ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

មេធាវី​ជំរុញ​ការ​ស្វែង​រក​សកម្មជន​ថៃ​ដែល​បាត់​ខ្លួន​នៅ​រាជធានី​ភ្នំពេញ​មួយ​ឆ្នាំ​មក​ហើយ


រូប​ឯកសារ៖ សកម្មជនថៃបានប្រមូលផ្តុំគ្នា តវ៉ានៅមុខស្ថានទូតព្រះរាជាណាចក្រកម្ពុជាប្រចាំទីក្រុងបាងកក ដោយមានកាន់បដានិងរូបថតរបស់សកម្មជនថៃម្នាក់ឈ្មោះ Wanchalearm Satsaksit ដែលបានបាត់ខ្លួន នៅរាជធានីភ្នំពេញ ថ្ងៃទី ៨ ខែមិថុនា ឆ្នាំ២០២០។
រូប​ឯកសារ៖ សកម្មជនថៃបានប្រមូលផ្តុំគ្នា តវ៉ានៅមុខស្ថានទូតព្រះរាជាណាចក្រកម្ពុជាប្រចាំទីក្រុងបាងកក ដោយមានកាន់បដានិងរូបថតរបស់សកម្មជនថៃម្នាក់ឈ្មោះ Wanchalearm Satsaksit ដែលបានបាត់ខ្លួន នៅរាជធានីភ្នំពេញ ថ្ងៃទី ៨ ខែមិថុនា ឆ្នាំ២០២០។

ក្រុម​មេធាវី​របស់​សកម្មជន​ថៃ​ដែល​បាត់​ខ្លួន​នៅ​រាជធានី​ភ្នំពេញ អស់​រយៈ​ពេលមួយ​ឆ្នាំ​មក​ហើយ បាន​ជំរុញ​ឲ្យ​អាជ្ញាធរ​កម្ពុជា​បន្ត​ស្វែង​រក​លោក Wanchalearm Satsaksit ដែល​ត្រូវ​បាន​ចាប់​ដាក់​ក្នុង​រថយន្តមួយ ក្នុង​ខណ្ឌ​ជ្រោយចង្វារ រាជធានី​ភ្នំពេញ កាល​ពី​ថ្ងៃ​ទី​៤ ខែ​មិថុនា ឆ្នាំ​២០​២០។

សំណុំ​រឿង​នៃ​ការ​បាត់​ខ្លួន​សកម្មជន​ថៃ​ដែល​គេច​ពី​ការ​ចាប់​ខ្លួន​របស់​អាជ្ញាធរ​ថៃ ស្ថិត​ក្នុង​ដៃ​របស់​តុលាការ​កម្ពុជា។ កាល​ពី​ខែ​ធ្នូ ឆ្នាំ​២០២០ ចៅក្រម​ស៊ើប​សួរ​នៃ​សាលា​ដំបូង​រាជ​ធានី​ភ្នំពេញ​បានសាក​សួរបង​ស្រី​សកម្មជន​ថៃ​រូប​នេះ។ ប៉ុន្តែ​មេធាវី​លើក​ឡើង​ថា​រហូត​មក​ដល់​ពេល​នេះ មិន​ទាន់​មាន​ព័ត៌មាន​អ្វី​បន្ថែម​ពី​តុលាការ​ទាក់​ទង​នឹង​ការ​ស៊ើប​អង្កេត​នេះ​ទេ។

លោក សំ ចំរើន មេធាវីជន​ជាតិ​ខ្មែរ​តំណាង​ឲ្យ​គ្រួសារ​របស់​សកម្មជន​ថៃ​ដែល​បាន​បាត់​ខ្លួន ថ្លែង​នៅ​ថ្ងៃ​ពុធ​នេះ​ថា​បន្ទាប់​ពី​បង​ស្រី​របស់​សកម្មជន​ថៃ គឺ​អ្នកស្រី​ Sitanun Satsaksit​បាន​ឡើង​ផ្តល់​ចម្លើយ​ដល់​តុលាការ​កម្ពុជា មេធាវី​មិន​ទាន់​បាន​ទទួលព័ត៌មាន​ពី​តុលាការ​ទាក់​ទង​នឹង​លទ្ធផល​នៃ​ការ​ស៊ើប​អង្កេត​នៅ​ឡើយ​ទេ។ លោក​ជំរុញ​ឲ្យ​តុលាការ​កម្ពុជា​ពន្លឿន​ការ​ស៊ើប​អង្កេត​នេះ។

លោក​ប្រាប់​VOA​ថា៖ «យើង​នឹង​ធ្វើ​តាម​នីតិ​វិធី​ដោយ​ស្នើ​សុំ​ឲ្យ​ចៅក្រម​ស៊ើប​សួរបំពេញ​កិច្ច​ស៊ើប​សួរ​នៅ​ក្នុង​រឿង​ក្តី​ហ្នឹង​ឲ្យ​កាន់​តែ​សកម្ម​និង​ឲ្យ​មុះមុត​ជាង​មុន»។

លោក​មេធាវី​បន្ត​ថា​បង​ស្រី​របស់​សកម្មជន​ថៃ​តែង​តែ​ទាក់​ទង​មេធាវី​តំណាង​នៅ​ប្រទេស​កម្ពុជា​ហើយ​សួរ​នាំ​អំពី​បច្ចុប្បន្ន​ភាព​នៃ​ការ​ស៊ើប​អង្កេត​របស់​តុលាការ។

លោក​បន្ថែម​ថា៖ «យើង​នឹង​ខំ​ប្រឹង​ប្រែង​ធ្វើ​កិច្ច​ការ​ហ្នឹង​ថែម​ទៀត ដើម្បី​ធានា​ថា​កិច្ច​ស៊ើប​សួរ​ក្នុង​រឿង​ក្តី​ហ្នឹងប្រព្រឹត្ត​ទៅ​ដោយ​តម្លាភាព​និង​យុត្តិធម៌ ដើម្បី​ឲ្យ​ជន​រង​គ្រោះ​ទទួល​យក​ដោយ​ស្ងប់ចិត្ត»។

លោក Wanchalearm Satsaksit អាយុ​៣៩​ឆ្នាំ ជា​សកម្មជន​ថៃ ដែល​ត្រូវ​គេ​រាយការណ៍​ថា​ត្រូវ​បាន​ចាប់​ពង្រត់ កាល​ពី​ថ្ងៃ​ទី​៤ ខែ​មិថុនា ឆ្នាំ​២០២០ ពី​ក្បែរ​ខុនដូ​ដែល​លោក​ស្នាក់​នៅ​ក្នុង​ខណ្ឌ​ជ្រោយចង្វារ​រាជ​ធានី​ភ្នំពេញ និង​បាត់​ដំណឹង​រហូត​មក​ដល់​ពេល​នេះ។

ប៉ូលិស​កម្ពុជា​បាន​ឲ្យ​ដឹង​ថា​ខ្លួន​មិន​មាន​ព័ត៌មាន​អំពី​ការ​បាត់​ខ្លួន ហើយ​ក៏​មិន​មាន​ភស្តុតាង​បញ្ជាក់​ថា​សកម្មជន​ថៃ​នោះ​ពិត​ជា​បាត់​ខ្លួន​នៅ​កម្ពុជា​នោះ​ទេ។ ប៉ូលិស​កម្ពុជា​ឲ្យ​ដឹង​ទៀតថា​ម្ចាស់​ខុនដូ​បាន​លើក​ឡើង​ថា​មិន​មាន​ឈ្មោះ​និង​មិន​ដែល​ឃើញ​រូប​របស់​សកម្មជន​ថៃ​ស្នាក់​នៅ​ខុនដូ​នោះ​ទេ។

ប៉ុន្តែ​អ្នក​រស់​នៅ​ក្បែរ​នោះ​ធ្លាប់​ប្រាប់​VOA​ថា​ពិត​ជា​មាន​ការ​ចាប់​បុរស​ជន​ជាតិ​ថៃ​ចូល​ក្នុង​រថយន្ត​ពណ៌​ខ្មៅ​មួយ​គ្រឿង ហើយ​កាមេរ៉ា​សុវត្ថិភាព​ក៏​បាន​បង្ហាះ​វីដេអូ​រថយន្ត​បើក​ចេញ​ពី​កន្លែង​កើត​ហេតុ ដោយ​មាន​សន្តិសុខ​ខុនដូ​រត់​ចុះ​ឡើង​ផង​ដែរ។

អ្នក​ស្រី Pornpen Khongkachonkiet អ្នក​តស៊ូ​មតិ​ជនជាតិ​ថៃដែល​ផ្ដល់​ជំនួយ​ផ្លូវ​ច្បាប់​ដល់​អ្នកស្រី​Sitanun​ដែល​ជា​បង​ស្រីរបស់​សកម្មជន​ថៃ មាន​ប្រសាសន៍​ថា​ក្រុម​គ្រួសារ​របស់សកម្មជន​ថៃ​ដែលបាត់​ខ្លួន បាន​ជំរុញ​និង​សួរ​នាំ​ជា​បន្ត​បន្ទាប់​អំពី​ការ​ស៊ើប​អង្កេត​របស់​តុលាការ​កម្ពុជា ប៉ុន្តែ​មិន​មាន​ព័ត៌មាន​អ្វី​ទាល់​តែ​សោះ។

ចំណែក​អ្នកស្រី​ Sitanun បាន​ប្រាប់​VOA​នៅ​ថ្ងៃ​ពុធ​នេះ​ថា​៖ «ខ្ញុំ​បាត់​បង់​ក្តី​សង្ឃឹមទៅ​លើ​តុលាការ​កម្ពុជា»។

លោក ប្លង់ សុផល ដែល​ទើប​ត្រូវបាន​ចាត់​តាំង​ជា​អ្នក​នាំ​ពាក្យ​តំណាង​អយ្យការ​អម​សាលា​ដំបូង​រាជ​ធានី​ភ្នំពេញ​កាល​ពី​ខែ​ឧសភា មិន​ទាន់​អាច​អត្ថាធិប្បាយ​លើ​រឿង​នេះ​បាន​ទេ ដោយ​ថា​លោក​នឹង​ស្រាវ​ជ្រាវ​មើល​ឯកសារ​ជា​មុន​សិន។

តុលាការ​កម្ពុជា​បាន​ចោទ​«អញ្ញត្តិជន»​ដែល​មិន​ស្គាល់​មុខ ក្នុង​ដំណើរ​រឿង ចាប់​បង្ខាំង ឃុំ​ខ្លួន​និង​ប្រើ​ប្រាស់​អាវុធ​ខុស​ច្បាប់​ក្នុង​ករណី​បាត់​ខ្លួន​លោក Wanchalearm​នេះ ដែល​នាំ​ឲ្យមាន​ការ​កោះ​អញ្ជើញ​អ្នកស្រី Sitannun ដែល​ជា​បង​ស្រី មក​កម្ពុជា​ផ្ដល់​សក្ខីកម្ម​កាល​ពី​ខែ​ធ្នូ ឆ្នាំ​២០២០។ កាល​នោះ បង​ស្រី​របស់​សកម្ម​ជន​ថៃ​បាន​បង្ហាញ​ភស្តុតាង​ទៅ​តុលាការ ដោយបញ្ជាក់​ថា​ប្អូន​ប្រុស​របស់​អ្នកស្រី គឺ​លោក Wanchalearm Satsaksit​ពិត​ជា​បាត់​ខ្លួន​នៅ​កម្ពុជា​មែន ដោយ​មាន​បុរស​៣​នាក់​ចាប់​ញាត់​ចូល​ក្នុង​រថយន្ត រួច​បើក​ចេញ​ទៅ​តាម​បណ្តោយ​ផ្លូវ​ជាតិ​លេខ​៦ ឆ្ពោះ​ទៅ​គោល​ដៅ​ក្នុង​ខេត្ត​កំពង់​ចាម។

លោក អំ សំអាត នាយក​រង​ទទួល​បន្ទុក​កម្មវិធី​ឃ្លាំ​មើល​នៃ​អង្គការសិទ្ធិ​មនុស្ស​លីកាដូ មាន​ប្រសាសន៍​ថា​តុលាការ​និង​សមត្ថកិច្ច​ពាក់​ព័ន្ធ​ត្រូវ​តែ​ខិត​ខំ​ស្រាវ​ជ្រាវ​លើ​ករណី​នេះ ដើម្បី​ឲ្យ​ក្រុម​គ្រួសារ​របស់​សកម្ម​ជន​ថៃ​បាត់​ខ្លួន​ទទួល​យក​បាន។

លោក​ថ្លែង​ថា៖ «អញ្ចឹង​ករណី​ទាំង​អស់​នេះ បើ​សិន​ជា​ការ​បណ្តែត​បណ្តោយអូស​បន្លាយ​កាន់​តែ​យូរ​ទៅ វា​ធ្វើ​ឲ្យ​ក្រុម​គ្រួសារ​គេ អាច​នឹង​អស់​សង្ឃឹមទៅ​លើ​ប្រព័ន្ធ​យុត្តិធម៌​របស់​យើង»។

លោក Wanchalearm​ បាន​ភៀស​ខ្លួន​មក​ជ្រក​កោន​នៅ​កម្ពុជា ក្រោយ​រដ្ឋប្រហារ​ថៃ​ឆ្នាំ​២០១៤ ហើយ​លោក​ជា​អ្នក​រិះគន់​មិន​សំចៃ​មាត់​ដល់​របប​យោធា​ថៃ​ដឹកនាំ​ដោយ​លោក ប្រាយុទ្ធ ចាន់​អូចា ដែល​បច្ចុប្បន្ន​ជា​នាយក​រដ្ឋ​មន្ត្រី​ថៃ។ ក្រុម​គ្រួសារ​របស់​លោក Wanchalearmបញ្ជាក់​ថា​សកម្មជន​ថៃ​រូប​នេះ​ក៏​បាន​ប្រើ​ប្រាស់​លិខិត​ឆ្លង​ដែន​ជន​ជាតិ​ខ្មែរ​ចេញ​ចូល​កម្ពុជា​ផង​ដែរ៕

XS
SM
MD
LG