ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

មេធាវីថា លោក កឹម សុខា គ្មានគំនិតប៉ងច្បាមយកអំណាចដោយហិង្សាឡើយ


រូបឯកសារ៖ លោក កឹម សុខា មេដឹកនាំគណបក្សសង្គ្រោះជាតិ ដើរចេញពីសាលប្រជុំមួយនៅរដ្ឋសភាជាតិ រាជធានីភ្នំពេញ កាលពីថ្ងៃទី ៧ ខែធ្នូ ឆ្នាំ ២០១៦។
រូបឯកសារ៖ លោក កឹម សុខា មេដឹកនាំគណបក្សសង្គ្រោះជាតិ ដើរចេញពីសាលប្រជុំមួយនៅរដ្ឋសភាជាតិ រាជធានីភ្នំពេញ កាលពីថ្ងៃទី ៧ ខែធ្នូ ឆ្នាំ ២០១៦។

សាលា​ឧទ្ធរណ៍​ភ្នំពេញបាន​បន្ត​សួរ​ដេញ​ដោល​អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​លោក​ កឹម​ សុខា​ អំពី​បាតុកម្ម​នានា​ដែល​ផ្ទុះឡើង​ក្រោយ​ការ​បោះឆ្នោត​ជាតិ​ឆ្នាំ​ ២០១៣ នៅក្នុង​សវនាការ​លើក​ទី​៥ដែល​បាន​ធ្វើឡើង​នា​ថ្ងៃ​ព្រហស្បតិ៍​នេះ​។ នេះ​បើ​តាម​សហ​មេធាវី​ការពារ​ក្តី​លោក​កឹម សុខា​ និង​មន្ត្រី​សិទ្ធិ​មនុស្ស។

ថ្លែង​ជាមួយ​អ្នកកាសែត​នៅ​ក្រៅ​សាលាឧទ្ធរណ៍​ភ្នំពេញ សហមេធាវី​ការពារ​ក្តី​លោក​ កឹម សុខា​ អ្នក​ស្រី ​ម៉េង​ សុភារី​ បាន​ថ្លែង​ថា ​បាតុកម្ម​ដែល​ធ្វើ​ឡើង​ដោយអតីត​គណបក្ស​សង្គ្រោះ​ជាតិ​ មាន​គោល​ដៅ​ចម្បង​មួយ​ គឺ​ទាមទារ​ឱ្យបង្កើត​គណៈកម្មការ​ស៊ើប​អង្កេត​ស្វែង​រក​ភាព​មិន​ប្រក្រតី​នៅ​ក្នុង​ការ​បោះឆ្នោត​ ពោល​គឺ​មិន​មែន​ជា​លេស​ដើម្បី​បំផ្ទុះ​ហិង្សា​ឈាន​ទៅ​ធ្វើ​បដិវត្តន៍​ដើម្បី​ច្បាម​យក​អំណាច​នោះ​ទេ។

អ្នកស្រី ​ម៉េង​ សុភារី ​ថ្លែង​ថា​៖​ «វា​មិនមែន​ជា​លេស​ណាមួយ​ក្នុង​ការ​ផ្តួល​រំលំ​រដ្ឋាភិបាល​ទេ​ ហើយ​គាត់​ក៏គ្មានគំនិត​ក្នុង​ច្បាមយក​អំណាច​ខុសច្បាប់​ណាមួយ​នៅ​ក្នុង​កម្ពុជា​ដែរ​។ ហើយ​បាតុកម្ម​នេះ​ មិនមែន​ជា​បាតុកម្ម​ដើម្បី​ប្រឆាំង​នឹង​កម្ពុជា​ទេ ប៉ុន្តែ​ជា​បាតុកម្ម​ដែល​មាន​គោល​ដៅ​ជាក់់​លាក់​គឺ​ដើម្បី​ទាម​ទារ​ឱ្យ​មាន​ការ​បង្កើត​គណៈ​កម្មការ​ជុំវិញ​ការ​បោះ​ឆ្នោត​ពិតប្រាកដ​មែន​»។

ក្នុង​សវនាការ​លើក​ទី ​៥​ នេះ​ គេសង្កេត​ឃើញ​ថា​ មន្ត្រីស្ថានទូត និង​មន្ត្រីសិទ្ធិមនុស្ស​មួយចំនួន​បាន​បន្ត​ចូល​រួមឃ្លាំ​មើល​ការ​សួរ​ដេញ​ដោល​លោក​ កឹម សុខា​ ដែល​នៅ​មិន​អាច​បង្ហាញមុខ​ជា​សាធារ​ណៈរាល់​ពេល​លោក​មក​បង្ហាញ​ខ្លួននៅ​សាលា​ឧទ្ធរណ៍​ភ្នំពេញ​។

លោក ​កឹម សុខា​ ដែល​បាត់​បង់​អស់​សិទ្ធិធ្វើ​នយោបាយ​ ក៏បន្ត​ការ​ពារ​ខ្លួន​ថា​ លោក​មិន​បាន​ប្រព្រឹត្ត​អំពើ​ប្រទូសរ៉ាយ​ ដោយ​គប់គិត​ជាមួយ​បរទេស​មក​ប្រឆាំង​នឹង​ ឬ ឈា្លន​ពានកម្ពុជា​ទេ ពេល​តុលាការ​ឧទ្ធរណ៍​ដេញ​ដោល​សួរ​លោក​រឿង​បាតុកម្ម​។

អ្នកស្រី​ ម៉េង​ សុភារី​ បន្ថែមថា​ បាតុកម្ម​របស់​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​ កើត​ឡើង​ដោយសារ​រឿង​បោះឆ្នោតតែប៉ុណ្ណោះ ហើយ​ក៏​គ្មាន​គោលដៅ​បង្ក​ហិង្សា​ ចូល​ព័ទ្ធ​អគារ​រដ្ឋាភិបាល​ដូច​បណ្តា​ប្រទេស​មួយ​ចំនួន​នោះ​ដែរ​។

អ្នកស្រី​ប្រាប់​អ្នកកាសែតថា៖ «​បើសិន​ជា​មាន​គំនិត​បង្កើត​អំពើ​ហិង្សា​ ដូច​នៅ​ប្រទេស​មួយចំនួន​តែ​កាលណា​គេ​មក​ដល់​អគារ​រដ្ឋ​ស្ថាប័ន​ មក​ដល់​កន្លែង​ស្ថាប័ន​រដ្ឋ​គេចូល កាន់​កាប់​ហើយ​ តែនេះ​គឺ​អត់​មាន ដែល​វា​បង្ហាញ​ថា​បាតុកម្ម​ហ្នឹង​គឺ​អហិង្សា​ពិត​ប្រាកដមែន»។

សហមេធាវីការពារក្តីលោក កឹម សុខា អ្នកស្រី ម៉េង សុភារី ធ្វើសន្និសីទកាសែតនៅក្រៅសាលាឧទ្ធរណ៍ភ្នំពេញ ថ្ងៃទី ២១ ខែមីនា ឆ្នាំ២០២៤។ (ហ៊ុល រស្មី/វីអូអេ)
សហមេធាវីការពារក្តីលោក កឹម សុខា អ្នកស្រី ម៉េង សុភារី ធ្វើសន្និសីទកាសែតនៅក្រៅសាលាឧទ្ធរណ៍ភ្នំពេញ ថ្ងៃទី ២១ ខែមីនា ឆ្នាំ២០២៤។ (ហ៊ុល រស្មី/វីអូអេ)

មន្ត្រីស៊ើបអង្កេតជាន់ខ្ពស់របស់សមាគមការពារសិទ្ធិមនុស្សអាដហុក លោក យី សុខសាន្ត ថ្លែងទៅកាន់អ្នកសារព័ត៌មាននៅក្រៅសាលាឧទ្ធរណ៍ភ្នំពេញ។ (ហ៊ុល រស្មី/វីអូអេ)
មន្ត្រីស៊ើបអង្កេតជាន់ខ្ពស់របស់សមាគមការពារសិទ្ធិមនុស្សអាដហុក លោក យី សុខសាន្ត ថ្លែងទៅកាន់អ្នកសារព័ត៌មាននៅក្រៅសាលាឧទ្ធរណ៍ភ្នំពេញ។ (ហ៊ុល រស្មី/វីអូអេ)

មន្ត្រី​ស៊ើប​អង្កេត​ជាន់​ខ្ពស់​របស់​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក​ លោក យី សុខសាន្ត​ ថ្លែង​ថា លោក កឹម សុខា ទទួល​ស្គាល់​តែ​បាតុកម្ម​ដែល​ធ្វើ​ឡើង​ដោយ​ស្របច្បាប់​នៅ​ទីលាន​ប្រជាធិប​តេយ្យ​ចាស់​ ចំណែក​ឯបាតុកម្ម​នៅ​ទីតាំង​ផ្សេង​ដូចជា​នៅ​ខេត្ត​កំពង់​ចាម​ គឺ​ជា​កា​រតវ៉ា​របស់​កម្មករ​ ហើយ​លោក​ទៅ​ទីនោះ​ក្នុង​នាម​ជា​តំណាងរាស្ត្រ​មណ្ឌល​ខេត្ត​កំពង់​ចាម​។

លោក​បន្ថែម​ថា​ លោក​ កឹម សុខា ​ក៏​បាន​បដិសេធ​មិន​ឆ្លើយ​សំណួរ​មួយ​ចំនួន​ដែល​លោក​ធ្លាប់​បក​ស្រាយ​រួច​ហើយ​នៅ​សាលា​ដំបូង​ ហើយ​ឆ្លៀត​ពេល​ជិត​ចូល​ឆ្នាំ​ប្រពៃ ណី​ខ្មែរ​នេះ​ លោក​សុំ​ឱ្យ​តុលា​ការ​ផ្តល់​សេរីភាព​ឱ្យ​លោក​ខ្លះ​ បាន​ជួប​ជុំ​ប្រពន្ធ​កូន​។​

លោក​ថ្លែង​ថា៖ «ក្នុង​នោះ​ដែរ​ ក៏លោក​កឹម សុខា​ ស្នើសុំ​ថា​ ពេល​ចូល​រដូវ​ចូល​ឆ្នាំ​នេះ​ គឺ​លោក​សុំ​ឱ្យ​មាន​សេរីភាព​បន្តិច​ ដើម្បី​ជួប​ជុំ​ប្រពន្ធ​កូន​»។ ​

លោក ​កឹម សុខា​ ត្រូវបាន​តុលាការ​រាជធានី​ភ្នំពេញ​រក​ឃើញ​ថា​ មានទោស​ពី​បទ ក្បត់​ជាតិ​ ហើយ​ត្រូវ​ដាក់​ឱ្យ​ស្ថិត​ក្នុងការ​ឃុំខ្លួន​ក្នុងផ្ទះ​រយៈ​ពេល ២៧ ឆ្នាំ។ ជាមួយ​នឹង​ការ​ផ្តន្ទា​ទោស​នោះ សិទ្ធិ​ធ្វើ​នយោបាយ​ទាំង​អស់​របស់​លោក​ កឹម សុខា​ ​ត្រូវ​បាន​ដក​ហូត ​ហើយ​លោក​ក៏​មិន​ត្រូវ​បាន​អនុញ្ញាត​ឱ្យ​ជួប​ជន​បរទេស​ លើក​លែង​តែ​មាន​ការ​អនុញ្ញាត​ពី​តុលាការ​។

គេមិន​ទាន់​ដឹង​ថា លោក​កឹម សុខា ​មានលទ្ធភាព​បាន​ជួបកូនៗ​លោក ឬយ៉ាង​ណា នៅពេល​លោក​ត្រូវ​តុលាការ​ដាក់​ឱ្យជាប់​ឃុំតែ​ក្នុង​ផ្ទះ។

អ្នក​នាំ​ពាក្យ​សាលាឧទ្ធរណ៍​ភ្នំពេញ​ លោក ​ឃុន លាងម៉េង មិន​ឆ្លើយសំណួរ​របស់​វីអូអេ ​ដែល​ផ្ញើ​តាម​ប្រព័ន្ធទំនាក់​ទំនង​តេឡេក្រាម​នៅ​ថ្ងៃព្រហស្បតិ៍​នេះ​នៅឡើយ​ទេ។

ដោយឡែក​ ឯកអគ្គរដ្ឋទូត​សហរដ្ឋ​អាមេរិក​ប្រចាំនៅ​កម្ពុជា​ លោក ​W. Patrick Murphy បាន​លើក​ឡើង​ថា​ លោក​បាន​ចូលរួម​សវនាការ​ឧទ្ធរណ៍​ក្នុង​ករណីលោក ​កឹម សុខា​ ដែល​ជា​ដំណើរ​ការពិបាក​មួយ​ដែល​ចាប់ផ្តើម​ឡើង​ជាមួយ​ការ​ចាប់​ខ្លួន​គាត់​នៅ​ឆ្នាំ​ ២០១៧​។ នេះ​បើតាម​ការ​អត្ថាធិប្បាយ​របស់​លោក​លើ​ប្រព័ន្ធទំនាក់​ទំនង​សង្គម​ X ​ដែល​ពីមុន​ត្រូវបាន​គេ​ស្គាល់​ថា​ជា ​Twitter ។

លោក​បាន​បន្ថែម​ថា៖ «សហរដ្ឋ​អាមេរិក​មិន​កាន់​ជើង​ភាគី​នយោបាយ​ណាមួយ​ទេ​ ប៉ុន្តែ​គាំទ្រ​ប្រជាជន​កម្ពុជា​នៅក្នុង​ការ​យក​ឱ្យ​បានលទ្ធិប្រជាធិបតេយ្យ​ដែល​រាប់​បញ្ចូល​គ្រប់​ភាគី​ទាំងអស់​ ហើយការ​បញ្ចេញមតិ​របស់​ពលរដ្ឋ​គ្រប់​រូបអាច​ធ្វើ​ទៅ​បាន​ដោយ​គ្មានការភ័យ​ខ្លាច​»។ ​

ផ្អែក​តាម​ដំណាក់​កាល​នៃ​ការ​បើក​សវនាការ​ដែល​បាន​គ្រោង​ទុក​ លោក ​កឹម សុខា ​នឹង​វិលត្រឡប់​មក​កាន់​សាលា​ឧទ្ធរណ៍​ភ្នំពេញ​ម្តង​ទៀត​ នៅថ្ងៃទី ​៤​ ខែ​មេសា​ ឆ្នាំ​ ២០២៤​ ដើម្បី​ចូល​រួម​សវនាការ​លើក​ទី​ ៦ ​របស់​លោក​៕

វេទិកា​បញ្ចេញ​មតិ

XS
SM
MD
LG