្ឋ​តិចសាស លោកស្រី Hillary Clintonជា​អតីត​រដ្ឋមន្រ្តី​ការបរទេស​សហរដ្ឋ​អាមេរិក លោក Bernie Sanders ជា​សមាជិក​ព្រឹទ្ធសភា​រដ្ឋវឺម៉ុនត៍ (Vermont) និង​លោកDonald Trump ជា​ពាណិជ្ជករ។ អ្នកទាំងអស់ ជា​បេក្ខជន​និង​បេក្ខនារី​ឈរ​ឈ្មោះ​ជា​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក សម្រាប់​ការបោះឆ្នោត​ជ្រើសរើស​ប្រធានធិបតី​នៅ​ឆ្នាំ ២០១៦។

លោក ​អ៊ូ វីរៈ ​ប្រធាន​វេទិកា​អនាគត ​បាន​និយាយ​ថា ​ការ​ដេញដោល​តាម​ទូរទស្សន៍​នឹង​ផ្តល់​ឱ្យ​សាធារណៈ​ជន​នូវ​ឱកាស​ដើម្បី​ធ្វើ​ការ​ប្រៀបធៀប​សមត្ថភាព​របស់​បេក្ខជន​នីមួយ​ៗ​ដោយ​តម្លាភាព។

អ្នក​វិភាគ​ឯករាជ្យ និង​អ្នក​នយោបាយ​កម្ពុជា​បាន​និយាយ​ថា បើ​ទោះ​បី​ជា​ការ​ឃោសនា​បោះឆ្នោត​នៅ​សហរដ្ឋ​អាមេរិក​មាន​ដំណើរ​ការ​ខុស​ពី​ប្រក្រតី​ខ្លះ​នៅ​ក្នុង​ការ​ឃោសនា​យុទ្ធនា​ការ​បោះឆ្នោត​ដែល​កំពុង​បន្ត​យ៉ាង​ណា​ក៏​ដោយ ក៏​មាន​មេរៀន​ខ្លះ​ដែល​អ្នក​នយោបាយ​កម្ពុជា​អាច​រៀន​ពី​អ្នក​នយោបាយ​និង​ដំណើរការ​ឃោសនា​បោះឆ្នោត​នៅ​សហរដ្ឋ​អាមេរិក។

ការ​ប្រើ​ពាក្យ​សំដី​មិន​សមរម្យ​របស់​អ្នក​នយោបាយ​សហរដ្ឋ​អាមេរិក​និង​ការដាក់​បង្ខាំង​ផ្លូវ​ធ្វើ​ដំណើរ​ក្នុង​ពេល​អំឡុង​ពេល​យុទ្ធនា​ការបោះឆ្នោត ប្រធានាធិបតី​របស់​សហរដ្ឋ​អាមេរិក​ដែល​កំពុង​បន្ត អាច​ជា​ព្រឹត្តិការណ៍​មួយ​ដែល​ហាក់ដូចជា​មិន​ទំនង​ជា​កើតមាន​ឡើង​នៅ​ក្នុង​ប្រទេស​នេះ។ ប៉ុន្តែ​អ្នក​វិភាគ​និង​អ្នក​នយោបាយ​កម្ពុជា​បាន​និយាយ​ថា សហរដ្ឋ​អាមេរិក​នៅ​តែ​មាន​មេរៀន​ល្អ​អំពី​ដំណើរ​ការ​ប្រជាធិបតេយ្យ​និង​ការឃោសនា​បោះឆ្នោត​ដែល​ប្រទេស​កម្ពុជា​អាច​រៀន​ពី​សហរដ្ឋ​អាមេរិក​បាន។

នាយក​រដ្ឋមន្រ្តី​កម្ពុជា​លោក ហ៊ុន សែន និង​ប្រធាន​នៃ​សមាជិក​គណបក្ស​ប្រឆាំង​លោក សុន ឆ័យ បាន​បង្ហាញ​ថា ភាគី​បដិបក្ខ​នយោបាយ​ទាំង​ពីរ​នៅ​កម្ពុជា​កំពុង​តាម​ដាន​មើល​ព្រឹត្តិការណ៍​នេះ​យ៉ាង​ដិត​ដល់។ លោក​ហ៊ុន សែន បាន​ចំអន់​យុទ្ធនាការ​ឃោសនា​បោះឆ្នោត​នៅ​សហរដ្ឋ​អាមេរិក ដោយនាយក​រដ្ឋមន្ត្រី​រូប​នេះ បាន​កត់​សម្គាល់​ពី​ព្រឹត្តិការណ៍​មិន​ប្រក្រតី​នៅ​ពេល​យុទ្ធនាការ​នៃ​ការ​បោះឆ្នោត​ដូច​ជា «ការ​បិទ​ផ្លូវ​និង​ការ​ប្រើប្រាស់​ពាក្យ​សម្តី​មិន​សមរម្យ​ដោយ​បេក្ខជន​ប្រធានាធិបតី​ជាដើម»។

លោក សុន ឆ័យ សមាជិក​គណបក្ស​សង្គ្រោះជាតិ បាន​និយាយ​ថា លោក​មាន​ការ​ព្រួយ​បារម្ភ​ពី​«ភាព​កំរោល»​របស់​លោក Donald Trump​ បេក្ខជន​ប្រធានាធិបតី​នាំមុខ​គេ​របស់​គណបក្ស​សាធារណរដ្ឋ​ ។

លោក ​Trump​ ដែល​ជា​មហាសេដ្ឋី​អចលនទ្រព្យ​និង​ជា​បេក្ខជន​ប្រធានាធិបតី​ជួរ​មុខ​មកពី​គណបក្ស​សាធារណរដ្ឋ បាន​បង្ហាញ​ពី​គោល​ជំហរ​ជ្រុល​និយម​របស់​លោក​ទៅ​លើ​បញ្ហា​ជន​អន្តោប្រវេសន៍។ លោក​បាន​និយាយ​ថា លោក​នឹង​សាងសង់​ជញ្ជាំង​តាម​ព្រំដែន​សហរដ្ឋ​អាមេរិក​និង​ប្រទេស​ម៉ិកស៊ិក​ដើម្បី​ទប់ស្កាត់​សកម្មភាព​ខុស​ច្បាប់​ផ្សេងៗ។ លោក​ក៏​បាន​លើក​ឡើង​ពី​គោល​នយោបាយ​ហាមឃាត់​អ្នក​កាន់​សាសនា​ឥស្លាម​មិន​ឲ្យ​ចូល​សហរដ្ឋអាមេរិក​នៅ​ពេល​លោក​ធ្វើ​ការឃោសនា​បោះឆ្នោត​ប្រធានាធិបតេយ្យ​នៅ​ឆ្នាំ​នេះ។

ការប្រមូល​ផ្តុំ​នៃ​អ្នកគាំទ្រ​នយោបាយ​របស់​លោក បាន​នាំ​ឲ្យ​មាន​ការរំខាន​ដោយសារ​ការប៉ះទង្គិច​គ្នា​រវាង​ក្រុម​អ្នក​គាំទ្រ​របស់​លោក​និង​ក្រុម​អ្នក​តវ៉ា​ប្រឆាំង​នឹង​លោក ស្រប​ពេល​ដែល​លោក​ត្រូវ​បាន​គេ​ចោទ​ប្រកាន់​ថា បាន​ផ្តល់​សុន្ទរកថា​ដែល​នាំ​ឲ្យ​មាន​ការ​ញុះញង់​អំពើ​ហិង្សា។​

ទោះ​បី​ជា​មាន​បញ្ហា​ទាំងអស់​នេះ​ក៏​ដោយ​ លោក ​អ៊ូ វីរៈ ​ប្រធាន​វេទិកា​អនាគត​ដែល​មាន​ទីតាំង​នៅ​រាជធានី​ភ្នំពេញ​បាន​និយាយ​ថា៖ «មាន​មេរៀន​មួយ​ចំនួន​ដែល​យើង​អាច​រៀន​បាន​ដែរ »។

នៅ​សហរដ្ឋ​អាមេរិក​គណបក្ស​នយោបាយ​កំពុង​ធ្វើការ​ឃោសនា​បោះឆ្នោត​ដែល​ជា​ដំណើរ​ការសំខាន់​ក្នុង​ទី​សាធារណៈ។ យុទ្ធនាការរួមមានការ​ពិភាក្សាដេញ​ដោល​ជាសាធារណៈ​រវាង​បេក្ខជន​ប្រធានាធិបតី​នៅក្នុង​ជួរ​គណបក្ស​សាធារណរដ្ឋ​និង​គណបក្ស​ប្រជាធិបតេយ្យ​ដែល ត្រូវ​បានចាក់ផ្សាយបន្ត​ផ្ទាល់តាម​ទូរទស្សន៍ ហើយ​បេក្ខជន​ប្រធានាធិបតី​ទទួល​បាន​ឱកាស​ស្មើគ្នា​ដើម្បី​បង្ហាញសំណើ​របស់​ពួក​គេ​ទៅ​កាន់​អ្នក​បោះ​ឆ្នោត។

ស្រប​ពេល​ជាមួយ​គ្នា​នេះ​ ចំពោះ​ការបោះឆ្នោត​នៅ​ក្នុង​ប្រទេស​កម្ពុជា ជាទូទៅ​មិន​មាន​ការធ្វើការ​ជជែក​ដេញដោល​គ្នា​រវាង​បេក្ខជន​នាយក​រដ្ឋមន្ត្រី​នៅ​លើ​កញ្ចក់​ទូរទស្សន៍​ឬ​នៅ​ទី​សាធារណៈ​នោះ​ទេ។

សមាជិក​គណបក្ស​ប្រឆាំង​បាន​និយាយ​ថា ពួក​គេ​មិន​ទទួល​បាន​ឱកាស​ប្រើប្រាស់​ប្រព័ន្ធ​ផ្សព្វផ្សាយ​ទាំង​តាម​ទូរទស្សន៍​ជាតិ​និង​តាម​ទូរទស្សន៍​ឯកជន ​ហើយ​កាសែត​ភាគ​ច្រើន​ត្រូវ​បាន​គ្រប់គ្រង​ដោយ​មនុស្ស​ដែល​ស្មោះត្រង់​នឹង​លោក ហ៊ុន សែន​ដែល​កាន់​អំណាច​អស់​រយៈពេល​ជាង​៣០​ឆ្នាំ​មក​ហើយ​នោះ។​

លោក អ៊ូ វីរៈ បាន​និយាយ​ថា​គណបក្ស​នយោបាយ​របស់​កម្ពុជា​គួរ​តែ​ទទួល​បាន​ឱកាស​ដូច​គ្នា​ដើម្បី​បង្ហាញ​ពី​អ្វី​ដែល​ពួក​គេ​មាន​ដូច​នៅ​សហរដ្ឋ​អាមេរិក​ដែរ។​ លោក​បាន​និយាយ​ថា​ការ​ដេញដោល​តាម​ទូរទស្សន៍​នឹង​ផ្តល់​ឱ្យ​សាធារណៈ​ជន​នូវ​ឱកាស​ដើម្បី​ធ្វើ​ការ​ប្រៀបធៀប​សមត្ថភាព​របស់​បេក្ខជន​នីមួយ​ៗ​ដោយ​តម្លាភាព។

«ឃើញ​ការឃោសនា​ដោយ​ឯករាជ្យ​តាម​ទូរទស្សន៍​និង​មួយ​ទៀត​ការ​តទល់​គ្នា​នៅ​លើ​ការ​ផ្សាយផ្ទាល់​នៅ​លើ​ទូរទស្សន៍​ជា​ច្រើន​លើក​ច្រើន​សារ​នៅ​ក្នុង​ផ្ទៃ​ក្នុង​បក្ស។ ហ្នឹង​ជា​រឿង​មួយ​ដែល​យើង​អត់​ទាន់​ធ្វើ​នៅ​ក្នុង​ប្រទេស​កម្ពុជា​ទេ។ គឺ​ការ​ប្រកួត​ប្រជែង​ផ្ទៃ​ក្នុង​បក្ស»។

អ្នក​នាំ​ពាក្យ​ស្ថាន​ទូត​សហរដ្ឋ​អាមេរិក​លោក​ Jay​ Raman​ បាន​ប្រាប់​VOA​ថា​លោក​សង្ឃឹម​ថា ​យុទ្ធនាការ​ឃោសនា​បោះ​ឆ្នោត​របស់​ប្រទេស​លោក​នឹង ​«ផ្តល់​ជា​គំរូ​វិជ្ជមាន​សម្រាប់​ប្រទេស​ផ្សេង​ៗ​ទៀត​នៅ​ក្នុង​ពិភពលោក​និង​ជំរុញ​ឱ្យ​បណ្តា​ប្រទេស​ទាំង​នោះ​អនុវត្ត​គំរូ​ប្រជាធិបតេយ្យ​ដែល​សាកសម​ទៅ​នឹង​ស្ថានភាព​តែ​មួយ​គត់​របស់​ប្រទេស​នោះ»។

លោក ​Jay​ បាន​បន្ថែម​ថា​៖ «មិន​មាន​វិធី​ខុស​ក៏​ត្រូវ​តែ​មួយ​ដើម្បី​អនុវត្ត​លទ្ធិប្រជាធិបតេយ្យ​នោះ​ទេ»។

​លោក​បន្ថែម​ថា​លោក​ជឿ​ថា​ការ​បើក​ចំហ​តម្លាភាព​និង​ការ​ប្រកួត​ប្រជែង​ប្រជាធិបតេយ្យ​សេរី​ពហុបក្ស​ដែល​ឆ្លុះ​បញ្ចាំង​ពី​ឆន្ទៈ​របស់​ប្រជាជន​គឺ​មាន​ប្រយោជន៍​ដែល​នាំ​មាន​សន្តិភាព​ ការ​អភិវឌ្ឍ​និង​កំណើន​សេដ្ឋកិច្ច​សម្រាប់​ប្រទេស។

អ្នក​នាំពាក្យ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត​លោក​ ហង្ស ពុទ្ធា​ បាន​និយាយ​ថា​ ប្រទេស​កម្ពុជា​អាច​រៀន​ពី​សហរដ្ឋ​អាមេរិក​ផង​និង​បណ្តា​ប្រទេស​ផ្សេង​ទៀត​នៅ​ជុំវិញ​ពិភពលោក​ផង​ដើម្បី​កែ​លំអរ​ដំណើរ​ការ​នៃ​ការ​បោះឆ្នោត​របស់​ខ្លួន។

«ការ​បោះឆ្នោត​នៅ​កម្ពុជា​គឺ​បាន​សិក្សា​និង​ដក​ស្រង់​ពិសោធន៍​ពី​ប្រទេស​មួយ​ចំនួន​ក្នុង​នោះ​សហរដ្ឋ​អាមេរិក​ក៏​ជា​ប្រទេស​មួយ​ដែរ​ដែល​កម្ពុជា​បាន​ធ្វើ​ការ​រៀនសូត្រ​ដើម្បី​ដក​ពិសោធន៍។ ការ​បោះឆ្នោត​នៅ​សហរដ្ឋ​អាមេរិក​នាពេល​ខាង​មុខ​នេះ​អាច​ជាទនុ​សម្រាប់​អ្នក​នយោបាយ​ខ្មែរ​ក្នុង​ការ​ស្រង់​នូវ​ចំណុច​អសកម្ម​ចេញ​ហើយ​ស្រង់​យក​ចំណុច​ដែល​សកម្ម​ល្អ​ដើម្បី​ឆ្ពោះ​ទៅ​ការ​ដណ្តើម​តួនាទី​ដឹកនាំ​ដោយ​គណបក្ស​នយោបាយ​ឈ្ពោះ​ទៅ​រក​ការ​រៀប​ចំប្រជាពលរដ្ឋ​លោក​មាន​ជីវភាព​ធូរធារ​និង​លទ្ធផល​បោះ​ឆ្នោត​អាច​ទទួល​យក​បាន​ដោយ​គ្រប់​ភាគី​ពាក់ព័ន្ធ»។

លោក​ពុទ្ធា​ បាន​និយាយ​ថា លោក​ជំរុញគណបក្ស​នយោបាយ​របស់​ប្រទេស​កម្ពុជា​កំណត់​គោលនយោបាយ​ច្បាស់លាស់​ដែល​អាចអ្នក​បោះឆ្នោត​ធ្វើ​ការ​វិនិច្ឆ័យ​ថា​តើ​ពួក​គេ​គួរ​បោះឆ្នោត​ឲ្យ​ភាគី​ណាមួយ។

«អ្នក​នយោបាយ​ត្រូវ​តែ​ហ៊ាន​បង្ហាញ​នូវ​ទស្សន​វិស័យ​របស់​ខ្លួន​ថា​ប្រសិន​បើ​ខ្លួន​ជាប់​ឆ្នោត​ខ្លួន​នឹង​ធ្វើ​យ៉ាង​ណា​ដើម្បី​ជំរុញ​ឲ្យ​ប្រជាពលរដ្ឋ​លោក​មាន​ការ​រស់​នៅ​ប្រកប​ដោយ​ជីវភាព​ធូរធារ។ហើយ​ពេល​ដែល​បាន​ការ​គាំទ្រ​មែន​នោះ​បេក្ខជន ឬ ក៏​អ្នក​តំណាង​ដែល​បាន​ជាប់ឆ្នោត​ត្រូវ​តែ​អនុវត្ត​បាន​នោះ​គឺ​ជា​ការ​ចាំបាច់​បាទ»។

លោក​ សុន​ឆ័យ​ នៃ​គណបក្ស​សង្គ្រោះ​ជាតិ​បាន​និយាយ​ថា​ប្រទេស​កម្ពុជា​អាច​រៀន​ពី​ការ​បើក​ឲ្យ​មាន​ការ​ជជែក​ពិភាក្សា​ដូច​គ្នា​ទៅ​នឹង​នយោបាយ​របស់​សហរដ្ឋ​អាមេរិក។

«មេ​ដឹកនាំ​ត្រូវ​តែ​បង្ហាញ​អំពី​ជំហរ​របស់​គេ។ នយោបាយ​របស់​ខ្លួន​លើ​វិស័យ​ទាំង​ឡាយ​ដែល​ជា​វិស័យ​ប៉ះពាល់​ទៅ​ដល់​ប្រទេស​ជាតិ​ធំ​ៗ​ហើយ​គេ​ធ្វើ​ដោយ​សេរី​ដោយអត់​មាន​ការ​ភ័យ​ខ្លាច​ទេ។ហើយ​ក្នុង​ប្រព័ន្ធ​ផ្សព្វផ្សាយ​គឺ​គេ​ផ្តល់​លទ្ធភាពគ្រប់​គណបក្ស​ទាំងអស់​គឺ​មាន​លទ្ធភាព​ផ្សព្វផ្សាយ​ពី​គោលនយោបាយ​របស់​គេ​ដោយ​មិន​មាន​ការ​គាប​សង្កត់​អ្វី​ទាំង​អស់»។

លោក​បាន​និយាយ​ថា​ការ​ធានា​ថា​គ្រប់​ភាគី​ទាំង​អស់​មាន​សិទ្ធិ​ស្មើគ្នា​ក្នុង​ប្រព័ន្ធ​ផ្សព្វផ្សាយ​កម្ពុជា​អាច​បង្កើន​ការចុះ​ឈ្មោះ​បោះឆ្នោត​និង​អនុញ្ញាត​ឱ្យ​ប្រជាជន​ទៅ​បោះឆ្នោ​នៅ​កន្លែង​ដែល​ពួក​គេ​ធ្វើ​ការ​ជាជាង​ធ្វើ​ដំណើរ​ត្រឡប់​ទៅ​ខេត្ត​របស់​ពួក​គេ​ក្នុង​អំឡុង​ពេល​បោះឆ្នោត​ជា​ការ​ចាំ​បាច់។

«ចំណុច​មួយ​ទៀត​ដែល​សំខាន់​គឺ​ថា​ប្រទេស​អាមេរិក​គេ​មិន​ដែល​បង្ក​ការ​លំបាក​ដល់​ពលរដ្ឋ​គេ​ក្នុង​ការ​បោះឆ្នោត​ទេ​កាលណា​ប្រជាពលរដ្ឋ​គេ​ទៅ​បោះឆ្នោត​គឺ​ថា​របៀប​ផ្តល់​សេវា​ទាំង​ចុះឈ្មោះ​ទាំង​ទី​កន្លែង​បោះ​ឆ្នោត​អី​ៗ​គឺ​ថា​គេ​ផ្តល់​ការ​សម្រួល​ទាំង​អស់»។​

បន្ទាប់​ពី​ការ​ប្រឈម​មុខ​គ្នា​ក្រោយ​ពី​លទ្ធផល​នៃ​ការ​បោះ​ឆ្នោត​ឆ្នាំ​២០១៣​នោះ​ គណបក្ស​ធំ​ពីរ​របស់​កម្ពុជា​កាល​ពី​ឆ្នាំ​មុន​បាន​យល់​ព្រម​បង្កើត​អ្វី​ដែល​ពួក​គេ​ហៅ​ថា​ «វប្បធម៌​សន្ទនា»​។​ វប្បធម៌​សន្ទនា​ត្រូវ​បាន​គេ​មើល​ឃើញ​ថា​មាន​អត្ថន័យ​មិន​ច្បាស់​លាស់​ហើយ​ត្រូវ​បាន​បង្កើត​ឡើង​ក្នុង​ក្តី​សង្ឃឹម​ថា​នឹង​លើក​ទឹក​ចិត្ត​ដល់​បរិយាកាស​នយោបាយ​ដោយ​ជំរុញ​ឲ្យ​គណបក្សន​យោបាយ​ទាំង​ពីរ​អាច​ ពិភាក្សា​គ្នា​ដោយ​មិន​ប្រកាន់។

ទោះ​ជា​យ៉ាងណា​វប្បធម៍​សន្ទនា​ត្រូវ​បាន​ដួល​រលំ​កាល​ពី​ឆ្នាំ​មុន​បន្ទាប់​ពី​មាន​ការ​ចាប់​ខ្លួន​និង​ការ​វាយ​ដំ​មក​លើ​សមាជិក​សភា​គណបក្ស​ប្រឆាំង។

លោក ​ផៃ ​ស៊ីផាន ​អ្នក​នាំ​ពាក្យ​ទី​ស្តី​ការ​គណៈរដ្ឋ​មន្រ្តី​បាន​និយាយ​ថា​ ដោយ​យោង​ទៅ​លើ​បរិយាកាស​នយោបាយ​បច្ចុប្បន្ន ​ប្រទេស​កម្ពុជា​នឹង​ត្រូវ​ការ​រយៈពេល​ពី​១០​ទៅ ​១៥ ​ឆ្នាំ​ទៀត ​ដើម្បី​ឲ្យ​មេ​ដឹកនាំ​របស់​បក្ស​នីមួយៗ​អាច​ចូល​រួម​ការ​ពិភាក្សា​ដេញដោល​គ្នា​ជា​សាធារណៈ​ដែល​ស្រដៀង​គ្នា​ទៅ​នឹង​ការ​ពិភាក្សា​របស់​អ្នក​នយោបាយ​សហរដ្ឋអាមេរិក​ដែល​ត្រូវ​បាន​ផ្សាយ​តាម​ទូរទស្សន៍៕

XS
SM
MD
LG