សាលាឧទ្ធរណ៍រាជធានីភ្នំពេញនៅព្រឹកថ្ងៃព្រហស្បតិ៍នេះ បានចោទសួរលោក កឹម សុខា អំពីការបង្កើតគណបក្សសិទ្ធិមនុស្ស និងការបង្កើតអតីតគណបក្សប្រឆាំងធំមួយ គឺគណបក្សសង្គ្រោះជាតិ ហើយនិងការថ្លែងរបស់លោកពាក់ព័ន្ធនឹងបដិវត្តន៍នៅប្រទេសយូហ្គោស្លាវី។
នាយកគ្រប់គ្រងកិច្ចការទូទៅអង្គការការពារសិទ្ធិមនុស្សលីកាដូ លោក អំ សំអាត ដែលតាមដានសវនាការនេះ ប្រាប់អ្នកកាសែតនៅក្រៅសាលាឧទ្ធរណ៍ភ្នំពេញកាលពីព្រឹកថ្ងៃព្រហស្បតិ៍ថាលោក កឹម សុខា ត្រូវបានចោទសួរឡើងវិញអំពីប្រវត្តិនយោបាយរបស់លោក និងការបង្កើតគណបក្សសិទ្ធិមនុស្សក្នុងសវនាការលើកទី ៣ លើបណ្តឹងសាទុក្ខរបស់លោក។
លោកថ្លែងថា៖ «អ៊ីចឹង លើកទី ៣ នេះមាននីតិវិធី ឬដំណាក់កាល គឺដំណាក់កាលនៃការបង្កើតគណបក្សសិទ្ធិមនុស្ស ហើយនិងគណបក្សសង្គ្រោះជាតិទេ។ អ៊ីចឹង ព្រឹកមិញនេះ ផ្តោតអារម្មណ៍ភាគច្រើនទៅលើការបង្កើតគណបក្សសិទ្ធិមនុស្សហ្នឹង ហើយសួរពីរចនាសម្ពន្ធនៃគណបក្សសិទ្ធិមនុស្ស ហើយមានអង្គការសង្គមស៊ីវិលណាចូលរួមក្នុងគណបក្ស ហើយមានមកពីខាងណាខ្លះអ៊ីចឹង ទៅគឺមានការដេញដោលគ្នានៅក្នុងរចនាសម្ពន្ធ ហើយនិងថវិកានៅក្នុងការបង្កើតគណបក្ស និងទ្រទ្រង់គណបក្សសិទ្ធិមនុស្សហ្នឹង»។
លោកបន្ថែមថា លោក កឹម សុខា បានប្រាប់ក្រុមប្រឹក្សាជំនុំជម្រះថា លោកមិនបានយកលំនាំតាមបដិវត្តន៍ដែលទម្លាក់ប្រធានាធិបតីយូហ្គោស្លាវី លោក Slobodan Milosevica នោះទេ ហើយថា ការបង្កើតអតីតគណបក្សសង្គ្រោះជាតិជាសេចក្តីប្រាថ្នារបស់ពលរដ្ឋដែលចង់បានលទ្ធិប្រជាធិបតេយ្យ។
អតីតប្រធានអតីតគណបក្សសង្គ្រោះជាតិលោក កឹម សុខា ត្រូវបានតុលាការរាជធានីភ្នំពេញកាត់ទោសពពីបទសន្ទិដ្ឋិភាពជាមួយបរទេស ឬឃុបឃិត ត្រូវរ៉ូវគ្នាជាមួយបរទេស ដែលស្មើនឹងអំពើក្បត់ជាតិកាលពីឆ្នាំ ២០២៣ ហើយតាមការផ្តន្ទាទោសនោះ លោកត្រូវបានដាក់ឱ្យស្ថិតក្រោមការឃុំខ្លួននៅក្នុងផ្ទះរយៈពេល ២៧ ឆ្នាំ។ សិទ្ធិនយោបាយរបស់លោកទាំងអស់ត្រូវបានដកហូតហើយលោកក៏មិនត្រូវបានអនុញ្ញាតឱ្យជួបជនបរទេស លើកលែងតែមានការអនុញ្ញាតពីតុលាការ។
ដំណើរការកាត់ទោសមេដឹកនាំនយោបាយជំទាស់រូបនេះ ផ្តើមចេញពីភស្តុតាងនៃសុន្ទរកថានយោបាយដ៏ចម្រូងចម្រាសមួយរបស់លោកនៅទីក្រុង មែលប៊ន (Melbourne) ប្រទេសអូស្ត្រាលី ក្រោយអតីតគណបក្សសង្គ្រោះជាតិទទួលបានអាសនៈសភាចំនួន៥៥ក្នុងការបោះឆ្នោតជាតិខែកក្កដា ឆ្នាំ ២០១៣។
សហមេធាវីការពារក្តីរបស់លោក កឹម សុខា គឺអ្នកស្រី ម៉េង សុភារី លើកឡើងថា លោក កឹម សុខា ធ្វើនយោបាយទៅតាមគោលគំនិតរបស់គាត់ ដោយមិនបានយកលំនាំតាមចលនាបដិវត្តន៍ណាមួយនោះទេ និងថាលោក កឹម សុខា ជាបុគ្គលប្រកាន់គោលការណ៍អហិង្សា។
អ្នកស្រីថ្លែងថា៖ «ខ្លឹមសាររួមដែលគាត់បានបញ្ជាក់នៅក្នុងសន្ទកថារបស់គាត់ហ្នឹង គឺគាត់បានបញ្ជាក់នៅចុងក្រោយសុន្ទរកថាហើយថា គាត់គឺមិនឱ្យខ្មែរមានការហូរឈាមជាដាច់ខាត។ អ្នកណាដែលប្រើហិង្សា គឺចេញឱ្យឆ្ងាយពីគាត់ គឺគាត់អត់មានត្រូវការធ្វើការជាមួយទេ នៅក្នុងសុន្ទរកថារបស់ក៏គាត់មានបញ្ជាក់អ៊ីចឹងដែរ»។
ក្នុងសវនាការលើកទី ៣ នេះដែរ តុលាការក៏បានចោទសួរ លោក កឹម សុខា អំពីការប្រើប្រាស់ពាក្យចាស់បុរាណមួយចំនួនផងដែរ ពេលលោក កឹម សុខា ថ្លែងសារនយោបាយ។ នេះបើតាមសហមេធាវីការពារក្តីលោក កឹម សុខា។
អ្នកស្រី ម៉េង សុភារី ថ្លែងថា៖ «ហើយគាត់[លោក កឹម សុខា] ក៏បានលើកឡើងផងដែរថា ជាក់ស្តែងពាក្យស្លោកខ្មែរយើងណាស់ដែលយើងស្តាប់ប្លែកទៅ បើយើងអត់មានការបកស្រាយយើងយល់ឃើញផ្សេង។ ឧទាហរណ៍ដូចជាថា ចង់ចេះឱ្យសម្លាប់អាចារ្យចង់បានផ្លែផ្កាឱ្យយកភ្លើងដុតគល់ អ៊ីចឹងសួរថាដើម្បីឱ្យចង់ចេះទៅសម្លាប់អាចារ្យហ្នឹងមែន? ចា៎គឺអត់ទេគឺមានន័យថា ឱ្យអ្នកដែលចង់ចេះដឹងហ្នឹងជីករីកសួរអ្នកដែលជាអ្នកចេះដឹងហ្នឹងសួរឱ្យទាល់តែម្តង។ ហើយយកភ្លើងដុតគល់សួរថាចង់បានផ្លែផ្កាហ្នឹងឱ្យយកភ្លើងទៅដុតគល់មែនអត់? មិនមែនទេ គឺឱ្យយើងស្រោចទឹក ដាក់ជី ថែទាំអីទៅណា៎ ជ្រោមជ្រែងគល់ហ្នឹងទៅ ដើម្បីឱ្យបានផ្លែឱ្យបានផ្កា គឺក្នុងន័យបែបហ្នឹង អ៊ីចឹងយើងមានការបកស្រាយឱ្យយល់គ្នាអ៊ីចឹង»។
យ៉ាងណាមិញ នៅក្នុងសវនាលើកទី ៣ កាលពីព្រឹកថ្ងៃព្រហស្បតិ៍ អ្នកសារព័ត៌មានមួយចំនួនក៏មិនបានអនុញ្ញាតឱ្យចូលស្តាប់នោះទេ ដោយមន្រ្តីរដ្ឋបាលរបស់សាលាឧទ្ធរណ៍ភ្នំពេញថា បន្ទប់សវនាបានពេញទៅហើយ បើទោះបីជាអ្នកសារព័ត៌មានទាំងនោះបានព្យាយាមចុះឈ្មោះមុនថ្ងៃដែលសវនាការដំណើរការក៏ដោយ។
ពាក់ព័ន្ធនឹងករណីនេះ នាយកប្រតិបត្តិនៃសមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា ឬហៅកាត់ថាខេមបូចា លោក ណុប វី យល់ឃើញថា ការដែលមិនអនុញ្ញាតឱ្យអ្នកសារព័ត៌មានចូលស្តាប់ និងយកព័ត៌មាននៅក្នុងសវនាការ គឺបានប៉ះពាល់ដល់សិទ្ធិទទួលបានព័ត៌មានដល់ប្រជាពលរដ្ឋ និងសិទ្ធិរបស់អ្នកសារព័ត៌មាន ដោយសារតែប្រជាពលរដ្ឋតែងតែចង់ដឹងពីដំណើរការនៅក្នុងការកាត់ក្តី និងព័ត៌មានផ្សេងៗដែលត្រូវបានរាយការណ៍ដោយអ្នកសារព័ត៌មាន។
លោកថ្លែងថា៖ «អ៊ីចឹងបើក្នុងករណីដែលអ្នកសារព័ត៌មានត្រូវបានហាមឃាត់ មានន័យថា វាធ្វើឱ្យប៉ះពាល់ទៅដល់សិទ្ធិរបស់អ្នកសារព័ត៌មាន តួនាទីរបស់អ្នកសារព័ត៌មានដែលគាត់មានតួនាទីនៅក្នុងការយកព័ត៌មានជាពិសេសនៅក្នុងសវនាការជាសាធារណៈ។ មួយវិញទៀត ក៏វាធ្វើឱ្យប៉ះពាល់ដល់លំហសេរីភាពការងាររបស់អ្នកសារព័ត៌មានដែរ ខ្ញុំគិតថាសម្រាប់សាធារណជន ឬក៏អង្គទូត ឬក៏ស្ថាប័នសង្គមស៊ីវិល ខ្ញុំគិតថា គាត់គ្រាន់តែចូលទៅតាមដានទេ ក៏ប៉ុន្តែអ្នកសារព័ត៌មានគាត់មានតួនាទីលើសពីហ្នឹង គាត់ចូលទៅតាមដាន គាត់ចូលទៅស្តាប់ ចូលទៅធ្វើសេចក្តីរាយការណ៍ព័ត៌មាន»។
អ្នកនាំពាក្យសាលាឧទ្ធរណ៍ភ្នំពេញ លោក ឃុន លាងម៉េង មិនឆ្លើយតបសំណួររបស់វីអូអេដែលផ្ញើតាមប្រព័ន្ធទំនាក់ទំនងតេឡេក្រាម។
បន្ទាប់ពីសវនាការកាលពីព្រឹកថ្ងៃព្រហស្បតិ៍ លោក កឹម សុខា នឹងត្រូវមកបង្ហាញខ្លួននៅក្នុងការជំនុំជម្រះលើកទី ៤ នៅថ្ងៃទី ៧ ខែមីនា ខាងមុខនេះ៕
វេទិកាបញ្ចេញមតិ