ផ្នែកផ្សាយជាភាសាកូរ៉េនៃវីអូអេបានរាយការណ៍កាលពីថ្ងៃចន្ទថា ជំនួយការជាន់ខ្ពស់ខាងគោលនយោបាយការបរទេសរបស់លោកស្រីប្រធានាធិបតីកូរ៉េខាងត្បូង Park Geun-hye បាននិយាយថា លោកស្រីប្រធានាធិបតីនិងលោកប្រធានាធិបតីចិន Xi Jinping នឹងពិភាក្សាបញ្ហាបរមាណូនៃប្រទេសកូរ៉េខាងជើងនៅក្នុងជំនួបកំពូលដែលបានត្រូវគ្រោងនឹងធ្វើនៅក្នុងសប្តាហ៍នេះ។
លោកស្រី Park នឹងធ្វើដំណើរទៅកាន់ប្រទេសចិននៅថ្ងៃទី២ខែកញ្ញាដើម្បីបំពេញទស្សនកិច្ចបីថ្ងៃដែលមានរួមបញ្ចូលជំនួបកំពូលមួយជាមួយលោក Xi និងការចូលរួមក្នុងការប្រារព្ធការបញ្ចប់សង្គ្រាមលោកលើកទីពីរដោយប្រទេសចិន។លោក Ju Chul-Ki លេខាធិការជាន់ខ្ពស់ប្រធានាធិបតីទទួលបន្ទុកកិច្ចការបរទេសបាននិយាយប្រាប់ពួកអ្នកកាសែតថា ប្រទេសកូរ៉េខាងត្បូងរំពឹងថាប្រទេសចិននឹងបំពេញមុខនាទីមួយក្នុងការដោះស្រាយបញ្ហាបរមាណូនៃ
ប្រទេសកូរ៉េខាងជើងនិងធ្វើឱ្យឧបទ្វីបកូរ៉េមានសន្តិភាពថែមទៀតផង។ ជំនួបរបស់លោកស្រី Park ជាមួយលោក Xi ជាជំនួបកំពូលលើកទី៦រវាងមេដឹកនាំទាំងពីរនាក់នេះ។ លោកស្រី Park ក៏នឹងចូលរួមផងដែរក្នុងការមើលក្បួនព្យូហយាត្រាយោធារបស់ប្រទេសចិនដើម្បីប្រារព្ធការបញ្ចប់សង្គ្រាមលោកលើកទីពីរដែលបានធ្វើឱ្យលោកស្រីក្លាយទៅជាប្រធានាធិបតីកូរ៉េខាងត្បូងទីមួយដែលបានចូលរួមក្នុងពិធីនេះ៕