ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

មេរោគ​ Zika​ ឆ្លង​លើ​ស្រ្តី​មាន​ផ្ទៃ​ពោះ​២៧៩​នាក់​នៅ​សហរដ្ឋ​អាមេរិក


រូបឯកសារ៖ នាង Jackeline លើក​កូន​របស់​នាង​អាយុ​៤​ខែ ដែល​កើត​មក​​មានក្បាល​តូច​ នៅទីក្រុង​ Recife ប្រទេស​ប្រេស៊ីល។
រូបឯកសារ៖ នាង Jackeline លើក​កូន​របស់​នាង​អាយុ​៤​ខែ ដែល​កើត​មក​​មានក្បាល​តូច​ នៅទីក្រុង​ Recife ប្រទេស​ប្រេស៊ីល។

ពួកមន្ត្រី​សុខាភិបាល​សហព័ន្ធ​បាន​និយាយ​ថា​ ចំនួន​ស្ត្រី​នៅ​ក្នុង​ស.រ.អា.​ដែល​មាន​ផ្ទុក​មេរោគ​វីរុស​ជំងឺ​ Zika ​មាន​ច្រើន​ជាង​អ្វី​ដែល​គេ​បាន​ដឹង​ពី​មុន​រហូត​ដល់​ជាងពីរ​ដង បន្ទាប់​ពី​មាន​ការ​កែប្រែ​ក្នុង​វិធី​រាប់​ចំនួន​អ្នកជំងឺ។

កាល​ពី​ថ្ងៃ​សុក្រ​ មជ្ឈមណ្ឌល​កម្ចាត់​ជំងឺ​ឆ្លង​ដែល​ហៅ​កាត់ថា​ CDC បាន​រាយការណ៍​ថា​ នៅ​ពេល​នេះ​មាន​ស្ត្រី​១៥៧​នាក់​មាន​ផ្ទុក​មេរោគ​នេះ​នៅ​ក្នុង​រដ្ឋ​៥០​នៃ​ស.រ.អា.​និង​រដ្ឋធានី​វ៉ាស៊ីនតោន​ ហើយ​មាន​អ្នក​ជំងឺ​នេះ​១២២នាក់​នៅ​ក្នុង​ដែន​ដី​របស់​ស.រ.អា. ដោយ​ភាគ​ច្រើន​នៅ​ Puerto Rico។​

តួលេខ​ថ្មី​បំផុត​នេះ​មាន​កំណើន​ច្រើន​ក្រាស់​ក្រែល​ពី​តួ​លេខ​កាល​ពី​សប្តាហ៍​មុន​នៅ​ពេល​ដែល​មជ្ឈមណ្ឌល ​CDC ​បាន​រាយការណ៍​ថា ​ស្ត្រី​១១៣​នាក់​មាន​ផ្ទុក​មេរោគ​ជំងឺ​នេះ​នៅ​ក្នុង​រដ្ឋ​ទាំង​អស់​ក្នុង​ស.រ.អា.​ និង​រដ្ឋធានី​វ៉ាស៊ីនតោន និង​មាន​៦៥នាក់​នៅ​ក្នុង​ដែន​ដី​របស់​ស.រ.អា.។

នៅ​ពេល​នេះ​ ពួក​មន្ត្រី​បាន​រាប់​ស្ត្រី​មានផ្ទៃ​ពោះ​ទាំង​អស់​ដែល​បាន​ធ្វើ​តេស្ត ឃើញ​ថា​វិជ្ជមាន​នៅ​ក្នុង​ស.រ.អា.​ និង​ដែនដី​ស.រ.អ.​ ទោះ​ណាជាស្ត្រី​ទាំង​នោះ​ ​មាន​ឬ​គ្មាន​រោគ​សញ្ញា​ក៏​ដោយ។ ​កាល​ពី​ពេលមុន​ មាន​តែ​ស្ត្រី​មានផ្ទៃ​ពោះ​ដែល​បាន​ធ្វើ​តេស្ត​ឃើញ​ថា​វិជ្ជមាន​និង​មាន​រោគ​សញ្ញា​នៃ​ជំងឺ​ Zika​ ទេ​ដែល​បាន​ត្រូវ​រាប់​ចំនួន។

មជ្ឈមណ្ឌល ​CDC ​បាន​និយាយ​ថា ​ខ្លួន​បាន​កែ​ប្រែ​វិធី​រាប់​ដោយសារ​មាន​កង្វល់​ថា​ការ​ធ្វើ​តេស្ត​ឈាម​តែ​មួយ​បែប​អាច​នាំ​ឱ្យ​មាន​លទ្ធផល​វិជ្ជមាន​ដោយ​ភ័ន្ត​ច្រឡំ​ ប្រសិន​បើ​ស្ត្រីទាំង​នេះ​មាន​ផ្ទុក​មេរោគ​វីរុស​មួយ​ស្រដៀង​គ្នា។

ពួក​អ្នក​ជំនាញ​ការ​ខាង​សុខភាព​ស.រ.អា.​បាន​សន្មត​ថា​ មេរោគ​វីរុស​នេះ​ដែលចម្លង​តាម​សត្វ​មូស​អាច​បណ្តាល​ឱ្យ​ទារក​កើត​មក​មាន​ក្បាល​តូច​ដែល​ជា​ភាព​មិន​ប្រក្រតី​នៅ​ពេល​កើត​ ដែល​អាច​នាំ​ឱ្យ​ខួរ​ក្បាល​មាន​ភាព​មិន​ធម្មតា​យ៉ាង​ធ្ងន់ធ្ងរ​និង​នាំ​ឱ្យ​ទារក​នោះ​មាន​បញ្ហា​ខាង​ការ​លូតលាស់​ធំធាត់​ផងដែរ។​

​មជ្ឈមណ្ឌល ​CDC​ បាន​និយាយ​ថា​ ខ្លួន​បង្កើន​សមត្ថភាព​ក្នុង​ការ​ធ្វើ​តេស្ត​រក​មេរោគ​វីរុស​ Zika​ ក្នុងការ​ប្រុង​ប្រៀប​សម្រាប់​ពេល​មាន​មូស​ច្រើន​នៅ​រដូវ​ក្តៅ៕

XS
SM
MD
LG