ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ឧបករណ៍​ថ្មី​សម្រាប់​ធ្វើ​តេស្ត​ការ​មាន​ផ្ទៃពោះ​ឈ្មោះ​ថា Lia អាច​បោះចោល​ក្នុងបង្គន់​បាន


នេះ​ជា​បរិវេណ​នាយកដ្ឋាន​ត្រួតពិនិត្យ​ម្ហូបអាហារ​ និង​ថ្នាំពេទ្យ​សហរដ្ឋ​អាមេរិក​ហៅ​កាត់​ថា (FDA) នៅ​ក្នុង​រដ្ឋ Maryland។
នេះ​ជា​បរិវេណ​នាយកដ្ឋាន​ត្រួតពិនិត្យ​ម្ហូបអាហារ​ និង​ថ្នាំពេទ្យ​សហរដ្ឋ​អាមេរិក​ហៅ​កាត់​ថា (FDA) នៅ​ក្នុង​រដ្ឋ Maryland។

ខុស​ពី​ឧបករណ៍​បុរាណ​សម្រាប់​ធ្វើ​តេស្ត​ការ​មាន​ផ្ទៃពោះ​ ឧបករណ៍​ធ្វើ​តេស្ត​មាន​ឈ្មោះ​ថា Liaធ្វើ​ឡើង​ពី​ក្រដាស​ជំនួស​ឲ្យ​ប្លាស្ទិក​ និង​អាច​រលាយ​នៅក្នុង​ទឹក​បាន​១០០ភាគរយ​ ក្នុង​រយៈពេល​១២សប្តាហ៍។

អ្នកនាង Bethany Edwards និង​សហការី​របស់​នាង​ បាន​ចំណាយ​ពេល​ជាច្រើន​ជាមួយ​នឹង​ឧបករណ៍​ធ្វើ​តេស្ត​ការ​មាន​ផ្ទៃពោះ​នេះ។

អ្នកនាង Edwards បាន​និយាយ​ទាំង​ញញឹម​ថា៖ «យើង​បត់​ជើង​តូច​ដាក់​លើ​របស់​ផ្សេងៗ។ វា​គួរ​ឲ្យ​អស់​សំណើច​និង​គួរ​ឲ្យ​ចាប់អារម្មណ៍​ណាស់»។

អ្នក​នាង Edwards គឺ​ជា​សហស្ថាបនិក​ និង​ជា​នាយិកា​ប្រតិបត្តិ​ក្រុមហ៊ុន Lia Diagnostics។ អ្នកនាង Edwards និង​សហស្ថានិក​ម្នាក់​ទៀត​គឺ​អ្នកនាង Anna Simpson និង​ក្រុម​ការងារ​របស់​នាង​ បាន​បង្កើត​ឧបករណ៍​ធ្វើ​តេស្ត​ការ​មាន​ផ្ទៃពោះ​ដែល​ទាន់​សម័យ​ជាងមុន​ មាន​ឈ្មោះ​ថា Lia។
ឧបករណ៍​សម្រាប់​ធ្វើ​តេស្ត Lia ​អាច​រក​ទិញ​បាន​នៅ​តាម​ឱសថស្ថាន ​ដោយ​មិន​ចាំ​មាន​វេជ្ជបញ្ជា​ និង​មាន​មុខងារ​ដូច​នឹង​ឧបរកណ៍​ធ្វើ​តេស្ត​បុរាណ​ដែរ​ ក្នុង​ការ​ចាប់​យក​អរម៉ូន​បង្ក​កំណើត​ហៅ​កាត់​ថា hCG នៅក្នុង​ទឹកនោម​របស់​ស្ត្រី​មាន​ផ្ទៃពោះ។

ក្រុម​អ្នក​ផលិត​បាន​ពន្យល់​ថា​ អ្វី​ដែល​ខុស​ពី​ឧបករណ៍​ធ្វើ​តេស្ត​បុរាណ​នោះ​ Lia ត្រូវ​បាន​ផលិត​ពី​ក្រដាស​ជំនួស​ឲ្យ​ប្លាស្ទិក​ និង​អាច​រលាយ​នៅក្នុង​ទឹក​បាន​១០០ភាគរយ ក្នុង​រយៈពេល​១២សប្តាហ៍។ អ្នកនាង Edwards បាន​ពន្យល់​បន្ថែម​ថា៖ «យើង​កំពុង​នាំ​យក​នូវ​ដំណោះស្រាយ​រួម​មួយ​ដែល​ជួយ​ដល់​ស្ត្រី​ឲ្យ​មាន​ភាព​ងាយស្រួល​ជាងមុន​ ក៏​ដូច​ជា​ជួយ​ដល់​ភពផែនដី​ទាំងមូល​ផងដែរ»។

អាច​បោះចោល​ក្នុង​បង្គន់​ និង​អាច​រលាយ​ទៅ​វិញ

ក្រុម​ការងារ​ដែល​បង្កើត​ឧបករណ៍​ធ្វើ​តេស្ត Lia​ នេះ​បាន​ឲ្យ​ដឹង​ថា​ ឧបករណ៍​នេះ​ត្រូវ​បាន​រកឃើញ​តាម​រយៈ​ការ​សិក្សា​ស្រាវជ្រាវ​ ក្នុង​អំឡុងពេល​បញ្ចប់​ការសិក្សា​របស់​ពួកគេ​នៅឯ​សកលវិទ្យាល័យ Pennsylvania ហើយ​ថា​នេះ​គឺ​ជា​ឧបករណ៍​ធ្វើ​តេស្ត​ការ​មាន​ផ្ទៃពោះ​ដំបូង​គេ​ ដែល​អាច​បោះចោល​ក្នុង​បង្គន់​ និង​រលាយ​ទៅ​តាម​ទឹក​បាន។ ឧបករណ៍​ធ្វើ​តេស្ត​នេះ​ត្រូវ​បាន​ឆ្លងកាត់​ការ​ត្រួតពិនិត្យ​ដោយ​នាយកដ្ឋាន​ត្រួតពិនិត្យ​ម្ហូបអាហារ​ និង​ថ្នាំពេទ្យ​សហរដ្ឋ​អាមេរិក​ហៅ​កាត់​ថា (FDA)។

Lia មាន​លក្ខណៈ​ផុយ​ដូច​ក្រដាស​សម្រាប់​ប្រើ​ក្នុង​បង្គន់​អានាម័យ​ និង​អាច​ប៊ឺត​ចូល​ទៅ​ក្នុង​បំពង់​បង្ហូរ​ទឹក​ ឬ​ទៅក្នុង​ប្រព័ន្ធ​លូ​ទឹកស្អុយ​បាន។

ការ​ផលិត​ឧបករណ៍​ធ្វើ​តេស្ត​ដែល​អាច​ធ្វើ​តេស្ត​ទឹកនោម​បាន​ និង​អាច​រលាយ​ទៅ​តាម​ទឹក​នៅពេល​ទឹក​ប៊ឺត​ចូល​ក្នុង​បង្គន់​ គឺ​ជា​ការងារ​ដ៏​លំបាក​មួយ។

អ្នកនាង Edwards ​បាន​ថ្លែង​បន្ត​ថា៖ «យើង​ត្រូវ​បង្កើត​ជាតិ​គីមី​ម៉្យាង​ ដែល​អាច​ធ្វើ​ឲ្យ​ក្រដាស​មិន​រលាយ​នៅពេល​ប្រើប្រាស់​និង​អាច​រលាយ​នៅក្នុង​ទឹក​បាន​យ៉ាង​ឆាប់​រហ័ស​បន្ទាប់​ពី​ប្រើប្រាស់​រួច»។

អ្នកនាង​បាន​បន្ថែម​ទៀត​ថា «វា​មើល​ទៅ​ហាក់​ដូចជា​មាន​លក្ខណៈ​ផ្ទុយ​គ្នា។ អ្នក​ចង់​បាន​របស់​ដែល​មើល​ទៅ​រឹងមាំ​ និង​មាន​មុខងារ​ត្រឹមត្រូវ​ ប៉ុន្តែ​បន្ទាប់​ពី​អ្នក​ប្រើប្រាស់​វា​រួច​ហើយ​ យើង​ចង់​ឲ្យ​វា​ប្រែក្លាយ​ទៅ​ជា​របស់​ដែល​ផុយ​ និង​អាច​រលាយ​នៅក្នុង​ទឹក​បាន»។

អ្នកនាង Edwards បាន​សាកល្បង​បង្ហាញ​ពី​ការ​ប្រើប្រាស់​ឧបករណ៍​ធ្វើ​តេស្ត Lia ដោយ​ចាក់​ទឹក​លើ​វា​ឲ្យ​សើម​ គឺ​នៅត្រង់​កន្លែង​សម្រាប់​ចាក់​ទឹកនោម​ រំពេច​នោះ​ទឹក​បាន​ជ្រាប​ចូល​ក្នុង​ឧបករណ៍​នោះ​ មួយ​សន្ទុះ​ក្រោយ​មក​យើង​ឃើញ​មាន​តំណក់​ទឹក​នៅ​ដដែល​ស្ថិត​នៅត្រង់​គែម​ខាងក្រៅ​ឧបករណ៍​នេះ។​

ឧបករណ៍​នេះ​អាច​ជក់​ទឹក​បាន​ច្រើន​ ហើយ​បន្ទាប់​មក​ក្លាយ​ទៅ​ជា​ទន់​អាច​បត់​ និង​ហែក​ឲ្យ​ដាច់​ពី​គ្នា​បាន​ដោយ​ងាយស្រួល។ ស្រទាប់​ក្រដាស​របស់​ឧបករណ៍​ Lia ក្លាយ​ជា​ទន់​និង​ស្អិត​ជាប់​គ្នា​ ប៉ុន្តែ​មិនមែន​ជា​កាវ​បិទ​នោះ​ទេ​ គឺ​សារធាតុ​ម៉្យាង​ដែល​ជួយ​រំលាយ​ស្រទាប់​ក្រដាស​នេះ។ អ្នក​ប្រើប្រាស់​អាច​ហែក​វា​ជា​ពីរ​នៅត្រង់​ស្នាម​កាត់​ចំ​ពាក់​កណ្តាល​ ដើម្បី​ជួយ​ឲ្យ​វា​រលាយ​ក្នុង​ទឹក​បាន​កាន់​តែ​លឿន។

ក្រៅ​ពី​ជួយ​ដល់​បរិស្ថាន​ហើយ​នោះ​ ឧបករណ៏​ធ្វើ​តេស្ត​នេះ​ជួយ​ដល់​ស្ត្រី​ជាច្រើន​ក្នុង​ការ​រក្សា​ការសម្ងាត់​របស់​ពួកគេ​ផងដែរ។

អ្នកនាង Edwards បាន​និយាយ​ថា «យើង​ដឹង​ថា​ពេល​ខ្លះ​ស្ត្រី​ភ័យខ្លាច​ក្នុង​ការ​ទៅ​ពិនិត្យ​ការ​មាន​ផ្ទៃពោះ​ ឬ​ក៏​ត្រូវ​ទៅ​សួរ​បញ្ជាក់​ពី​អ្នកណា​ម្នាក់​អំពី​ការ​មាន​ផ្ទៃពោះ​នេះ ​អាច​ធ្វើ​ឲ្យ​ស្ត្រីសម្រេច​ចិត្ត​មិន​ទៅ​ពិនិត្យ​ការ​មាន​ផ្ទៃពោះ​នេះ​ឲ្យ​បាន​ឆាប់»។

អ្នកនាង Edwards បាន​និយាយ​បន្ត​ថា៖​ «មាន​ស្ត្រី​ជាច្រើន​ប្រាប់​ពី​រឿងរ៉ាវ​របស់​ពួកគេ​ពី​ការ​លាក់ទុក​ឧបរកណ៍​ធ្វើ​តេស្តមាន​ផ្ទៃពោះ​ មិន​ឲ្យ​គេ​ឃើញ​ ដោយ​អ្នក​ខ្លះ​បោះ​វា​ចោល​ក្នុង​ធុង​សំរាម​ ដាក់​ចោល​ក្នុង​បន្ទប់​ទឹក​សាធារណៈ ខ្ចប់​វា​ក្នុង​ក្រដាស​អាលុយមីញ៉ូម​ និង​ខ្លះ​ទៀត​លាក់​ទុក​ក្នុង​ថង់​សំរាម​ជាដើម»។

ការបារម្ភ​ពី​ព័ត៌មាន​សម្ងាត់

វេជ្ជបណ្ឌិត Meera Shah ជា​គ្រូពេទ្យ​នៅក្នុង​ទីក្រុង​ញូវយ៉ក​ និង​ជា​អ្នកស្រាវជ្រាវ​ផ្នែក​សុខភាព​បន្ត​ពូជ​បាន​ប្រាប់​អំពី​រឿងរ៉ាវ​របស់​អ្នក​ជំងឺ​វ័យជំទង់​ ដែល​ពត៌មាន​សម្ងាត់​របស់​ពួកគេ​ត្រូវ​បាន​បែកការណ៍​ នៅពេល​ដែល​ឳពុកម្តាយ​របស់​ពួកគេ​រកឃើញ​ឧបករណ៍​ធ្វើ​តេស្ត​មាន​ផ្ទៃពោះ​នៅក្នុង​ធុង​សំរាម។

សុវត្ថិភាព​របស់​ជនរង​គ្រោះ​ដោយ​អំពើ​ហិង្សា​ក្នុង​គ្រួសារ​ក៏​អាច​ត្រូវ​បាន​គំរាមកំហែង​ដោយ​ការ​រកឃើញ​ឧបករណ៍​ធ្វើ​តេស្ត​មាន​ផ្ទៃពោះ​នេះ​ផងដែរ។ វេជ្ជបណ្ឌិត Meera Shah បាន​និយាយ​យ៉ាង​ដូច្នេះ​ថា «អ្នកជំងឺ​ខ្ញុំ​ជាច្រើន​បាន​ប្រាប់​ខ្ញុំ​ថា​ ដៃគូ​របស់​ពួកគេ​រកឃើញ​ឧបករណ៍​ធ្វើ​តេស្ត​នេះ​នៅក្នុង​ធុង​សំរាម​ ហើយ​ដោយសារ​រឿង​នេះ​ពួកគេ​ត្រូវ​ទទួល​រងការ​រំលោភបំពាន​នៅក្នុង​ផ្ទះ​របស់​ពួកគេ​ថែម​ទៀត»។​

វេជ្ជបណ្ឌិត Meera Shah បាន​ថ្លែង​បន្ត​ថា៖ «ខ្ញុំ​គិត​ថា​ឧបករណ៍​ធ្វើ​តេស្ត​ដោយ​សម្ងាត់​នេះ​អាច​ជួយ​ឲ្យ​ស្ត្រី​ហ៊ាន​ធ្វើ​តេស្ត​ដោយ​មិន​បារម្ភ​ពី​ការរំខាន​ពី​ខាងក្រៅ។ ហើយ​ការណ៍​នេះ​អាច​ជំរុញ​ឲ្យ​ពួកគេ​ទៅ​ពិនិត្យ​សុខភាព​បន្តពូជ​របស់​គេ​ដែល​ចាំបាច់​បន្ទាប់​ពី​នោះ​មក»។

ការចំណាយ​គឺ​ជា​កត្តា​មួយ​ផ្សេង​ទៀត​សម្រាប់​ស្ត្រី។ វេជ្ជបណ្ឌិត Meera Shah ​បាន​ថ្លែង​បន្ត​ថា៖ «ជារឿយៗ​ខ្ញុំ​បាន​ឭ​ថា​ការ​ធ្វើ​តេស្ត​ការ​មាន​ផ្ទៃពោះ​អាច​ចំណាយ​ច្រើន។ ខ្ញុំ​ធ្វើ​ការ​ជាមួយ​នឹង​អ្នកជំងឺ​ដែល​មាន​ប្រាក់​ចំណូល​ទាប​ អ្នកជំងឺ​ដែល​ពិបាក​ស្វែងរក​សេវា​ថែ​រក្សា​សុខភាព​បន្តពូជ​ ដូច្នេះ​ហើយ​ខ្ញុំ​គិតថា​តម្លៃ​អាច​ជា​របាំង​មួយ​ដែរ»។

ឧបករណ៍​ធ្វើ​តេស្ត Lia នឹង​អាច​មាន​លក់​ក្នុង​ទីផ្សារ​នៅចុង​ឆ្នាំ២០១៨នេះ​ និង​មាន​តម្លៃ​ពី៧ដុល្លារ​ទៅ៨ដុល្លារ ​គឺ​មាន​តំម្លៃ​ប្រហាក់ប្រហែល​នឹង​ឧបករណ៍​ធ្វើ​តេស្ត​ការ​មាន​ផ្ទៃពោះ​ផ្សេង​ទៀត​ដែល​មាន​លក់​ក្នុង​ទីផ្សារ​នា​ពេល​បច្នុប្បន្ន​នេះ៕

XS
SM
MD
LG