ប្រទេសកូរ៉េខាងត្បូងបានបិទការផ្សព្វផ្សាយការឃោសនារបស់ខ្លួនទៅកាន់កូរ៉េខាងជើងនៅថ្ងៃអង្គារនេះ ដែលជាផ្នែកមួយនៃកិច្ចព្រមព្រៀងដើម្បីបន្ធូរបន្ថយភាពតានតឹងកាលពីពេលថ្មីៗនេះនៅលើឧបទ្វីបកូរ៉េ។
ចំពោះចំណែករបស់ខ្លួន កូរ៉េខាងជើងបានសម្តែងនូវការសោកស្តាយអំពីការផ្ទុះគ្រាប់មីនកាលពីពេលថ្មីៗនេះ ដែលបានធ្វើឲ្យទាហានកូរ៉េខាងត្បូង២នាក់ពិការ។ លោក Kim Kwan-jinទីប្រឹក្សាទទួលបន្ទុកខាងសន្តិសុខរបស់ប្រធានាធិបតីកូរ៉េខាងត្បូង បាននិយាយថា កូរ៉េទាំង២ ក៏បានព្រមព្រៀងគ្នាធ្វើការចរចានៅពេលឆាប់ៗនេះនៅក្នុងរដ្ឋធានីសេអ៊ូល ឬរដ្ឋធានីព្យុងយ៉ាងអំពីការធ្វើឲ្យប្រសើរឡើងនូវចំណងទាក់ទង ៦២ឆ្នាំ បន្ទាប់ពីភាគីទាំង២ បានបញ្ចប់សង្គ្រាម ដោយការផ្អាកសង្គ្រាមប៉ុណ្ណោះ មិនមែនជាសន្ធិសញ្ញាសន្តិភាព។ ភាគីទាំង២ បាននិយាយថា ពួកគេនឹងបន្តកម្មវិធីជួបជុំគ្រួសារឡើងវិញនៅក្នុងខែកញ្ញាសម្រាប់ក្រុមគ្រួសារដែលបានខ្ចាត់ព្រាត់ដោយជម្លោះសម័យសង្គ្រាមត្រជាក់។
សហរដ្ឋអាមេរិក ដែលជាសម្ព័ន្ធមិត្តរបស់កូរ៉េខាងត្បូង បានស្វាគមន៍កិច្ចព្រមព្រៀងនោះ ហើយបាននិយាយថា ខ្លួនសង្ឃឹមថា ភាពតានតឹងនៅលើឧបទ្វីបកូរ៉េនឹងត្រូវបញ្ចប់។
លោក John Kirbyអ្នកនាំពាក្យក្រសួងការបរទេសសហរដ្ឋអាមេរិក បានហៅកិច្ចព្រមព្រៀងនោះថា ជាការសម្របសម្រួលមួយ។ លោកបានមានប្រសាសន៍ទៀតថា ឥឡូវនេះ វាអាស្រ័យលើកូរ៉េខាងជើងដើម្បីអនុវត្ត ហើយមិនមែននិយាយឲ្យរួចតែពីមាត់អំពីសកម្មភាពយោធារបស់ខ្លួននៅតាមបណ្តោយព្រំដែនរវាងប្រទេសទាំងពីរឡើយ។
មុនពេលកិច្ចព្រមព្រៀងនេះ លោកស្រីប្រធានាធិបតីកូរ៉េខាងត្បូង Park Geun-hye បានទាមទារឲ្យមានការសុំអភ័យទោសពីកូរ៉េខាងជើងចំពោះការរបួសទាហានកូរ៉េខាងត្បូង២នាក់ ដែលយាមល្បាតនៅតាមបណ្តោយព្រំដែន ដោយនិយាយថា ការសុំទោសនេះ ជាចំណាត់ការដ៏សំខាន់មុនពេលប្រដាប់បំពោងសំឡេងឃោសនានៅឯព្រំដែនត្រូវបិទ។ កូរ៉េខាងជើងបានបដិសេធពុំព្រមទទួលខុសត្រូវចំពោះឧបទ្ទវហេតុនេះទេ។
លោកអគ្គលេខាធិការអង្គការសហប្រជាជាតិ Ban Ki-moon ដែលជាអតីតរដ្ឋមន្រ្តីការបរទេសកូរ៉េខាងត្បូង បានជំរុញឲ្យភាគីទាំង២បង្កើនកិច្ចខំប្រឹងប្រែងរបស់ខ្លួនទ្វេដងដើម្បីឈានដល់ការសម្របសម្រួលទៅវិញទៅមក៕