ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

តុលាការ​ភ្នំពេញ​សាក​សួរ​​បងស្រី​សកម្មជន​ថៃ​បាត់​ខ្លួន ដោយ​​អ្នកស្រី​ទទូច​ឲ្យ​ស្វែង​រក​ប្អូន​ប្រុស


អ្នកស្រី Sitanun Satsaksit បងស្រី​សកម្មជន​ថៃ​ដែល​បាត់ខ្លួន បង្ហាញ​មុខ​នៅ​តុលាការ​រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី៨ ខែ​ធ្នូ ឆ្នាំ​២០២០។
អ្នកស្រី Sitanun Satsaksit បងស្រី​សកម្មជន​ថៃ​ដែល​បាត់ខ្លួន បង្ហាញ​មុខ​នៅ​តុលាការ​រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី៨ ខែ​ធ្នូ ឆ្នាំ​២០២០។

បងស្រី​សកម្មជន​ថៃ​ដែល​ត្រូវ​បាន​រាយការណ៍​ថា​បាត់​ខ្លួន​នៅ​ភ្នំពេញ នៅ​ថ្ងៃ​អង្គារ​នេះ​បាន​បង្ហាញ​មុខ​នៅ​តុលាការ​រាជធានី​ភ្នំពេញ​ដោយ​អ្នកស្រី​បាន​ដាក់​ភស្តុតាង​ទៅ​តុលាការ​បញ្ជាក់​ថា​ប្អូន​ប្រុស​របស់​អ្នកស្រី គឺ​លោក Wanchalearm Satsaksit ពិត​ជា​បាត់​ខ្លួន​នៅ​កម្ពុជា ក្រោយពី​ប្អូន​ប្រុស​បាន​គេច​មក​ជ្រក​កោន​នៅ​ទី​នេះ​ជា​ច្រើន​ឆ្នាំ​មក​ហើយ។

លោក Wanchalearm Satsaksit សកម្មជន​ថៃ​ត្រូវ​គេ​រាយការណ៍​ថា​ត្រូវ​បាន​ចាប់​ពង្រត់ កាលពី​ថ្ងៃ​ទី​៤ ខែ​មិថុនា ពី​ក្បែរ​ខុនដូ​ដែល​លោក​ស្នាក់​នៅ ក្នុង​ខណ្ឌ​ជ្រោយចង្វា​រាជធានី​ភ្នំពេញ និង​បាត់​ដំណឹង​រហូត​មកដល់​ពេល​នេះ។

នៅ​ព្រឹក​ថ្ងៃ​អង្គារ​នេះ អ្នកស្រី Sitanun Satsaksit បាន​បង្ហាញ​ខ្លួន​ជា​សាធារណៈ​ជា​លើក​ទី​ពីរ គឺនៅ​តុលាការ​ក្រុង​ភ្នំពេញ ហើយ​ត្រូវ​បាន​អម​ដំណើរ​ដោយ​មេធាវី​ជនជាតិ​ថៃ មេធាវីខ្មែរ និង​បុគ្គលិក​ពីរ​នាក់​របស់​ស្ថានទូត​ថៃ​ប្រចាំ​នៅ​ភ្នំពេញ។ នេះ​ជា​ការ​ចូលបំភ្លឺ​តាមការ​ណាត់​របស់​ចៅក្រម​ស៊ើបសួរ​នៃ​សាលា​ដំបូង​រាជធានី​ភ្នំពេញ។

អ្នកស្រីបាន​ប្រាប់​ចៅក្រម​កម្ពុជា​ផ្ទាល់​មាត់​ថា​ប្អូន​ប្រុស​របស់​អ្នកស្រី​បាន​រត់​មក​ជ្រក​កោន​រស់​នៅ​កម្ពុជា ក្រោយ​រដ្ឋ​ប្រហារ​នៅ​ក្នុង​ប្រទេស​ថៃ ដោយ​របប​យោធា​បច្ចុប្បន្ន​នេះ។ អ្នកស្រី​ទទូច​ឲ្យ​តុលាការ​ស្វែង​រក​ប្អូន​ប្រុស​របស់​អ្នកស្រី​ដែល​បាត់​ខ្លួន​ជាង​៦​ខែ​មក​ហើយ។

អ្នកស្រី Sitanun Satsaksit (ពាក់មួក) ជាបងស្រី​បង្កើត​របស់​សកម្មជន​ថៃបាត់ខ្លួន គឺលោកWanchalearm Satsaksit ឈរនៅមុខ​ខុនដូ​ក្នុងខណ្ឌ​ជ្រោយចង្វារ រាជធានី​ភ្នំពេញ​នៅថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២០។
អ្នកស្រី Sitanun Satsaksit (ពាក់មួក) ជាបងស្រី​បង្កើត​របស់​សកម្មជន​ថៃបាត់ខ្លួន គឺលោកWanchalearm Satsaksit ឈរនៅមុខ​ខុនដូ​ក្នុងខណ្ឌ​ជ្រោយចង្វារ រាជធានី​ភ្នំពេញ​នៅថ្ងៃទី៤ ខែធ្នូ ឆ្នាំ២០២០។

អ្នកស្រី​មាន​ប្រសាសន៍​ថា​ជា​ភាសា​ថៃ ដោយ​មាន​ការ​ប្រែ​សម្រួល​ថា៖ «យើង​បាន​បំពេញ​តួនាទី​របស់​យើង​ក្នុងការ​បង្ហាញ​អ្វី​ដែល​យើង​មាន​ដែល​វា​ជា​ភស្តុតាង​បញ្ជាក់​ថា​តើ​លោកWanchalearm បាន​នៅ​ទី​ណា​[មុន​ពេល​បាត់​ខ្លួន]។ ទាំង​នេះ គឺ​ជា​ឯក​សារ​ដែល​យើង​បាន​បង្ហាញ​នៅ​ថ្ងៃ​នេះ។ ដូច្នេះ​ឥឡូវនេះ វា​ជា​កាតព្វកិច្ច​របស់​អាជ្ញាធរ​កម្ពុជា​ក្នុង​ការ​ស៊ើប​អង្កេត​បន្ត​ទៀត​ថា​តើ​មាន​រឿង​អ្វី​កើត​ឡើង​ចំពោះ​លោក Wanchalearm»។

មេធាវី​របស់​អ្នក​ស្រី​ដែល​ជាជន​ជាតិ​ខ្មែរ គឺ​លោក សំ ចំរើន មាន​ប្រសាសន៍​ថានេះ​ជា​កិច្ច​ការ​ដំបូង​តែ​ប៉ុណ្ណោះ​នៃ​ការ​ជួប​ចៅក្រម​លើក​ដំបូង។​

លោក​មាន​ប្រសាសន៍​ថា៖ «ចំណុច​នេះ ​វា​សំខាន់​លើ​ចៅក្រម​នឹង​ពិចារណា​ខ្លួន​ឯង​ទេ។ កិច្ច​ការ​ហ្នឹង​វា​មិន​ទៀង​ទេ។ បើ​គាត់​យល់​ថា​វា​ចាំបាច់​គាត់​នឹង​កោះ​ហៅ​ម្តង​ទៀត»។

បើ​តាម​មេធាវី អយ្យការ​សាលា​ដំបូង​បាន​ចោទ​ប្រកាន់​លើ«អញ្ញត្រជន»​ដែល​គេ​មិន​ស្គាល់​អត្តសញ្ញាណ​និង​ភិនភាគ​ក្នុង​សំណុំ​រឿង​បាត់​ខ្លួន​នេះ ដែល​បើក​ផ្លូវ​ឲ្យ​ចៅក្រម​ស៊ើបសួរ​អាច​កោះ​ហៅ​អ្នកស្រី Sitanun មក​កម្ពុជា​ដើម្បី​បំភ្លឺ។ បទ​ចោទ​ទាំង​នោះ​រួមមាន«ការ​ចាប់ ឃុំឃាំង និង​បង្ខាំង ដោយ​ខុស​ច្បាប់»និង«ការ​កាន់​កាប់​អាវុធ​ដោយ​គ្មាន​ការ​អនុញ្ញាត»។ នេះ​បើ​តាម​ដីការ​របស់​ចៅក្រម​ស៊ើបសួរ​ដែល​វីអូអេ​ទទួល​បាន។

លោក សំ ចំរើន ​មាន​ប្រសាសន៍​ថា៖ «ការ​ចោទ​ប្រកាន់ គឺ​ចោទ​ប្រកាន់​លើ​អញ្ញត្រ​ជន​ហើយ តែនៅ​ពេល​នេះ ស្ថិត​នៅ​ដំណាក់​កាល​ចៅក្រម​ស៊ើប​សួរ ស៊ើប​សួរ​បន្ថែម​ដើម្បី​ថាតើ​វា​ពិតជា​មាន​រឿង​ហេតុ​ដូច​ពាក្យ​បណ្តឹង​របស់​យើង​ឬ​អត់។ ការ​ចោទ​ប្រកាន់ គឺ​មាន​ហើយ»។

លោក Wanchalearm បាន​ភៀស​ខ្លួន​មក​ជ្រកកោន​នៅ​កម្ពុជា ក្រោយ​រដ្ឋប្រហារ​ថៃ​ឆ្នាំ​២០១៤ ហើយ​លោក​ជា​អ្នក​រិះគន់​មិន​សំចៃ​មាត់​ដល់​របប​យោធា​ថៃ​ដឹកនាំ​ដោយ​លោក ប្រាយុទ្ធ ចាន់​អូចា ដែល​បច្ចុប្បន្ន​ជា​នាយករដ្ឋមន្ត្រី​ថៃ។

លោក ខៀវ សុភ័គ រដ្ឋលេខាធិការ​ក្រសួង​មហាផ្ទៃ និង​ជា​អ្នក​នាំពាក្យ​បាន​ប្រាប់​ VOA ​កាល​ពី​សប្តាហ៍​មុនដោយ​ប្រៀបធៀប​ករណី​បាត់​ខ្លួន​សកម្មជន​ថៃ​រូប​នេះ ដូច​ជា​ករណី​បាត់​យន្តហោះ​ម៉ាឡេស៊ី MH370 ដែល​លោក​ថា​ត្រូវ​ប្រើ​ពេល​ស្វែង​រក​យូរ​មិន​ដូច​ការ​ចង់​បាន​ភ្លាមៗ​នោះ​ទេ។

បង​ស្រី​របស់​សកម្មជន​ថៃ​បាត់​ខ្លួន អ្នកស្រី​ Sitanun មាន​ប្រសាសន៍​ថា​អ្នកស្រី​សង្ឃឹម​ថា​នឹង​បាន​ជួប​ប្អូន​ប្រុស​វិញ បើ​ទោះ​មិន​អាច​ស្រមៃ​បាន​ថា​តើ​មាន​រឿង​អ្វី​កើត​ឡើង​ចំពោះ​គាត់​ក៏​ដោយ។ អ្នកស្រី​ឲ្យ​ដឹង​ថា​អ្នកស្រី​នឹង​វិល​ត្រឡប់​ទៅ​ប្រទេ​ស​ថៃ​វិញ នៅថ្ងៃ​ទី​១៥ ​ខែ​ធ្នូ៕

XS
SM
MD
LG