ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

តុលាការសួរលោក កឹម សុខា អំពីបាតុកម្មនានាក្រោយការបោះឆ្នោតឆ្នាំ២០១៣


រូបឯកសារ៖ លោក កឹម សុខា ថ្លែងនៅក្នុង​សន្និសីទសារព័ត៌មាន​មួយ​ នៅទីស្នាក់ការ​របស់​គណបក្ស​សង្គ្រោះជាតិ នៅរាជធានីភ្នំពេញ កាលពីថ្ងៃទី ១២ ខែសីហា ឆ្នាំ២០១៣។
រូបឯកសារ៖ លោក កឹម សុខា ថ្លែងនៅក្នុង​សន្និសីទសារព័ត៌មាន​មួយ​ នៅទីស្នាក់ការ​របស់​គណបក្ស​សង្គ្រោះជាតិ នៅរាជធានីភ្នំពេញ កាលពីថ្ងៃទី ១២ ខែសីហា ឆ្នាំ២០១៣។

សាលា​ឧទ្ធរណ៍​ភ្នំពេញ កាល​ពី​ព្រឹកថ្ងៃ​ព្រហស្បតិ៍ បាន​បន្ត​បើក​សវនាការ​លើ​បណ្តឹង​សាទុក្ខ​របស់​អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក​ កឹម សុខា ដែល​ត្រូវ​បាន​សាលា​ដំបូងផ្តន្ទា​ទោស​ពី​បទ​ក្បត់​ជាតិ ហើយ​ត្រូវ​ដាក់​ឱ្យ​ជាប់​ឃុំ​ក្នុង​ផ្ទះ​រយៈ​ពេល​ ២៧ ​ឆ្នាំ។

នៅ​ក្នុង​សវនាការ​លើក​ទី​៤​នៅ​សាលាឧទ្ធរណ៍​ភ្នំពេញ លោក​ កឹម សុខា ត្រូវ​បាន​ក្រុមប្រឹក្សា​ជំនុំជម្រះ​ចោទ​សួរ​សាជាថ្មី​ទៀត​អំពី​ការ​ធ្វើ​បាតុកម្ម​នៅ​លើ​ទីលាន​ប្រជាធិបតេយ្យ​ចាស់​ តំបន់​ផ្លូវ​វេងស្រេង និង​នៅ​ខេត្ត​កំពង់ចាម ដែល​បាន​កើត​ឡើង​ក្រោយ​ការ​បោះឆ្នោត​ឆ្នាំ​ជាតិ ២០១៣។ នេះ​បើ​តាម​មន្ត្រី​សិទ្ធិ​មនុស្ស​ និង​សហ​មេធាវី​ការពារ​ក្តី​លោក ​កឹម សុខា។

មន្ត្រី​ស៊ើប​អង្កេត​ជាន់​ខ្ពស់​របស់​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក លោក យី សុខសាន្ត ដែល​ចូល​ស្តាប់​សវនាការ​នេះ ប្រាប់​ក្រុម​អ្នក​កាសែត​នៅ​ក្រៅ​សាលា​ឧទ្ធរណ៍​ថា៖ «មួយ​ព្រឹក​នេះ​ ​ការ​សួរដេញដោល​ ពាក់ព័ន្ធ​នឹង​រឿង​បាតុកម្ម​ ហើយ​បាតុកម្ម​នេះ​ សូម្បី​តែ​លោក​ប្រធាន​ព្រះរាជអាជ្ញា​ ក៏​លោក​សួរ​ពាក់ព័ន្ធ​ទៅ​នឹង​បាតុកម្ម​ហ្នឹង​ ថា​តើ​បាតុកម្ម​ហ្នឹង​ ដូច​ជា​នៅ​ទីលាន ប្រជាធិបតេយ្យ​ ក៏ដូច​ជា​នៅ​ផ្លូវ​វេងស្រេង​ ក៏​ដូច​ជា​កំពង់​ចាម​នោះ​ វា​ពាក់​ព័ន្ធ​នឹង​គណបក្ស​សង្គ្រោះ​ជាតិ​ដែរ​ឬ​អត់? ហើយ​ជន​ជាប់​ចោទ​ហ្នឹង​គាត់​បាន​បញ្ជាក់​ថា​ បាតុកម្ម​របស់​គាត់​គឺ​បាតុកម្ម​នៅ​ទីលាន​ប្រជាធិបតេយ្យ​ ហើយ​អ្វី​ដែល​គាត់​ទៅ​ កំពង់​ចាម​គឺ​ក្នុង​នាម​គាត់​ឃើញ​កម្មករ​ធ្វើ​បាតុកម្ម​ គាត់​ទៅ​ក្នុង​នាម​តំណាងរាស្ត្រ​ ហើយ​មួយ​ព្រឹក​ហ្នឹង​គួរ​សួរ​ដេញ​ដោល​តែ​ប៉ុណ្ណឹង​ទេ»។

សហមេធាវី​ការពារក្តី​លោក​ កឹម សុខា​ គឺ​លោក​ អាង ឧត្តម ប្រាប់​អ្នក​កាសែត​ថា​ មាន​ការ​សួរ​លាយ​ឡំ​មក​លើ​កូន​ក្តី​លោក​ ជុំវិញ​ការ​ធ្វើ​បាតុកម្ម​នៅ​ក្រោយ​ការ​បោះឆ្នោត​ជាតិ ឆ្នាំ ២០១៣​ ក៏​ដូច​ជាការ​សួរ​ដេញ​ដោល​ខុស​នីតិវិធី។

លោក​បន្ថែម​ថា៖ «អ៊ីចឹង​ ទាក់ទង​តែ​រឿង​បាតុកម្ម​ ហើយ​សួរ​ហ្នឹង​ដូច​ច្បិច​ទៅ​ខាង​នេះ​បន្តិច​ ទៅ​ខាង​ណោះ​បន្តិច​ វា​អត់​ចំ​ប្រធានបទ​អី​មួយ​ នរណា​នឹក​ឃើញ​អី​សួរ​ហ្នឹង​ អ៊ីចឹង វា​រក​នឹក​ឃើញ​ចូល​ទៅ​ណោះ​បន្តិច​មកនេះ​បន្តិច​ទៅ...តែ​គ្រាន់​ថាវិល​វល់​ជុំវិញ​ រឿង​បាតុកម្ម​ ទាក់​ទង​ការ​តវ៉ា​បោះឆ្នោត​ហ្នឹង​ តែ​ប៉ុណ្ណឹង​ទេ។ ហើយ​ឯកឧត្តម​ កឹម សុខា​ គាត់​បាន​ពន្យល់​ច្បាស់​លាស់​ហើយ​ ពី​រឿង​គោល​បំណង​នៃ​ការ​តវ៉ា​ហ្នឹង។ ហើយ​លទ្ធផល​ក្រោយ​ពី​ការ​តវ៉ា​ យើង​បាន​ផ្សះផ្សា ចូលរួម​រួប​រួម​គ្នា​អី​ហូរ​ហែ​ចប់​ទៅ​ហើយ។ និយាយ​តែ​ពី​រឿង​ហ្នឹង​ទេ»។

អ្នកស្រីម៉េង សុភារី សហមេធាវីការពារក្តីមួយរូបទៀតឱ្យលោកកឹម សុខាថ្លែងទៅកាន់អ្នកសារព័ត៌មាន នៅមុខសាលាឧទ្ធរណ៍ភ្នំពេញ ថ្ងៃទី៧ ខែមីនា ឆ្នាំ ២០២៤។ (ហ៊ុល រស្មី/វីអូអេ)
អ្នកស្រីម៉េង សុភារី សហមេធាវីការពារក្តីមួយរូបទៀតឱ្យលោកកឹម សុខាថ្លែងទៅកាន់អ្នកសារព័ត៌មាន នៅមុខសាលាឧទ្ធរណ៍ភ្នំពេញ ថ្ងៃទី៧ ខែមីនា ឆ្នាំ ២០២៤។ (ហ៊ុល រស្មី/វីអូអេ)

មន្ត្រីស៊ើបអង្កេតជាន់ខ្ពស់របស់សមាគមការពារសិទ្ធិមនុស្សអាដហុក លោក យី សុខសាន្ត ថ្លែងជាមួយអ្នកកាសែតនៅក្រៅសាលាឧទ្ធរណ៍ភ្នំពេញ ថ្ងៃទី៧ ខែមីនា ឆ្នាំ ២០២៤។ (ហ៊ុល រស្មី/វីអូអេ)
មន្ត្រីស៊ើបអង្កេតជាន់ខ្ពស់របស់សមាគមការពារសិទ្ធិមនុស្សអាដហុក លោក យី សុខសាន្ត ថ្លែងជាមួយអ្នកកាសែតនៅក្រៅសាលាឧទ្ធរណ៍ភ្នំពេញ ថ្ងៃទី៧ ខែមីនា ឆ្នាំ ២០២៤។ (ហ៊ុល រស្មី/វីអូអេ)

អ្នកស្រី ម៉េង សុភារី សហ​មេធាវី​ការពារក្តី​មួយ​រូប​ទៀត​ឱ្យ​លោក ​កឹម សុខា​ ថ្លែង​ថា ​កូនក្តី​បាន​សុំ​មិន​ឆ្លើយ​ចំពោះ​សំណួរ​ភាគច្រើន​ ដែល​លោក​ធ្លាប់​ផ្តល់​ចម្លើយរួច​ហៅ​នៅ​ចំពោះ​មុខក្រុម​ចៅ​ក្រម​នៅ​សាលា​ដំបូង​រាជធានី​ភ្នំពេញ​ ពាក់​ព័ន្ធ​នឹង​ការ​ធ្វើ​បាតុកម្ម​នេះ។

អ្នកស្រី​ថ្លែង​ថា៖ «ធម្មតា​សួរ​ភាគច្រើន​ គឺ​ជា​សំណួរ​ដែល​គាត់​បាន​ឆ្លើយ​រួច​ហើយ​នៅ​សាលា​ដំបូង​ អ៊ីចឹង​ក៏​ឯកឧត្តម​ កឹម សុខា​ គាត់​អត់​បាន​ឆ្លើយ​អី ភាគ​ច្រើន​គឺ​គាត់​អត់​បាន​ឆ្លើយ​អីទៀត​ទេ នៅ​ក្នុង​សាលា​ឧទ្ធរណ៍​នេះ​ ដោយ​គាត់​បាន​បញ្ជាក់​ថា ​ចម្លើយ​គាត់​មាន​រួច​ហើយ​ គឺ​នៅ​សាលា​ដំបូង»។

​កាល​ពី​ឆ្នាំ ២០២៣ លោក កឹម សុខា​ ​ត្រូវ​បាន​តុលាការ​រាជធានី​ភ្នំពេញ​កាត់​ទោស​ពី​បទ​សន្ទិដ្ឋិភាព​ជាមួយ​បរទេស ​ឬ​ឃុបឃិត​ ត្រូវ​រ៉ូវ​គ្នា​ជាមួយ​បរទេស ដែល​ស្មើ​នឹង​អំពើ​ក្បត់​ជាតិ។ ជាមួយ​នឹង​ការ​ផ្តន្ទា​ទោស​នោះ សិទ្ធិ​ធ្វើនយោបាយទាំង​អស់​របស់​មេដឹកនាំ​នយោបាយ​ជំទាស់​រូប​នេះ​ត្រូវ​បាន​ដក​ហូត​ហើយ​លោក​ក៏​មិន​ត្រូវ​បាន​អនុញ្ញាត​ឱ្យ​ជួប​ជន​បរទេស​ លើក​លែង​តែ​មាន​ការ​អនុញ្ញាត​ពី​តុលាការ។

គិត​ចាប់​តាំង​ពី​ការ​បើកសវនាការ​លើ​បណ្តឹង​សាទុក្ខ​របស់​លោក កឹម សុខា នៅ​សាលា​ឧទ្ធរណ៍​ភ្នំពេញ​ អាជ្ញាធរ​ចម្រុះ​ត្រូវ​គេ​សង្កេត​ឃើញ​ថា ​បាន​រឹត​បន្តឹង​សន្តិសុខ និង​មិន​អនុញ្ញាត​ឱ្យ​លោក ​កឹម សុខា លេច​មុខ​ចេញ​ពី​រថយន្ត​នៅ​រាល់​ពេល​ដែល​លោក​ត្រូវ​គេ​ដឹក​ចេញ​ពី​គេហដ្ឋាន​នៅ​ក្នុង​ខណ្ឌ​ទួល​គោក​ មក​សាលា​ឧទ្ធរណ៍​ភ្នំពេញ​ក្នុង​ខណ្ឌ​ជ្រោយចង្វារ។

អ្នកសារព័ត៌មាន​ក៏​មិន​ត្រូវ​បាន​អនុញ្ញាត​ឱ្យ​ចូលរួម​ស្តាប់​ និង​តាម​ដាន​សវនាការ​ផង​ដែរ។​

លោក យី សុខសាន្ត​ មន្ត្រី​ស៊ើប​អង្កេត​ជាន់​ខ្ពស់​របស់​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក​ស្នើ​ឱ្យ​សាលា​ឧទ្ធរណ៍​ផ្តល់​ឱកាស​ដល់​អ្នកកាសែត​បាន​ចូល​យក​ព័ត៌មាន​ដោយ​ផ្ទាល់​ ព្រោះ​សវនាការ​នេះ​ ជា​សវនា​ការ​សាធារណៈ។

វីអូអេ​មិន​អាច​ទាក់​ទង​សុំ​ការ​អត្ថាធិប្បាយ​ពី​អ្នក​នាំ​ពាក្យ​សាលាឧទ្ធរណ៍​ភ្នំពេញ​ លោក ​ឃុន លាងម៉េង បាន​ទេ​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ។

បន្ទាប់​ពី​សវនាការ​នៅ​ព្រឹកថ្ងៃ​ព្រហស្បតិ៍ លោក​ កឹម សុខា នឹង​ត្រូវ​មក​បង្ហាញ​ខ្លួន​ជាថ្មី​ទៀត​នៅ​សាលា​ឧទ្ធរណ៍​ នា​ថ្ងៃទី​ ២១ ខែ​មីនា​ ដើម្បី​ចូលរួមសវនាការ​លើ​ក​ទី​៥​របស់​លោក។

បើ​តាម​លោក​មេធាវី​ អាង ឧត្តម​ សវនាការ​ដែល​ត្រូវ​បាន​កំណត់​ថា​ នឹង​ធ្វើ​ឡើង​៩​លើក​នៅ​សាលា​ឧទ្ធរណ៍​ អាច​នឹង​បញ្ចប់​មុន​កាល​កំណត់។ ប៉ុន្តែ​អ្នកនាំ​ពាក្យ​សាលាឧទ្ធរណ៍​លោក ​ឃុន លាងម៉េង​ ធ្លាប់​ប្រាប់​វីអូអេ​ថា ​សវនាការ​របស់​លោក កឹម សុខា នៅ​សាលា​ក្តី​ជាន់​ខ្ពស់​នេះ​ នឹង​ប្រព្រឹត្ត​ទៅ​តាម​ការ​គ្រោង​ទុក​ចំនួន​៩​លើក ដោយ​មិន​មាន​ការ​ប្រែប្រួល​នោះ​ឡើយ៕

វេទិកា​បញ្ចេញ​មតិ

XS
SM
MD
LG