បន្ទាប់ពីបានជួបកូនក្តីឈ្មោះជួប សំលាប់ និងបានពិនិត្យមើលភស្តុតាងក្នុងសំណុំរឿងឃាតកម្មលើលោកកែម ឡី លោកយុង ផានិត មេធាវីការពារក្តីឲ្យជួបសំលាប់ លើកឡើងថា លោកនឹងចូលការពារក្តីក្នុងសវនាការតាមការកំណត់។ តែលោកយុង ផានិតមិនបានបញ្ជាក់ថា ភស្តុតាងដែលលោកបានពិនិត្យនោះមានវីដេអូក្នុងកាមេរ៉ាសុវត្ថិភាពនៅហាងស្តារម៉ាត ដែលជាកន្លែងកើតហេតុ ឬអត់នោះទេ។
មេធាវីការពារក្តីឲ្យជួប សំលាប់នឹងចូលរួមក្នុងសវនាការនាថ្ងៃទី១ ខែមីនា នេះទៅតាមការគ្រោងទុក បន្ទាប់ពីបានពិនិត្យមើលភស្តុតាងចប់សព្វគ្រប់។ លោកយុង ផានិត មេធាវីការពារក្តីឲ្យជួប សំលាប់រំពឹងថា តុលាការនឹងផ្តល់យុត្តិធម៌ដល់កូនក្តីរបស់លោក។
លោកកែម ឡីអ្នកសិក្សាស្រាវជ្រាវ និងវិភាគបញ្ហាសង្គម ត្រូវបានគេបាញ់សម្លាប់ទាំងថ្ងៃ នៅស្តារម៉ាតមួយកន្លែងរបស់ស្ថានីយ៍ប្រេងឥន្ធនៈ CALTEX ចំកណ្ដាលរាជធានីភ្នំពេញ អស់រយៈពេលជិត៨ខែមកហើយមកទល់ពេលនេះ។ បន្ទាប់ពីការបាញ់សម្លាប់នោះ សមត្ថកិច្ចបានចាប់បុរសម្នាក់ដែលអះអាងថា ខ្លួនមានឈ្មោះជួប សំលាប់ ហើយបានសារភាពថា ខ្លួនជាអ្នកបាញ់សម្លាប់លោកកែម ឡី ដោយសារលោកកែម ឡីជំពាក់លុយខ្លួនចំនួន៣.០០០ដុល្លារ ហើយមិនព្រមសង។
ក្រោយការប្រមូលភស្តុតាងពីកន្លែងកើតហេតុ ហើយដែលត្រូវរក្សាទុកដោយមិនបង្ហាញជាសាធារណៈនោះថ្មីៗនេះតុលាការបានប្រកាសថា នឹងបើកសវនាការលើសំណុំរឿងឃាតកម្មនេះនៅថ្ងៃទី១ ខែមីនា ដោយគ្មានការចូលរួមពីក្រុមគ្រួសាររបស់លោកកែម ឡី និងគ្រួសារជួប សំលាប់។
លោកយុង ផានិត ជាមេធាវីដែលទើបត្រូវបានប្រធានគណៈមេធាវីចាត់តាំងឲ្យការពារក្តីជួប សំលាប់ធ្លាប់បានលើកឡើងថា លោកនឹងស្នើពន្យារពេលសវនាការ ប្រសិនបើរឿងក្តីនេះមានភាពស្មុគស្មាញ។
លោកមេធាវីយុង ផានិត ប្រាប់ VOA នៅថ្ងៃចន្ទនេះថា លោកបានជួបជាមួយជួប សំលាប់ ដែលជាកូនក្តីរបស់លោកបានម្តង ហើយបានពិនិត្យមើលគ្រប់ភស្តុតាងទាំងអស់ក្នុងសំណុំរឿងនេះ ប៉ុន្តែលោកមិនបានបញ្ជាក់ថា ភស្តុតាងទាំងនោះមានវីដេអូក្នុងកាមេរ៉ាសុវត្ថិភាពដែរ ឬយ៉ាងណានោះទេ។ លោកបន្ថែមថា ក្រោយការពិនិត្យភស្តុតាង និងក្រោយពីបានជួបជាមួយកូនក្តីរួច លោកបានសម្រេចចូលរួមសវនាការតាមការកំណត់របស់តុលាការ។
លោកមានប្រសាសន៍ថា៖
«ខ្ញុំយល់ថា តុលាការនឹងផ្តល់យុត្តិធម៌សម្រាប់កូនក្តីខ្ញុំ។ ប្រសិនបើកូនក្តីខ្ញុំមិនសុខចិត្តនឹងការសម្រេចរបស់តុលាការ គាត់អាចមានសិទ្ធិប្តឹងទៅសាលាឧទ្ធរណ៍ទៀត។ អាហ្នឹងយើងនិយាយពីនីតិវិធី»។
បើទោះបីជាឈ្មោះជួប សំលាប់បានសារភាពថា ខ្លួនជាអ្នកបាញ់សម្លាប់លោកកែម ឡី ដោយសារលោកកែម ឡីជំពាក់លុយ៣.០០០ដុល្លារមិនព្រមសងក៏ដោយ ប៉ុន្តែប្រជាពលរដ្ឋមួយចំនួនមិនបានជឿការសារភាពនោះទេ។ ពួកគេបានទាមទារឲ្យសមត្ថកិច្ចបង្ហាញវីដេអូក្នុងកាមេរ៉ាសុវត្ថិភាពនៅស្តារម៉ាតដែលជាកន្លែងកើតហេតុ បន្ទាប់ពីកាមេរ៉ាទាំងនោះត្រូវបានសមត្ថកិច្ចដកហូតភ្លាមៗក្រោយករណីឃាតកម្មបានបន្តិច។
ក្នុងចំណោមអ្នកដែលទាមទារឲ្យសមត្ថកិច្ចបង្ហាញកាមេរ៉ាសុវត្ថិភាពក៏មានលោកសម រង្ស៊ី អតីតប្រធានគណបក្សសង្គ្រោះជាតិ ដែលកំពុងរងបណ្តឹងពីបទបរិហារកេរ្តិ៍របស់លោកនាយករដ្ឋមន្រ្តីហ៊ុន សែនពាក់ព័ន្ធនឹងការចោទថា រដ្ឋអំណាចជាអ្នកនៅពីក្រោយករណីឃាតកម្មលើលោកកែម ឡី។ បន្ទាប់ពីរងបណ្តឹងរបស់លោកហ៊ុន សែន លោកសម រង្ស៊ីបានប្តឹងទៅតុលាការសហរដ្ឋអាមេរិកដើម្បីឲ្យក្រុមហ៊ុន CHEVRON ដែលជាក្រុមហ៊ុនដើមរបស់ស្ថានីយ៍ប្រេងឥន្ធនៈ CALTEX បង្ហាញវីដេអូក្នុងថ្ងៃកើតហេតុនោះ៕